រឿងព្រេង អ្នកតាមេស នៅស្រុកបាភ្នំ
នៅខាងកើតភ្នំបាភ្នំ (ភ្នំខ្សាច់ស)
ចម្ងាយប្រមាណជា ១.៥០០ម. ខាងអាគ្នេយ៍នៃសាលាស្រុកបាភ្នំសព្វថ្ងៃនេះ
ប្រហែលជា ៥០០ម. មានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃ កម្ពស់ប្រមាណជា ១០ម.
។ នៅលើកំពូលភ្នំនោះនិងនៅជាចន្លោះនៃថ្មភ្នំធំៗ
ដែលបន្តុបលើគ្នាច្រូងច្រាង គេឃើញមានរោងមួយ ធ្វើដោយស៊ីម៉ងត៍យ៉ាងស្អាត
ទំហំប្រហែល ២ម. បួនជ្រុង បែរមុខឆ្ពោះទៅទីវាលខាងកើត
ដែលមានផ្លូវបូកស៊ីម៉ងត៍ថែមជាជណ្ដើរបត់បែនឡើងទៅ ។ ក្នុងរោងនោះ
ផ្នែកពាក់កណ្ដាលខាងក្រោយ គេធ្វើជាថ្នាក់ខ្ពស់ឡើងប្រហែលកន្លះម៉ែត្រ
ផ្ទាប់ទៅនឹងថ្មភ្នំដែលលយចូលមកក្នុងរោង ហើយមានគំនូររូបសត្វផ្សេងៗ
ធំខ្លះ នៅល្អខ្លះ បាក់បែកនៅតែខ្លួនហើយបូកស៊ីម៉ងត៍ធ្វើជាក្បាល ដៃ ជើង
ថែមឡើងខ្លះ ដាក់តម្រៀបគ្នាជាជួរ៣ សង្កាត់ ។ មានជើង ១សម្រាប់ដោតធូប
មានរូបដំរីពីរធ្វើដោយថ្មពណ៌សពព្រូស
នៅសងខាងមានផើងដែលពួកចិនយកទៅថ្វាយ ខាងក្រោយបន្ទាប់ពីមោះមក
ជាទីធ្លាក្រាលឥដ្ឋពណ៌ ទូលាយល្មមមនុស្សពីរនាក់
ចូលទៅអង្គុយបន់ស្រន់បានដោយស្រួល ។
ឯរោងនិងគ្រឿងសក្ការជារបៀបចិនទាំងអស់
ព្រោះចិនជាអ្នកតាក់តែងធ្វើរោងឡើងជាខាងក្រោយ ។
ពីដើមអ្នកតានេះធ្លាប់មានអាស្រមរួចមកហើយ តែដល់បាក់បែកអស់ទៅ
ទើបពួកចិនសាងជាថ្មីជំនួសឡើង ។
ក្នុងចំណោមរូបទាំង ៣សង្កាត់នោះ
ត្រង់សង្កាត់កណ្ដាល មានរូបមួយនៅចំកណ្ដាលគេ ជារូបឈរ មានកម្ពស់ប្រហែល ៦០
សង់ទីម៉ែត្រ រូបនោះមានភាពជាស្ត្រីភេទ សក់ក្បាលទំនងជាបួងញាត់ឡើងលើ
ពាក់ក្បាំង មុខរាងមូល ថ្ពាល់ពេញ ដោះក្បំស្រួច មានដៃបួន
ដៃខាងស្ដាំបត់មកខាងមុខ ទ្ររបស់អ្វីមួយរាងចតុកោណកែង ផតកណ្ដាលបន្តិច
ដៃខាងឆ្វេងបត់ឡើងលើ ទន្ទឹមនឹងស្មាកាន់កងចក្រ ដៃមួយទៀតសំយុងចុះក្រោម
ចាប់កន្ទុយខ្លា ឬ រាជសីហ ជើងឈរជាន់លើសត្វនោះផ្អៀងមកខាងស្ដាំបន្តិច
មានអាការដូចជាប្រឹងលើកសត្វនោះ ដោយមានទឹកមុខបែបអំនួត2 ។
តាម្នាក់ឈ្មោះដោក ថាន់ អាយុ ៧០ឆ្នាំ នៅភូមិរោងដំរី
ប្របនឹងជើងភ្នំខាងជើង ដែលនាំដើរមើលបានប្រាប់យើងថា
"នេះហើយជារូបអ្នកតាមេស"
ដែលជាធំលើសលែងជាងអ្នកតាទាំងប៉ុន្មានក្នុងស្រុកបាភ្នំ
និងជាទីគោរពកោតក្រែងរបស់អ្នកស្រុក
តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ ។ ឯរូបក្រៅពីនេះ
ជាអ្នកតាបន្ទាប់បន្សំ បើរាប់រូបទាំងអស់ ទាំងអ្នកតាមេសផង ឃើញ ១៥រូប ។
នៅខាងមុខអ្នកតាមេសនេះប្រហែល ៥ម. មានអ្នកតាពីរទៀត
នៅអមផ្លូវដែលចុះមកពីមេស ហៅថា អ្នកតាទ្វារ
ខ្លះហៅថាអ្នកតាឆ្វេង-ស្ដាំ ។ ខាងមុខអ្នកតានេះ ប្រហែលជា ១០ម.
ជាកន្លែងកាប់ក្របីថ្វាយអ្នកតា ចម្ងាយពីទីនេះទៅខាងកើតប្រមាណ ១០០ម.
ជាកន្លែងកាប់មនុស្សថ្វាយអ្នកតាជាន់មុន តែសព្វថ្ងៃនេះ
ត្រង់ទីនោះជាវាលស្រែទៅហើយ ។ អំពីពិធីឡើងអ្នកតាមេស :
កាលពីដើម មិនជាជាពីត្រឹមណាមកទេ
ព្រោះគ្មាននរណាចាំបាន តែគេដំណាលថា គេតែងកាប់មនុស្សថ្វាយអ្នកតាមេសនេះរាល់ឆ្នាំរៀងមក
សូម្បីមកដល់សម័យក្រឡាហោម ង៉ាង ធម្មាតេជោ ហែន ធម្មាតេជោតី
ដែលបានជាអភិបាលខែត្របាភ្នំមកហើយ ក៏នៅមានគេដឹងឮប្រាកដថា
មានសម្លាប់មនុស្សថ្វាយនៅឡើយ ។
លោកតាដោក ថាន់បាននិយាយថា ប្រហែល
៦០ឆ្នាំមុន3 ក្នុងសម័យលោកឧកញ៉ាតេជោ (តី) ធ្វើជាអភិបាលខែត្រនោះ
គាត់បានទៅមើលគេសម្លាប់មនុស្សថ្វាយអ្នកតា ២ដង (គឺ ២ឆ្នាំ) ។
កំណត់កាប់មនុស្សឬសត្វ ថ្វាយអ្នកតានោះ
គេធ្វើតែនៅថ្ងៃសៅរ៍ក្នុងខែជេស្ឋ ខ្នើតក៏បានរនោចក៏បាន ។
តាមពាក្យលោកដោក ថាន់ អភិបាលស្រុកកំពង់ត្របែកថា
គេធ្វើតែនៅថ្ងៃពុធខាងខ្នើតខែជេស្ឋ តែលោកតាអ៊ិន វ៉ា អាយុ ៧៣ឆ្នាំ
ជាអាចារ្យវត្តប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកថា
គេធ្វើតែក្នុងថ្ងៃអង្គារ ឬ សៅរ៍ ខាងខ្នើតខែពិសាខឬជេស្ឋ ។ កាលពីដើម
ច្រើនតែធ្វើបុណ្យឡើងអ្នកតាយ៉ាងឧឡារិក ៣-៥ ថ្ងៃ ឬ ៧ ថ្ងៃ
ព្រមទាំងមានការប្រជុំអស់ទាំងចៅសង្កាត់
គ្រប់សង្កាត់ដែលជាចំណុះខែត្របាភ្នំជំនាន់ដើមផង ។
គេធ្វើរោងបុណ្យនៅទីវត្តវិហារធំ នៅនាទិសពាយ័ព្យនៃអ្នកតាមេស
ចម្ងាយប្រហែលជា ១គម. ។ មាននិមន្តព្រះសង្ឃសូត្រនិមន្តនៅទីនោះ ព្រឹកឡើង
និមន្តលោកទៅដារនៅទីអ្នកតាមេសខ្លះ
នៅទីអ្នកតាក្រហមកនៅខាងជើងភ្នំខ្លះ
ដារថ្វាយអ្នកតាសព្វឋាននៅត្រង់ចង្កេះភ្នំធំខាងលិចខ្លះ
នៅទីអ្នកតាទួលឈ្នាងនៅលើភ្នំទួលឈ្នាងខាងត្បូង រាល់ថ្ងៃ ទាល់តែដល់ថ្ងៃសៅរ៍ដែលត្រូវបុណ្យឡើងអ្នកតា
។ អំពីរឿងមនុស្សដែលត្រូវគេសម្លាប់ថ្វាយអ្នកតានោះ
គឺគេយកតែមនុស្សណាដែលមានទោសធ្ងន់ ត្រូវប្រហារជីវិតបង់ ។
មុននឹងសម្លាប់គេហៅមនុស្សនោះ មកនិយាយប្រាប់ឲ្យដឹងខ្លួនជាមុន
ហើយគេបើកឲ្យមនុស្សនោះស៊ីផឹកយ៉ាងឆ្ងាញ់តាមចំណង់ នាំទៅឲ្យមើលល្បែង
មើលបុណ្យ ហាក់ដូចជាមនុស្សធម្មតា ។
លុះដល់ថ្ងៃសម្លាប់
គេរៀបចំដាក់ឃ្នាងមនុស្សនោះ ហើយដង្ហែចេញទៅពីទីប្រជុំបុណ្យ
ដោយក្បួនហែយ៉ាងអ៊ឹកធឹក មានទាហានកាន់សស្ត្រាវុធ ឬ កាំភ្លើងមុខក្រោយ
ព្រមដោយអ្នកស្រុករាប់ពាន់នាក់ ហែទៅកាន់ទីអ្នកតាព្រះស្រុក (មេស្រុក)
នៅខាងកើតវត្តវិហារធំ ចម្ងាយប្រហែល ៥០០ម. ។
គេគំនាប់អ្នកតានោះដោយអុជផាវ បាញ់កាំភ្លើង រួចហើយ
ទើបគេគេហែមនុស្សទោសសំដៅទៅអ្នកតាមេស
ដែលស្ថិតនៅខាងត្បូងអ្នកតាព្រះស្រុកនេះប្រហែល ៨០០ម. ។ ដល់ហើយ
គេក៏រៀបចំបួងសួងបន់ស្រន់ សូមឲ្យអ្នកតាមេសជួយឲ្យស្រុកបានសុខសប្បាយ
ជួយអភិបាលស្រុក នាម៉ឺនសព្វមុខមន្ត្រីនិងបណ្ដារាស្ត្រ
ព្រមទាំងសូមឲ្យទឹកភ្លៀងធ្លាក់ចំតាមរដូវកាល ។ល។
រួចហើយ គេទើបគេស្រែកភូមា (យក្សអឺ!) ៣ដង
ទើបអ្នកសម្លាប់ដែលមានងារជាមនោ (អ៊ិន)
ដែលកាន់ដាវរាំរែកដើរក្រឡឹងជុំវិញមនុស្សទោស យារដាវកាប់តែ
១ខ្វាប់ដាច់កតែម្ដង ហើយគេសម្គាល់មើល បើឈាមបាញ់ទៅលើ ទៅខាងស្មើគ្នា
ថាទឹកភ្លៀងនឹងធ្លាក់ស្មើគ្រប់ស្រុក បើឈាមបាញ់ទៅតែខាងណា
ថាភ្លៀងនឹងធ្លាក់តែនៅស្រុកខាងនោះ ។ ក្នុងពេលដំណាលគ្នានេះ
មានបាញ់កាំភ្លើង អុជផាវ យ៉ាងគគ្រឹកគគ្រេងផង ។
ចំណែកខាងក្រុមដែលដង្ហែទៅអ្នកតាក្រហមក អ្នកតាសព្វស្ថាន
និងអ្នកតាទួលឈ្នាង ។ លុះឮសូរកាំភ្លើងខាងអ្នកតាមេសហើយ
ទើបបាញ់កាំភ្លើង អុជ ផាវគំនាប់អ្នកតាខាងខ្លួនជាលំដាប់បន្ទាប់ៗគ្នាទៅ
។ ឯមនុស្សដែលគេសម្លាប់រួចនោះ យកក្បាលទៅដោតថ្វាយអ្នកតាមេស
ព្រមទាំងអារយកសាច់ដោតជា ១០០ ច្រនួចថ្វាយផង ។ រួចហើយយកសាច់ ៥០
ច្រនួចទៀត បញ្ជូនទៅថ្វាយអ្នកតាក្រហម ៥០ច្រនួចសម្រាប់អ្នកតាសព្វស្ថាន
និង ៥០ ច្រនួចទៀតថ្វាយអ្នកតាទួលឈ្នាង ។
ក្នុងសម័យលោកធម្មាតេជោ តី នេះដែរ
ដែលតមកខាងក្រោយគេលែងសម្លាប់មនុស្ស ប្រែជាសម្លាប់ក្របីជំនួសវិញ
ប៉ុន្តែគេរើសរកតែក្របីឡើងកមានតម្លៃ ៥០ រៀលឡើងទៅ (តម្លៃជំនាន់នោះ) ។
ឯរបៀបរៀងរៀបចំធ្វើបុណ្យក៏នៅមានធ្វើដូចគ្នា
។ វេលាដែលគេសម្លាប់ក្របីនោះទៀត
ក៏គេសម្គាល់ឈាមដូចគ្នានឹងការសម្គាល់ឈាមមនុស្សដូចពោលខាងលើនោះដែរ
រួចហើយ គេអារសាច់ក្របីដោត ១០០ ច្រនួច ថ្វាយអ្នកតាមេស អារភ្លៅ ១ឲ្យសុភាឆ្វេង
យកទៅថ្វាយអ្នកតាក្រហមក អារភ្លៅ ១ ទៀត ឲ្យសុភាស្ដាំ
យកទៅថ្វាយអ្នកតាសព្វស្ថាន ។ ឯអ្នកតាទួលឈ្នាងមិនឮនិយាយថាដូចម្ដេចទេ
(ប្រហែលជាគេលែងឡើងយូរហើយ ដោយនៅឆ្ងាយពីគេពេក) ។ ប៉ុន្តែ
មានការប្លែកម៉្យាងចំពោះក្របីដែលគេសម្លាប់នោះ នៅពេលរៀបសម្លាប់
វាស្ទុះរត់ពីកន្លែងទៅ គេសម្គាល់ថា អ្នកតាមិនទទួល
ត្រូវរកទិញក្របីមួយថ្មីទៀត យកមកសម្លាប់ថ្វាយវិញ ។
ដល់មកសម័យលោកធម្មាតេជោ ប្លុង
គេឈប់សម្លាប់ក្របីទៅទៀត គេថ្វាយក្របីទាំងរស់ គិតពីនោះមកដល់ឥឡូវនេះ
(១៩៤៤) ប្រហែលម្ភៃឆ្នាំហើយ គេបែរជាសម្លាប់ជ្រូកជំនួសវិញ ។
លុះតមកក្រោយរហូតដល់សព្វថ្ងៃនេះ គេឈប់ទាំងសម្លាប់ជ្រូកទៅទៀត
គឺគេយកតែសាច់ជ្រូកដែលគេទិញ ចំនួន ១០០ ច្រនួច ទៅថ្វាយតែម្ដង ។
សម័យខាងក្រោយមក នៅពេលឡើងអ្នកតា តែងមានរូបស្នឹងចូលជាន់ផង ។
គេបញ្ជាន់រូប ឲ្យអ្នកតាមេសចូលសណ្ឋិត
រួចគេនាំគ្នាសួរពីសុខទុក្ខក្នុងស្រុកគ្រប់ប្រការ ។ល។
ប្រពន្ធលោកតាដោក ថាន់ ជារូបសម្នឹងដែលអ្នកតាមេសចូលជាន់
រូបនោះស៊ីអ្វីមិនបានទេ អ្នកតាតម្រូវឲ្យស៊ីតែបាយសាបជាធម្មតា ម៉្លោះហើយ
រូបស្នឹងនេះក៏រីងរៃទាល់តែស្លាប់ទៅ ។ ឯកិច្ចពិធីឡើងអ្នកតាមេស
គេនៅតែនាំគ្នាធ្វើរៀងរាល់ឆ្នាំ ប៉ុន្តែធ្វើដោយខ្សត់ខ្សោយណាស់
ធ្វើសោះតែខាន មិនជាអធិកអធមដូចកាលពីសម័យដែលនៅថ្កើងរុងរឿងនោះទេ ។
លុះអ្នកតាមេសរួចហើយ ទើបគេរៀបឡើងអ្នកតាដែលនៅសង្កាត់នានា ជាខាងក្រោយ
។ ចំណែកពួកនាម៉ឺនដែលមានបណ្ដាស័ក្ដិធំៗ មិនដែលហ៊ានទៅជិត ឬ
ដើរកាត់មុខអ្នកតាមេសឡើយ ដោយជឿថានឹងស្លាប់ខ្លួន ឬ ខូចបុណ្យសក្ដិ ។
ក្រៅអំពីអ្នកតាដែលពោលខាងលើនេះ
នៅមានអ្នកតាខ្លះទៀតដែលនៅជិតៗគ្នានោះគឺ: អ្នកតាទូងស្គរ
អ្នកតានាងត្រដាច អ្នកតាសម្ដើងកែវ អ្នកតាព្រះស្រែ អ្នកតាបុះលៀន4 អ្នកច្រកចំបក់
អ្នកតាសូនយក្ស ។ អ្នកតាទាំងអម្បាលនេះ មិនមានរូបទេ មានតែថ្ម ២-៣
ដុំជាសម្គាល់ ដែលឃើញមានរូបថ្មច្រើនតែចំពោះអ្នកតាមេសប៉ុណ្ណោះ ។
រឿងព្រេង អ្នកតាមេស នៅស្រុកបាភ្នំ
Reviewed by VannyDa
on
3:21 PM
Rating: