រឿង ប្រាជ្ញា សំណាង ផលទាំងបី អួតតេសព្វខ្លួន
មានពេល ១ ប្រាជ្ញា- សំណាង- ផលទាំង
៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល
សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា
ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាព
ជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣
នាក់ថាបើចង់ដឹងឲ្យល្បងរិទ្ធគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះប្រាជ្ញា-
សំណាង- ផល ទាំង ៣ នាក់ជំនុំព្រមតាំងល្បួងរិទ្ធិទាំង ៣ នាក់បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្ស
១ នាក់ជាអ្នកក្រកំសត់នៅខ្ញុំសេដ្ឋី ៗ ឲ្យបុរសនោះឃ្វាលគោក្របី
រកតែសំពត់អាវនឹងស្លៀកពាក់គ្មាន មនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវ
ចេះដឹងតែឃ្វាលក្របី នោះប្រាជ្ញា- សំណាងទាំងពីរនាក់
បើផលអាងអួតថាខ្លួនគ្រាន់បើឲ្យផលទៅជួយមនុស្សនៅខ្ញុំសេដ្ឋី នោះ តើបានគ្រាន់បើយ៉ាងដូចម្ដេចឡើង
នោះក៏ផលក៏បានទៅជួយមនុស្សនោះ ៗ តាំងពីថ្ងៃដែលផលទៅជួយនោះ
ក៏អ្នកទាំងពួងចេះតែនឹកអាណិតមនុស្សនោះ
ក៏យកចំណីទៅឲ្យមនុស្សនៅខ្ញុំសេដ្ឋីនោះស៊ីពុំមានខ្វះចំណីអ្វី សោះឡើយ
តែផលជួយកំឡាំងដល់បានតែត្រឹមស៊ីពុំមានខ្វះឡើយ ផលនឹងគិតជួយមនុស្សនោះអ្វីតទៅមិនបាន
នោះប្រាជ្ញា- សំណាង- បានសួរទៅផលថា ផលជួយមនុស្សបានយ៉ាងណាតទៅទៀត
ផលឆ្លើយប្រាប់ទៅសំណាងប្រាជ្ញាវិញថា អំណាចផលជួយមនុស្សនេះបានតែប៉ុណ្ណោះទេ
នោះសំណាងបានទៅជួយមនុស្សនោះទៀត ឯមនុស្សនោះលុះសំណាងបានទៅជួយទៀត
ក៏ក្របីដែលឃ្វាលទាំងប៉ុន្មាន ជុសអាចម៍មកដាក់ក្នុងក្រោលនោះ ក៏សុទ្ធតែដុំពេជ្រទាំងអស់ភ្លឺពេញក្រោល
តែបុរសដែលឃ្វាលក្របីនោះមិនស្គាល់ជាដុំពេជ្រសោះ រើសបានអាចម៍ក្របីនោះ ១
ដុំយកមកចងនឹងចុងខ្សែក្របីគ្រវីលេងភ្លឺព្រោងព្រាតដេញក្របីទៅ ឃ្វាលជារាល់ថ្ងៃ
ដល់ដេញក្របីទៅផឹកទឹកនៅបាងសមុទ្រ ក៏គ្រវីខ្សែក្របីនោះលេងជាធម្មតា
និយាយពីនាយសំពៅដែលបើកសំពៅក្នុងសមុទ្រវាត្រូវភ្នែកនឹងអំណាច
រន្ទះពេជ្រដែលបុរសនោះគ្រវីលេង
ក៏ក្រឡេកដេញតាមអំណាចពេជ្រដែលភ្លឺនោះមកឃើញបុរសគ្រវីលេង
នាយសំពៅក៏បើកសំពៅចូលមកក៏សួរទៅបុរសនោះថា បុរសឯងបានរបស់នេះពីណាមក
បុរសនោះក៏ប្រាប់ទៅនាយសំពៅវិញថា របស់នេះជាអាចម៍ក្របីដែលខ្ញុំឃ្វាលនេះ
នាយសំពៅក៏គិតថា មនុស្សនេះល្ងង់មឹនស្គាល់ដុំពេជ្រ នាយសំពៅក៏បានសួរទៅបុរសនោះទៀតថា
បុរសឯងដែលឃ្វាលនោះក្របីបុរសឯង ឬក្របីរបស់អ្នកណា បុរសនោះបានឆ្លើយប្រាប់ទៅនាយសំពៅថា
ខ្ញុំនៅជាខ្ញុំសេដ្ឋីតាំងពីជីដូនជីតារហូតដល់មកអាពុកម្ដាយដល់ មកខ្ញុំជាកូនទៀត
នោះនាយសំពៅបានសួរទៅបុរសនោះថា ជំពាក់សេដ្ឋីប្រាក់ប៉ុន្មានរៀល
បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំឮអាពុកម្ដាយខ្ញុំនិយាយប្រាប់ខ្ញុំថា
ជីដូនជីតាខ្ញុំគាត់ជំពាក់លោកសេដ្ឋីប្រាក់ដើម ១០០០៛,០០
នាយសំពោក៏បានសួរទៅបុរសនោះវិញទៀតថា
ចុះក្របីដែលជុសអាចម៍នៅក្នុងក្រោលអ្នកឯងនោះមានប៉ុន្មានដែលមាន
ពន្លឺដូចរបស់អ្នកឯងកាន់លេងនេះ បុរសនោះបានប្រាប់ទៅនាយសំពៅវិញថា
អាចម៍ក្របីដែលដូចជាដុំដែលខ្ញុំកាន់មកនេះ គឺពេញតែក្រោលក្របីដែលឃ្វាលនោះ
នាយសំពៅក៏គិតថា បុរសនេះជាមនុស្សមានសំណាង តែមិនស្គាល់ពេជ្រព្រោះដោយល្ងង់
នាយសំពៅបានសួរទៅបុរសនោះថា អ្នកឯងព្រមធ្វើជាកូនយើង ៗ នឹងយកអ្នកឯងទៅថែរក្សាធ្វើកូន
នោះបុរសនោះបានប្រាប់ទៅនាយសំពៅវិញថា ខ្ញុំទៅនៅនឹងលោកមិនបានទេ
ព្រោះខ្ញុំនៅជំពាក់ប្រាក់លោកសេដ្ឋី នាយសំពៅថា
មិនអីទេឲ្យតែបុរសឯងព្រមទៅនៅធ្វើកូនយើងចុះយើងយកប្រាក់ ១០០០៛,០០
ទៅលោះពីលោកសេដ្ឋី ឯអាចម៍ក្របីដែលជុសមកក្នុងមកក្នុងក្រោលទាំងប៉ុន្មាន
យើងត្រូវយកដាក់ក្នុងសំពៅយើងទៅ បុរសនោះក៏ព្រមតាមនាយសំពៅ ៗ ក៏បានយកប្រាក់ ១០០០៛,០០ ទៅលោះពីសេដ្ឋីរួច
ក៏បានទៅកើបពេជ្រយកពីក្នុងក្រោលក្របីផ្ទុកដាក់សំពៅពេញបើកទៅ ដល់ទីលំនៅផ្ទះនាយសំពៅ ៗ
គិតពិចារណាប្ដីប្រពន្ធថា កូនយើងនេះជាមនុស្សល្ងង់ម៉្លេះ
ឥឡូវយើងចាត់ទៅធ្វើជំនួញគិតគូររបស់អ្វី ៗ មិនកើត បើដូច្នោះគួរយើងទៅដណ្ដឹងកូនស្ដេចឲ្យ
ធម្មតាស្ដេចនៅតែស្ងៀមគ្មានគិតគូរអ្វី បើកូនធ្វើស្ដេចនឹងធ្វើបាន
ជំនុំព្រមប្ដីប្រពន្ធក៏នាំគ្នាទៅដណ្ដឹងកូនស្ដេច ៗ
ក៏ព្រមព្រៀងឲ្យកូនក្រមុំមកកូននាយសំពៅ ក៏គិតគូរគ្នាការងារហើយជាស្រេច
នាយសំពៅក៏វិលទៅផ្ទះវិញ នៅតែបុរសបុរសជាកូននាយសំពៅ ដល់ពេលយប់កូនក្រមុំស្ដេចតាំងរៀបពូកកន្ទេលខ្នល់ខ្នើយដំណេក
បង្គុយប្ដី នឹងរួមវេណីជាមួយដូចធម្មតាអ្នកទាំងពួង ឯបុរសនោះជាមនុស្សល្ងង់ខ្លៅ
ក៏មិនគិតទៅដេកនឹងកូនក្រមុំស្ដេច ទៅដេកឯជើងកំផែងវាំងស្ដេចនោះវិញ
លុះព្រឹកឡើងដើរលេងឡូ លេងឈូងជាមួយនឹងកូនក្មេង ៗ គ្មានកាន់គំនិតសណ្ដាប់ជាកូនស្ដេច
ល្ងង់មួយថ្ងៃជា ២ថ្ងៃ នាងនោះក៏ចេះតែរៀបកន្ទេលខ្នើយជារៀងរាល់ថ្ងៃពុំឃើញប្ដីទៅដេក
ជាមួយសោះ ហើយនាងឲ្យបម្រើទៅពិនិត្យមើល ឃើញបុរសនោះដើរទៅដេកដោយជើងកំផែងវាំង
ហើយនាងកូនក្រមុំស្ដេចគិតទៅខឹងនឹងស្ដេចអាពុក ឲ្យមានប្ដីមានកិរិយាមិនច្រឡំនឹងគេ
គ៏ទៅទូលស្ដេចអាពុកតាមដំណើរ ស្ដេចអាពុកកាលណាបើបានស្ដាប់ពាក្យកូនទូលសព្វគ្រប់ហើយ
ក៏ខ្ញាល់ណាស់គិតថា បុរសនេះដែលប្រដិបត្តិកិរិយាយ៉ាងហ្នឹង
ជាមិនមែនពូជត្រកូលអ្នកខ្ពស់
គឺនាយសំពៅអាងតែខ្លួនមានសម្បត្តិទៅយកមនុស្សខ្ញុំគេមកដណ្ដឹង កូនអញដើម្បីនឹងមើលងាយ
បើដូច្នេះនឹងត្រូវឲ្យទៅហៅយកកូនប្រសានោះមកមើល រីឯផ្ទះនាយសំពៅទៀតត្រូវចាត់ឲ្យទាហានទៅព័ទ្ធរិបយកទ្រព្យ
សម្បត្តិទាំងអស់ ស្ដេចរកទៅឃើញថាមិនមែនជាកូននាយសំពៅទេ
នឹងយកកូនប្រសានឹងនាយសំពៅទាំងប្ដីប្រពន្ធទៅសម្លាប់ចោលទាំងអស់
ឯទ្រព្យសម្បត្តិត្រូវរិបអូសដាក់ព្រះរាជទ្រព្យទាំងអស់ ។
នោះសំណាងនឹងផលបានដឹងថា ស្ដេចមុកជាយកទៅធ្វើទោសបុរសនេះ
ឥឡូវនេះក៏គិតភិតភ័យនឹងគិតជួយបទណាឲ្យបុរសនេះបានរួចពីជីវិត
ឯអំណាចផលគឺរួចបានត្រឹមតែស៊ី ឯសំណាងបានជួយដល់ត្រឹមសោយរាជ្យ
តែត្រង់ដោះខ្លួនឲ្យរួចពីជីវិតទៀតពុំបាន នោះសំណាងនឹងផលទាំងពីរនាក់បានជំនុំគ្នាថា
យើងត្រូវរត់ទៅពឹងប្រាជ្ញានិយាយប្រាជ្ញាថា បុរសគង្វាលក្របីយើងទាំងពីរនាក់ជួយបានសោយរាជ្យទៅហើយ
តែឥឡូវស្ដេចអាពុកគិតយកទៅសម្លាប់ សុំឲ្យប្រាជ្ញាទៅជួយឲ្យរួចពីស្លាប់
ប្រាជ្ញាកាលណាបើបានឮសំណាងនឹងផលមកពឹងខ្លួនយ៉ាងដូច្នេះ
ហើយថាទេបើប្រាជ្ញាទៅជួយលុះតែសំណាងនឹងផលចុះចាញ់ ទុកប្រាជ្ញាជាច្បង សំណាងជាកណ្ដាល
ផលជាប្អូន ប្រាជ្ញាបានទៅដល់ជួយបុរសនោះ ៗ បានភ្ញាក់ស្មារតីដឹងខ្លួនថា
អញបានធ្វើជាស្ដេចសោយរាជ្យមិនត្រូវដើរមកលេង ត្រូវតែកាន់សណ្ដាប់ខ្លួនជាស្ដេច
បុរសនោះក៏ដើរទៅរកនាង ១ រំពេច
ប្រាជ្ញាវៃវៀងដើរទៅទ្រួតត្រាលើមនុស្សបាវព្រាវទាំងប៉ុន្មាន ក៏នាងកូនស្ដេចនឹកឆ្ងល់ថា
ប្ដីអញពីមុន តាំងពីថ្ងៃការរួចមកដើរដេកដោយជើងកំផែងវាំង បែបជាមនុស្សមិនដឹងខុសត្រូវ
ឥឡូវដល់ពេលនេះ ក៏មើលទៅឃើញមានប្រាជ្ញាឆ្លុះឆ្លាតរកអ្នកឯណាស្មើគ្នា
នាងក៏សួរទៅប្ដីសូមទូលព្រះអង្គ ពីថ្ងៃដែលការរួចមក
ហេតុអ្វីក៏ព្រះអង្គទៅដើរផ្ទំដោយជើងកំផែងវាំងមិនមកទីកន្លែង ក្រឡាបន្ទំ
តើយ៉ាងដូចម្ដេច ក៏ស្ដេចបុរសនោះបានប្រាប់ទៅនាងវិញថា
គ្រូបងផ្ដាំបងថាបើរៀបការប្រពន្ធថ្មី ឲ្យសង្កេតមើលកិរិយាស្រីសិន
ថាបើត្រឹមត្រូវសិមយកធ្វើជាប្រពន្ធ បើមិនបានត្រឹមត្រូវទេយកធ្វើជាប្រពន្ធមិនបាន
ហេតុនេះបានជាបងសង្កេតមើលប្អូនឯងសិន
កិរិយាប្អូនឯងឃើញថាត្រឹមត្រូវទើបបងបានមករកនាងនេះ នាងក៏បានទៅទូលស្ដេចអាពុក ៗ
ក៏បានពិនិត្យមើលឃើញជាមនុស្សនេះមានដំរេះប្រាជ្ញានឹងរកអ្នកឯណា ស្មើគ្មាន
ក៏លើករាជ្យឲ្យសោយទៅ ។
រឿង ប្រាជ្ញា សំណាង ផលទាំងបី អួតតេសព្វខ្លួន
Reviewed by Admin
on
5:33 PM
Rating: