រឿង តុលោសេដ្ឋី
មាននិទានមួយថា : មានសេដ្ឋីមួយឈ្មោះ
តុលោសេដ្ឋី អាយុ ៤០ ឆ្នាំ គ្មានកូនដល់មួយណាឡើយ
ទើបមហាសេដ្ឋីឪពុកចាយវាយទ្រព្យរបស់ធ្វើបុណ្យឲ្យទានអធិដ្ឋានឲ្យបានកូន
លុះអាយុ ៤១ ឆ្នាំ ទើបបានកូនប្រុសមួយ កូននោះចេះដើរ
សេដ្ឋីឲ្យប្រាបដីធ្វើជាទីល្បែងកូននោះ ចម្ងាយអំពីវាំងទៅ ១០ សិន
រាបស្មើសុទ្ធតែខ្សាច់ ឥតជង្ហុកឡើយ ។ ដល់កូននោះបាន ៦ ខួបពេលភ្លៀង
វារត់លេងទឹកភ្លៀងដោយខ្សាច់នោះ
លុះទៅដល់ថ្លុកជង្ហុកកូននោះលង់ទឹកស្លាប់
ទើបសេដ្ឋីនោះឡើងទៅក្រាបទូលព្រះមហាក្សត្រថា
“ខ្ញុំព្រះបាទអម្ចាស់ឲ្យប្រាបដីរាបស្មើសុទ្ធតែខ្សាច់
ជាទីល្បែងកូនខ្ញុំ ព្រះបាទអម្ចាស់នោះគ្មានថ្លុកជង្ហុកឡើយ
ឥឡូវនេះមានថ្លុកដក់ទឹកជ្រៅ លង់កូនខ្ញុំព្រះបាទអម្ចាស់ស្លាប់
សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង” ។
ព្រះមហាក្សត្រទ្រង់ឲ្យអាមាត្យទៅពិនិត្យមើល ។
អាមាត្យទៅមើលហើយវិលមកក្រាបបង្គំទូលថា “ ឃើញស្នាមជើងដំរី ” ។
ទ្រង់ឲ្យទៅចាប់ដំរី យកមកពិចារណាថា “ ទីនោះសេដ្ឋីបានប្រាបដី
រាបស្មើទុកជាទីល្បែងកូន ៗ តែងលេងជាប្រក្រតី
ហេតុអីក៏ព្រះស្ដែងទៅជាន់បាក់ជាថ្លុកជង្ហុកកាត់ទឹក
លង់កូនសេដ្ឋីនោះស្លាប់ ?”
។ ដំរីឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានរមាស”
។ ទ្រង់ឲ្យទៅតាមចាប់រមាសយកមកពិចារណា។ រមាសឆ្លើយថា
“ខ្ញុំព្រះបាទអម្ចាស់ ទៅតាមដានក្របី” ។ ទ្រង់ឲ្យទៅតាមចាប់ក្របី
យកមកពិចារណា ។ ក្របីឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានជ្រូក” ។
ទ្រង់ឲ្យទៅចាប់ជ្រូកយកមកពិចារណា ។ ជ្រូកឆ្លើយថា “
ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានក្ងោក” ។ ទ្រង់ឲ្យចាប់ក្ងោកយកមកពិចារណា ។
ក្ងោកឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានមាន់” ។
ទ្រង់ឲ្យតាមចាប់មាន់យកមកពិចារណា ។ មាន់ឆ្លើយថា “
ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកតាមដានទទា ” ។ ទ្រង់ឲ្យចាប់ទទាយកមកពិចារណា
។ ទទាឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកតាមដានក្រួច ” ។
ទ្រង់ឲ្យចាប់ក្រួចយកមកពិចារណា ។ ក្រួចឆ្លើយថា “
ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកដែលមេខ្សាច់ ” ។
ទ្រង់ឲ្យចាប់មេខ្សាច់មកពិចារណា ។ មេខ្សាច់ឆ្លើយថា “
ខ្ញុំព្រះបាទអម្ចាស់យល់ផ្នូកខ្សាច់ល្អ ហើយធ្វើជាលំនៅ
ខ្ញុំព្រះបាទអម្ចាស់មែន ៗ ” ។ អស់សត្វម្រឹគបក្សីអម្បាលនេះ
សឹងមានចម្លើយដូច្នេះ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាយល់ថា
ដើមអាទិនៅមេខ្សាច់នេះមែន ក៏ទ្រង់កាត់សេចក្ដីនេះឲ្យមេខ្សាច់សងភាគ ១
ក្រួចភាគ ២ ទទាភាគ ៣ មាន់ភាគ ៤ ក្ងោកភាគ ៥ ជ្រូកភាគ ៦ ក្របីភាគ ៧ រមាសភាគ ៨
ដំរីភាគ ៩ ។
ព្រះអង្គបង្គាប់សេចក្ដីដូច្នេះ
អស់ម្រឹគបក្សីទាំងនោះ យល់ព្រមទទួល ហើយមហាសេដ្ឋី
នូវអស់សត្វម្រឹគបក្សីទាំងឡាយក្រាបថ្វាយបង្គំលាទៅកាន់លំនៅខ្លួនទីទៃ
ៗ ហោង ។
រឿង តុលោសេដ្ឋី
Reviewed by VannyDa
on
1:21 PM
Rating: