រឿង ព្រះរាជវិនិច្ឆ័យក្ដីទាំង ៤
មាននិទានមួយដំណាលថា : មានបុរស
២ នាក់ជាក្លើនឹងគ្នា ។ ថ្ងៃមួយ ក្លើម្នាក់បានទៅខ្ចីគោក្លើម្នាក់
ដើម្បីទឹមរទេះទៅលក់ទំនិញ ។ ក្នុងវេលាដែលខ្ចីគោម្ចាស់គោនោះជួបជុំគ្នាទាំងប្ដីប្រពន្ធ
។ លុះក្លើខ្ចីគោទឹមបរទៅលក់ទំនិញរួចហើយ បាននាំគោទៅជូនក្លើវិញ
តែពុំឃើញក្លើ ឃើញតែម្រាក់១ ក៏ជូនគោទៅម្រាក់ ៗ ទទួលយកគោនោះហើយ ។
ក្រោយពីនោះ គោនោះងាប់ទៅ ។ លុះក្លើម្ចាស់គោត្រលប់មកដល់ផ្ទះវិញ
ឃើញគោនោះងាប់ ក៏នឹកខឹង ហើយទៅប្រាប់ឲ្យក្លើដែលខ្ចីគោសងគោនោះវិញ ។
ឯក្លើខ្ចីគោឆ្លើយថា “ កាលអញយកគោទៅសង ពុំឃើញក្លើឯងឃើញតែម្រាក់ ៗ
ទទួលយកគោនោះជ្រះស្រឡះហើយឥតតវ៉ាអ្វីទេ
ម្ដេចក៏ក្លើបង្គាប់អញឲ្យសងគោទៀត ” ។ ក្លើម្ចាស់គោថា “
ម្ដេចក៏ក្លើមិនរងចាំអញមកដល់ផ្ទះសិន
ហើយម្ដេចក៏ជូនគោទៅប្រពន្ធអញវិញ ដូច្នេះ
ត្រូវតែក្លើសងគោអញខានមិនបានទេ” ។ ក្លើខ្ចីគោឆ្លើយថា
“អញបានយកគោទៅជូនម្រាក់ជាជ្រះស្រឡះហើយ
បើក្លើបង្ខំអញឲ្យសងទៀតចាំអញទៅទៅសូមព្រះរាជទ្រព្យឲ្យបានសិនទើបសង”
។ បុរសទាំង ២ នាក់ពុំសុខចិត្តតែរៀងខ្លួន ក៏បណ្ដើរគ្នាទៅប្ដឹងចៅក្រម
លុះដើរបន្តិចទៅ ត្រូវថ្ងៃក្ដៅណាស់ ក៏នាំគ្នាចូលទៅជ្រកម្លប់ឈើមួយ ។
គាប់ចួនវេលានោះ មានបុរសជាម្ចាស់នឹងខ្ញុំបណ្ដើរគ្នាមកដល់ដែរ
ខ្ញុំដឹកសេះដើរមុន ម្ចាស់សេះដើរពីក្រោយឆ្ងាយ ។
ចៅដឹកសេះបានចួបនឹងបុរស ២ នាក់ដែលកើតក្ដីនឹងគ្នា
អង្គុយក្រោមម្លប់ឈើនោះ ក៏និយាយថា “ចូរចៅដេញសេះឲ្យផង” ។
បុរសនោះដេញហើយ សេះនៅតែមិនព្រមដើរ ក៏និយាយថា “ ចៅអើយ ! សេះឯងមិនព្រមដើរទេ
” ។ ទើបចៅដឹកសេះនោះថា “ ចូរចៅចោលវាឲ្យផង ” ។ បុរសកើតក្ដីថា “
អញមិនហ៊ានចោលទេខ្លាចបាក់ជើងសេះចៅឯង ” ។ ចៅដឹកសេះថា
“ចោលចុះមិនអីទេ ” ។ បុរសខ្ចីគោគេក៏ចោលទៅ ត្រូវជើងសេះនោះបាក់ ។
ចៅម្ចាស់សេះដើរមកទាន់ ក៏សួរថា
“ហេតុអ្វីបានជាចៅចោលសេះអញឲ្យបាក់ជើង ? ដូច្នេះត្រូវសងសេះអញវិញ ”
។ បុរសខ្ចីគោឆ្លើយថា “ ចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិន
សឹមអញសងចៅ ” ហើយក៏នាំគ្នាទៅដល់ផ្ទះ
របស់បុរសជាក្លើនឹងបុរសដែលខ្ចីគោនោះ,បុរសខ្ចីគោគេ
ក៏ដើរចូលទៅក្នុងផ្ទះក្លើនោះ តែមិនបានឃើញក្លើ ឃើញតែប្រពន្ធ
ៗនោះមានផ្ទៃពោះជាង ៧ ខែ ហើយបុរសខ្ចីគោគេនោះនិយាយសុំទឹកគេថា
“ម្រាក់អើយ ! អញសុំទឹកផឹកផង” ។ នាងនោះក៏ទៅសិតទឹករួចក៏ចុះជណ្ដើរមក
នឹងហុចទឹកឲ្យ ស្រាប់តែកាំជណ្ដើរបាក់ធ្លាក់ដល់ដី រលូតកូនទៅ ។
ឯប្ដីមកដល់ឃើញ ហើយនិយាយថា
“ហេតុអ្វីក៏ក្លើប្រើប្រពន្ធអញឲ្យសិតទឹកផឹក
ទាល់តែធ្លាក់ពីលើជណ្ដើររលូតកូន ដូច្នេះក្លើឯងត្រូវសងកូនអញ” ។
បុរសខ្ចីគោឆ្លើយថា “ ចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យសិន
សឹមអញសង ចៅឯងវិញ” ហើយក៏កោះគ្នាបណ្ដើរទៅ ទៅដល់ទី ១ មានដើមឈើច្រើន
បុរសខ្ចីគោនិយាយថា “ ចូរអ្នករងចាំអញទៅជុះមួយរំពេចសិន”
ហើយគេចទៅឡើងដើមឈើ ១ ដើមនឹកក្នាញ់ថា
“ខ្លួននេះអភ័ព្វណាស់នឹងលោតទម្លាក់សម្លាប់ខ្លួនចោលទៅ ល្អជាងនៅរស់” ។
ជួនជានៅខាងក្រោមដើមឈើនោះ មានបុរស ២នាក់
ឪពុកនិងកូនកំពុងត្បាញកន្ទេល។ បុរសនោះលោតទៅ
ក៏ធ្លាក់ទៅលើឪពុកដែលកំពុងត្បាញកន្ទេលនោះស្លាប់ទៅ
ឯខ្លួនអ្នកលោតមិនស្លាប់ទេ ។ បុរសជាកូនឃើញឪពុកស្លាប់
ក៏ខឹងខ្លាំងណាស់និយាយថា “ត្រូវចៅឯងសងឪពុកអញវិញ” ។
បុរសលោតពីចុងឈើឆ្លើយថា “ បើចៅឲ្យអញសងឪពុកឯងអញក៏សងដែរ
តែចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិន” ។ បុរសទាំង ៥
នាក់ជាគូវិវាទគ្នា ក៏បណ្ដើរគ្នាទៅរកចៅក្រម ហើយប្ដឹងដោយនូវដំណើរទីទៃ
ៗ ពីគ្នា ។
ឯចៅក្រមជំនុំជម្រះកាត់សេចក្ដីថា “
ត្រូវឲ្យបុរសខ្ចីគោគេនោះសងគោគេវិញ, ត្រូវឲ្យបុរសខ្ចីគោ
ដែលចោលបាក់ជើងសេះគេនោះសងសេះគេវិញ
ត្រូវឲ្យបុរសខ្ចីគោដែលប្រើប្រពន្ធគេឲ្យសិតទឹកឲ្យផឹកជាហេតុឲ្យរលូតកូនគេនោះសងកូនគេវិញ
ត្រូវឲ្យបុរសខ្ចីគោដែលលោតសម្លាប់ខ្លួន ជាហេតុឲ្យស្លាប់ឪពុកគេនោះ
សងឪពុកគេវិញ ” ។
បុរសខ្ចីគោ ដែលជាប់ចោទទាំង ៤ រឿងនោះ
ពុំសុខចិត្តក៏នាំគ្នា ឡើងទៅគាល់ព្រះមហាក្សត្រ
ក្រាបបង្គំទូលសូមព្រះរាជទ្រព្យ ។ ព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងថា
“ហេតុអ្វីក៏ព្រះស្ដែងមកសូមប្រាក់អញដូច្នេះ ?” ។
បុរសខ្ចីគោក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះបាទអម្ចាស់ បានខ្ចីគោក្លើនេះ ទឹមបរដឹកនាំទំនិញទៅលក់
រួចនាំយកគោនោះទៅជូនវិញ តែពេលនោះជួបតែនឹងម្រាក់ ពុំជួបនឹងក្លើ
បានប្រគល់គោនោះទៅឲ្យម្រាក់ ៗ ក៏ទទួលគោនោះជ្រះស្រឡះហើយ ៗ
វិលមកផ្ទះវិញ ” ។ ក្រោយមក ក្លើនេះមកប្រាប់ខ្ញុំព្រះបាទអម្ចាស់ថា “
គោនោះងាប់ទៅហើយ ៗ បន្ទោសខ្ញុំព្រះបាទអម្ចាស់ថា “ វេលាក្លើទៅសងគោវិញ
ម្ដេចក៏មិនរងចាំអញសិន ហើយម្ដេចក៏ទៅជាយកគោទៅជូនប្រពន្ធអញវិញ
មិនជូនអញ? ដូច្នេះត្រូវក្លើឯងសងគោអញ
សូមទ្រង់ជ្រាបដំណើរក្ដីរបស់ខ្ញុំព្រះបាទអម្ចាស់ ដូចក្រាបបង្គំទូលនេះ”
។ ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅបុរសជាម្ចាស់គោថា “ ដំណើរក្ដីនេះ
ដូច្នេះមែនឬពុំមែនទេ?”
។ បុរសម្ចាស់គោក្រាបបង្គំទូលថា “
សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះមែន ” ។ ទើបព្រះអង្គត្រាស់សួរទៀតថា
“តើព្រះស្ដែងនឹងឲ្យគេសងទៀតឬអ្វី ?” ។
ម្ចាស់គោក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ឲ្យសង ” ។ ទើបព្រះអង្គត្រាស់ថា
“បើព្រះស្ដែងឲ្យគេសងគោ ត្រូវព្រះស្ដែងឲ្យប្រពន្ធទៅក្លើព្រះស្ដែង
ទើបព្រះស្ដែងបានគោ ត្បិតប្រពន្ធព្រះស្ដែងទទួលយកគោពីគេជ្រះស្រឡះហើយ
តើឥឡូវនេះព្រះស្ដែងសុខចិត្តឲ្យប្រពន្ធទៅក្លើព្រះស្ដែងឬទេ?” ។
បុរសនោះក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស, ខ្ញុំព្រះបាទអម្ចាស់ពុំព្រមឲ្យប្រពន្ធទៅក្លើនេះទេ
” ។ ព្រះអង្គមានព្រះបន្ទូលថា “បើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេទេ
ព្រះស្ដែងក៏មិនត្រូវបានសំណងគោនោះដែរ ព្រោះប្រពន្ធព្រះស្ដែងទទួលយកគោនោះជ្រះស្រឡះហើយ
ម្ដេចក៏ព្រះស្ដែងមកទារសំណងពីគេទៀត ? ” ។
ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្ដីរឿងគោរួចហើយ
ទ្រង់ដណ្ដឹងសួររឿងសេះតទៅទៀត ។
ឯបុរសខ្ចីគោជាដើមហេតុដែលចោលសេះគេឲ្យបាក់ជើងនោះ ក្រាបបង្គំទូលថា “
សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះបាទអម្ចាស់ឈប់នៅក្រោមម្លប់ឈើ ១
គាប់ជួនជាបុរសនេះ ដឹកសេះមកដល់ទីនោះដែរ
បានប្រើខ្ញុំព្រះបាទអម្ចាស់ឲ្យដេញសេះ ៗមិនព្រមដើរ
ក៏បង្គាប់ខ្ញុំព្រះបាទអម្ចាស់ឲ្យចោល ខ្ញុំព្រះបាទអម្ចាស់ប្រកែកថា
“មិនហ៊ានចោលទេ ក្រែងបាក់ជើងសេះ” បុរសដឹកសេះថា “ ចោលទៅចុះ
”ខ្ញុំព្រះបាទអម្ចាស់ក៏ចោលទៅត្រូវជើងសេះបាក់” ។
ទើបព្រះអង្គមានព្រះបន្ទូលនឹងអ្នកដឹកសេះថា “ដំណើរក្ដីនេះ
ដូច្នេះមែនឬដូចម្ដេច?”
។ បុរសនោះក្រាបបង្គំទូលថា “ពិតដូច្នោះមែន”
ព្រះអង្គត្រាស់ថា “បើព្រះស្ដែងឲ្យគេសងសេះ
ត្រូវព្រះស្ដែងប្រគល់ខ្ញុំព្រះស្ដែងឲ្យទៅគេ
ព្រោះខ្ញុំព្រះស្ដែងប្រើគេឲ្យចោល ទាល់តែសេះព្រះស្ដែងនេះបាក់ជើង
ព្រះស្ដែងព្រមឬមិនព្រម ?
” ។ បុរសម្ចាស់សេះនោះក្រាបបង្គំទូលថា “
ខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេ ត្បិតមានខ្ញុំតែម្នាក់” ។
ព្រះអង្គត្រាស់ថា “ បើដូច្នោះមិនត្រូវឲ្យគេសងសេះព្រះស្ដែងដែរ
ព្រោះព្រះស្ដែងមិនព្រមឲ្យខ្ញុំទៅគេ ” ។
ព្រះមហាក្សត្រទ្រង់កាត់ក្ដីរឿងសេះហើយ ទ្រង់សួររឿងស្រីរលូតកូនតទៅទៀត
។ បុរសខ្ចីគោគេក្រាបបង្គំទូលថា “
កាលដែលខ្ញុំព្រះបាទអម្ចាស់ដើរមកតាមផ្លូវនោះ ស្រេកទឹកខ្លាំងណាស់
បានចូលទៅសូមទឹកនៅផ្ទះក្លើនេះ ជួនជាថ្ងៃនោះ ក្លើមិននៅៗ តែម្រាក់ ៗ
ចុះជណ្ដើរទៅសិតទឹកបាក់កាំជណ្ដើរធ្លាក់ទៅដី រលូតកូនទៅ
លុះក្លើមកដល់យល់ម្រាក់រលូតកូនដូច្នោះ ក៏ខឹងខ្លាំងណាស់
បង្គាប់ឲ្យខ្ញុំព្រះបាទអម្ចាស់ សងកូន” ។
ទើបព្រះអង្គត្រាស់សួរទៅប្ដីនោះថា “ដំណើរក្ដីនេះតើពិតដូច្នេះ
ឬពុំមែនទេ ?”
។ បុរសប្ដីក្រាបបង្គំទូលថា “ពិតដូច្នោះមែន” ។
ព្រះអង្គត្រាស់សួរថា “ ព្រះស្ដែងនឹងឲ្យគេសងកូននោះឬអ្វី?” សូមទ្រង់ព្រះមេត្តាប្រោស
ខ្ញុំព្រះបាទអម្ចាស់សុំឲ្យក្លើសងកូននោះវិញ ។
“ប្រពន្ធព្រះស្ដែងផើមបានប៉ុន្មានខែហើយ?” ។ “សូមទ្រង់ព្រះមេត្តាប្រោស
ផើមបាន ៧ ខែហើយ” ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថា
“បើព្រះស្ដែងឲ្យគេសងកូននោះ ត្រូវព្រះស្ដែង ឲ្យប្រពន្ធព្រះស្ដែង
ទៅធ្វើជាប្រពន្ធគេទុកឲ្យផើមបាន ៧ខែសិន
សឹមព្រះស្ដែងយកមកធ្វើជាប្រពន្ធព្រះស្ដែងវិញចុះ តើព្រះស្ដែងព្រមឲ្យ
ឬទេ ?” បុរសប្ដីក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់មិនព្រមឲ្យទេ”
។ ព្រះមហាក្សត្រទ្រង់ត្រាស់ថា បើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេ
ចុះឲ្យគេយកកូនពីណាមកសងព្រះស្ដែងវិញបាន ? ” ។
ព្រះមហាក្សត្រសួរដំណើរក្ដី
រឿងស្លាប់ឪពុកតទៅទៀត ។ បុរសខ្ចីគោក្រាបបង្គំទូលថា “
ដើមឡើយខ្ញុំព្រះបាទអម្ចាស់លាអ្នកដើមចោទទាំង ៣ នាក់ថា
“សូមទៅបត់ជើងមួយរំពេចសិន លុះចូលទៅក្នុងព្រៃយល់ដើមឈើមួយធំ
ដោយនឹកអន់ចិត្តនឹងភ័ព្វសំណាងរបស់ខ្លួនខ្លាំងពេក
ក៏ឡើងទៅលើចុងឈើនោះប្រុងនឹងលោតទៅសម្លាប់ខ្លួនបង់ ដល់លោតចុះមក
ស្រាប់តែត្រូវលើឪពុកបុរសនេះស្លាប់ទៅ ឯខ្ញុំព្រះបាទអម្ចាស់ពុំស្លាប់, វេលាលោតចុះមក
ខ្ញុំព្រះបាទអម្ចាស់ពុំបានឃើញបុរសឪពុកនឹងកូន នៅខាងក្រោមដើមឈើនោះទេ
បុរសជាកូនឃើញឪពុកស្លាប់ ក៏ប្រចាប់ខ្ញុំព្រះបាទអម្ចាស់ថា
“ត្រូវសងឪពុកគេវិញ” ដំណើរក្ដីនេះប៉ុណ្ណេះ
សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ” ។
ទើបព្រះមហាក្សត្រត្រាស់សួរទៅបុរសជាកូននោះថា “
តើព្រះស្ដែងនឹងឲ្យគេសងឪពុកព្រះស្ដែងវិញឬអ្វី ?” ។
បុរសជាកូននោះ ក្រាបបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស, សូមឲ្យគេសងឪពុកខ្ញុំព្រះបាទអម្ចាស់វិញ”
។ “បើដូច្នេះ មានតែព្រះស្ដែងឲ្យម្ដាយព្រះស្ដែងទៅធ្វើប្រពន្ធគេ
ដើម្បីឲ្យគេបានជាឪពុករបស់ព្រះស្ដែង
ជំនួសឪពុកដែលស្លាប់ទៅតើព្រះស្ដែងព្រមទេ ?” ។ “ខ្ញុំព្រះបាទអម្ចាស់នឹងឲ្យម្ដាយទៅធ្វើជាប្រពន្ធបុរសនេះ
ដូចម្ដេចបាន បើម្ដាយខ្ញុំព្រះបាទអម្ចាស់វេលានេះ កំពុងកើតទុក្ខធ្ងន់ផង
ខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេ ” ។
ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថា “ បើព្រះស្ដែងពុំព្រម តើនឹងឲ្យគេយកឪពុកពីណា
មកជំនួសឪពុកព្រះស្ដែងបាន បើឪពុកព្រះស្ដែង ស្លាប់ទៅហើយ
ដោយផលកម្មរបស់គាត់ នឹងបន្ទោសនរណា ” ។
ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្ដីទាំង
៤ រឿង ដោយប្រការដូច្នេះហើយ បុរសទាំង ៥ នាក់ ដែលកើតក្ដីនឹងគ្នា
ក៏ចូលចិត្តស្ដាប់បានលែងចោទប្រកាន់គ្នា ហើយក្រាបថ្វាយបង្គំលា
ទៅកាន់លំនៅអាត្មាទីទៃ ៗ រៀងខ្លួនហោង ។
រឿង ព្រះរាជវិនិច្ឆ័យក្ដីទាំង ៤
Reviewed by VannyDa
on
1:19 PM
Rating: