រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន (នៅបាត់ដំបង)
មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំអ្នកអាន
ឲ្យស្គាល់ភូមិភាគ បប៉ៃលិន បន្តិចសិន ព្រោះភូមិភាគឋិតនៅឆ្ងាយពីរាជធានី
ហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផង ។
ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់មករស់នៅ
ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី ត្រង់ជ្រលងនៃភ្នំ ភូមិភាគនោះ ។
តាមប្រវត្តិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ឋាន
កជាភូមិស្រុកនៅតំបន់នេះ តាំងពី គ.ស. ២៨៧៦ មក ។ ប៉ុន្តែដំបូងនោះ ពួកកុឡាទាំងនេះ
គ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេ ព្រោះពិតមែនតែដីត្រង់នេះជាដីខ្មែរ ដែលកាលនោះ
នៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឹក នឹងពួកអ្នកស្រុកនេះដែរ ។
លុះត្រាតែមកដល់ គ.ស. ១៨៨១ ដោយសារតែពួកនេះទាស់ទែងគ្នា ទើបនាំឲ្យលេចឮរឿងនេះ
ទៅដល់រាជការសៀម នៅខេត្តចន្ទប៊ុន (ចន្ទបុរៈ), រាជការសៀម ក៏ចាត់ឲ្យមានមេភាស៊ី ហូតពន្ធ
លើអ្នកជីកត្បូងទាំងនេះ ។ មេភាស៊ី កាលនោះមានឈ្មោះថា ម៉ុង-ឃុនទី ដែលជាមេក្រុមពួកកុឡា
ដែលធ្វើដំណើរស្វែងមករកឃើញកន្លែងនៅទីនោះ ។ ដើមហេតុ គឺ ម៉ុង-ឃុនទី បាននាំយកត្បូង
ទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងស៊ុលអង់គ្លេស សុំឲ្យកុងស៊ុលនោះ
នាំខ្លួនទៅគាល់ព្រះចៅសៀម ទើបព្រះចៅ តែងតាំងឲ្យធ្វើជាមេភាស៊ីហូតពន្ធ
ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង ដោយតាំងងារជាហ្លួងមណីយុទ្ធនា គឺហ្លួងមណីនេះហើយ
ដែលកសាងវត្តអារាមជាច្រើន កន្លែងនៅក្នុងតំបន់ប៉ៃលិន ។
រហូតមកដល់ គ.ស. ១៩០៤ ដែលរាជការសៀម
ត្រូវប្រគល់ដីខេត្តបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ, ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ
វិញនោះ, ដែនដីប៉ៃលិន
ក៏ត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូ នៃ រ៉េស៊ីដង់ ប្រចាំខេត្តបាត់ដំបង
(Délégué du Resident la
province) ហើយឲ្យប្រតិភូនេះ មើលកាន់កាប់ហូតពន្ធដារ
ក្នុងការប្រកបអាជីវកម្មយកត្បូងនេះ ។ មិនតែប៉ុណ្ណោះ
គេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបង គឺជាថ្នល់ដែលមាននៅសព្វថ្ងៃ ។
ប៉ុន្តែកាលនោះ គេគ្រាន់តែយកពន្ធដារ ពុំបានគិតពីកសាងអ្វីៗ
ជាឧត្ដមប្រយោជន៍ដល់អ្នកស្រុកភូមិភាគនេះទេ, រហូតមកដល់សម័យសង្គមរាស្ត្រនិយម
ទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប្ដូររូបយ៉ាងឆាប់រហ័ស នរណាខានទៅតែពីរឆ្នាំ
លុះទៅម្ដងទៀត ស្ទើរតែលែងស្គាល់ ។ គេឃើញគ្រឹះស្ថានរាជការក៏ស្អាតៗ សង់ពីបាយអ
មានសាលារៀន មន្ទីរឃោសនាការ ផ្សារក៏សុទ្ធតែធ្វើពីបាយអ យ៉ាងល្អៗ ដែរ ។ ផ្ទះអ្នកផ្សារ
ក៏រៀបរយល្អ គួរជាទីមនោរម្យ ដូចជាទីប្រជុំជនធំៗ ដែរ ។
អាស្រ័យដោយការរៀបចំស្អាតស្អំនេះ
នាំឲ្យមានទេសចរចេញចូលទស្សនាលំហែកាយនៅទីនោះ រឹតតែច្រើនឡើង ។ ដូច្នេះ ការចង់ដឹង ចង់ឮ
ពីប្រវត្តិពង្សាវតារ នៃភូមិភាគនេះ ក៏រឹតតែច្រើនឡើងដែរ ។ សេចក្ដីពណ៌នារបស់យើង
ទាំងប៉ុន្មាននេះ ក៏គ្រាន់តែជាការឆ្លើយតប នឹងសេចក្ដីត្រូវការទាំងនេះឯង ។
ប៉ុន្តែជាធម្មតាណាស់ នៅស្រុកខ្មែរយើង តែកាលណាពោលពីប្រវត្តិត្រង់ណាមួយ
ពិតជាកើតមានរឿងព្រេង ផ្សំជាមួយការពិតជាមិនខាន ។ បើទីណា មានដើមកំណើតឆ្ងាយ, រឿងព្រេងនោះ
ក៏បែបយារឆ្ងាយ សឹងតែរកជឿមិនកើត ឯទីណា ទើបនឹងកើតថ្មី រឿងព្រេងក៏ថ្មី
លាយឡំការពិតចូលក្នុងនោះច្រើនទៀត ដូចជា ភូមិភាគប៉ៃលិននេះជាអាទិ ដោយសារតែប៉ៃលិន
ទើបតែកើតមានឈ្មោះ មានសំឡេង ក្នុងរវាង គ.ស. ១៨៨១ ប៉ុណ្ណោះ, រឿងព្រេងនៅតំបន់នេះ
ក៏ស្រដៀងៗ នឹងរឿងមែនទែន គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា
ចូលច្របល់ជាមួយផងប៉ុណ្ណោះ ។
យើងលើកយករឿងព្រេងនៅភ្នំយ៉ាត មកអធិប្បាយ មានដូចតទៅនេះ ៖
កាលណោះ មានប្ដីប្រពន្ធពីរនាក់ មានឈ្មោះយ៉ាតដូចគ្នា
គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាត រស់នៅប្រកបរបរជីកត្បូង នៅស្រុកប៉ៃលិននោះ ។
លុះចាស់ជរាហើយ គាត់ពុំអាចទៅធ្វើការធ្ងន់ៗ ដូចសព្វដងបាន, គាត់ក៏ទៅធ្វើធម៌លើភ្នំមួយ
(ដែលយើងហៅថាភ្នំយ៉ាតសព្វថ្ងៃ) ទាំងពីរនាក់ប្ដីប្រពន្ធ ។
អ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើង ព្រោះការសន្មតនេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ
គ្រាន់តែឲ្យស្រួលហៅ ស្រួលសំគាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃលិន មានកំពូលភ្នំខ្ពស់ៗ
ឡើងជាច្រើនកន្លែង, ដូច្នេះ បើទីណា មានភាពសម្គាល់ដូចម្ដេច គេក៏នាំគ្នាសន្មតយកតាមភិនភាគនោះ
ធ្វើជាឈ្មោះឡើង ។
នៅពេលនោះ អ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់ ឯស្រុកសៀមញឹកញាប់
ហើយគេធូរប្រាក់កាសផង គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ
សម្រាប់យកមកការពារសម្បត្តិទ្រព្យ ភូមិឋានរបស់គេ ។ តែនៅពេលអផ្សុក
អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វលេងពេញព្រៃ ដោយស្រុកនោះសម្បូណ៌ព្រៃស្ដុកៗ
ណាស់ផង ។ ការបរបាញ់សត្វនេះនាំឲ្យផ្អើល ដល់ពពួកអារក្ស អ្នកតា នៅក្នុងព្រៃនោះ ។
ថ្ងៃមួយ អ្នកតាមួយ ដ៏មានឫទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត
ដើម្បីផ្ដាំផ្ញើ ឲ្យនិយាយនឹងពពួកអ្នកបាញ់ទាំងនោះថា កុំឲ្យដើរបាញ់ទៀត
នាំឲ្យពពួកអារក្ស អ្នកតាទាំងអស់ ភ័យរត់ខ្ចាត់ខ្ចាយកូនចៅវង្វេងវង្វាន់គ្នាអស់ហើយ, ដូច្នេះ សុំឲ្យតែលែងបាញ់ចុះ
យើងនឹងជួយពួកនេះ ឲ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឲ្យបានធ្វើជាអ្នកមានច្រើនគ្នាឡើង ។
ប៉ុន្តែ បើបានជាអ្នកមានហើយ ត្រូវនាំគ្នាកសាងជាវត្តមួយ នៅលើទីកន្លែងភ្នំនេះ, មិនតែប៉ុណ្ណោះ
ត្រូវលេងភ្លេងរាំក្ងោក រៀងរាល់ថ្ងៃសីលផង ។ ផ្ដាំផ្ញើរួចហើយ អ្នកតា ក៏អន្តរធានខ្លួនបាត់ទៅវិញភ្លាម
។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះ ទៅផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ ឲ្យដឹងគ្រប់គ្នា
។ អ្នកស្រុក ក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមក ។
នេះជារឿងមួយ ដែលទាក់ទងនឹងភ្នំយ៉ាត, ឯរឿងមួយទៀត
ដែលទាក់ទងនឹងឈ្មោះ "ប៉ៃលិន" នោះ មានដោយឡែកផ្សេងទៅទៀត ។
តាមអ្នកស្រុកឲ្យការថា ពាក្យ "ប៉ៃលិន" នេះ
ក្លាយមកពីពាក្យ "ភេលេង" ព្រោះគេមាននិទានរឿងដើមបញ្ជាក់ផងថា ៖
កាលនោះមានអ្នកប្រមាញ់ ដេញតាមដានសត្វព្រៃ ចេះតែឆ្ងាយទៅៗ
រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង
មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹក ដែលហៅថា "អូរ" មានអូរទុងជាដើម
ក្បែរមាត់អូរនេះ អ្នកប្រមាញ់ បានប្រទះឃើញសត្វភេកំពុងហែលទឹក លុះឃើញមនុស្សមកដល់
ភេក៏រត់បាត់អស់ទៅ ។ អ្នកប្រមាញ់ ចូលទីមើលត្រង់កន្លែងភេប្រឡែងគ្នានោះ
ក៏ឃើញដុំថ្មតូចៗ មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំ
ទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ ។ លុះទៅដល់ស្រុក មានអ្នកស្រុកនោះ
(តាមនិយាយថាពួកកុឡា ដែលមករស់នៅក្នុងខេត្តចន្ទប៊ុន ស្រុកសៀម) ស្គាល់ថា
ថ្មនេះមានតម្លៃ គេក៏យកទៅវាយបំបែក រួចឆ្នៃជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។
កាលបើដូច្នេះ គេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថា
ជាផ្លូវរកស៊ីមួយហើយ ក៏ព្យាយាមនាំគ្នាឆ្ពោះទៅយកថ្មនេះពីកន្លែងមុន ជាញឹកញាប់ ។
ការទៅមកញឹកញាប់នេះហើយ ទើបអ្នកទាំងនោះ សន្មតឈ្មោះទីកន្លែងត្រង់នេះថា
"កន្លែងភេលេង" យកតាមសភាព ដែលគាត់ប្រទះឃើញជាដំបូងនោះ ។ ប៉ុន្តែ
ដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀម ក៏អានពាក្យនេះ ក្លាយទៅតាមសំឡេងសៀមបន្តិចទៅ គឺ
"ភេ" ទីជា "ផេ" ឯ "លេង" ទៅជា "ឡេន ឬ ឡិន"
ដូច្នេះ រួមមក ទៅជា "ផេឡិន" ។ លុះសម័យបារាំងទៅកាន់កាប់ទីតំបន់នេះ
គេក៏សរសេរឈ្មោះនេះ ជាអក្សររ៉ូម៉ាំង តាមសំឡេងផង តាមរូបសាស្ត្រពាក្យផង ជា PHAI-LIN គឺ PH ជាអក្សរ ផ, AI ជាស្រៈអេ, L ជាអក្សរ ល, I ជាស្រៈអិ ផ្សំនឹង N ជាអក្សរ ន, ចំណេរតមក
ដើម្បីកុំឲ្យពិបាកសរសេរ គេក៏ភ្ជាប់លែងឲ្យមានសហសញ្ញា (Trait d'union) ក៏ក្លាយទៅជា
Phailin ហើយតៗ
មក ដោយបារាំងអានគ្មានខ្យល់អក្សរ H
គេក៏លប់ H
ចោលទៅ នៅសល់តែ PAILIN ។
សេចក្ដីអធិប្បាយមកនេះ មានទំនងជា ដើមកំណើតស្រុក (Monographic) ជាជាងរឿងព្រេង
ដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវនៅពេលមុខៗ ទៀត ប៉ុន្តែ មានទំនងខ្លះ
ចង់ទៅជារឿងព្រេងដែរ ត្បិតមានលាយឡំជំនឿខ្មោច អារក្ស អ្នកតា លាយឡំជាមួយផង ។ ការណ៍នេះ
យើងសង្ឃឹមថា លោក-អ្នកអានណា ចេះចាំរឿងព្រេង នៅភូមិភាគនេះ វែងឆ្ងាយទៅទៀត
ក៏សូមបញ្ជូនមកឲ្យយើងផង ដើម្បីកែសម្រួលទៅលើកក្រោយ ។
រឿង ព្រេងភ្នំយ៉ាតនៅប៉ៃលិន (នៅបាត់ដំបង)
Reviewed by VannyDa
on
2:47 PM
Rating: