រឿង បុរស ៤ នាក់ឈ្លោះដណ្ដើមផ្លែស្វាយ ១ និងមាស
មាននិទានមួយថា : មានបុរស
៤ នាក់ទៅរករៀនសិល្បសាស្ត្រ ឯក្រុងតក្កសិលាមហានគរ ។
លុះរៀនសិល្បសាស្ត្រនោះចប់សព្វគ្រប់ ហើយក៏លាគ្រូ ដើរត្រលប់មកស្រុកវិញ
លុះមកដល់ពាក់កណ្ដាលផ្លូវ បុរសទាំង ៤ នោះ បានឃើញទឹកមួយកន្លែង
យល់ថាទឹកល្អ ពុំដឹងថាទឹកនោះមានពិស ។ បុរសទាំង ៤
យកទឹកនោះលប់លាងមុខមាត់ ក៏ខ្វាក់ភ្នែកអស់នឹងដើរទៅលំនៅអាត្មាឯងទីទៃ
ៗ ពុំបាន ។ បុរសម្នាក់និយាយថា “បើយើងងងឹតអស់ទាំង ៤ នាក់ហើយ
តើធ្វើម៉េចនឹងបានអាហារស៊ី ?”
។ បុរសម្នាក់ឆ្លើយថា“ កាលអញភ្លឺអញយល់ព្រះរាជឧទ្យានរបស់ស្ដេចមួយកន្លែង
មានស្វាយផ្លែ ” ។ បុរសម្នាក់ថា “បើចៅដឹងថា
ព្រះរាជឧទ្យាននៅទីណាជាប្រាកដ យើងត្រូវនាំគ្នាសំដៅទៅទីនោះ” ។
បុរសម្នាក់ឆ្លើយថា “បើចៅយល់ស្វាយនោះ អញក៏យល់ស្វាយនោះដែរ
ប៉ុន្តែស្វាយនោះមានផ្លែតែមែកមួយ ” ។ បុរសម្នាក់ឆ្លើយវឹងថា
“បើចៅយល់មែកស្វាយមានផ្លែពិតមែន ទុកងារឲ្យអញ ៗ
នឹងចោលឲ្យជ្រុះផ្លែស្វាយនោះ” ។ បុរសម្នាក់ឆ្លើយឡើងថា
“ឲ្យតែចៅចោលឲ្យជ្រុះមកចុះ អញនឹងទទួលផ្លែស្វាយនោះឲ្យបាន
កុំឲ្យជ្រុះដល់ដី ” ។ បុរសខ្វាក់ទាំង ៤ នោះលុះគិតចូលចិត្តព្រមគ្នាទៅវិញទៅហើយ
ក៏បណ្ដើរគ្នាទៅរកឃើញស្វាយក្នុងព្រះរាជឧទ្យានព្រះមហាក្សត្រនោះមែន
ទើបបុរសមួយចោលឡើងត្រូវផ្លែស្វាយនោះជ្រុះចុះមក, បុរសមួយទទួលចាប់បានផ្លែស្វាយនោះ
មិនឲ្យជ្រុះដល់ដីឡើយ ម្ល៉ោះហើយ ស្វាយក៏បែកទឹកខ្ចាយ ត្រូវបុរសទាំង ៤
នាក់នោះ ពិសក៏ជ្រះចេញអំពីភ្នែក ។ ភ្នែកបុរសទាំង ៤ នោះប្រែជាភ្លឺ
ដូចកាលដែលខ្លួននៅពីកំលោះឡើងវិញ ។ បុរសទាំង ៤ កាលបើបានភ្លឺភ្នែក
បានឃើញបានផ្លែស្វាយនោះហើយ ដណ្ដើមផ្លែស្វាយគ្នា ទើបនាំគ្នាទៅប្ដឹងចៅក្រមដោយដំណើរទីទៃ
ៗ ។ ចៅក្រមពិចារណាកាត់សេចក្ដីឲ្យបុរសទាំង ៤ នាក់នោះពុំបាន
ក៏នាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរសេចក្ដីនោះ ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាដោយព្រះប្រាជ្ញាឈ្វេងយល់ហើយ
ទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងដែលទទួល
ផ្លែស្វាយបាននោះត្រូវបានមួយចំហៀង, ឯព្រះស្ដែងទាំង ៣
នាក់នោះត្បិតពុំបានទទួលផ្លែស្វាយនោះ ត្រូវបានមួយចំហៀង ៣ នាក់
គឺបុរសដែលបានមួយចំហៀងម្នាក់ឯងនោះ
ពីព្រោះតែទទួលចាប់បានផ្លែស្វាយនោះឯង ” ។
បុរសទាំង ៤នាក់ចូលចិត្តហើយ
ក៏ព្រមព្រៀងគ្នាទទួលធ្វើតាមព្រះបន្ទូលព្រះមហាក្សត្រទ្រង់បង្គាប់
បានបរិភោគផ្លែស្វាយស្រេចហើយក្រាបថ្វាយបង្គំលាព្រះមហាក្សត្រចេញទៅ ។
លុះបុរសទាំង ៤ នាក់នោះ នាំគ្នាដើរទៅ
បុរសម្នាក់បានឃើញកំណប់មាស ទើបនាំគ្នាជីកកំណប់នោះ ទាំង ៤ នាក់
ជីកជិតបានក៏ប្រកែកគ្នាថា “ អញព្រួយជីកលើសចៅទាំង ៣ ” ។ បុរសម្នាក់ថា
“អញក៏ព្រួយជីកដែរ ” ។ បុរសម្នាក់និយាយទៅកាន់ចៅនោះថា
“អញក៏ព្រួយជីកដូចគ្នា” ។ បុរសដែលបានឃើញកំណប់ថា “
បើនិយាយពីព្រួយអញព្រួយលើសអ្នកទាំងអស់ ត្បិតអញបានឃើញកំណប់មុន
ហើយអញព្រួយជួយជីកមាស មាសនេះទៀតផង ដូច្នេះគួរអញបានលើសគេ” ។ បុរសទាំង
៤ នាក់ជជែកគ្នាមិនដាច់ស្រេចសោះ
ទើបនាំគ្នាទៅប្ដឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ។
ចៅក្រមមិនអាចចែកឲ្យបុរសទាំង ៤ នាក់នោះយល់ព្រមគ្នាបានឡើយ
ក៏នាំបុរសទាំង ៤ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរ ។
ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ ដោយដំណើរសេចក្ដី បុរសទាំង ៤ នោះហើយ
ទ្រង់ឲ្យចែកមាសជា ៥ ភាគ ឲ្យទៅបុរសដែលបានឃើញកំណប់នោះ ៣ ភាគ
ត្បិតអ្នកនោះស្លូតត្រង់ពុំលាក់នឹងគ្នា, ២ ភាគទៀតទ្រង់ឲ្យចែកទៅបុរសទាំង
៣ នាក់ស្មើគ្នា ។ បុរសទាំង ៤ នោះព្រមទទួលយកចំណែកមាសនោះ
ដូចព្រះបន្ទូលព្រះមហាក្សត្រទ្រង់ព្រះបញ្ជាហើយក្រាបថ្វាយបង្គំលាទៅលំនៅទីទៃហោង
។
រឿង បុរស ៤ នាក់ឈ្លោះដណ្ដើមផ្លែស្វាយ ១ និងមាស
Reviewed by VannyDa
on
12:58 PM
Rating: