រឿងព្រេង អ្នកតាមហេសក្ខ ឬ អ្នកតាមាតគិត
ឯកសារនេះ សេចក្ដីដើមជាភាសាលាវ
អ្នកសរសេរឈ្មោះ ស៊ុង ភួយ ជាតិលាវ នៅស្រុកវ៉ឺនស័យ ខែត្រស្ទឹងត្រែង អាយុ ៧០ ឆ្នាំ
ដែលមានសេចក្ដីបកប្រែ ដូចតទៅ ៖
នៅសង្កាត់វ៉ឺនស័យ មានអ្នកតាមួយឈ្មោះ
ម៉ហេសក្ខ ។ អ្នកភូមិទាំងឡាយក្នុងសង្កាត់នេះ លើកទុកជាអ្នកខ្លាំងពូកែ
ជាវត្ថុសក្ដិសិទ្ធិមួយ អាចនឹងផ្ដល់សេចក្ដីដល់បណ្ដាជនទាំងអស់បាន ។
រឿងរ៉ាងខាងដើមថា កាលដែលទឹកដីវ៉ឺនស័យ នៅជាចំណុះស្រុកថៃឡង់ដ៍នៅឡើយ
នោះមាននាម៉ឺនលាវម្នាក់ដែលរាជការចាត់ឲ្យទៅត្រួតត្រាស្រុកនោះ
ក៏បានអញ្ជើញអ្នកតា ម៉ហសក្ខនេះ មកតាមខ្លួនផង ដើម្បីជាទីពឹង
បានឆ្លាក់ឈើធ្វើជារូបតំណាងអ្នកតា ហើយតម្កល់ទុកលើអាស្រម ១
ក្រោមដើមផ្ចិត នៅចម្ងាយពីក្រុងវ៉ឺនស័យចំនួន ១ គីឡូម៉ែត្រ ។
កាលបើបានឃើញនាម៉ឺនលាវនោះ គោរពប្រណិប័តន៍បន់ស្រន់អ្នកតានោះទៅ
បានសេចក្ដីសុខដូចសេចក្ដីប្រាថ្នា
អ្នកស្រុកក៏ស្រុះស្រួលទទួលស្គាល់អ្នកតានោះតាមតមក
ថាជាអ្នកតាដែលឫទ្ធានុភាពខ្លាំងពូកែ ។ ឯអ្នកតានោះកាលជាន់ដើម
មានប្រកាន់រូបស្ត្រីម្នាក់ឈ្មោះនាងប៊ូ ធ្វើជាស្មិងដាច់មុខ
សម្រាប់តែខ្លួននោះម្នាក់ឯង ឥតមានខ្មោចបិសាចឯណាដទៃក្រៅទៀត
មកសណ្ឋិតលើរូបនាងប៊ូបានឡើយ ។ កិច្ចដែលត្រូវគោរព និងត្រូវរៀបតង្វាយថ្វាយអ្នកតានោះ
អ្នកស្រុកប្រព្រឹត្តធ្វើតាមតែពាក្យរូបសម្នឹងបង្គាប់ គឺមានថ្វាយ ជ្រូក
មាន់ ទា ស្រា បាយ និង ទៀនធូប ។ តង្វាយបែបនេះ មិនមានកំណត់កាលវេលាទេ
ស្រេចនៅមានការដែលគួរបន់ ឬ គួរថ្វាយ ។
ក្នុង ១ ឆ្នាំម្ដង អ្នកស្រុកត្រូវប្រជុំគ្នារៀបធ្វើពិធី
ហៅថាបុណ្យឡើងអ្នកតា ។ បុណ្យនេះទម្លាប់ធ្វើតែនៅពិសាខ មានកំណត់ពេល ១
ថ្ងៃ ១ យប់ នៅទីខ្ទមអ្នកតានោះតែម្ដង ។
ក្រៅពីតង្វាយដូចបានរៀបរាប់ខាងលើនោះ នៅមានលេងភ្លេងដូរ្យតន្ត្រី
ច្រៀងរាំ និងមានអុំទូកប្រណាំងថ្វាយអ្នកតានោះផង
រៀងរាល់ឆ្នាំខានមិនបានជាដាច់ខាត បើខានមិនបានសុខទេ ។
អ្នកតានោះសព្វថ្ងៃ
គេរើទីកន្លែងលើកទៅធ្វើខ្ទមឥដ្ឋប្រក់ក្បឿងនៅប្របវត្តវ៉ឺនស័យ ។
ចិន-យួនដែលស្រុកវ៉ឺនស័យទាំងប៉ុន្មាន ជឿជាក់ចំពោះអ្នកតានេះណាស់
តែងនាំគ្នាយកតង្វាយទៅថ្វាយជាប្រក្រតី ។ ប្រវត្តិអ្នកតា តាមដំណឹងថា
នៅនគរឈ្មោះកោស៊ី ស្ដេចមួយព្រះអង្គគ្រងរាជសម្បត្តិ
ព្រះនាមព្រះបាទចាក់គីមហាហង្ស ។ សម័យថ្ងៃមួយ នៅក្នុងខែមាឃ
ស្ដេចអង្គនោះឯងទ្រង់ភ្នកព្រះរាជហឫទ័យចង់ស្ដេចទៅប្រពាតព្រៃ ក៏ចាត់ពួកកងសេនាមាត្យចំនួន
៨ រូប ឲ្យហែហមអមស្ដេចទៅ នាំយកទាំងមាន់ធ្នាក់ ៤ ទៅជាមួយផង
ដើម្បីនឹងក្រសាលទាក់មាន់ព្រៃ ។ លុះបានដល់ព្រៃហើយ
វេលាដែលស្ដេចកំពុងប្រពាតព្រៃនោះ ក៏ត្រូវវង្វេងព្រៃ
ស្ដេចក៏ទ្រង់សុបិនឃើញស្រីក្រមុំម្នាក់ មានរូបល្អល្អះឆើតឆាយយ៉ាងក្រៃលែង
ឡើងមកពីមហាបាតាលនៃមហាសាគរ
ទ្រង់មានព្រះរាជហឫទ័យប្រតិព័ទ្ធស្ត្រីនោះក្រៃពេក
ក៏មានព្រះបន្ទូលឲ្យអាមាត្យមុជទឹកចុះទៅតាមមើល ។
លុះមុជតាមទៅបានដល់នគរនាង ឃើញនគរធំសម្បើមណាស់ ហើយល្អចម្លែកអស្ចារ្យ គឺនគរស្ដេចកុម្ភណ្ឌ
។ ព្រះអង្គមានបុត្រដល់ទៅ ៣ អង្គគឺ ឈ្មោះ គម្ភីរ ១ នាងតែងអន ១ និងកឡ៉ាកាន់
១ ។ ឃើញរូបនាងនឹងនគរស្ដេចជាឪពុកជាក់លាក់ហើយ
អាមាត្យជាបម្រើត្រឡប់មកទូលស្ដេចវិញតាមដំណើរ ។ លុះអរុណោទ័យឡើងកាលណា
ទ្រង់ក៏រកឃើញផ្លូវវិលមកកាន់នគរវិញ
រួចទើបចាត់ចែងរៀបចំព័ស្តុភារបណ្ណាការ
ទៅស្ដីដណ្ដឹងនាងតែងអនមកធ្វើជាអគ្គមហេសីបានដូចសេចក្ដីប្រាថ្នា ។
ឯស្ដេចកុម្ភណ្ឌនោះ ជាតិជាក្រពើ មានកូនប្រុស ២ នាក់ក៏ជាក្រពើ
លើកលែងតែកូនស្រី គឹនាងតែងអនមួយខុសពីគេ កើតមកជាមនុស្ស ។
ក្រោយដែលនាងតែងអន
បានមកធ្វើជាអគ្គមហេសីស្ដេចចាក់គីមហាហង្សហើយ ស្រាប់តែមានឈ្មោះនាងវ៉ៃកា
នៅនគរជាមួយស្ដេចនោះ នាំកូនក្រមុំរបស់ខ្លួន ៥ នាក់
មកថ្វាយស្ដេចចាក់គីមហាហង្ស ធ្វើជាអគ្គមហេសីបន្តបន្ទាប់មកទៀត ។
លុះនាងតែងអនមានគភ៌គ្រប់ខែកាលណា
ក៏ប្រសូតិព្រះរាជបុត្រនៅក្នុងចំណោមអគ្គមហេសីចុងទាំង ៥ រូប នាងទាំង ៥
នោះមានសេចក្ដីបារម្ភ ខ្លាចក្រែងបុត្រនាងតែងអន
មានព្រេងសំណាងជាងកូនខ្លួន ក៏តាំងនាំគ្នារួមគំនិតក្បត់ រកឧបាយកល
យកកូននាងតែងអនទៅកប់ចោល យកកូនក្រពើមកដាក់ជំនួសឲ្យនាងវិញ
ហើយនាំគ្នាទៅទូលស្ដេចជាស្វាមីថា:
នាងតែងអនជាស្រីចង្រៃកើតកូនមកជាសត្វក្រពើ ហើយប្ដឹងទូលបង្ខុសថា
ដោយហេតុតែនាងតែងអន ចូលចិត្តតែទៅលេងទឹក ទើបកើតកូនមកជាសត្វក្រពើ ។
ស្ដេចចាក់គីមហាហង្សទ្រង់សណ្ដាប់រឿងមិនពិតដូច្នេះ
ក៏ពុំបានពិចារណាសាកសួររកខុសត្រូវឡើយ
ទ្រង់ក៏ក្រេវក្រោធបង្គាប់ឲ្យយកនាងតែងអនទៅបំបរបង់ ។ ឯនាងតែងអន
កាលបើបានទទួលផលកម្មដូច្នេះហើយ
ក៏នឹកភ្នក់មាតាបិតានិងបងប្អូនរបស់នាង ហើយនាងនឹកសង្ឃឹមថា
បើនាងបានទៅដល់នគរកាលណា នាងនឹងសុំឲ្យបងដែលជាសត្វក្រពើឈ្មោះគម្ភីរ
មកជួយដោះទុក្ខធុរៈនាង ។ លុះបានទៅដល់នគរ
នាងរៀបរាប់ទូលព្រះបិតានិងបងតាមដំណើរ
ពេលនោះចៅគម្ភីរជាបងក៏ឆ្លើយតបវិញថា: វេលានេះ បងនឹងជួយដោះទុក្ខធុរៈប្អូនមិនទាន់បានទេ
ព្រោះយើងមិនទាន់ចេះវិជ្ជាការអ្វីសោះ
ក៏បបួលនាងតែងអនទៅរករៀនមន្តវិជ្ជាការ ។ គម្ភីរឲ្យប្អូនស្រីជិះលើខ្នង
ហើយហែលធ្វើដំណើរទៅ ដោយធ្វើដំណើរឆ្ងាយពេក
ការហត់នឿយខ្លាំងក៏បណ្ដាលឲ្យស្លាប់ទាំងពីរនាក់បងប្អូននោះទៅ ។
ពេលនោះក៏ក្ដៅទៅដល់ព្រះឥន្ទ្រៗ រមិលមើលមកឃើញដូច្នេះ
ចាត់ឲ្យព្រះវិស្សកម្មទេវបុត្ត មកប្រោះបងប្អូនទាំងពីរនាក់រស់ឡើងវិញ
ទើបនិម្មិតជាសាលាមួយឲ្យនៅរក្សាសីលក្នុងទីនោះ ។ តមកមានយក្សមួយឈ្មោះ
ហាត់ចាក់ នៅនគរ ណានថាត់ផាន មកលេងព្រៃ ប្រទះឃើញនាងតែងអន មានរូបល្អស្អាត
ក៏ចាប់យកនាងទៅធ្វើជាភីលៀងកូនស្រីរបស់វា ដែលរើសបានពីក្នុងផ្កា ។
និយាយពីបុត្រនាងតែងអន
ដែលអគ្គមហេសីចុងទាំង ៥ នាក់ យកទៅកប់ចោលក្នុងដីនោះ
បណ្ដាលឲ្យក្ដៅដល់ទេវតាមួយអង្គឈ្មោះនាងទេពជាលីឡា
ទេវតានោះក៏ចុះមកកកាយដី យកទារកនោះទៅចិញ្ចឹមបីបាច់ថែរក្សា
ឲ្យបរិភោគសុទ្ធសឹងអាហារទិព្វ ។ នាងទេពជាលីឡា បានហៅខ្មោចមួយ
ដែលនៅអាស្រ័យក្នុងភូមិស្រុកនោះ ឈ្មោះ "មាតតាគិត" ឲ្យមកនៅជាមួយ
ជួយបីបាច់រក្សាកុមារនោះដូចភីលៀង ។ លុះកុមារចំរើនអាយុធំឡើង
មានវិស្សកម្មទេវបុត្តមកនិយាយប្រាប់កុមារថា:
"ព្រះមាតារបស់កុមារឯងគឺ ព្រះនាងតែងអនឯណោះទេ
សព្វថ្ងៃនាងត្រូវយក្សចាប់យកទៅរក្សាទុក នៅឯនគរណានថាត់ផានឯណោះ
ដូច្នេះគប្បីកុមារទៅយកមាតាឲ្យឆាប់" ។
បានដំណឹងដូច្នោះ កុមារក៏នាំខ្មោចជាភីលៀងរបស់ខ្លួននោះ
ទៅតាមរកព្រះមាតា បានច្បាំងនឹងយក្សដណ្ដើមយកនាងតែងអនវិលទៅនគរវិញ ។
លុះបានដល់នគរហើយ បានសេចក្ដីសុខសប្បាយ
កុមារក៏ប្រាប់ប្រាមបណ្ដារាស្ត្រទាំងអស់
ឲ្យគោរពរាប់អានខ្មោចដែលជាភីលៀងរបស់ខ្លួនឈ្មោះ "មាតគិត" ផង
ព្រោះមាតគិតនេះ បានជួយដោះទុក្ខធុរៈខ្លួន ។ ចាប់តាំងពីពេលនោះមក
បណ្ដារាស្ត្រក៏ទទួលស្គាល់ "មាតគិត" នេះថា
ជាអ្នកសេចក្ដីសុខឲ្យខ្លួន ក៏នាំគ្នាគោរពបូជា ថែរក្សាផ្ដល់ម្ហូបចំណី:
គោ ក្របី ជ្រូក មាន់ ទា ស្រា បាយ ឲ្យបរិភោគជាប្រក្រតី ។ ខ្មោចមាតគិតនោះហើយ
ដែលអ្នកស្រុកសម្គាល់ថា ជាអ្នកតារក្សាស្រុក រហូតមកដល់សព្វថ្ងៃនេះ
ហៅថាអ្នកតាមហេសក្ខ ។
រឿងព្រេង អ្នកតាមហេសក្ខ ឬ អ្នកតាមាតគិត
Reviewed by VannyDa
on
3:21 PM
Rating: