រឿង ដឹងសងដឹង អំបែងសងអំបែង
មាននិទានមួយថា : មានបុរសប្ដីប្រពន្ធ
មានកូនប្រុសម្នាក់ ។ បុរសជាប្ដីនោះទៅខ្ចីដឹង អំពីសេដ្ឋីម្នាក់យកទៅកាប់ឧស
លុះលើកឡើង នឹងសំពងកាប់
ស្រាប់តែដឹងនោះរង្គោះផ្លែខ្ទាតទៅត្រូវប្រើសមួយ
កប់បាត់ទៅក្នុងខ្លួនប្រើសនោះ ៗ បោលចូលព្រៃទៅ តាមរកពុំឃើញ ។
បុរសនោះក៏វិលមកផ្ទះវិញ ប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយនូវដំណើរដឹងបាត់នោះ
។ សេដ្ឋីថា “ដឹងនោះជារបស់កម្សត់កម្រ ពីមេបាអញ បើឥតអំពីដឹងនេះហើយ
អញគ្មានអ្វីប្រើការឡើយ” ។ បុរសនោះអង្វរសុំសងជាដឹង ១ ថ្មីវិញ
សេដ្ឋីពុំព្រមថា “ លុះតែបានដឹងដើមទើបយក ” ។ ទុកជាបុរសនោះអង្វរសុំសង
១ ជា ២ ក៏សេដ្ឋីពុំព្រមយក ។ បុរសនោះវិលទៅគិតនឹងប្រពន្ធ
រួចត្រលប់ទៅរកសេដ្ឋីទៀត អង្វរសុំសង ១ ជា ៤សេដ្ឋីនៅតែមិនព្រមយក សង ១
ជា ១០ សេដ្ឋីក៏ពុំយកទៀត នៅតែទទូចនិយាយថា “ ឲ្យបានដឹងដើមនោះទើបយក” ។
បុរសនោះលាសេដ្ឋីវិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថា “
ត្រូវយកកូនកំលោះធ្វើជាសំណងវិញ ” ។ លុះគិតគ្នាដូច្នេះហើយ
បុរសនោះក៏នាំកូនកំលោះ ទៅប្រគល់ឲ្យសេដ្ឋីជាសំណងដឹងនោះ ។
សេដ្ឋីព្រមទទួលយក ។ បុរសនោះក៏វិលទៅផ្ទះអាត្មាវិញ
ហើយទៅរកឧសក្នុងព្រៃទៀត ស្រាប់តែឃើញប្រើសនោះស្លាប់រលួយ
ហើយឃើញទាំងដឹងនៅនោះផង ក៏មានសេចក្ដីត្រេកអរឥតឧបមា
នាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋី
ដុសលាងស្អាតហើយយកទៅជូនសេដ្ឋី ប្រាប់តាមដំណើរនោះសព្វគ្រប់
ហើយសុំយកកូនមកវិញ ។ ឯសេដ្ឋីស្គាល់ដឹងនោះ ជាក់ក៏ទទួលយកហើយ ឲ្យកូនកំលោះទៅបុរសនោះៗ
នាំកូនទៅកាន់លំនៅរបស់ខ្លួន ។ ចំណេរកាលក្រោយមក ដល់រដូវស្រូវទុំ
បុរសប្ដីប្រពន្ធដាល់អំបុកស៊ី ។
កូនស្រីសេដ្ឋីនោះធុំក្លិនអំបុកនឹកចង់ស៊ី
អង្វរម្ដាយឪពុកឲ្យរកអំបែងឲ្យ សេដ្ឋីរកអំបែងពុំបាន ក៏ចូលទៅខ្ចីអំបែងបុរសនោះ
លុះដាល់អំបុករួចហើយ
ចួនជាមានឆ្កែប្រខាំគ្នាពារលើអំបែងនោះបែកខ្ទេចអស់ ។
សេដ្ឋីឲ្យទៅប្រាប់បុរសនោះ ៗ យំគក់ទ្រូងថា “
អំបែងនេះជារបស់កម្សត់កម្រពីមេបាមក ត្រូវតែរកអំបែង
ដើមមកសងវិញទើបបាន ” ។ ទុកជាសេដ្ឋីអង្វរថា “នឹងសង ១ ជា ២ ក្ដី
បុរសនោះក៏ពុំព្រមយកឡើយ គឺទទូចយកឲ្យបានតែអំបែងដើមនោះឯង
បើមិនបានអំបែងដើមនោះមិនព្រមទេ” ។ ទុកជាសេដ្ឋីឲ្យទៅនិយាយថា នឹងសង ១
ជា ៤ ក្ដី ១ ជា ១០ ក្ដី បុរសនោះក៏ពុំព្រមយក ។ សេដ្ឋីខឹងទៅប្ដឹងចៅក្រម ៗ
ឲ្យហៅបុរសនោះមកដណ្ដឹងសួរដោយដំណើរ
ហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអំបែងតែ ១ បុរសនោះក៏ពុំព្រមយក ។
ចៅក្រមខឹងថា “បុរសនេះល្មើសនឹងបង្គាប់ខ្លួន” ។
សេដ្ឋីឃើញបុរសនោះពុំសុខចិត្ត
ក៏នាំសេចក្ដីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះ ។
ព្រះអង្គឲ្យហៅបុរសនោះមក មានព្រះបន្ទូលដណ្ដឹងសួរថា
“ដំណើរនេះដូចម្ដេចបានជាចៅក្រមបង្គាប់ហើយព្រះស្ដែងពុំសុខចិត្ត ?” ។
បុរសនោះក្រាបបង្គំទូលថា “ត្បិតសេដ្ឋីខ្ចីអំបែងខ្ញុំព្រះបាទអម្ចាស់
ទៅដាល់អំបុក ទុកឲ្យឆ្កែប្រខាំគ្នាពារលើ បែករបស់ខ្ញុំព្រះបាទអម្ចាស់
ឯអំបែងនោះជាកេរ្តិ៍ពីមេបាមក តែងតែចិញ្ចឹមជីវិតដោយសារអំបែងនោះ
ដូច្នោះលុះតែបានអំបែងដើមទើបខ្ញុំព្រះបាទអម្ចាស់យក បើពុំបាន
ខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយ” ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាថា
“ការអស់នេះ សមជាមានហេតុនឹងគ្នាអំពីមុនមក បានជាប្រកាន់ខ្លាំងម្ល៉េះ ”
ទើបត្រាស់ដណ្ដឹងសួរថា “
ព្រះស្ដែងមានដំណើរហេតុដូចម្ដេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្ល៉េះ”
។ បុរសនោះក្រាបបង្គំទូលថា “ដំណើរដើម ខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋី
ទៅកាប់ឧស ហើយរង្គោះផ្លែបាត់ទៅត្រូវប្រើស មុតជាប់នឹងខ្លួនវា ៗ
បោលបាត់ទៅ ខ្ញុំព្រះបាទអម្ចាស់រកពុំឃើញ ទៅប្រាប់សេដ្ឋី ៗ ថា
”ដឹងនេះជាដឹងកម្សត់កម្រពីមេបា “ ខ្ញុំព្រះបាទអម្ចាស់សុខចិត្តសង ១ ជា
២ ដល់ ១ ជា ១០ សេដ្ឋីក៏ពុំយកថាឲ្យបានដឹងដើមទើបយក
បើពុំបានដឹងដើមពុំយកឡើយ” សេដ្ឋីប្រកាន់ដូច្នេះ
ខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំលោះឲ្យទៅនៅបម្រើជំនួសខ្លួនទើបសេដ្ឋីទទួលយក
ថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកឧសក្នុងព្រៃស្រាប់តែឃើញប្រើសនោះងាប់រលួយទៅ
ហើយ ៗ ឃើញផ្លែដឹងនៅក្នុងប្រើសនោះ
ខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយ ត្រេកអរណាស់
យកទៅឲ្យសេដ្ឋី ៗ ស្គាល់ជាក់ជារបស់ខ្លួន
ក៏ទទួលយកហើយឲ្យកូនខ្ញុំព្រះបាទអម្ចាស់មកវិញ?” ។
ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ហើយដណ្ដឹងសួរសេដ្ឋីថា “
ដំណើរនោះដូច្នោះមែនឬអ្វី ?
” ។ សេដ្ឋីក្រាបបង្គំទូលថា “ ដូច្នេះមែន ” ។
ទើបព្រះអង្គមានព្រះបន្ទូលថា “ បើដូច្នោះ
សេដ្ឋីត្រូវឲ្យកូនខ្លួនទៅនៅបម្រើគេវិញ ទើបដោយគន្លងធម៌ ” ។
សេដ្ឋីនិងបុរសនោះ ក៏ថ្វាយបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នា
ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីទៃ ៗ ហោង ។
រឿង ដឹងសងដឹង អំបែងសងអំបែង
Reviewed by VannyDa
on
1:20 PM
Rating: