រឿង សេដ្ឋី ៣ នាក់នៅទិសទាំង ៣
មាននិទានមួយដំណាលថា : នៅក្នុងស្រុកមួយមានសេដ្ឋី
៣ នាក់ ។ សេដ្ឋីមួយនៅទិសខាងកើត សេដ្ឋីមួយនៅកណ្ដាល
សេដ្ឋីមួយទៀតនៅទិសខាងលិច ។
សេដ្ឋីនៅកណ្ដាលមានកូនក្រមុំមួយរូបឆោមល្អល្អះ សេដ្ឋីនៅទិសខាងលិច
ចាត់ចែងបណ្ដាការឲ្យមនុស្សទៅដណ្ដឹងកូនក្រមុំសេដ្ឋីនោះ
ចួនជាថ្ងៃដែលទៅដណ្ដឹងនោះ សេដ្ឋីជាឪពុកមិននៅ ៗ តែម្ដាយៗ
ក៏ស្រុះស្រួលឲ្យកូនទៅសេដ្ឋីនៅទិសខាងលិច។
ក្រោយមកសេដ្ឋីនៅទិសខាងកើត ចាត់ចែងបណ្ដាការឲ្យមនុស្សទៅនិយាយដណ្ដឹង
កូនក្រមុំសេដ្ឋីនោះដែរ តែចួនជាថ្ងៃនោះនៅតែឪពុក ម្ដាយទៅកាន់ទីទៃ
ឪពុកក៏យល់ព្រមឲ្យកូន ទៅសេដ្ឋីនៅទិសខាងកើត ។ ប្រពន្ធមិនដឹងជាប្ដីលើកកូនក្រមុំឲ្យទៅសេដ្ឋីនៅទិសខាងកើតទេ
។ លុះដណ្ដឹងស្រេចហើយ ក៏កំណត់ថ្ងៃរៀបមង្គលការជាមួយគ្នា ហើយសេដ្ឋីទាំង
២ នាក់ ចាត់ឲ្យអ្នកផ្លូវចៅមហារៀបគ្រឿងបណ្ដាការ មានក្រយាសំពះសព្វគ្រប់
នាំទៅជូនឪពុកក្មេកម្ដាយក្មេក ស្រាប់តែទៅជួបប្រទះគ្នានៅផ្ទះឪពុកម្ដាយក្មេក
ហើយក៏ដណ្ដើមគ្នាមួយថា “ស្រីនេះជាប្រពន្ធអញ ម្ដាយលើកឲ្យអញ” ។
សេដ្ឋីមួយទៀតថា “ ស្រីនេះជាប្រពន្ធអញ ឪពុកអញលើកឲ្យអញ ” ។ សេដ្ឋីទាំង ២
នាក់ដណ្ដើមគ្នាដូច្នោះហើយ ក៏នាំគ្នាទៅប្ដឹងចៅក្រម សូមឲ្យកាត់សេចក្ដីនេះ
តើត្រូវបានទៅខាងណា?
។ ចៅក្រមអាកាត់សេចក្ដីនោះពុំបាន ទើបសេដ្ឋីទាំង ២
នាក់នាំគ្នាឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ
ព្រះអង្គមានព្រះបន្ទូលថា “នែសេដ្ឋី ! មានហេតុដំណើរអ្វីបានជាព្រះស្ដែងនាំគ្នាមកប្ដឹងយើង ?” ។
សេដ្ឋីនៅទិសខាងកើតក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់បានឲ្យគេ
ទៅដណ្ដឹងកូនក្រមុំសេដ្ឋីនេះដល់ម្ដាយឪពុក
តែពេលនោះពុំចួបនឹងម្ដាយឃើញតែឪពុក ៗ
ក៏ព្រមឲ្យកូនមកខ្ញុំព្រះបាទអម្ចាស់ដាច់ស្រឡះហើយ
ខ្ញុំព្រះបាទអម្ចាស់រៀបគ្រឿងបណ្ដាការក្រយាសំពះ នាំចូលទៅប្រទះគ្នា
នៅមុខផ្ទះម្ដាយឪពុកនោះ ទើបដណ្ដើមគ្នាកើតជាក្ដី
ហើយនាំគ្នាមកក្រាបបង្គំទូល សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ” ។
ព្រះអង្គទ្រង់ដណ្ដឹងទៅសេដ្ឋីមួយនៅទិសខាងលិច ៗ ក៏ក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ឲ្យគេទៅដណ្ដឹងកូនក្រមុំសេដ្ឋីនេះដល់ម្ដាយឪពុក
តែចួនជាពុំឃើញឪពុក ឃើញតែម្ដាយ ៗ
លើកកូនឲ្យខ្ញុំព្រះបាទអម្ចាស់ជាជ្រះស្រឡះហើយ
ទើបខ្ញុំព្រះបាទអម្ចាស់រៀបរណ្ដាប់ទៅធ្វើមង្គលការស្រាប់តែប្រទះគ្នានៅមុខផ្ទះម្ដាយឪពុក
ក៏ដណ្ដើមគ្នាកើតជាក្ដីឡើងនាំគ្នាមកក្រាបបង្គំទូល
សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ” ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាថា
"គួរឲ្យសេដ្ឋីដែលម្ដាយលើកប្រគល់ឲ្យ
ត្បិតម្ដាយបានបីបមថ្នមដោយសេចក្ដីនឿយហត់ជាងឪពុក" ទើបទ្រង់ព្រះវិនិច្ឆ័យថា
"ត្រូវឲ្យកូនក្រមុំទៅជាប្រពន្ធសេដ្ឋីទិសខាងលិច
ឯសេដ្ឋីខាងកើតដែលឪពុកលើកឲ្យនោះ មិនត្រូវបានទេ
ព្រោះកូនស្រីឪពុកមិនសូវបានថែទាំដូចម្ដាយ
ហើយព្រះអង្គទ្រង់ផ្សះផ្សាឲ្យសេដ្ឋីទាំង ២ នោះចងមេត្រីនឹងគ្នារៀងទៅ ។
សេដ្ឋីទាំង ២ នាក់
ក៏ក្រាបថ្វាយបង្គំលាទៅកាន់លំនៅខ្លួនហោង ។
រឿង សេដ្ឋី ៣ នាក់នៅទិសទាំង ៣
Reviewed by VannyDa
on
1:20 PM
Rating: