រឿងព្រេង ទាក់ទងនឹងទៀនកាលនៅពេលមានមនុស្សស្លាប់
ចាស់ៗ បុរាណនិយាយតៗ គ្នាមកថា កាលនោះ
មានបុរសម្នាក់ជាអ្នកត្រឹមត្រូវល្អណាស់ បើទៅទីប្រជុំចំណោមឯណា
គេតែងរាប់រក ទុកជាមនុស្សមានប្រាជ្ញា ជាអ្នកដឹងខុសត្រូវ-ទាបខ្ពស់
យល់គុណយល់ទោស ហើយជាមនុស្សសុចរិត ។ អ្នកនៅភូមិផងរបងជាមួយ
បើមានការអ្វីធំដុំ តែងទៅអញ្ជើញបុរសនោះមកជាប្រធាន ដើម្បីសួរយោបល់
ឬដើម្បីឲ្យជួយអារកាត់រឿងដែលជាប់ជំពាក់ស្មុគស្មាញ ។
ថ្ងៃមួយ ក្នុងរដូវប្រាំង (ខែផល្គុន-ចេត្រ)
មាណពនោះបបួលបុរសពីរនាក់ទៀត ដែលនៅផ្ទះក្បែរគ្នាថា "បងអើយ ! ខែនេះ
យើងទំនេរ នៅផ្ទះ ស៊ីបាយហើយដើរត្រែតត្រតធ្វើអ្វី រវល់តែឲ្យប្រពន្ធបម្រើ
បើយើងនាំគ្នាទៅរកឃ្មុំ យកក្រមួន និងទឹកវាលក់ ប្រហែលជាមានប្រយោជន៍ជាង
គ្រាន់បានលុយកាក់ទិញខោអាវស្លៀកពាក់ និងប្រដាប់ប្រដាប្រើប្រាស់ខ្លះ
សោះរវល់លក់ស្រូវជង្រុកចាយ" ។ បុរសទាំងពីរនាក់នោះ
គឺស្រុះស្រួលសុខចិត្តទៅជាមួយគ្នា តែបណ្ដាអ្នកទាំងពីរនោះ
អ្នកមួយជាមនុស្សចេះស្ដាប់បង្គាប់ ឯអ្នកមួយទៀត
ជាមនុស្សរបឹងរឹងរូសមិនសូវចេះស្ដាប់
មិនសូវចេះត្រងត្រាប់ពាក្យប្រៀនប្រដៅទេ ។
លុះដើរទៅដល់ព្រៃ ឃើញខ្ទមអ្នកតាមួយ
ដែលពួកថ្មើរព្រៃតែងបូជា ដើម្បីសុំបើកព្រៃរួចទើបចូលទៅ ។
មកដល់ជិតកន្លែងអ្នកតានោះ ទើបអ្នកទាំង ៣នាក់
នាំគ្នាធ្វើជំរំឈប់សម្រាកបន្តិចសិន យកកម្លាំងនឹងដើរទៅមុខទៀត ។
ក្នុងថ្ងៃនោះ គេរកបានឃ្មុំមួយសំបុកមានក្រមួន ១២ តម្លឹង
ហើយក៏ត្រឡប់មកជំរំវិញ នាំគ្នាដាំបាយដុតត្រីបរិភោគ ។ តែមុននឹងបរិភោគ
គេចាប់បាយ និងត្រីខ្លះ ដាក់លើស្លឹកឈើថ្វាយអ្នកតា សុំសេចក្ដីសុខសប្បាយ
និងសុំឲ្យទៅរកឃ្មុំបានប្រទះដូចសេចក្ដីប្រាថ្នា ។
ឯបុរសម្នាក់ដែលជាអ្នករឹងរូសនោះ ឃើញអ្នកពីរនាក់សែនអ្នកតា
ក៏នឹកក្នាញ់ក្នុងចិត្ត តែមិនចេញស្ដី ។ លុះព្រឹកឡើង មុននឹងចេញទៅរកឃ្មុំទៀត
គេនាំគ្នាដាំបាយស៊ី
ហើយចាប់បាយបេះត្រីដាក់ថ្វាយអ្នកតាដូចថ្ងៃមុនទៀត ។ បុរសរឹងរូស
ទើសចិត្តណាស់ ទ្រាំអត់ពុំបានក៏វ័ធសម្ដីគំរោះទ្រគោះថា
"មិនដឹងជាថ្វាយអ្វីក៏ថ្វាយម្ល៉េះទេ!
ត្រីតិចហើយដណ្ដើមបេះយកទៅដាក់ចោលទៀត តើដាក់ឲ្យអាណាស៊ី!” ថាហើយ
ក៏ងើបដើរទៅយកបាយ និងត្រីរុកបញ្ចុកមាត់អ្នកតា
ហើយនិយាយបែបចង់បញ្ជោះឲ្យអ្នកដែលដាក់ថ្វាយនោះផងថា "ហឹ
ស៊ីទៅអ្នកតា! ពីមុនថាគេមិនដាក់ឲ្យដល់មាត់ ឥឡូវអញដាក់ដល់មាត់ហើយ
ម្ដេចក៏មិនស៊ីទៅ ឃើញទុកឲ្យតែស្រមោចជញ្ជូនលាន់ ម្ដងនេះ
តែមិនស៊ីឲ្យអញឃើញផងទេ ក្រោយៗ អញលែងឲ្យទៀតហើយ កុំសង្ឃឹម !” ។
អ្នកពីរនាក់ទៀត ឃើញបុរសនោះធ្វើការមិនគប្បី ក៏នៅស្ងៀម
រួចបបួលគ្នាចេញដំណើរទៅ ។ ក្នុងថ្ងៃនោះ គ្មានរកឃ្មុំបានមួយសំបុកសោះ
ព្រោះបុរសរឹងរូសនោះ រវល់តែចុកពោះរមូលខ្លួន ដើរមិនរួច ទាល់តែសែង
រហូតមកដល់ជំរំវិញ ។ មកដល់ហើយនាំគ្នាធ្វើដូចម្ដេច
ក៏ជំងឺនោះមិនស្រាន្ត ។ លុះដល់ពេលកម្លាំងកាន់តែតិចទៅ បុរសឈឺនោះ
និយាយនឹងសំឡាញ់ទាំងពីរថា "ចូរឯងចែកក្រមួនឲ្យអញមួយភាគផង ត្បិតអញក៏បានទៅរកជាមួយឯងដែរ"
។ បុរសពីរនាក់ឆ្លើយថា "ឯងចង់បានក្រមួនយកមកធ្វើអ្វី ! បើឯងជិតស្លាប់ទៅហើយយ៉ាងនេះ"
។ បុរសឈឺនោះឆ្លើយវិញថា "អញយកទៅបាន ឲ្យតែឯងចែកមក ឆាប់ឡើង!
បើឯងមិនឲ្យអញទេ តើអញបានអ្វីបំភ្លឺផ្លូវសម្រាប់ដើរចេញពីព្រៃនេះរួច"
។
ឮដូច្នោះ បុរសសំឡាញ់ទាំងពីរនាក់
ក៏នាំគ្នាថ្លឹងក្រមួនចែកជាបីភាគស្មើគ្នា
ហើយយកស្លឹកឫស្សីងាប់ប្រវែងមួយបង្គុយលលក2 មកធ្វើជាប្រឆេះ
ហើយយកក្រមួនមួយចំណែកទម្ងន់ប្រហែលជាបួនតម្លឹងតាមស្មាន មកលៃជាបួនភាគ
យកបីភាគលញ់ធ្វើជាទៀនគោល ។ ក្រមួននៅសល់មួយភាគទៀត
គេយកស្លឹកត្រែងស្ងួត មកធ្វើជាប្រឆេះ លញ់ទៀនរាយបួនទៀត
ហើយកាច់មែកឈើមកដាក់គងលើមាត់ត្រឡោកទឹក ដែលយកទៅតាមខ្លួន
យកទៀនធំបិទនឹងឈើនោះ ដើម្បីកុំឲ្យស្រក់ក្រមួនចោលទៅដី ហើយយកទៀនរាយបួនទៀត
បិទនៅមាត់ត្រឡោក ។ លុះអុចទៀនរួច ក៏ឱននិយាយដាក់ត្រចៀកបុរសឈឺថា
"នែសំឡាញ់ ! ចំណែកក្រមួនឯង អញធ្វើជាទៀនអុជឲ្យឯងហើយ
ចូរឯងទទួលយកទៅតាមខ្លួន គ្រាន់ជាពន្លឺផ្លូវចេញពីព្រៃនេះទៅចុះ !” ។
បុរសឈឺទទួលថា "អឺ !”
ហើយក៏ដាច់ខ្យល់ស្លាប់ទៅ ។
បុរសជាមិត្រ
ក៏នាំគ្នារកឧសភ្លើងមកដុតខ្មោចនោះ
ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឲ្យប្រពន្ធ ដោយប្រាប់តាមដំណើរ
តាំងពីរឿងឈឺ ដល់រឿងចែកក្រមួន ។ តែមកដល់ត្រង់នេះ ប្រពន្ធនៃសពមិនព្រម
ដោយអាងថា "ប្ដីខ្លួនស្លាប់ទៅហើយ តើអាចយកក្រមួនទៅផងម្ដេចបាន ?” ។
បុរសសំឡាញ់ទាំងពីរនាក់ពន្យល់យ៉ាងដូចម្ដេច នាងនោះ ក៏នៅតែមិនព្រម
ទទូចតែយកចំណែកក្រមួន តាំងពីថ្ងៃរហូតដល់យប់
ទាល់តែនាំគ្នាទៅដេករៀងខ្លួនទៅ ។
និយាយពីប្រពន្ធបុរសស្លាប់ លុះដេកលក់ទៅ
ក៏យល់សប្ដិឃើញប្ដី កាន់ទៀនដើរចូលមក ។ នាងក៏ស្រែកទាំងអរផងថា
"អ្នកអើយ ! គេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ
ថែមទាំងបានចែកក្រមួនឲ្យទៅអ្នកផង ឥឡូវ មានស្លាប់ឯណា ! អ្នកមកវិញហើយតើ !” ។ ឯខ្មោចនោះ
ឆ្លើយមកវិញថា "អញស្លាប់មែន, ហើយអញបានក្រមួនដែលគេចែកឲ្យនោះ
ធ្វើជាទៀនអុជរកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជាវង្វេងទៅធ្លាយឯណាទេ !” ។
ប្រពន្ធឮដូច្នោះ ក៏ស្ទុះទៅស្រវាឱបប្ដី ភ្ញាក់ទាំងខ្លួនឡើង
ទើបដឹងច្បាស់ថាខ្លួនយល់សប្ដិ ។ លុះព្រឹកឡើង ក៏ទៅប្រាប់បុរសទាំងពីរតាមដំណើរយល់សប្ដិ
ហើយក៏ឈប់លែងឈ្លោះប្រកាន់ទៀតទៅ ។
អ្នកស្រុក ដឹងរឿងដូច្នោះ ក៏ប្រកាន់ជឿថា
"បើមនុស្សណាជិតស្លាប់, គេត្រូវតែធ្វើទានកាលអុជឲ្យ
ដើម្បីឲ្យខ្មោចនោះបានពន្លឺសម្រាប់បំភ្លឺផ្លូវដើរទៅរកឋានសុខ" ។
រឿងព្រេង ទាក់ទងនឹងទៀនកាលនៅពេលមានមនុស្សស្លាប់
Reviewed by VannyDa
on
4:01 PM
Rating: