រឿង ពាក្យសុភាសិត តម្លៃ ៣០ តម្លឹង
កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី
បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់ ៣០តម្លឹង
លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា
មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ
គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ
ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា «អ្នកឯងទៅណា ដើរមកតែម្នាក់ឯង
ស្វះស្វែងរកអ្វី ? »
។ បុរសនោះឆ្លើយថា «ឱ ! តាអើយ ! ខ្ញុំមកនេះ
ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក
ក្រែងតាចេះដឹង ប្រដៅចៅផង»។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ ៣០ តម្លឹង
បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច
មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ » ។
បុរសនោះថា «តាសូត្រឲ្យខ្ញុំស្ដាប់មើល ! បើខ្ញុំចូលចិត្ត ខ្ញុំយក» តានោះសូត្រឲ្យស្ដាប់ថា <«ពឹសដៃផ្ទៃឆ្អែត, ដេកយប់កុំនិយាយនឹងស្រី, ឃ្លានកុំអាលស៊ី » ។
បុរសនោះស្ដាប់បាន ចូលចិត្ត ក៏ប្រគល់ប្រាក់ ៣០ តម្លឹងឲ្យតានោះ
ហើយទន្ទេញរបៀនទាំងបីបទនោះ ចាំស្ទាត់រត់មាត់ ។ ឯតាចាស់ប្រាប់ថា «បើចៅកាន់របៀនទាំងបីបទនេះបាន
តាឲ្យទទេ មិនយកតម្លៃទេ »
។ ហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញ ។
បុរសនោះក៏លាតាចាស់នោះ វិលមកស្រុកវិញ ។
មាត់បុរសនោះចេះតែទន្ទេញរបៀនបីបទនោះ ចប់តែតាមផ្លូវមក ពុំមានភ្លេច ។
លុះដើរឆ្ងាយបន្តិចមក ជួបនឹងសំពៅឈ្មួញមួយ បុរសនោះ
ក៏សុំសំពៅគេដោយសារមកស្រុក,
ដង្ខៅសំពៅក៏ព្រមឲ្យដោយសារ ។
បុរសនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណា ក៏ចេះតែទន្ទេញរបៀនបីបទនោះ
ហើយចេះតែជួយលាង ជួយថែទាំ ជួយជួសជុលសំពៅដូចជារបស់ខ្លួន ។
នាយសំពៅនឹកក្នុងចិត្តថា «អ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមក
គាត់ចេះតែធ្វើការដូចជារបស់គាត់ នឹកហើយ ក៏ស្រឡាញ់បុរសនោះ
ឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមក ។ ឯបុរសនោះពុំខ្ជិលសោះ
ចេះតែខំធ្វើការក្នុងសំពៅ ដូចជាកូនឈ្នួលឯទៀតៗ ។
នាយសំពៅនឹកតែក្នុងចិត្តថា «បើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅ» ។
លុះបើកសំពៅមកដល់កណ្ដាលស្រុកមួយ បានឃើញវិហារមួយគេរៀបអណ្ដាប់ពោរពាស
សុទ្ធតែចំណី ស្រា បាយ ទុកឲ្យយក្សវាមកស៊ី ។
ឯអ្នកសំពៅ កាលដល់វិហារនោះ ក៏ចតសំពៅ
ឡើងទៅលេងឃើញចំណីទាំងនោះ ពុំមានមនុស្ស
ក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នា
ខានតែបុរសម្នាក់នោះ មាត់គាត់ចេះតែទន្ទេញថា «រពឹសដៃផ្ទៃឆ្អែត
ដេកយប់កុំនិយាយនឹងស្រី ឃ្លានកុំអាលស៊ី» ដោយគិតថា «ចំណីអស់នេះមានហេតុអ្វីមួយហើយ
បានជាគេរៀបទុកនៅទីនេះ,
ឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខាន» គិតដូច្នោះហើយពុំហ៊ានស៊ី
ឡើងទៅពួនលើធ្នឹមវិហារ ដោយស្ងៀមស្ងាត់ចាំលបមើល ។
លុះដល់ថ្ងៃត្រង់ យក្សមកដល់
ហើយវាខឹងខ្លាំងណាស់ថា «នរណាហ៊ានមកស៊ីចំណីអស់នេះ» ។ យក្សថាហើយ
ក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះ ស្លាប់ទាំងអស់ទៅ ។
ឯដំបងក៏វិលមកខាងយក្សវិញ ហើយយក្សកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅ
រួចក្រឡេកមើលក្រឡេមក្រឡឺម ។ បុរសឃើញយក្សភ័យណាស់
មាត់ចេះតែទន្ទេញរបៀនបីបទ ហើយគិតថា «បើអញស្រែក ក្រែងយក្សឮវាឃើញអញ
ហើយវានឹងស៊ីអញទៀត»
គិតហើយក៏លោតចុះពីលើធ្នឹម ស្រែកវ៉ាសឡើង
យក្សភ័យណាស់ រត់ចោលដំបងទៅបាត់ទៅ ។ បុរសនោះ បានដំបងវាយឯងហើយ
ក៏ដើរត្រឡប់មកស្រុក ចោលសំពៅនៅកំពង់វិហារនោះឯង ។ លុះដើរមកដល់ផ្ទះ
ក្នុងវេលាយប់ បុរសនោះ យកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើ
ហើយឡើងទៅដេកលើផ្ទះ ។ ប្រពន្ធសួរ ប្រាប់ប្រពន្ធថា
ចាំព្រឹកសឹមនិយាយប្រាប់ ។
ក្រោយពេលដែលប្ដីទៅ ប្រពន្ធនៅផ្ទះ
វាមានសហាយ វេលាយប់ដែលប្ដីមកដល់ផ្ទះ សហាយនោះ វាមកស្ដាប់នៅក្រោមផ្ទះ
វាចង់ដឹងរឿងឆាប់ វាឲ្យមេស្រីសហាយវា សួរថា ដំណើរដូចម្ដេច
ក៏ចាំព្រឹកទើបនិយាយបាន ?
។ ប្រពន្ធចេះតែឱបអង្អែល ។
ទ្រាំពុំបានប្ដីក៏និយាយប្រាប់ថា : អញនិយាយនឹងឯងនេះខុសគ្រូហើយ
ត្បិតគ្រូផ្ដាំថា «ដេកយប់កុំនិយាយនឹងស្រី » ឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយ
។ ប្រពន្ធសួរថា «អ្នកទៅបានរបស់អ្វីមកខ្លះ» ។ ប្ដីថា «បានតែរបៀនបីបទហើយត្រឡប់មកវិញ
ដល់ពាក់កណ្ដាលផ្លូវ បានដំបងវាយឯងទៀត » ។ ប្រពន្ធសួរថា «ឯងនោះទុកនៅឯណា
ឥឡូវនេះ ? ខ្ញុំចង់ឃើញ »
។ ប្ដីថា « អញទុកក្រោមជណ្ដើរ យកថ្មគ្រប » ថាហើយក៏ដេកលក់ទៅ ។ សហាយ
លបស្ដាប់ឮហើយ ក៏ទៅក្រោមជណ្ដើរ រើសយកដំបងនោះទៅបាត់ទៅ ។
លុះព្រឹកព្រហាមស្រាងៗ ឡើងបុរសនោះ
រឭកពីដេក ចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថា «អញប្រាប់មិនជឿ
អញថា ខុសគ្រូហើយ ឯងចេះតែលួងអញ ទាល់តែអញប្រាប់ ឥឡូវនេះ មនុស្សឮ
វាលួចយកដំបងបាត់ហើយ »
។ ប្រពន្ធឮហើយដឹងថាសហាយលួច ក៏មិនស្ដី
ដណ្ដាំបាយឲ្យប្ដីស៊ីៗរួចហើយ
បុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះ នាំទៅប្ដឹងមេស្រុក
ឲ្យជំនុំជម្រះរកចោរឲ្យ ។ មេស្រុក ពុំដឹងបើជំនុំជម្រះដូចម្ដេច
ពីព្រោះថ្មមិនចេះស្ដី គេជេរថា «អាកំព្រើល ! តាំងពីដូនតាមក
នរណាដែលឃើញដំបងវាយឯង »
គេគំរាមហើយគេដេញចេញទៅ ។
បុរសនោះចេះតែអូសថ្មទៅប្ដឹង តាំងតែពីមេស្រុក ដល់ទៅលោកយមរាជ
អ្នករាជការគ្រប់ក្រសួង គេចេះតែដេញចេញ គេថា មនុស្សឆ្កួត គេមិនឲ្យចូល ។
បុរសនោះអូសថ្មទៅថ្វាយស្ដេចៗទ្រង់សួរសព្វគ្រប់ហើយ
ទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថា «មែនបានគេថា, មានប្រឡាយបានទឹកវាហូរ
មានសំរាមបានឆ្កែវាជុះ,
អស់នាម៉ឺនកុំថាវាឆ្កួតសេចក្ដីនេះមែនហើយបានជាវាហ៊ានថា
ស្ដេចមានបន្ទូលប្រាប់បុរសថា «ណ្ហើយ វិលទៅផ្ទះចុះ កាលណាអញប្រើឲ្យគេទៅហៅសឹមមក » ។
បុរសនោះទទួលថា «ព្រះករុណាថ្លៃវិសេស »
ហើយក្រាបថ្វាយបង្គំលាទៅវិញ ។
ក្រោយពេលបុរសនោះទៅ
ស្ដេចទ្រង់ព្រះរាជបញ្ជា ឲ្យប្រាប់បណ្ដារាស្ត្រថា
ត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំបីថ្ងៃបីយប់
ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានឃាត់ឃាំងឡើយ » ហើយទ្រង់ឲ្យរៀបលេងល្ខោន
។ កាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នា ។ ស្ដេចទ្រង់យាងចូលទៅ
ក្នុងព្រះរាជដំណាក់ ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេច
អស់រាស្ត្រនិងនាម៉ឺន ពុំដែលមាន ទ្រង់ប្រើអាមាត្យម្នាក់ យកទៅឲ្យបុរសនោះ
ហើយប្រាប់ថា «ស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯង និងប្រពន្ធអ្នកឯងលាប
ប៉ុន្តែឲ្យអ្នកឯងនៅផ្ទះ កុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយ» ។
អាមាត្យអ្នកយកទៅឲ្យប្រាប់សព្វគ្រប់ហើយ វិលទៅក្រាបបង្គំទូលស្ដេចវិញ ។
បុរសនោះបានប្រេង ក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថា «ព្រះករុណាជាអម្ចាស់ជីវិត
ទ្រង់ព្រះរាជទានប្រេងនេះមក ព្រោះទ្រង់អាណិតស្រឡាញ់យើង
ឲ្យយើងលាបទៅមើលល្ខោននឹងគេ តែឥឡូវនេះអញឈឺក្បាល ឯងយកទៅលាប
ហើយទៅមើលល្ខោននឹងគេចុះ ។ ឯប្រពន្ធឮប្ដីបើកឲ្យទៅ
ហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពន់ពេក ដោយពុំបានដឹងកលជាគេចាប់
ក៏យកប្រេងទៅឲ្យសហាយលាបផង ហើយបណ្ដើរគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នា
លុះបន្តិចទៅស្ដេចទ្រង់ធុំក្រអូបប្រេងនោះ ទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់
«ចូរអ្នកទៅហិតក្លិនអស់បណ្ដារាស្ត្រ ដែលមើលល្ខោនទាំងប៉ុន្មាន
បើធុំក្លិនប្រេងក្រអូបយ៉ាងនោះ ប៉ុន្មាននាក់ ចូរអ្នកនាំយកមកឲ្យអញជាឆាប់ »។
នាម៉ឺននោះ ក្រាបថ្វាយបង្គំហើយ
ទៅហិតមនុស្សឯទៀត មិនធុំសោះ ធុំតែប្រុសម្នាក់ ស្រីម្នាក់
ដែលឈរទន្ទឹមគ្នា លាបប្រេងក្រអូបទាំងពីរនាក់នោះ
ក៏នាំទាំងប្រុសទាំងស្រី យកទៅថ្វាយស្ដេចៗឲ្យលែងរាំទៅ
ហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រី មកដល់ហើយទ្រង់សួរថា « នេះជាប្រពន្ធចៅឯងមែនឬ ?» បុរសនោះក្រាបទូលថា
«មែន»។ ទ្រង់មានព្រះបន្ទូលសួរ ទៅប្រុសសហាយនោះថា
ឯងបានទៅលួចដំបងចៅនេះមែនឬ?»
។ សហាយនោះក្រាបបង្គំទូលថា «លួចមែន » ។
ទ្រង់ឲ្យទៅយកដំបងនោះមក ឲ្យយកសហាយទាំងប្រុសស្រីនោះ
ទៅដាក់ច្រវាក់ធ្វើទោស ។ បុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោស
ហើយក៏ប្រគល់ទាំងផ្ទះសម្បែង
ទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយ ។
ប្រុសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញ ។
ឯបុរសម្ចាស់ដំបង ថ្វាយដំបងទៅស្ដេច
ហើយក្រាបលាទៅទៀតស្ដេចឃាត់ក៏ពុំព្រម ទ្រង់មានព្រះបន្ទូលថា «ដំបងវាយឯងនេះថ្លៃណាស់
ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាស ប្រាក់ឲ្យបុរសនោះយកតាមចិត្ត ។
បុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អម្បាលនោះទៅ
ឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំង
ក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវ
ហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេច ដើរចេញទៅទៀត ។
ស្ដេចពុំមានព្រះបន្ទូលអ្វីទេ , តែអស់នាហ្មឺន
គេត្មះតិះដៀលបុរសនោះ ថាជាមនុស្សឆោត
ប្រាក់មាសមិនយកទៅយកឯកាំបិតច្រែះស៊ី ។ បុរសនោះ
ក៏ដើរចេញអំពីនគរនោះ បានទៅដល់នគរមួយដទៃទៀត ។ ជួនជាថ្ងៃនោះ
ស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថា «ព្រឹកស្អែក
ទ្រង់នឹងទៅក្រសាលព្រៃ ឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះ
ឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយ ឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះ
បើធ្វើពុំទាន់ នឹងយកទោសដល់ជីវិត »។
រីឯមហាសេដ្ឋីនោះធ្វើពុំទាន់ ហើយពុំធ្វើរទេះ បែរជាធ្វើមឈូសទៅវិញ ។
ថ្ងៃនោះ
ជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះ កំពុងតែធ្វើបុណ្យក៏សួរថា «ចុះលោកមានការអ្វី
បានជាធ្វើបុណ្យមានក្ដារមឈូសផងដូច្នោះ ?» ។ គេប្រាប់ថា «ស្ដេចឲ្យធ្វើរទេះមួយ
លាបលនយ៉ាងល្អ ឲ្យទាន់ព្រឹកនេះ ស្ដេចក្រសាលព្រៃ
បើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិត
ឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់
បានជាធ្វើមឈូសធ្វើបុណ្យវិញ»
។
បុរសនោះឆ្លើយថា «ក្រអីប៉ុណ្ណឹង
ឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យៗ ទាន់ព្រឹកនេះ» មហាសេដ្ឋីបានឮដូច្នោះអរណាស់
ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែត រួចប្រគល់ឈើឲ្យធ្វើរទេះ ។
បុរសនោះក៏ធ្វើតែនឹងកាំបិត ១ដែលយកពីក្រោមបាតឃ្លាំងមកនោះ
បានរួចស្រេចក្នុងយប់នោះ ហើយលាបលនយ៉ាងល្អ ព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចៗទ្រង់ទតឃើញ
ទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃ ។ ឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយ
ក៏នឹកក្នុងចិត្តថា
<<អ្នកនេះមានគុណធ្ងន់ណាស់
ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មាន មានតែកូនក្រមុំ ១ ល្មមឲ្យមានប្ដី
ដូច្នោះមានតែអញការឲ្យអ្នកនោះ» គិតហើយក៏ហៅមកការឲ្យទៅ ។
លុះការរួចហើយក្នុងយប់នោះ ពេលផ្សំដំណេក បុរសនោះ គិតល្បងចិត្តប្រពន្ធ
ហើយធ្វើជាផឹកស្រាស្រវឹងដេកទៅ
លុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់ ។
កូនសេដ្ឋីឃើញកម្អួតប្ដីប្រឡាក់ខ្លួនដូច្នោះ ក៏ស្រែកឡើងក្នុងយប់នោះថា «លោកឪពុករកប្ដីឲ្យខ្ញុំជាមនុស្សប្រមឹក
ក្អួតប្រឡាក់ខ្ញុំអស់ហើយ ខ្ញុំទ្រាំមិនបានទេ» ។
មហាសេដ្ឋីឮកូនស្រែកដូច្នោះ ក៏ឃាត់ថា «កូនដេកទៅ កុំនិយាយ
ត្បិតប្ដីកំពុងស្រវឹង ហើយគេមានគុណផង»ឃាត់ដូចម្ដេច
ក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថា «បើឲ្យទៅឆ្កែឆ្មាទ្រាំបាន
ឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេ» ។
លុះព្រឹកឡើង បុរសនោះរលឹកពីដេក
ក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញ ប្រាប់ថា «មិនព្រមយកទេ» ហើយថា
មិនបានពាល់ដៃជើងឡើយ ។ មហាសេដ្ឋីឃាត់សុំទោសឲ្យកូនយ៉ាងណា
ក៏បុរសនោះពុំព្រមនៅ ពុំព្រមយក ហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀត ។
លុះស្ដេចយាងមកពីព្រៃ
ទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់
ទ្រង់ឲ្យអស់នាហ្មឺនចាត់សំបុត្ររកគ្រប់ខេត្ត ក៏ពុំឃើញហើយទ្រង់ស្ងៀមទៅ
។
បុរសនោះ លាសេដ្ឋីដើរទៅឆ្ងាយ
ក៏បានទៅដល់នគរមួយដទៃទៀត ។ ស្ដេចនគរនោះ
ទ្រង់ឲ្យនាហ្មឺនម្នាក់ៗទៅដេកវេន ចាំយាមនៅចុងព្រះរាជរោងរាល់យប់ ។ ស្ដេចទ្រង់ចេញកាប់តែរាល់យប់
ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើន ។
នៅថ្ងៃដែលបុរសនោះ
ទៅដល់ជួនត្រូវលើវេនចៅហ៊្វា ទៅដេកថ្វាយស្ដេចកាប់ចៅហ៊្វានោះ
ក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះ ។ បុរសនោះទៅដល់សួរគេថា «លោកមានការអ្វីបានជាធ្វើបុណ្យទាន
ហើយហេតុដូចម្ដេច ក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះ» ។
គេប្រាប់ថាលោក លោកត្រូវទៅដេកវេន ថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះ
បានជាលោកធ្វើបុណ្យមុនស្លាប់»
។ បុរសនោះថា «ឲ្យតែបាយខ្ញុំស៊ីចុះ ខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួស» ។
គេឮដូច្នោះ ក៏ទៅជម្រាបចៅហ៊្វាឲ្យហៅបុរសនោះទៅ
ហើយឲ្យរៀបបាយទឹកឲ្យស៊ី ។ រួចហើយសួរថា «បើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំ
ខ្ញុំនឹងធ្វើបុណ្យឲ្យអ្នក»
។ បុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់
យកមកពាក់
រួចហើយក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់ ។
លុះទៅដល់ចុងព្រះរាជរោង បុរសនោះពុំដេកឡើយចាំមើលស្ដេច
ពេលយប់ជ្រៅស្ងាត់ ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័ន
យាងចូលមកនិងកាប់បុរសនោះ ឃើញស្ដេចយាងចូលមកជិត
ក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់
ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពីរបីដង ។ ហើយសួរថា «នរណាចូលមកទាំងយប់នោះ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ ? ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះ» ថាហើយ
ក៏ចាក់បង្ខុសទៀត ។ ស្ដេចទ្រង់មានព្រះបន្ទូលថា «ទេអញទេ» ។ «នរណាអញទេៗ ! អញជាស្ដេច» ។ «ស្ដេចអីមកពេលនេះ, អញមិនដឹងទេ ! ត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះ» ។
សួរដេញដោលដូច្នោះហើយ
បុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោស ។ ស្ដេចត្រាស់សួរថា «ចៅនៅឯណា!»។
បុរសនោះថា «ខ្ញុំនៅផ្ទះចៅហ៊្វា»
។ ស្ដេចទ្រង់ជ្រាប ទ្រង់ញញឹមហើយទ្រង់ចូលទៅវិញ ។
លុះព្រឹកឡើង បុរសនោះ
លីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហ៊្វា ។ អ្នកផងឃើញហើយឆ្ងល់ថា «បុរសនោះទៅដេកវេនថ្វាយស្ដេចកាប់
ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញ» ។ ចៅហ៊្វាសួរ
បុរសនោះក៏ជម្រាបតាមដំណើរសព្វគ្រប់ហើយជម្រាបថែមថា «ស្ដេចសព្វថ្ងៃនេះមិនមែនជាកាចទេ
ត្បិតទ្រង់ពិសោធរកមនុស្សប្រាជ្ញចេះដឹងក្នុងនគរ
ដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាម
តែអ្នកដែលទៅយាមចេះតែដេកលក់ ទើបស្ដេចទ្រង់កាប់
ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះ តើនឹងជាយ៉ាងណាទៅ?» ។
បុរសនោះនិយាយរឿងប្រាប់សព្វគ្រប់ ទើបភ្ញាក់ខ្លួនគ្រប់គ្នា ។
ចៅហ៊្វានោះ
មានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះ ដោយគិតថា
បុរសនេះមានគុណធ្ងន់ណាស់ ។ លុះព្រឹកឡើង
ស្ដេចទ្រង់ឲ្យហៅបុរសនោះមក ទ្រង់ឲ្យធ្វើជានាហ្មឺនធំរក្សាព្រះនគរ
បន្ទាប់ពីព្រះអង្គ ។
វេលាស្ដេចទ្រង់ព្រះជរាទៅ
ទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជ្យស្នង មានតែព្រះរាជធីតាមួយអង្គ
ក៏ទ្រង់ព្រះរាជទានព្រះរាជធីតា
និងរាជសម្បត្តិឲ្យបុរសនោះសោយរាជ្យជាស្ដេចតទៅ ។
ពាក្យពិតមិនចេះស្លាប់
រឿង ពាក្យសុភាសិត តម្លៃ ៣០ តម្លឹង
Reviewed by Admin
on
4:43 PM
Rating: