រឿងព្រេង អ្នកតាបេង
ស្រុកត្បូងឃ្មុំដើមឡើយជាខែត្រមួយ
អភិបាលខែត្រនោះមានងារជាអរជូន
ពីមុនមកមិនដឹងជាមានឈ្មោះថាស្រុកអ្វីទេ តែបើតាមការដំណាល
ប្រកបដោយគោលចារឹកជាដំណែល សល់នៅដល់សព្វថ្ងៃដែលគួរយកជាការបាននោះ
មានដូចតទៅ :
ដើមឡើយ មានវត្តមួយនៅក្នុងឃុំវិហាហ្លួង
ស្រុកត្បូងឃ្មុំ ហៅថា "វត្តទួលក្ដី"
(មិនដឹងពីពុទ្ធសករាជប៉ុន្មាន) ។
លោកគ្រូចៅអធិការវត្តនោះមានឈ្មោះពុំប្រាកដ មានប្អូនស្រីក្រមុំម្នាក់ ។
វត្តនេះមានអ្នកតារូបសំរឹទ្ធិមួយ មានឥទ្ធិពលខ្លាំងពូកែណាស់
អាចក្លែងខ្លួនជាមនុស្សធម្មតាបាន ។ នៅថ្ងៃបុណ្យទាន ឬថ្ងៃសីល
ដែលមានកិច្ចរាប់បាត្រក្នុងវត្តនោះ
អ្នកតាក្លែងខ្លួនជាបុរសកំលោះម្នាក់ ស្លៀកពាក់ស្អាតស្អំ
កាន់ផ្ដិលសំរឹទ្ធិវែកសំរឹទ្ធិ យកបាយទៅរាប់បាត្រជាមួយអ្នកស្រុក ។
រាល់ពេល តែដាក់បាត្ររួចចុះពីសាលា បាត់ខ្លួនមួយរំពេច ។ អ្នកស្រុកតែងសួរគ្នាទៅវិញទៅមក
ដោយឆ្ងល់នឹងមនុស្សចម្លែកនេះពន់ពេកណាស់ មិនដឹងជាទីលំនៅបុរសនោះនៅឯណា
ស្រាប់តែឃើញដល់វត្ត ហើយចុះតែពីសាលាបាត់ខ្លួនតែម្ដង ។
ក្រោយមកអ្នកតានោះ
ទៅលបរួមរស់មេត្រីជាមួយនឹងប្អូនក្រមុំលោកគ្រូចៅអធិការ ។ លុះដឹងថាប្អូនស្រីមានប្រុសសហាយ
លោកគ្រូក៏ហៅប្អូនមកសាកសួរតាមដំណើរ ។ នាងក៏ទទួលសារភាពថា
បានស្រឡាញ់បុរសម្នាក់មែន តែឥតមានអ្នកណាដឹកនាំទេ
ពេលយប់ស្រាប់តែឃើញបុរសនោះ ចូលទៅដេកជាមួយខ្លួនតែម្ដង
ឯខ្លួននាងចាប់ពាល់បុរសនោះមិនត្រូវសោះ ហាក់ដូចជាស្រមោល ។
លោកមេវត្តបានស្ដាប់ប្អូនស្រីរាយរាប់គ្រប់សព្វគ្រប់ហើយ
លោកជ្រាបភ្លាមថា គ្មាននរណាទេ ពិតជាអ្នកតាសំរឹទ្ធិនោះឯង
ព្រោះមានឫទ្ធិខ្លាំងពូកែណាស់ ។
លោកគ្រូខ្ញាល់នឹងអ្នកតាសំរឹទ្ធនោះជាខ្លាំង ក៏ប្រើក្មេងឲ្យជីករណ្ដៅនៅទួលមួយនៅជ្រុងអាគ្នេយ៍វត្ត
ចម្ងាយប្រមាណជា ២០០ម. ឬ ៣០០ម. ពីទីវត្ត ជីករួចហើយ
លោកគ្រូឲ្យរូបសំរឹទ្ធិនោះ ទៅកប់ផ្ទីងក្បាលចុះក្រោម លុបដីរួច
យកដើមបេងមួយដាំទៅដាំសង្កត់លើរូបនោះ ។ ទួលនោះសព្វថ្ងៃថា ទួលអ្នកតាបេង
។
ក្រោយមក លោកគ្រូមេវត្តក៏អនិច្ចធម្មទៅ
នៅសល់តែភិក្ខុសាមណេរតិចតួចក្នុងវត្តទួលក្ដីនោះ ។ មានយាយចាស់ឈ្មោះកែ
គាត់ឥតប្ដី-បងប្អូនទេ ហើយបួសជាយាយជី នៅវត្តទួលក្ដីនោះ ។
តមកខាងក្រោយទៀត លោកសង្ឃក្នុងចេះតែរប៉ាត់រប៉ាយ អស់រលីងគ្មានសល់
នៅសល់តែយាយកែម្នាក់ ។ ឯដើមបេងដែលលោកមេវត្ត
ដាំសង្កត់លើរូបអ្នកតានោះ ក៏ចម្រើនធំឡើងមានសត្វឃ្មុំនៅទំលើមែនផង ។
តាមដំណាលថា មានឃ្មុំនោះធំហើយកាចណាស់ ផ្លិតវាធ្លាក់ស្តោកប៉ប្រះដី ។
គ្រាន់តែខ្យល់បក់នាំក្លិនមនុស្សមកដល់
មេវានាំគ្នាហើរទាំងហ្វូងទៅទិចទាល់តែស្លាប់។ ដូចនោះ
ទើបនៅខែកត្តិក-មិគសិរ-បុស្ស ដែលជារដូវខ្យល់ខ្លាំង បក់មកពីទិសខាងជើង
យាយកែតែងតែប្រាប់អ្នកដំណើរ ឲ្យដើរពីខាងត្បូងឃ្មុំ តែដើរពីខាងជើង
ក្លិនមនុស្សរមែងបក់ដល់ឃ្មុំៗនឹងហើរមកទិចស្លាប់មិនខាន ។ ពាក្យថា
"ដើរខាងត្បូងឃ្មុំ" នេះហើយ
ដែលជាដើមកំណើតឈ្មោះនៃខែត្រត្បូងឃ្មុំនេះ មិនមែនគជឃ្មុំម៉្យាង
ដែលគប្រើធ្វើត្បូងចិញ្ចៀននោះទេ ។
តមកខាងក្រោយ ដើមបេងនោះ
ត្រូវដើមជ្រៃដុះរួតរឹតខ្លាំងក៏ងាប់ ដើមជ្រៃក៏លូតលាស់បែកមែកសាខាឡើង
នៅកន្លែងដើមបេងនោះ ។ តមកមែកជ្រៃក៏បាក់រិចរិលអស់ នៅសល់តែគល់ទំហំ ២
ម. ដុះស្លឹកទាបៗនឹងដី ។ អ្នកមានបុណ្យស័ក្ដិ ដើរកាត់មុខអ្នកតានេះ
មិនបានទេ សព្វថ្ងៃ មានផ្លូវមួយពីខាងត្បូង មួយពីខាងជើងអ្នកតានោះ ។
អ្នកតានេះ
សម្រាប់អភិបាលខែត្រត្បូងឃ្មុំឡើង កាលបើមានលោកណាទៅធ្វើអភិបាលខែត្រ ឬ
ស្រុក ដែលមានងារជាអរជូន ត្រូវឡើងអ្នកតានេះខានមិនបានទេ ។
រឿងព្រេង អ្នកតាបេង
Reviewed by VannyDa
on
3:23 PM
Rating: