រឿង ព្រេងភ្នំស្រីវិបុលកេរ្ដិ៍ (នៅខេត្ដសៀមរាប)
ភ្នំស្រីវិបុលកេរ្តិ៍ ជាឈ្មោះភ្នំតូចមួយ រាងពងក្រពើ
មានកម្ពស់ ប្រមាណជាសាមសិបប្លាយម៉ែត្រ ។ សព្វថ្ងៃភ្នំនេះ ស្ថិតនៅក្នុងឃុំបល្ល័ង្ក
ស្រុកសូទ្រនិគម (សៀមរាប) ។ នៅជើងភ្នំ មានវត្តមួយ អ្នកស្រុកហៅថា "វត្តត្រាច"
ខ្លះហៅរួមទាំងភ្នំផងថា "ភ្នំវត្តត្រាច ឬ ភ្នំត្រាច" ក៏មាន
ដោយសន្មតតាមទីកន្លែងនេះ មានដុះដើមត្រាច ជាដើម ។
ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ ៦ ពីភ្នំពេញ
ឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមានផ្សារមួយ, បត់ចូលទៅខាងឆ្វេងដៃ
សសៀរតាមផ្លូវមុខសាលាសូទ្រនិគម ។ ចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រ
នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនេះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ
រថយន្តគ្រប់ធុន អាចចេញចូលបានគ្រប់រដូវ ។ កាលបើគេបានទៅដល់ភ្នំនេះហើយ ជាបឋម
គេប្រទះឃើញវត្តមួយ មានរាងសមរម្យ នៅកណ្ដាលធម្មជាតិយ៉ាងស្រស់ ។ តាមព័ត៌មានពីអ្នកស្រុកនិយាយថា
វត្តនេះ ពីដើមនៅលើកំពូលភ្នំឯនោះទេ,
ប៉ុន្តែដោយហេតុ មាននិមិត្តអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ
លោកគ្រូចៅអធិការចេះតែអារឹស ។ ដូច្នេះហើយ បានជាគេរុះរើកុដិ សាលា
យកមកសង់នៅជើងភ្នំវិញ កាលពីរវាងជាង ៤០ ឆ្នាំមុននេះ, ទុកតែព្រះវិហារមួយ នៅលើកំពូលភ្នំរហូតមក ។ មានតែជណ្ដើរពីរ
ទេរស្រួល ឡើងទៅកាន់កំពូលភ្នំ គឺជណ្ដើរខាងលិច និង ខាងជើង ។ នៅក្បាលជណ្ដើរខាងលិច
មានខ្លោងទ្វារថ្មបែបរចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗ នៅជាប់នឹងថ្មនោះផង, ជាពិសេស គឺនៅនឹងផ្ដែ
។ បណ្ដារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនឹងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុសដេកទ្រមឈូស
ដែលយើងនឹងអធិប្បាយរឿងជាហូរហែទៅខាងមុខ ។ នៅពីមុខព្រះវិហារ មានរាងប្រាសាទបាក់បែក
ក៏មានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរថ្ម ដែលធ្លាក់ប្រគីងប្រគងគ្នា
រុះរាយនៅជុំវិញនោះ ។ នៅក្នុងប្រាង្គសិលានេះ គេឃើញមានតម្កល់សិវលិង្គ និង
យោនីនាងឧមាភគវតី ដែលឥឡូវនេះ មានធូលីរុំព័ទ្ធដោយសារគ្មាននរណាគោរពបូជា
ដូចកាលពីជំនាន់ដើមឡើយ ។ ជិតខាងប្រាង្គសិលានេះទៀត មានចេតិយចាស់ៗ ជាច្រើន
ទំនងជាសាងឡើងរាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករគ្នានឹងប្រាង្គសិលាទេ
គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនា ជារចនារបស់ខ្មែរជំនាន់ឧត្ដុង្គ
ក្រុងលង្វែកប៉ុណ្ណោះ ។
តាមអ្នកស្រុកឲ្យព័ត៌មានបន្ថែមថា ពីដើម នៅចំពីមុខព្រះវិហារ
មានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មតហៅថា រូប
"នាងសន្ធមា" ដែលមានឫទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗ ដំណាលថា បើនរណាមួយ
ដើរទៅ-មកកាត់មុខនេះ ហើយមិនបានគោរពបូជាទេ, រូបនេះ នឹងធ្វើឲ្យចុកពោះ ឈឺថ្កាត់ផ្សេងៗ មួយរំពេច
។ ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង ៤០ ឆ្នាំហើយ)
លោកឲ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចម្ងាយប្រមាណជា
៥០០ ម៉ែត្រ ។ ចាប់តាំងពីនោះមក រូបនេះ ក៏លែងបានរុកកួនដល់អ្នកស្រុកអ្នកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលព្រៃ
ចំកន្លែងចោលរូបថ្មឡើយ ។ ដូចនេះ ព្រៃមួយដុំនេះក៏ក្លាយទៅជាព្រៃរហោស្ថានរហូតមក ។
ឥឡូវ យើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដង ។ រឿងព្រេងនេះ
យើងស្រង់យកតាមសេចក្ដីឲ្យការណ៍របស់លោក គុយ-ហួត នៅស្រុកសូទ្រនិគម (សៀមរាប)
ដោយផ្សំជាមួយការចងចាំ នៃអ្នកស្រុកខ្លះទៀត ដែលយើងបានស៊ើបសួរផ្ទាល់ ។
មានសេចក្ដីដំណាលថា ៖
ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទយសកេរ្តិ៍
គ្រងរាជ្យនៅដែនសិម្ពលី មានអគ្គមហេសី ព្រះនាមសុវណ្ណមាលា ។ ព្រះអង្គ
មានព្រះទ័យប្រកបដោយធម៌ល្អណាស់ ។ ថ្ងៃមួយ មានក្សត្រប្រទេសជិតខាងមួយព្រះអង្គ
ព្រះនាមភូមោវិលោរាជា មានក្ដីលោភលន់ចង់ពង្រីកអាណាចក្រ ក៏លើករេហ៍ពលមក
ប្រាថ្នាវាយដណ្ដើមយកទ្រព្យសម្បត្តិក្រុងសិម្ពលីនេះ ។ ព្រះរាជាដែនសិម្ពលី
ទ្រង់ជ្រាបហើយ ក៏នាំព្រះមហេសីដែលកំពុងមានគភ៌ផង
ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ
ទុករាជសម្បត្តិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ សេចក្ដីសម្រេចដូច្នេះ
មកពីព្រះអង្គទ្រង់ឈ្វេងយល់ថា បើទ្រង់គង់នៅតតបសង្គ្រាមទៅ
នឹងបណ្ដាលឲ្យស្លាប់អ្នកស្រុកច្រើនជាអនេកមិនខាន, ហេតុនេះ ទ្រង់ភៀសចេញតែព្រះអង្គឯង និង
ព្រះរាជពនិតាទៅចុះ ទុកឲ្យរាស្ត្រប្រជាបានសុខសាន្តត្រាណ ។ ដូច្នេះ
ព្រះបាទភូមោវិលោរាជា ក៏បានគ្រប់គ្រង លើរាជសម្បត្តិដែនសិម្ពលីនេះទៅ ។
ចំណែកឯព្រះបាទយសកេរ្តិ៍ និង ព្រះអគ្គមហេសី
ទ្រង់យាងភៀសព្រះអង្គ ទៅគង់នៅក្នុងព្រៃ ត្រង់តំបន់ភ្នំតូចមួយ
(គឺភ្នំស្រីវិបុលកេរ្តិ៍នេះឯង) ។ ប៉ុន្តែ មិនបានសុខសាន្តត្រាណឡើយ
ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាមមកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ
មើមឈើធ្វើព្រះស្ងោយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុកឯក្នុងប្រទេស
ព្រោះខ្លាចក្រែងព្រះអង្គ ទៅបង្កបានបក្សពួកវាយដណ្ដើមយករាជ្យវិញ ។ ពេលនោះ
ព្រះអគ្គមហេសី ក៏ទ្រង់នៅត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពផ្ទៃជិតគ្រប់ខែហើយផង
។ មិនយូរប៉ុន្មាន ព្រះនាងក៏ប្រសូតិព្រះរាជបុត្រនៅកណ្ដាលព្រៃ បានព្រះរាជបុត្រាមួយ
មានព្រះភក្ត្រស្រស់បស់ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារព្រះរូបឆោមល្អឆើតនេះ
ព្រះនាង ក៏ថ្វាយព្រះនាមរាជឱរសនេះថា "ស្រីវិបុលកេរ្តិ៍ " ។ ចំណេរតមក
ប្រមាណជាព្រះជន្មបាន ១៥-១៦ ឆ្នាំ ព្រះរាជកុមារ តែងសាកសួររឿយៗ រកព្រះបិតា ។
ព្រះវររាជមាតា ក៏និទានរឿងរបស់ខ្លួន ឲ្យព្រះរាជបុត្របានជ្រាបសព្វគ្រប់។
កាលបើទ្រង់ជ្រាបថា ព្រះវរបិតាគង់ព្រះជន្មនៅឡើយ
ហើយកំពុងតែជាប់ក្ដីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នោះ ព្រះរាជកុមារ
ក៏សុំលាព្រះមាតាទៅតាមរកមួយរំពេច,
ប៉ុន្តែព្រះនាង ទ្រង់ឃាត់យ៉ាងម៉ឺងម៉ាត់ ព្រោះខ្លាចព្រះរាជបុត្រា
មានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។ ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច
លុះត្រាតែព្រះមាតាព្រមបើកឲ្យទៅ ដោយប្រគល់នូវព្រះពស្ត្រសម្រាប់រាជ្យ
ដែលមានជាប់មកនឹងព្រះអង្គ ឲ្យទៅព្រះរាជបុត្រ ដើម្បីសម្រាប់បង្ហាញជាបន្ទាល់
ឲ្យស្ដេចបិតាទ្រង់ជឿថា នេះពិតជាព្រះរាជបុត្រហើយ ។ ព្រះនាង ផ្ដាំបន្ថែមទៀតថា
"ចូរកូនទៅ កុំឲ្យយូរហួសពី ៧ ថ្ងៃ បើកំណត់ ៧ ថ្ងៃហើយ កូនមិនឃើញមកវិញទេ
ម្ដាយនឹងបែកទ្រូងស្លាប់មិនខាន" ។
ព្រះរាជកុមារ ថ្វាយបង្គំលាព្រះមាតារួចស្រេច
ក៏ម្នីម្នាតម្រង់ទៅ ដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។ ជួនជាពេលនោះ
ព្រះបាទភូមោវិលោរាជា ចាត់ឲ្យពេជ្ឈឃាដនាំយកព្រះបាទយសកេរ្តិ៍
ទៅសម្លាប់នៅកណ្ដាលព្រះលាន, ឃើញដូច្នោះ ព្រះរាជកុមារ ស្ទុះចូលទៅជិតពួកពេជ្ឈឃាដ ហើយសុំឃាត់ថា
"សូមអ្នកលែងព្រះវរបិតាខ្ញុំនេះចុះ ហើយសម្លាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន
សុំធានាទទួលទោសទាំងអស់" ។ ពេជ្ឈឃាដទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា
ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាសេចក្ដីទៅក្រាបបង្គំព្រះរាជា
សុំសេចក្ដីអនុញ្ញាត ឲ្យធ្វើឃាតបុត្រាជំនួសចុះ ។
ពេជ្ឈឃាដក៏ដោះលែងព្រះបាទយសកេរ្តិ៍ឲ្យរួចខ្លួនទៅ
ហើយដាក់ក្ដីកុមារស្រីវិបុលកេរ្តិ៍ជំនួសវិញ, ប៉ុន្តែពេលនេះ ជាការអស្ចារ្យណាស់
ដាវរបស់ពេជ្ឈឃាដប្រែត្រឡប់ជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វី ដល់ព្រះអង្គឡើយ ។
ដោយសារហេតុចម្លែកដូច្នេះ ព្រះបាទភូមោវិលោរាជា ទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ
ដោយផ្ទាល់ព្រះនេត្រ, តែជាអកុសល ដោយអំពើអាក្រក់ ដែលខ្លួនបានប្រព្រឹត្តមក, ពេលនោះ ព្រះធរណី ក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ
។
ប្រជានុរាស្ត្រ ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីទាំងអស់
កោតស្ញែងអានុភាពឫទ្ធិបារមី នៃព្រះកុមារស្រីវិបុលកេរ្តិ៍គ្រប់ៗ គ្នា ។ ម្ល៉ោះហើយ, អ្នកស្រុកទាំងអស់
ក៏មូលមតិគ្នា ថ្វាយរាជសម្បត្តិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទួល ទើបផ្ដើមរៀបចំព្រះរាជពិធីរាជាភិសេកឡើងក្នុងពេលនោះ
។
ប៉ុន្តែ នៅក្នុងរាត្រីស្ងាត់, ព្រះរាជកុមារ ក្រាបទូលព្រះវររាជបិតា
អំពីបណ្ដាំរបស់ព្រះមាតា ដែលទ្រង់ផ្ដាំថា កុំឲ្យហួសរវាង ៧ ថ្ងៃ
ឥឡូវយប់នេះជាគម្រប់ថ្ងៃទី ៧ ហើយ ។ ព្រះបាទយសកេរ្តិ៍ និង ស្រីវិបុលកេរ្តិ៍
ក៏ទ្រង់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីក្នុងវាំង
ឥតឲ្យពួកពលមន្ត្រីយោធាដឹងដានឡើយ ។ ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទាយ៉ាងលឿន
កាត់ព្រៃ ឆ្លងវាល ច្រូតកាត់សំដៅទៅកាន់ទីដែលព្រះនាងសុវណ្ណមាលាគង់នៅ ។
ដោយសារផ្លូវលំបាក ហើយមានចម្ងាយឆ្ងាយផង ព្រះរាជដំណើរនេះ ត្រូវប្រព្រឹត្តទៅអស់រយៈមួយយប់មួយថ្ងៃ
។ ហេតុនេះហើយ បានជាទម្រាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ ។ ព្រះរាជកុមារ និង
ព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរ, តែដោយព្រះកុមារទ្រង់តម្រិះថា
"ព្រះមាតាសុគតទៅ ក៏ដោយសារតែព្រះអង្គ ហេតុនេះ គួរតែព្រះអង្គរកវិធីណាសម្ដែងការប្ដូរផ្ដាច់
ឲ្យបានសមនឹងទឹកព្រះទ័យនៃព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ" ។
ទ្រង់ព្រះតម្រិះដូច្នេះ ទ្រង់ក៏តម្កល់ព្រះសពមាតាក្នុងមឈូស ហើយលើកមឈូសនេះ
ដាក់លើព្រះឱរា ដោយព្រះអង្គទ្រង់ផ្ទំទ្រមឈូសធ្វើជាជើងថ្ករ ។ លុះបូជាព្រះសពនេះទៅ
ព្រះអង្គក៏ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតា ទ្រង់យល់ដូច្នេះ
ក៏ទ្រង់ព្រះវិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្ដា
ត្រឡប់មកទទួលគ្រប់គ្រងរាជសម្បត្តិវិញ ។ ក្រោយដែលគ្រងរាជ្យហើយ
ទ្រង់ក៏ចាត់ចែងធ្វើប្រាង្គសិលា ដើម្បីតម្កល់ព្រះបរមអដ្ឋិ នៃព្រះអគ្គមហេសី និង
ព្រះរាជបុត្រ ។ ទីដែលតម្កល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មតហៅថា
"ភ្នំស្រីវិបុលកេរ្តិ៍ " រហូតមកសព្វថ្ងៃនេះ ។
សេចក្ដីអធិប្បាយមកនេះ ជារឿងព្រេង ដែលអ្នកស្រុកនិទានតគ្នា
ពីមាត់មួយទៅមាត់មួយ, តែបើតាមពិនិត្យសង្កេត រកហេតុផលវិញ យើងពុំអាចសន្មតប្រាកដប្រជា
ថាជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទាន តែងល្អៀង តែងឃ្លៀងឃ្លាត
នៅតាមសំដីអ្នកស្រុក តាមជំនឿអ្នកស្រុក ដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ ។
រឿង ព្រេងភ្នំស្រីវិបុលកេរ្ដិ៍ (នៅខេត្ដសៀមរាប)
Reviewed by VannyDa
on
2:48 PM
Rating: