រឿងព្រេង ទាក់ទងនឹងលោកអភិធម្ម និងលោកមាតិកានៅពេលដង្ហែសព
មានរឿងនិទានថា : ក្នុងអតីតសម័យព្រេងនាយ
មានព្រះរាជាមួយអង្គ ទ្រង់សោយរាជ្យនៅនគរណោងស្នោ "ស្យាមប្រទេស"
ព្រះរាជាអង្គនេះ
ទ្រង់មានព្រះហ្ឫទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង
តែងធ្វើបុណ្យឲ្យទានជាអចិន្ត្រៃយ៍
ហើយទ្រង់មានព្រះទ័យរាប់អានស្និទ្ធស្នាល នឹងព្រះសង្ឃ ដែលគង់នៅវត្តមួយក្បែរព្រះបរមរាជវាំងណាស់
ទ្រង់តែងផ្គត់ផ្គង់ព្រះសង្ឃ ដោយខាទនីយាហាររាល់ថ្ងៃ ពុំដែលខកខានឡើយ ។
លុះកាលក្រោយមក ព្រះរាជាអង្គនោះ
ទ្រង់ប្រឈួនយ៉ាងធ្ងន់ ។ ពេទ្យហ្មនានា ដែលអញ្ជើញមកព្យាបាលជំងឺព្រះអង្គ
ក៏ពុំអាចរកថ្នាំសង្កូវណានឹងទ្រទ្រង់ជីវិតព្រះអង្គបាន, ទ្រង់ក៏សោយព្រះទិវង្គតទៅ
។
នាម៉ឺនសព្វមុខមន្ត្រី
ក៏ជំនុំគ្នានឹងរៀបចំដង្ហែព្រះសពនោះ ឲ្យសមតាមឋានៈព្រះអង្គ ។
និយាយអំពីភិក្ខុ ៥ អង្គ
ដែលព្រះរាជាទ្រង់តែងតែប្រគេននូវចង្ហាន់វាន់ជនជានិច្ចកាលនោះ ក៏ប្រជុំប្រឹក្សាគ្នាថា
"ព្រះរាជាអង្គនេះ កាលទ្រង់គង់ព្រះជន្មាយុនៅឡើយ
ព្រះអង្គតែងតែផ្គត់ផ្គង់រូបយើងទាំង ៥ នេះខ្លាំងណាស់, ឥឡូវនេះ
ព្រះអង្គដល់ទិវង្គតទៅហើយ, តើយើងរាល់គ្នាត្រូវធ្វើកិច្ចដូចម្ដេច
ដើម្បីជាសក្ខីភាពនៃការតបស្នងសងព្រះគុណព្រះអង្គ ? នៅពេលដង្ហែព្រះសពចេញទៅប្រទក្សិណទីក្រុង
ដោយយើងទាំង ៥ រូប ជាអ្នកធម៌ស្រាប់
គួរនិមន្តលោកគ្រូចៅអធិការឲ្យគង់នៅមុខព្រះសព
ហើយចម្រើនធម៌អភិធម្មមាតិកា, ឯ ៤ រូបទៀត គួរនៅគង់អមព្រះសព ហើយចម្រើនសុត្តន្តមាតិកាទៅចុះ"
។ គិតគ្នាស្រេចហើយ លុះដល់ថ្ងៃកំណត់ដង្ហែព្រះសព ព្រះសង្ឃទាំង ៥ អង្គ
ក៏នាំគ្នាទៅសុំពួកនាម៉ឺនសព្វមុខមន្ត្រី
ដើម្បីឲ្យបានចូលទៅអង្គុយហែតាមសេចក្ដីប្រឹក្សាគ្នាមកនោះ
ហើយចេះតែភាវនាធម៌ រហូតដល់កន្លែងបូជា ។
តាមរឿងដូចបានពោលមកខាងលើនេះ
ទើបមានលោកអភិធម្ម និងលោកមាតិកា ៤ អង្គ ជាប់ជាតំណរហូតមក ។
ទំនៀមនេះ
មិនមែនមានតាំងពីសម័យពុទ្ធកាលមកទេ
គឺទើបតែនឹងចាប់មានរឿងត្រឹមព្រះសពស្ដេចអង្គនោះមក
ហើយក៏ជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃនេះ ។
រឿងព្រេង ទាក់ទងនឹងលោកអភិធម្ម និងលោកមាតិកានៅពេលដង្ហែសព
Reviewed by VannyDa
on
3:57 PM
Rating: