រឿង ស្រី ២ នាក់ឈ្លោះដណ្ដើមធ្មេញឈើ
មាននិទានមួយថា : មានស្រី
២ នាក់ ស្រីម្នាក់ម្ដាយឈឺធ្ងន់ បីម្ដាយដាក់លើភ្លៅ យកទឹកក្បិតមុខ
ទើបម្ដាយដឹងខ្លួន ។ ស្រីម្នាក់ទៅសួរជួលធ្វើធ្មេញឈើ ។
ស្រីម្ដាយឈឺធ្ងន់ថា “ធ្មេញឈើមាន តែឥតអ្នកណាទៅយកឲ្យ
ព្រោះអញរវល់នឹងម្ដាយឈឺធ្ងន់ ” ។ ស្រីដែលចង់បានធ្មេញឈើនោះថា “
បើអញជួលនាងតើបានឬទេ ?
” ។ ស្រីម្ដាយឈឺនោះ ហេតុតែចង់បានឈ្នួលធ្មេញឈើ
ក៏ព្រមជួលឲ្យទៅ ហើយក៏ឲ្យស្រីដែលជួលនោះបីម្ដាយឲ្យ, ខ្លួនឯងចូលទៅយកធ្មេញឈើ
អំពីក្នុងផ្ទះ ។ ឯម្ដាយឈឺនោះ
ដាច់ខ្យល់ស្លាប់លើភ្លៅស្រីជួលធ្មេញឈើនោះ
ហើយស្រីនោះបិទមាត់ត្រឡប់ភ្នែកឲ្យ ។
ស្រីជាកូននោះយកធ្មេញឈើមកឲ្យស្រីដែលជួលនោះ
ហើយលើកខ្មោចម្ដាយធ្វើបុណ្យ រួចទើបស្រីជួលធ្វើឈើនោះយកធ្មេញឈើមកឲ្យ
ឲ្យឈ្នួលតែហួង ១ ។ ស្រីម្ចាស់ធ្មេញឈើថា “
អ្នកឯងជួលអញយកទៅត្បាញយូរហើយ តាំងអំពីម្ដាយអញស្លាប់ម្ល៉េះ
លុះអញលើកខ្មោចធ្វើបុណ្យរួចហើយ ទើបឯងយកធ្មេញឈើមកឲ្យអញ
ឲ្យឈ្នួលអញតែហួង ១ អញពុំយកឡើយលុះតែឲ្យឈ្នួលអញស្លឹង ១ ទើបអញយក ” ។
ស្រីជួលធ្មេញឈើថា “ ម្ដេចក៏នាងប្រើឲ្យអញឲ្យឈ្នួលស្លឹង ១
បើម្ដាយនាងស្លាប់លើភ្លៅអញៗ បានបិទមាត់ត្រលប់ភ្នែកឲ្យ
តើនាងបានជជុះលាស់ឲ្យអញឬ?
” ។ ស្រីទាំង ២
នាក់ក៏ឈ្លោះគ្នាហើយនាំគ្នាទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីនោះពុំបាន
ក៏នាំស្រីទាំង ២ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃ ៗ
ព្រះអង្គទ្រង់ពិចារណាថា “
ស្រីជួលធ្មេញឈើហេតុតែជាកូនបុរាណទើបបានម្ដាយនោះស្លាប់លើភ្លៅបានបិទមាត់ត្រឡប់ភ្នែកឲ្យ
” ព្រះអង្គទុកនាងនោះជាកូនបង្កើត ហើយឲ្យចែករបស់អំពីខ្មោចម្ដាយនោះជា
៣ ភាគ, ឲ្យទៅស្រីជួលធ្មេញឈើ ២ ភាគ ស្រីជាកូន ១ ភាគ ។
ព្រះអង្គបង្គាប់ដូច្នេះ ស្រីទាំង ២
នោះព្រមទទួលយកចំណែកទីទៃ ៗ ហើយក្រាបថ្វាយបង្គំលាទៅដោយលំនៅទីទៃ ៗ ហោង ។
រឿង ស្រី ២ នាក់ឈ្លោះដណ្ដើមធ្មេញឈើ
Reviewed by VannyDa
on
1:21 PM
Rating: