រឿងព្រេង ដើមកំណើតអ្នកតា
បើតាមរឿងព្រេងនេះ
អ្នកតាមានដើមកំណើតនៅប្រទេសចិន មុននានាប្រទេសទាំងអស់លើទ្វីប ។
រឿងដើមមានដូចតទៅ
ក្នុងសម័យព្រេងនាយ
មានបុរសជាអ្នកទីទ័លក្រពីរនាក់គឺ: ឪពុកនិងកូនប្រុសពេញកំលោះ
អាស្រ័យក្នុងភូមិនិគមដ៏តូចមួយ តាំងនៅដាច់ស្រយាលពីរាជធានី ។
នៅនាវស្សន្តរដូវ បុរសឪពុកមានជំងឺយ៉ាងទម្ងន់ ក៏ទទួលអនិច្ចកម្មទៅ
ទុកកូននៅកំព្រាតែម្នាក់ឯង ។ កូននោះគិតថា:
អញមិនគួរយកខ្មោចឪពុកទៅបញ្ចុះជិតម៉ុងអ្នកមានធនធាននោះទេ
ត្រូវតែយកទៅបញ្ចុះឲ្យឆ្ងាយពីគេ ព្រោះខ្លួនអ្នកទីទ័លក្រ
គិតហើយទើបយកសពឪពុក ទៅបញ្ចុះក្បែរជើងភ្នំមួយឆ្ងាយ ។ លុះបញ្ចុះរួចហើយ
ក៏លាខ្មោចឪពុកវិលមកប្រកបអាជីវកម្ម តាមធម្មតាវិញ ។
ដោយសេចក្ដីអាល័យឪពុកខ្លាំងពេក បុរសកម្សត់មិនអាចបំភ្លេចចោលម៉ុងឪពុកបាន
តែងយកចំណីទៅសែនជូនជាញឹកញាប់ ។ គាប់ជួនថ្ងៃមួយ
មានភ្លៀងបង្អុរចុះជាប់ មិនដាចគ្រាប់សោះ
ចៅកម្សត់ក៏ស៊ូទ្រាំអត់បាយអត់ទឹក ដេកនៅជិតម៉ុងឪពុក
មិនព្រមត្រឡប់ទៅលំនៅវិញ ។
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់នោះ
ពេលដែលចៅកម្សត់កំពុងនិន្ទ្រាលក់ស្កល់ ព្រលឹងខ្មោចឪពុកបានមកពន្យល់សប្ដិ
និយាយនឹងកូន: "នែកូន! កូនឪពុក!...
ម្ដេចក៏កូននៅតែស៊ូប្ដូរនឹងឪពុកដែលចែកឋានទៅហើយ? តើសព្វថ្ងៃនេះ
កូនមានគោលបំណងយ៉ាងណាខ្លះ?”
ព្រលឹងកូនក៏ឆ្លើយទៅវិញថា:
"កូនគ្មានប្រាថ្នាអ្វីទេលោកឪពុក" លុះព្រលឹងឪពុក
សួរបញ្ជាក់បី-បួនលើក ទើបព្រលឹងកូនឆ្លើយតបទៅវិញថា "ក្នុងជាតិនេះ
កូនប្រាថ្នាចង់តែឲ្យបានជាធំជាងគេទាំងអស់ សូម្បីតែស្ដេច
ឲ្យតែឃើញគឺត្រូវតែសំពះរូបកូន" ។
ព្រលឹងខ្មោចឪពុកបានប្រាប់ទៅព្រលឹងកូនវិញថា "បំណងកូនឯងនេះនឹងបានសម្រេចពិត
។ ថ្ងៃស្អែកនេះ កូនត្រូវក្រោកពីព្រលឹម
ដើរចេញពីទីនោះទៅតាមផ្លូវខាងជើងភ្នំ កាលណាឃើញភ្នំបីជាប់រដឹក
កូនត្រូវខំត្រាច់ឲ្យហួសទៅទៀត នុ៎ះកូននឹងឃើញផ្លូវលំមួយ
នៅដើមផ្លូវនោះ មានឈើបីដើមធំៗ ហើយខ្ពស់ៗផុតឈើដទៃផង ។
នៅក្រោមព្រឹក្សានោះមានថ្មមួយផ្ទាំងខ្ពស់ភ្លឺរលោង
ស្ថិតនៅខាងមុខថ្មទាំងពួង ដ៏មានវល្លិដុះព័ទ្ធដូចក្បាច់រចនា
នុ៎ះគឺជាសិលាដ៏ពិសិដ្ឋសម្រាប់អ្នកមានបុណ្យ កាលបើបានទៅដល់ហើយ
ចូរកូនឡើងអង្គុយលើថ្មនោះទៅ ... ចូរកូនធ្វើតាមបណ្ដាំឪពុកនេះកុំខាន
... ឪពុកលាកូនហើយ ... ធ្វើតាមបណ្ដាំឪពុកនេះកុំខាន ... ឪពុកលាកូនហើយ
..." ។
លុះព្រឹកឡើង បុរសកម្សត់ ភ្ញាក់ដំណេក
មានអាការញ័រអស់អង្គប្រាណ ជឿស៊ប់ក្នុងការយល់សប្ដិនោះ
ប៉ុន្តែមិនទាន់យល់ការណ៍អាថ៌កំបាំងនៃសុបិននៅឡើយទេ
ក៏សំពះលាម៉ុងខ្មោចឪពុកដើរចេញទៅដោយសង្ឃឹមថា បើបានសម្រេចដូចបំណងមែន
នឹងវិលត្រឡប់មកធ្វើកិច្ចវត្តតាមធម្មតាវិញ ។ បុរសកំលោះ
ខំស្រូតកាត់ព្រៃលេចវាល ផុតវាលចូលព្រៃ អស់វេលា ៧យប់ ៧ថ្ងៃ
ទើបបានឃើញដើមឈើធំខ្ពស់ៗ និងថ្មពិសិដ្ឋទំនងដូចពាក្យខ្មោចឪពុកបានផ្ដាំមែន
ក៏ឡើងទៅអង្គុយលើថ្មនោះ តាមបណ្ដាំឪពុក ។ ខណៈនោះ
រាងកាយបុរសកំលោះក៏ប្រែកាយមួយរំពេចទៅជាសិលារឹងកក្រោះគ្មានវិញ្ញាណ ។
ចាប់តាងពីពេលនោះមក អ្នកតាកំលោះតែងបានទទួលនូវលាភសក្ការនិងវន្ទនាការអំពីជនានុជនគ្រប់ជាន់ថ្នាក់មែន
។ ការសែនព្រេនបន់ស្រន់ក៏មានចាប់តាំងពីពេលនោះរហូតមក
ឯអ្នកតាសោតក៏ទើបនឹងរូបមួយប៉ុណ្ណោះ ។ (តាមយោបល់ខ្ញុំថា
ដើមឡើយអ្នកតាកំលោះនេះ មិនមែនមានបំណងធ្វើជាអ្នកតាថ្មទេ
គឺគ្នាប្រាថ្នាឲ្យតែបានមហេសក្ខភាព និង ឥស្សរភាពទេតើ?) ។ ថ្ងៃក្រោយមក
គហបតីនៅជនបទនោះ បានរៀបចំជាក្បួនយ៉ាងឧឡារិក
និងនាំកូនស្រីទៅកាន់ត្រកូលខាងប្ដី ដើម្បីរៀបអាពាហ៍ពិពាហ៍
ក៏ធ្វើដំណើរតាមផ្លូវនោះ ដោយពុំបានដឹងថាមានអ្នកតា ។
លុះមកដល់មុខអ្នកតាកំលោះៗបានឃើញរូបនាងស្រីនោះ
មានសេចក្ដីប្រតិព័ទ្ធស្នេហា ក៏ឆក់យកមកដាក់លើថ្មមួយដុំជិតខ្លួន
នាងក្រមុំក៏ប្រែកាយក្លាយខ្លួនជាថ្មដែររកផ្លូវកែមិនបាន
ដោយមហិទ្ធិឫទ្ធិរបស់អ្នកតាកំលោះ ។
ចំណែកគហបតីជាឪពុក ក៏បន់ស្រន់អ្នកតាអស់ពេលដ៏យូរ
ដើម្បីឲ្យកូនមានរូបរាងជាមនុស្សវិញ តែជាការឥតប្រយោជន៍សោះ ។
គហបតីមានសេចក្ដីក្ដៅក្រហាយ ព្រមជាមួយនឹងទុក្ខសោកជាខ្លាំង
រកធ្វើប្រៀបពុំបានឡើយ គាត់ក៏តាំងចិត្តចងពៀរនឹងអ្នកតានោះវិញ ។
តមកគហបតីធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ ដោយរោគក្អកធ្លាក់ឈាម
ពេទ្យហ្មមិនអាចមើលជាឡើយ ។ មុននឹងធ្វើមរណកាលទៅ គាត់បានផ្ដាំប្រពន្ធថា
កាលណាគាត់ស្លាប់ទៅ ត្រូវយកធ្យូង ៤ ដុំ
ដាក់ក្នុងក្ដារមឈូសគ្រប់ជ្រុងទាំងបួនឲ្យគាត់កុំខាន ។
ដោយគាត់មានបំណងនឹងយកទៅដុតទីកន្លែងអ្នកតាឲ្យឆេះគ្រប់ទិសទាំងបួនទិស
សងគំនុំចិត្តរបស់គាត់វិញ ។ ប្រពន្ធទទួលធ្វើតាមបណ្ដាំប្ដីទាំងអស់ ។
ថ្លែងពីអ្នកតាកំលោះ
កាលបើបានដឹងរឿងថាខ្មោចគហបតីបម្រុងនឹងដុតខ្ទមដូច្នោះ
ក៏និម្មិតខ្លួនជាមនុស្សចាស់ម្នាក់ ទៅនិយាយពន្យល់ប្រពន្ធគហបតីថា
"លោកស្រី! លោកស្រីមិនត្រូវចេះតែធ្វើតាមបណ្ដាំប្ដី
នាំឲ្យខុសទំនៀមទម្លាប់យ៉ាងនេះសោះ
មិនដែលមាននរណាយកធ្យូងទៅដាក់ក្នុងមឈូសដាក់សពប្ដី ដូចលោកស្រីទេ"
។
ដោយសារពាក្យណែនាំនេះ
ស្រីមេម៉ាយក៏ព្រមបន្ថយដកយកធ្យូងបីដុំចេញ ទុកឲ្យនៅសល់តែ ១ដុំ
ព្រោះមុនពេលស្លាប់ប្ដីបានផ្ដាំយ៉ាងម៉ឹងម៉ាត់ណាស់ ។ រីឯខ្មោចគហបតីវិញ
បានធ្យូង ១ដុំតូចនេះទៅដុតខ្ទមអ្នកតា១ជ្រុង ឆេះហុយទ្រលោមដូចបំណង ។
គតិក្នុងរឿងព្រេងនេះ: ព្រោះហេតុនោះហើយ ទើបចិនតែងដំណាលប្រាប់កូនចៅ
រហូតមកដល់សព្វថ្ងៃនេះថា: ខ្ទមអ្នកតាចិនតែងស្រុត ១ជ្រុងជាដរាប
ទោះបីស្ថាបនាដោយអ្វីក៏ដោយ ដូចមានន័យក្នុងរឿងខាងលើនេះស្រាប់
គឺដោយខ្មោចគហបតីនោះដុត ។
ពេលចូលរូប
អ្នកតាតែងជិះកៀវនេះជាតំណាងដុំថ្មដែលគាត់ឡើងទៅអង្គុយ
ហើយក្លាយរូបរាងទៅជាអ្នកតាថ្ម
ឯអ្នកតាខ្មែរយើងក៏មានឥរិយាបថប្រហែលនឹងអ្នកតាចិនដែរ
ប្រហែលជាក្លាយមកពីចិនទេដឹងជំនឿនេះ?
ទោះបីមានការប្រញាប់យ៉ាងណាក្ដី
អ្នកតាចិនតែងតែប្រាប់អ្នកដែលមករកមើលជតារាសីថា "ចាំទៅសួរអ្នកតាធំសិន"
គឺប្រហែលជាចាំទៅសួរខ្មោចឪពុកទេដឹង? ព្រោះឪពុកគាត់បានឲ្យឥស្សរភាពនេះមកគាត់ ។
ឯអ្នកតាធំមិនដឹងជានៅឯណាទេ?
ចិនកាន់ទំនៀមមួយជាប់រហូតមកដល់សព្វថ្ងៃ
គឺមុនរៀបមង្គលការកូនប្រុស-ស្រី សាមីខ្លួនត្រូវតែទៅប៉ាយអ្នកតាជាមុនសិន
ដើម្បីថ្លែងសេចក្ដីគោរពចំពោះអ្នកតា តែសេចក្ដីក្នុងរឿងនេះ
ដែលកូនស្រីគហបតីក្លាយរូបទៅជាថ្ម ដោយសារតែអ្នកតាស្រឡាញ់ទេ
មិនមែនខ្វះការគោរពចំពោះអ្នកតាទេ ។
ចិនគ្រប់ឋានៈ តែងកោតខ្លាចគោរពអ្នកតា
មានចិនត្រង់ណា មានអ្នកតានៅត្រង់នោះ ។ ម៉្យាងទៀត
អ្នកតានេះហើយដែលជាសរណៈមួយយ៉ាងខ្ពង់ខ្ពស់របស់ជាតិចិន ។
សេចក្ដីសន្និដ្ឋាន: បើយើងពិនិត្យតាមរឿងព្រេងនេះ
អ្នកតាមានដើមកំណើតនៅប្រទេសចិន ហើយហូរហៀរចូលមកប្រទេសខ្មែរយើង
ដោយសារមានជាតិចិន ចូលមករកស៊ីនៅប្រទេសយើងច្រើនទាំងទឹកដីស្រុកគេ
ក៏កើតមុនស្រុកយើងច្រើនសតវត្សមកហើយដែរ ។
ខ្មែរយើងច្រើនបញ្ជាន់រូបមេមត់ ខ្មោច បិសាច ទេព្រក្ស អារក្ស
ការបញ្ចូលរូបអ្នកតានេះធ្វើតាមជាតិគេទេដឹង? ព្រោះអារ្យធម៌ខ្មែរ
និង ចិន មានការជាប់ទាក់ទងគ្នាយូរយារណាស់មកហើយ ។
ឯព្រហ្មញ្ញសាសនាវិញដែលចូលមកប្រទេសយើង មានតែការបន់ស្រន់ បួងសួង
ច្រៀងរាំបូជាលាបំណន់តែប៉ុណ្ណោះ
ដែលក្នុងសម័យព្រះពុទ្ធសាសនាយើងសព្វថ្ងៃនេះ
យើងនៅតែឃើញមានពុទ្ធសាសនិកខ្លះ និយមថ្វាយស្លាធម៌ដូង អង្ស័ក កោរសក់ ថ្វាយចំពោះព្រះពុទ្ធរូបជាដើម
។
សេចក្ដីបញ្ជាក់ដោយឡែក : ទោះបីអ្នកតាខ្មែរក្ដី
យួនក្ដី ចិនតែង គោរពទាំងអស់
ផ្ទុយទៅវិញខ្មែរយើងទេដែលមិនសូវគោរពអ្នកតាដែលជាតិចិនកសាង
ខ្មែរទុកជាល្បែងមួយសម្រាប់កម្សាន្តទៅវិញ ។
រឿងព្រេង ដើមកំណើតអ្នកតា
Reviewed by VannyDa
on
3:24 PM
Rating: