រឿង មាយាស្រី
កាលពីព្រេងនាយ មានបុរសម្នាក់
មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន លុះយូរទៅ ប្រពន្ធនោះមានសហាយ
នាំមកដេកក្នុងផ្ទះតែសព្វថ្ងៃ ។
ថ្ងៃមួយ ប្ដីទៅជីកដំឡូងក្នុងព្រៃ
ដល់ថ្ងៃក្ដៅចូលទៅអាស្រ័យនៅខ្ទមអ្នកតា ១ ។ ប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះ
ឲ្យទៅធ្វើប្ដីឲ្យស្លាប់នឹងយកសហាយធ្វើប្ដី, រៀបស្រេចហើយ
ក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះ ។
ប្ដីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតា ក៏នឹកឆ្ងល់ថាប្រពន្ធអញ
វាមករកអ្វីក្នុងខ្ទមអ្នកតានេះ ? គិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតា
លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធ ក៏ចូលទៅអុជទៀនធូប
ហើយបន់អ្នកតាថា «ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត
សូមអ្នកតាកាច់ប្ដីខ្ញុំឲ្យស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូកមួយ» ។
ប្ដីឮដូច្នោះ ក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតា
«អើ បើនាងមានសហាយហើយបើចង់ឲ្យកាច់ប្ដីនាងឯងឲ្យស្លាប់នោះ
ងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសំបុក
ស្ងោរឲ្យប្ដីនាងឯងស៊ីទៅ វាស្លាប់ហើយ» ។
មេនោះឮដូច្នោះ ស្មានថាអ្នកតាបង្គាប់
ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសំបុក
ស្ងោរទុកឲ្យប្ដីស៊ី ដើម្បីនឹងឲ្យស្លាប់ ហើយនឹងបានយកសហាយ ។
លុះដល់ព្រលប់ ប្ដីមកពីជីកដំឡូង
ដល់ផ្ទះហើយ សូរថា «គេហ៍អើយ !
បានអីស៊ីបាយ ?» ។មេនោះឆ្លើយថា «ខ្ញុំបានមេនិងពងមាន់ក្រាបមួយសំបុកស្ងោរទុកឲ្យអ្នក» ។
ប្ដីថា «រៀបបាយមកស៊ី»
។
ប្រពន្ធក៏លើកបាយ ព្រមទាំងមេ
និងពងមាន់ក្រាប មកឲ្យប្ដីស៊ី ។ ប្ដីស៊ីអស់ហើយធ្វើជាឈឺ ដេកថ្ងូរហ៊ឹ ៗ
។ មេនោះ អរណាស់គិតស្មានថា ប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយ
ត្បិតឮថ្ងូរ ។ ឯប្ដីក៏ធ្វើជាដេកទៅ ។ មេនោះគិតស្មានថាប្ដីស្លាប់
ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយ ។
អ្នកទាំងពីរកំពុងតែនិយាយគ្នា
ប្ដីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថា «រងាណាស់» ។
ឯប្រុសសហាយឃើញប្ដីមេនោះ
ក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ ក៏ចូលទៅពួនក្នុងពាងធំ ១
នៅខាងដំណេក សម្ងំចាំប្ដីនោះដេក ខ្លួននឹងចេញពីពាងទៅដេកនឹងមេនោះទៀត
។
ប្ដីបានឃើញ តែធ្វើមិនឃើញមិនដឹង
ប្រាប់ប្រពន្ធថា «រងាណាស់ ឯងដាំទឹកឲ្យគ្នាងូតបន្តិច នឹងអាលស្លាប់» ។ មេនោះ
ឮថាចង់ស្លាប់ដូច្នោះ អរណាស់ ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតា ។
លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាក់បាន
១ ក្អមមកយកមកលាយនឹងទឹកក្ដៅនេះ» ។ ប្រពន្ធឮប្ដីប្រើដូច្នោះ
ក៏យកក្អមចេញទៅដងទឹក ។ ប្ដីឃើញប្រពន្ធចេញទៅបាត់
ក៏ក្រោកឡើងដើរទៅលើកទឹកពុះ ១ ខ្ទះ នោះយកទៅស្រោចលើសហាយ
ដែលនៅក្នុងពាងនោះស្លាប់ទៅ ហើយចូលទៅដេកវិញ ធ្វើជាថ្ងូរហ៊ឹ ៗទៀត ។
មេនោះវិលពីដងទឹកមកវិញ
មើលទៅឃើញសហាយត្រូវទឹកក្ដៅរួញសរសៃដូចគេដកចេញពីពាងមក ក៏ឱនខ្សឹបថា «ថ្វីក៏មិនឱនទៅវាមិនទាន់ទេ» ។
អានោះឆ្ងក់ដដែល ។ មេនោះយកដៃទៅចាប់ជ្រមុជទៅ ត្រូវស្លឹកត្រចៀក
រលេះជ្រុះទាំងសក់ មើលបានដឹងជាប្ដីស្រោចទឹកក្ដៅស្លាប់សហាយទៅហើយ
ក៏ពុំស្ដី យកគម្របពាងមកគ្រប ហើយយកទឹកឲ្យប្ដីងូត ។ ឯប្ដីក៏មិនស្ដី
ទឹកក៏មិនងូត ប្រាប់ប្រពន្ធថា អញគ្រាន់បើហើយ ។
ហើយហៅប្រពន្ធចូលទៅដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះ
ពុំដឹងបើគិតដូចម្ដេច និងយកខ្មោចឲ្យរួចចេញផុតពីផ្ទះ ក៏នឹកឃើញថា «ក្នុងស្រុកនេះ
មានចោរ ៤ នាក់ តែងតែលបលួចអីវ៉ាន់អ្នកផងសព្វថ្ងៃ សព្វយប់គ្រប់ភូមិ, ដូច្នេះអញនឹងគិតឲ្យចោរទាំង
៤ នាក់នោះ យកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបាន» គិតហើយក៏ដើរខ្ចី
សំពត់ ហូល អាវព្រែគេ យកមកហាលជុំវិញផ្ទះ ។ ឯចោរទាំង ៤នាក់នោះឃើញហើយគិតគ្នាថា
«ជើ! មេនោះមានណាស់តើ! យប់នេះ យើងទៅលបលួចវាឲ្យបានកុំខាន, សព្វថ្ងៃយើងស្មានថាវាក្រ»
មេនោះក៏ហាលសំពត់ហូលអាវព្រែនោះ
លុះដល់ពេលល្ងាចយកទៅជូនគេវិញ
ហើយយកខ្សែចងរឹតរូតពាងខ្មោចនោះឲ្យជាប់ ទុកឲ្យចោរចូលលួចមកសែងយកទៅ
។
ឯចោរទាំង ៤ នាក់
លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញ
ប្រទះឃើញតែពាងមួយ ចងមាត់ជាប់ បើកពុំរួច ។ ចោរទាំង ៤ នាក់ និយាយគ្នាថា «របស់អស់នោះវាដាក់ក្នុងពាងនេះហើយ, បើដូច្នេះត្រូវយើងសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅ
ដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល ។
អាមួយលូកដៃទៅ ត្រូវសក់ថា «វើយ សូត្រ» ដកដៃចេញ
។ អាមួយលូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វើយខ្មោចទេ
។ អាមួយ មិនជឿ លូកដៃទៀត ត្រូវដើមទ្រូង ដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោលហើយខឹងណាស់ថា
ត្បិតមេនោះ បញ្ឆោតឲ្យសែងខ្មោចចោលបាន ។ ចោរទាំង ៤ នាក់គិតគ្នាថា «យើងឃ្លាំមើលមេនោះ
បើឃើញវាដើរទៅណាតែម្នាក់ឯង ត្រូវគ្នាយើងចោមរោម ចាប់វាវាយ ឲ្យវារាង
កុំឲ្យវាបញ្ឆោតយើងទៀត ។
ជួនជាថ្ងៃមួយ
មេនោះចុះទៅកំពង់រកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ
។ មេនោះ ដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង ៤ នាក់នោះ
ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។
មេនោះ ឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំ ក៏ឥតប្រយោជន៍ដែរ
ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ, ដូច្នេះចូរមក ! អញ្ជើញទៅនឹងខ្ញុំៗ
ទារប្រាក់បាន ចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់ឮថាវាទៅទារប្រាក់ដូច្នោះ
ក៏ចូលចិត្តបបួលគ្នាទៅ មេនោះផ្ដាំចោរទាំង ៤ នាក់ថា «អស់អ្នកឈរចាំខ្ញុំ
នៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះ អ្នកនាំគ្នាចុះទៅចុះ
បានប្រាក់ហើយ» ។
មេនោះ និយាយផ្ដាំចោរទាំង ៤ នាក់
ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅ លក់ចោរទាំង ៤ នាក់, វាថាចោរនេះជាខ្ញុំរបស់វា
ហើយចង្អុលបង្ហាញនាយសំពៅថា «នុះន៍ !
វាទាំង ៤ នាក់ បើវាចុះមក ខ្ញុំឡើងទៅលើគោក
សូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅ កុំឲ្យវារត់បាន» ។
នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងឯងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? ។
មេនោះថា «ម្នាក់ថ្លៃពីរណែន»
។ នាយសំពៅឲ្យមួយណែនកន្លះ វាក៏ព្រមលក់
ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤ នាក់ ។ ចោរទាំង ៤ នាក់គិតស្មានថា
វាហៅឲ្យទៅយកប្រាក់ ក៏នាំគ្នាចុះទៅ, ដល់ហើយ
ស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់ នៅបាតសំពៅទាំងអស់គ្នា ។
មេនោះក៏យកប្រាក់ឡើងមកបាត់ ។ បានប្រាក់ហើយ មេនោះ ដើរវិលមកផ្ទះវិញ
ដល់កណ្ដាលផ្លូវចួនជាយប់ពុំហ៊ានដើរទៅទៀត ក៏ឡើងទៅដេក
លើដើមឈើមួយនៅប្របផ្លូវនោះ ។
ឯចោរទាំង ៤ នាក់
លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយ ក៏និយាយគ្នាថា ជើមេនេះហៅពេញជាប្រាជ្ញាធំ
វាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយ ឥឡូវវាលក់យើងបានទៀត» ។
ចោរទាំង ៤ នាក់ខឹងណាស់ កាច់ច្រវាក់បាក់រត់ចេញពីសំពៅ ដើរឡើងមកលើគោក
រត់មកទាំងយប់នោះ ជួនជាយប់យូរណាស់ ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំ
ដែលមេនោះដេក ។ ចោរបីនាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នា ។
ចោរម្នាក់ឡើងទៅក៏ជួបនាងនោះ នៅលើចុងឈើ, អាចោរនោះថា «អី ! ហងឯងស្លាប់ហើយម្ដងនេះ ! ហងឯងធ្លាប់បញ្ឆោតយើង
ឥឡូវហងឯងរត់ចុះបើរួច !»
។ មេនោះលើកប្រាក់បង្ហាញ ហើយឱនខ្សឹបថា «ណ្ហើយអ្នក ! អ្នកកុំស្ដីកុំឲ្យអ្នកទាំងបីនាក់ទៀតដឹង, ហើយយើងត្រូវយកគ្នាជាប្ដីប្រពន្ធ
នឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអ្វី » ។
អាចោរឮដូច្នោះ ក៏មិនស្ដីខិតចូលទៅជិត
លូកឱបកៀកមេនោះហើយថា អើប្អូនឯងហៅប្រាជ្ញាធំ បញ្ឆោតខ្ញុំពីរបីដងហើយ
ឥឡូវបងបាននាងជាប្រពន្ធ ដោយសារព្រេងសំណាងយើង
និយាយហើយក៏ឱបតាមចិត្តមេត្រី ។ មេនោះពុំបម្រះហើយថា «ខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះ, ឯខ្ញុំស្រឡាញ់អ្នកស្មោះ
ចិត្តមួយហើយ» ។ អាចោរនោះថា «បងស្រឡាញ់ស្មោះហើយ នាងពុំដឹងចិត្តបង ចង់ឲ្យបងស្បថ
ឬឲ្យបងធ្វើម្ដេច ?»
។ មេនោះថា «បងស្រឡាញ់ចិត្តមួយនឹងគ្នា
មានតែលិទ្ធអណ្ដាតគ្នា»
ទើបមេនោះលៀនអណ្ដាត ហើយឱនទៅរកអាចោរនោះ ។
ឯអាចោរលិទ្ធអណ្ដាតមេនោះ ហើយលៀនអណ្ដាតឲ្យមេនោះលិទ្ធវិញ, មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់
ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដី ស្រែកឮតែឡុលៗ ។
ឯចោរបីនាក់ គិតស្មានថា នាយសំពៅចោមចាប់
ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ឺយ ! គ្នាយើងរត់នាយសំពៅដេញហើយ» ។
អាចោរដែលដាច់អណ្ដាតនោះ ស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើ ត្រូវមកចាប់» ប៉ុន្តែវាដាច់អណ្ដាតដូច្នោះ
និយាយមិនច្បាស់ ឮតែឡុលៗ ,
គ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួន
។
ឯមេនោះចុះពីលើចុងឈើ
យកប្រាក់ទៅផ្ទះឲ្យប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយតទៅ ។
អ្នកមានប្រាជ្ញា
តែងនាំអាត្មាឲ្យសុខចម្រើន
រឿង មាយាស្រី
Reviewed by Admin
on
4:45 PM
Rating: