រឿង តាបសលួចមាស
មាននិទានមួយថា : មានអាស្រមបទមួយនៅទីមួយ
មានតាបស ៤ រូប គង់ចម្រើនមេត្តាភាវនាក្នុងអាស្រមបទនោះ
សុទ្ធតែយកខ្នងចូលក្នុងបែរមុខចេញក្រៅដូចគ្នា គ្រប់ទិសទាំង ៤ ។
ថ្ងៃមួយ មានព្រាហ្មណ៍ម្នាក់ យកមាស ១ ម៉ឺនតម្លឹងទៅសុំផ្ញើនឹងតាបសទាំង ៤
ៗ ឲ្យព្រាហ្មណ៍យកមាសទៅទុកកណ្ដាលអាស្រម រួចព្រាហ្មណ៍នោះដើរចេញទៅ ។
ឯតាបសទាំង ៤រូប ដែលប្រែក្រោយឲ្យគ្នាចម្រើនមេត្តាភាវនានោះ
លុះយូរបន្តិចទៅ តាបស ១ រូបចូលទៅលួច យកមាសនោះចេញមិនឲ្យតាបសទាំង ៣
រូបដឹង ។ ខាងក្រោយមក ព្រាហ្មណ៍ម្ចាស់មាសចូលទៅរកតាបសទាំង ៤
សុំយកមាសវិញ ។ តាបសឲ្យព្រាហ្មណ៍ចូលទៅយកមាសត្រង់កន្លែងដែលទុកនោះ
ស្រាប់តែបាត់មាស ពុំឃើញ ទើបព្រាហ្មណ៍នាំតាបសទាំង ៤
រូបទៅប្ដឹងចៅក្រមតាមដំណើរ ។ ចៅក្រមកាត់សេចក្ដីនេះមិនដាច់ស្រេច ក៏នាំព្រាហ្មណ៍និងតាបសទាំង
៤ រូបនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមរឿងគ្រប់ប្រការ
ហើយព្រាហ្មណ៍ក្រាបបង្គំទូលថា “សូមព្រះរាជទាន ខ្ញុំព្រះបាទអម្ចាស់យកមាស
១ ម៉ឺនតម្លឹងទៅផ្ញើនឹងតាបសទាំង ៤ ដែលចម្រើនភាវនានៅអាស្រមបទមួយនោះ
តាបសទាំង ៤ នោះទទួលបញ្ញើខ្ញុំព្រះបាទអម្ចាស់
ហើយឲ្យយកមាសទៅទុកនៅកណ្ដាលអាស្រម ហើយខ្ញុំព្រះបាទអម្ចាស់ដើរចេញទៅ ” ។
លុះយូរបន្តិចទៅខ្ញុំព្រះបាទអម្ចាស់វិលមកសុំយកមាសអំពីតាបសវិញ
ពុំឃើញមាសនោះឡើយ ទើបខ្ញុំព្រះបាទអម្ចាស់ឲ្យតាបសរកមាសឲ្យ
តាបសរកមាសពុំឃើញ បានជាខ្ញុំអម្ចាស់នាំតាបសទាំង ៤
មកក្រាបបង្គំទូលព្រះបាទអម្ចាស់
សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណារកមាសឲ្យខ្ញុំព្រះបាទអម្ចាស់
ត្បិតព្រះធរណីព្រះអង្គលួចមាសខ្ញុំព្រះបាទអម្ចាស់បាត់ ” ។
ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅតាបសទាំង
៤ ថា “ ហៃព្រះស្ដែងមហាឫសី ទាំង ៤ អើយ ! ដំណើរសេចក្ដីព្រះស្ដែងនោះដូចម្ដេច? ” ។
តាបសទាំង ៤ ក្រាបបង្គំទូលព្រះមហាក្សត្រថា
ព្រាហ្មណ៍យកមាសទៅផ្ញើនឹងអាត្មាទាំង ៤ ទុកនៅកណ្ដាលអាស្រមនោះ
ដូចព្រាហ្មណ៍ក្រាបទូលមែន ប៉ុន្តែអាត្មាភាពអង្គុយស្មិងស្មាធិ៍បែរមុខ
ចេញផ្សេង ៗ ពីគ្នា ពុំដឹងនរណាចូលទៅលួចមាសនោះឡើយ សេចក្ដីទាំងនេះ
សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង ” ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា
ជាមួយនឹងនាម៉ឺនមុខមន្ត្រី នូវសេចក្ដីវិនិច្ឆ័យ រកមាសនោះពុំឃើញ
ព្រះអង្គថប់ចង្អៀតក្នុងព្រះរាជ ហឫទ័យមមៃពុំភ្លេចឡើយ ។
កាលនោះមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមវិចិត្រសារី
មានប្រាជ្ញាឈ្លាសវៃ យល់ធម៌អាថ៌គ្រប់ប្រការ ព្រះនាងទូលព្រះវរបិតាថា “
សេចក្ដីនេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យឡើយ
ខ្ញុំម្ចាស់វិនិច្ឆ័យរកមាសថ្វាយបានដូចព្រះចិន្ដា
ទើបព្រះនាងឲ្យហៅតាបសទាំង ៤នោះមក ហើយព្រះនាងនាំនិទានឲ្យតាបសទាំង ៤
ស្ដាប់ថា “កាលពីព្រេងនាយ មានស្រីក្រមុំម្នាក់ ទៅរៀនសិល្បសាស្ត្រ
មន្តអាគមនឹងតាបស ១ រូប លុះរៀនបានចេះស្រេចហើយ កាលដែលនាងលាគ្រូទៅផ្ទះម្ដាយវិញនោះ
នាងនិយាយនឹងតាបសជាគ្រូថា “ ខ្ញុំឥតអ្វីនឹងតបស្នងគុណលោកជាគ្រូឡើយ
ខ្ញុំសូមមត់ប្ដេជ្ញានឹងលោកគ្រូថា បើម្ដាយខ្ញុំឲ្យខ្ញុំមានប្ដីកាលណា
ខ្ញុំនឹងលាប្ដីខ្ញុំមកឲ្យលោកគ្រូមកប្រតិព័ទ្ធនឹងខ្ញុំ
ហើយទើបខ្ញុំវិលទៅកាន់ប្ដីខ្ញុំវិញ ” ។ នាងមត់ដូច្នេះហើយ
នាងលាគ្រូមកនៅនឹងម្ដាយ លុះម្ដាយឲ្យនាងមានប្ដី
នាងទៅនៅនឹងប្ដីពុំបានរួមសុខទុក្ខឡើយ នាងប្រាប់ប្ដីនាង
ដោយនូវដំណើរពាក្យដែលនាងបានប្ដេជ្ញានឹងតាបសនោះហើយ នាងលាប្ដីនឹងទៅកាន់តាបសនោះ
ឯប្ដីសោតពុំឃាត់ខាំងឡើយ បើកឲ្យនាងទៅ
ទើបនាងស្លៀកពាក់តែងគ្រឿងប្រដាប់ស្អាងអាត្មា ហើយលីលាទៅ
ជួនជាជួបនឹងខ្លាទោល ១ ប្រុងខាំនាងជាអាហារ ទើបនាងប្រាប់ដោយដំណើរ
ដែលនាងលាប្ដីទៅរកតាបសជាគ្រូនោះ ហើយនាងថា
“បើអញមកអំពីតាបសជាគ្រូអញហើយ អញនឹងមកឲ្យព្រះស្ដែងស៊ីអញហោង”
នាងថាដូច្នោះ ខ្លាពុំហ៊ានស៊ីនាងឡើយ បើកឲ្យនាងទៅ ។
នាងដើរអំពីនេះទៅបានប្រទះនឹងចោរ, ចោរប៉ុនប៉ងនឹងយកគ្រឿងប្រដាប់អំពីនាង
នាងប្រាប់អំពីដំណើរដែលនាងនិយាយនឹងខ្លានោះ ហើយនាងថា “
បើអញមកអំពីតាបសជាគ្រូខ្ញុំហើយ
ខ្ញុំនឹងដោះគ្រឿងប្រដាប់អំពីខ្ញុំឲ្យអ្នកហោង” ។
នាងថាដូច្នោះចោរពុំហ៊ានយកគ្រឿងប្រដាប់អំពីនាងនោះឡើយបើកឲ្យនាងទៅ
លុះនាងទៅដល់តាបសជាគ្រូហើយ នាងថ្លែងរំលឹកអស់ពាក្យ សត្យមត់ប្ដេជ្ញានឹងតាបសនោះ
។ តាបសប្រាប់នាងថា “ ហៃនាងអើយ !
អញអរណាស់,
ឯពាក្យសត្យដែលនាងមត់ប្ដេជ្ញានឹងអញនោះទៀងប្រាកដមែន
តែអញពុំមានចិត្តប្រតិព័ទ្ធនឹងនាងឡើយ ត្បិតនាងមានប្ដីហើយ
រីកាមេសុមិច្ឆាចារអញពុំប្រាថ្នាទេ ចូរនាងទៅកាន់ប្ដីនាងវិញចុះ ” ។
ទើបនាងក្រាបលាតាបសវិលមក ដើរតាមផ្លូវដដែលមិនប្រទះចោរនឹងខ្លានោះឡើយ
នាងមកដល់ប្ដីនាងដោយស្រួល ។ នាងវិចិត្រសារី និទានប្រស្នាទាំង ៤ ចំពូកនេះ
ឲ្យតាបសស្ដាប់ហើយ ទើបនាងដណ្ដឹងទៅតាបសទាំង ៤ ថា “ខ្ញុំនិទានប្រស្នាទាំង
៤ នោះដូច្នេះ តើលោកយល់ថាចិត្តអ្នកឯណាប្រសើរ ? ” ។ តាបសមួយឆ្លើយថា
“អាចក្ដីយល់ថា ចិត្តប្ដីដែលបើកឲ្យប្រពន្ធទៅនោះឯងប្រសើរលើស” ។
តាបសមួយឆ្លើយថា “អាចក្ដីយល់ថាចិត្តខ្លា
ដែលមានអំណត់ស៊ូតែអត់អាហារពុំខាំនាងនោះឯងប្រសើរលើស” ។ តាបសមួយឆ្លើយថា
“ឯអាចក្ដីយល់ថា ចោរដែលមានចិត្តលោភ
យល់គ្រឿងពស្ត្រាភរណៈរបស់ដែលគួរនឹងយក
ហើយប្រែខ្វែងជាមានអំណត់អត់ពុំយកឡើយ នោះឯងប្រសើរលើស” ។
តាបសមួយឆ្លើយថា “ កាលនាងទៅដល់តាបសជាគ្រូហើយ
តាបសនោះគួរតែត្រេកអរសាទរទទួលនាងដូចពាក្យសត្យមត់ប្ដេជ្ញានោះ
តែតាបសនោះមានអំណត់អត់ពុំទទួលយក បើកនាងឲ្យទៅកាន់ប្ដីវិញ ” ។
ព្រះនាងវិចិត្រសារី
ទ្រង់ព្រះសណ្ដាប់តាបសទាំង ៤ នោះហើយក៏កត់សម្គាល់ថា
តាបសសរសើរចិត្តប្ដីនោះ ជាអ្នកមានចិត្តច្រើនប្រច័ណ្ឌ, តាបសដែលសរសើរចិត្តខ្លា
ជាអ្នកមានចិត្តច្រើនប្រមាថអាយុសត្វពុំគិតខ្លាចបាប, តាបសដែលសរសើរចិត្តចោរនោះ
ជាអ្នកមានចិត្តលោភចង់យកទ្រព្យរបស់គេ ហើយព្រះនាងយល់ច្បាស់ថា
តាបសនោះឯងលួចមាសព្រាហ្មណ៍,
ឯតាបសមួយសរសើរចិត្តតាបសជាគ្រូនោះ ជាអ្នកមានចិត្តចង់លួចប្រពន្ធគេ
។ ព្រះនាងយល់ដូច្នេះហើយមានព្រះបន្ទូលថា “ បពិត្រតាបសទាំង ៤ អើយ ! បើនរណាមានទ្រព្យរបស់មាសប្រាក់រតនៈច្រើនចូរឲ្យមកខ្ញុំចុះ
ខ្ញុំនឹងដោយជាប្រពន្ធអ្នកនោះ” ។ ឯតាបសមួយដែលស្រលាញ់ចិត្តចោរនោះ
គិតស្មានថានឹងបានព្រះនាងជាប្រពន្ធ
ក៏ទៅមាសមួយម៉ឺនតម្លឹងដែលព្រាហ្មណ៍ផ្ញើនោះមកថ្វាយព្រះនាង ៗ ថា
“តាបសនោះឯង លួចមាសព្រាហ្មណ៍មែនពិតហោង” ។ ព្រះនាងក៏យកមាសនោះ
ទៅថ្វាយព្រះមហាក្សត្រ ជាព្រះវរបិតា
ទើបព្រះអង្គឲ្យហៅព្រាហ្មណ៍ជាម្ចាស់មាសនោះមក ព្រះអង្គឲ្យយកមាសទាំង ១
ម៉ឺនតម្លឹងនោះ ព្រះរាជទានទៅព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍នោះក្រាបថ្វាយបង្គំ
ទទួលយកតែមាស ៤ ពាន់តម្លឹង ហើយលាទៅលំនៅអាត្មាហោង ។
រឿង តាបសលួចមាស
Reviewed by VannyDa
on
12:59 PM
Rating: