រឿង បុរសម្នាក់ទៅជួញ ភ្លើងឆេះទំនិញក្នុងសំពៅ
មាននិទានមួយថា :
មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន
ចុះសំពៅទៅជួញ មានកូនក្មួយសុំដោយសារសំពៅទៅជួញជាមួយជាច្រើននាក់ ។
ឯម្ចាស់សំពៅនោះចិញ្ចឹមឆ្មា ១ ទុកជាមង្គលក្នុងសំពៅ ហើយឲ្យកូនក្មួយ ៤
នាក់រក្សាជើងឆ្មាទាំង ៤ មួយៗ ម្នាក់ ។ ឆ្មានោះកើតដំបៅនៅជើងម្ខាង ។
ចៅអ្នករក្សាជើងឆ្មាដំបៅនោះយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មា ៗ
នោះនៅមិនស្ងៀមសោះដើរជាន់ដើរទៅជាន់លើភ្លើង ឆេះសំពត់ក្ដៅដល់ជើង
ឆ្មានោះនាំភ្លើងរត់ទៅក្នុងសំពៅឆេះអស់ទ្រព្យនឹងទំនិញទាំងពួងនៅក្នុងសំពៅនោះឥតសល់តិចឡើយ
។ ម្ចាស់សំពៅប្រាប់ចៅទាំង ៤ នាក់ដែលរក្សាជើងឆ្មានោះឲ្យសងទ្រព្យទាំងអស់
។ ចៅរក្សាជើងឆ្មា ៣ ដែលគ្មានដំបៅឆ្លើយថា “ខ្ញុំពុំបានឲ្យឆេះទ្រព្យទេ
ចៅដែលរក្សាជើងឆ្មាដំបៅយកសំពត់ជ្រលក់ប្រេងរុំជើងឆ្មា
ហើយឆ្មានោះដើរទៅលើភ្លើង បានជាឆេះអស់ទំនិញទាំងនោះ ដូច្នេះ ត្រូវឲ្យតែចៅរក្សាជើងឆ្មាដំបៅនោះសងម្នាក់ឯងចុះ”
។ ឯចៅរក្សាជើងឆ្មាដំបៅឆ្លើយថា “ យើងរក្សាជើងឆ្មាមួយម្នាក់ដូចគ្នា
មកពីយើងធ្វេសប្រហែសទាំងអស់គ្នា
បានជាឆ្មានាំភ្លើងទៅឲ្យឆេះអស់ទ្រព្យក្នុងសំពៅ
ហេតុនេះឲ្យអញសងតែម្នាក់ឯងដូចម្ដេចបាន ” ។ ចៅទាំង ៤
នាក់បន្ទោសគ្នាទៅវិញទៅមកប្រកែកមិនព្រមរកទ្រព្យសងម្ចាស់សំពៅឡើយ
ទើបនាំគ្នាទៅប្ដឹងចៅក្រមតាមដំណើររាល់ខ្លួន ។
ចៅក្រមកាត់សេចក្ដីនោះពុំបាន ក៏នាំបុរសទាំង ៤ នាក់ទៅគាល់ព្រះមហាក្សត្រ
ក្រាបបង្គំទូលតាមដំណើរដែលចៅទាំង ៣ នាក់និងចៅម្នាក់ផ្សេងពីគេ ។
ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ហើយ ទ្រង់មានព្រះបន្ទូលកាត់សេចក្ដីថា
“ព្រះស្ដែងរក្សាជើងឆ្មាដំបៅយកសំពត់ជ្រលក់ប្រេងរុំជើងដំបៅ
ជើងដំបៅមិនអាចដើរទៅដល់ភ្លើងបានឡើយ, ឯព្រះស្ដែងទាំង ៣ នាក់រក្សាជើងឆ្មាទាំង ៣
ដែលគ្មានដំបៅនោះធ្វេសប្រហែស បានជាជើងទាំង ៣
នាំជើងដំបៅមួយទៅជាន់ភ្លើងឆេះសំពត់ជ្រលក់ប្រេង គឺជើងជាទាំង ៣
នោះនាំភ្លើងរត់ទៅឲ្យឆេះអស់ទ្រព្យផងទាំងនោះ, ឯជើងដំបៅ ១
នឹងរត់នាំភ្លើងទៅឲ្យឆេះអស់ទ្រព្យទាំងនោះ យល់ជាពុំបានឡើយ
ប៉ុន្តែវាធ្វើខុសដែរ
ត្បិតយកសំពត់ជ្រលក់ប្រេងមករុំជើងឆ្មាហើយមិនចាំរក្សា
ឃើញថាធ្វេសប្រហែសដូចគ្នាទាំង ៤ នាក់ ”
ទើបទ្រង់ឲ្យបែងចែកទ្រព្យដែលភ្លើងឆេះទាំងអស់ នោះជាភាគ ៣
ឲ្យទៅរក្សាជើងឆ្មាដំបៅសងភាគ ១ ឲ្យចៅទាំង ៣
នាក់ដែលរក្សាជើងឆ្មាឥតដំបៅនោះសងភាគ ២ ” ។ ព្រះមហាក្សត្រកាត់ក្ដីយ៉ាងនេះ ហៅសុគតិគមនំហោង
។
រឿង បុរសម្នាក់ទៅជួញ ភ្លើងឆេះទំនិញក្នុងសំពៅ
Reviewed by VannyDa
on
12:58 PM
Rating: