រឿង ពានរលួចព្រះមកុដ
មាននិទានមួយដំណាលថា : មានព្រះមហាក្សត្រមួយព្រះអង្គ
តែងស្ដេចយាងទៅប្រពាតព្រៃឧទ្យាន
ហើយដោះមកុដក្នុងប្រអប់មាសឲ្យស្រីម្នាក់ថែរក្សានៅព្រះពន្លាភាក់
ហើយព្រះអង្គស្ដេចចេញទៅបរបាញ់ជាមួយនឹងសេនាយោធាផង ។ ស្រីចាំរក្សាមកុដនោះ
ងុយដេកក៏ដេកលក់ទៅ ។ កាលនោះមានពានរមួយចុះពីលើដើមឈើមក
ឃើញស្រីនោះដេកនោះពុំដឹងខ្លួនប្រាណ ក៏លួចបើកប្រអប់យកព្រះមកុដទៅ
ពាក់រាំបង្អួតគ្នាលេងលើមែកឈើ រួចលាក់ទុកទៅ ។
ស្រីនោះភ្ញាក់ឡើងឃើញប្រអប់បើកបាត់ទាំងព្រះមកុដផង ក៏ភិតភ័យក្រៃពេក
គិតថា “ ខ្លួនមុខជាស្លាប់ដោយព្រះរាជអាជ្ញាជាប្រាកដ
ក៏ខំរត់រកព្រះមកុដពុំឃើញឡើយ ហើយស្រែកទ្រហោយំ ” ។
ព្រះមហាក្សត្រស្ដេចមកអំពីបរបាញ់ ស្រីនោះក៏ក្រាបបង្គំទូលដោយដំណើរ
អំពីងងុយដេក ៗ លក់ទៅមានចោរលួចព្រះមកុដបាត់ ។
ព្រះអង្គឲ្យសេនាយោធាមាត្យដើររកសព្វអន្លើ
ស្រាប់តែប្រទះឃើញចៅនេសាទម្នាក់
កាន់ស្នាដើរបាញ់សត្វដើម្បីលក់ចិញ្ចឹមជីវិត ។
សេនាយោធាមាត្យក៏ចោមចាប់ចៅនេសាទនោះ
នាំបណ្ដើរមកក្រាបបង្គំទូលព្រះរាជាថា “វានេះជាចោរលួចព្រះមកុដ”
ហើយដាក់ឲ្យចៅក្រមជំនុំជម្រះ ។ ចៅក្រមពិចារណា សួរចៅនេសាទនោះ ៗ ឆ្លើយថា
“ ខ្ញុំពុំបានលួចព្រះមកុដទេ ខ្ញុំស្វែងរកបាញ់សត្វក្នុងព្រៃទេតើ “
ខ្ញុំពុំបានមកជិតព្រះពន្លានេះឡើយ ” ។
ចៅក្រមក្រាបបង្គំទូលព្រះមហាក្សត្រថា “វានេះឯងជាចោរកំណាច
ឥតមាននរណាមួយហ៊ានមកជាន់ព្រៃនេះទេ
រឿងនេះចាំបាច់ជំនុំថ្វីគ្រាន់តែគាបវាសួររកព្រះមកុដឲ្យឃើញ
ប៉ុណ្ណោះបានហើយ ” ។ ព្រះអង្គបង្គាប់ឲ្យគាបចៅនេសាទនោះ ។
ចៅនេសាទនោះពុំមែនជាចោរលួចទេ តែឈឺណាស់ អត់ទ្រាំពុំបាន ក៏ស្រែកថា “
ម្ចាស់ខ្ញុំអើយ !
ខ្ញុំជាចោរព្រះមកុដមែន ខ្ញុំយកទៅឲ្យមហាសេដ្ឋី
ត្បិតមហាសេដ្ឋី ប្រើខ្ញុំឲ្យមកលួច គាត់នឹងឲ្យរង្វាន់ខ្ញុំ ” ។
ព្រះមហាក្សត្របានជ្រាប ឲ្យទីចាប់មហាសេដ្ឋីយកមកពិចារណា ។
មហាសេដ្ឋីឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ពុំបានប្រើចៅនេសាទនេះឲ្យលួចព្រះមកុដទេ
” ។ ពួកចៅក្រមក្រាបបង្គំទូលឲ្យគាបមហាសេដ្ឋី ។
លុះមហាសេដ្ឋីត្រូវឃ្នាបឈឺខ្លាំងពេក អត់ទ្រាំពុំបាន ក៏ឆ្លើយថា “
ម្ចាស់ខ្ញុំអើយ !
ខ្ញុំប្រើចៅនេសាទនេះឲ្យលួចព្រះមកុដនេះមែន
តែខ្ញុំយកទៅឲ្យរង្វាន់ចៅបុរោហិតទៅហើយ ” ។
ចៅក្រមក្រាបបង្គំទូលឲ្យចាប់បុរោហិតនោះពិចារណាទៀត ។ បុរោហិតឆ្លើយថា “
ម្ចាស់ខ្ញុំអើយ !
មហាសេដ្ឋីនេះពុំបានយកព្រះមកុដមកឲ្យខ្ញុំទេ” ។
ចៅក្រមក៏ក្រាបបង្គំទូលឲ្យគាបបុរោហិតនោះទៀត ។ បុរោហិតពុំដឹងខ្លួនសោះ
តែលុះត្រូវឃ្នាបឈឺខ្លាំងពេក អត់ទ្រាំពុំបាន ក៏ស្រែកថា “
សូមឲ្យម្ចាស់បន្ធូរបន្តិច” ហើយឆ្លើយថា “ម្ចាស់ខ្ញុំអើយ ! មហាសេដ្ឋីយកព្រះមកុដមកឲ្យខ្ញុំមែន
តែខ្ញុំយកទៅទុកឯព្រៃឧទ្យានទៅហើយ ” ។ ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យទៅរកឯព្រៃឧទ្យាន
ក៏ឥតនរណារកឃើញសោះ ទ្រង់ឲ្យគាបទៀត ។
គ្រានោះ ព្រះពលទេពសេនាបតី
ឡើងទៅក្រាបបង្គំគាល់ឮសម្រែក បុរោហិត មហាសេដ្ឋី
និងចៅនេសាទស្រែកយំរំពងដូច្នោះ ក៏រំពឹងគិតដោយប្រាជ្ញាថា
“បើនៅតែគាបដូច្នេះ បុរោហិត មហាសេដ្ឋី និងចៅនេសាទនេះ មុខជាស្លាប់មិនខាន
ឯព្រះមកុដក៏បាត់ពុំឃើញ ” ទើបក្រាបបង្គំទូលសូមយកសេចក្ដីនោះទៅពិចារណា
។ ព្រះមហាក្សត្រទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះពលទេពសេនាបតី
យករឿងនោះទៅជំនុំពិចារណា ជាមួយនឹងពលសេនាបតី ព្រះពលទេពសេនាបតីក៏នាំជនទាំង
៣ នាក់ទៅឃុំក្នុងរោងមួយមានជញ្ជាំងជិត លុះវេលាយប់
ឲ្យស្មៀនម្នាក់ទៅលបលាក់ខ្លួន ពួនចាំស្ដាប់ពីក្រៅជញ្ជាំង
កុំឲ្យអ្នកទាំង ៣ នាក់ដឹង ។ គ្រានោះមហាសេដ្ឋីនិយាយ “
ហេតុដែលអញត្រូវឃ្នាបឈឺដល់ម្ល៉េះ ព្រោះតែចៅនេសាទនេះឯង អើចៅនេសាទ ! ចុះអញប្រើចៅឲ្យលួចព្រះមកុដពីអង្កាល់បានជាចៅឆ្លើយដាក់អញ
នាំឲ្យលោកធ្វើក្ដីលំបាកដល់អញដូច្នេះ ? ” ។ ឯចៅនេសាទឆ្លើយថា
“លោកអើយ ! ខ្ញុំពុំបានលួចព្រះមកុដមកឲ្យលោកទេ តែគេគាបខ្ញុំឈឺណាស់
អត់ទ្រាំពុំបាន ទើបខ្ញុំឆ្លើយដាក់លោកឲ្យតែបានរួចខ្លួនមួយគ្រាសិនទៅ”
។ បុរោហិតក៏និយាយទៅនឹងមហាសេដ្ឋីថា
“អ្នកឯងបានយកព្រះមកុដទៅឲ្យអញពីអង្កាល់បានជាឆ្លើយដាក់អញ ?” ។
មហាសេដ្ឋីឆ្លើយថា “ម្ចាស់ខ្ញុំអើយ ! គេគាបខ្ញុំឈឺណាស់អត់ទ្រាំពុំបាន
ទើបខ្ញុំឆ្លើយដាក់លោក” ហើយសួរទៅបុរោហិតវិញថា “ចំណែកខាងលោក
ខ្ញុំពុំបានឲ្យព្រះមកុដទេ ម្ដេចក៏លោកថាឲ្យ
ហើយថាយកទៅទុកឯព្រៃឧទ្យាន ឲ្យគេទៅរកពុំឃើញដូច្នេះ ? ” ។
បុរោហិតឆ្លើយថា “ អ្នកអើយ !
លោកពុំពិចារណាឲ្យអស់សេចក្ដី ស្រាប់តែគាបឈឺណាស់
ខ្ញុំចេះតែថាឲ្យតែរួចពីមាត់ទៅ ឲ្យតែលោកបន្ធូរជំងឺបន្តិចប៉ុណ្ណោះទេ
” ។
ស្មៀនស្ដាប់ឮជាក់ ក៏កត់ពាក្យចៅនេសាទ
មហាសេដ្ឋីនិងបុរោហិត យកទៅជូនព្រះពលទេពសេនាបតី ៗ ជំនុំជម្រះថា “ចៅនេសាទ
មហាសេដ្ឋី និងបុរោហិតនោះពុំមែនជាចោរឡើយ ”
ហើយព្រះពលទេពសេនាបតីឲ្យជាងធ្វើព្រះមកុដមាសមួយដូចព្រះមកុដពីមុន
យកទៅថ្វាយព្រះមហាក្សត្រ ហើយយាងស្ដេចទៅប្រពាតព្រៃឧទ្យានម្ដងទៀត
ទុកព្រះមកុដនៅទីដដែលឲ្យស្រីដដែលនោះនៅថែរក្សា ផ្ដាំថា “ឲ្យធ្វើជាដេកលក់ហើយមើលបំណាំ”
កាលណាមានចោរមកលួចព្រះមកុដម្ដងទៀត ឲ្យស្រែកអាក្រោសឡើង ” ។
ផ្ដាំស្រីនោះស្រេច
ព្រះពលទេពសេនាបតីក៏ឲ្យសេនាយោធាមាត្រពួនចាំឃ្លាំមើល
ហើយព្រះមហាក្សត្រស្ដេចចេញទៅបរបាញ់ដូចមុន ។
ពានរដដែលនោះ ចុះអំពីចុងឈើទៅគន់មើលស្រីនោះយល់ដេកលក់ពុំកម្រើក
ក៏បើកប្រអប់លួចព្រះមកុដយកទៅពាក់រាំបង្អួតគ្នានៅលើចុងឈើ
ទើបស្រីនោះស្រែកថា “ពះអាស្វាលួចព្រះមកុដ” ។
អស់សេនាយោធាមាត្រដែលចាំយាមក៏ប្រញាប់គ្រប់គ្នា ស្រែកថា “
ស្វាលួចព្រះមកុដ ទៅលាក់ក្នុងរូងឈើ ” ។
លុះព្រះមហាក្សត្រទ្រង់យាងដល់ព្រះពន្លាភាក់ ស្រីនូវអស់សេនាយោធាមាត្រ
ក្រាបបង្គំទូលតាមដំណើរនោះសព្វគ្រប់ ។
ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យឡើងទៅមើលរូងឈើ
ឃើញព្រះមកុដទាំងចាស់ទាំងថ្មី យកមកថ្វាយព្រះអង្គ ។ ព្រះអង្គមានព្រះបន្ទូលថា
“ឱស្វានេះទេតើ ដែលលួចព្រះមកុដនេះ សេចក្ដីនេះ
បើកុំបានព្រះពលទេពសេនាបតីមកជំនុំពិចារណា សមចៅក្រមរកពុំឃើញឡើយ
មុខជាគាបបុរោហិត នូវមហាសេដ្ឋី និងចៅនេសាទ ត្រាតែស្លាប់ពុំខាន
ឯព្រះមកុដអញក៏នឹងបាត់អសារបង់ ” ។
ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ
ទ្រង់ព្រះរាជទានពរសព្ទសាធុការដល់ព្រះពលទេពសេនាបតី ជាអស្ចារ្យ
នាកណ្ដាលជំនុំហោង ។
រឿង ពានរលួចព្រះមកុដ
Reviewed by VannyDa
on
1:22 PM
Rating: