រឿង បុរសបាញ់ទង់
មាននិទានមួយដំណាលថា : នៅស្រុកមួយនោះ
មានបុរស ២ នាក់ ម្នាក់ឈ្មោះចៅសោកែ ម្នាក់ទៀតឈ្មោះចៅពាលោ ៗ
ទៅរករៀនមន្តអាគមចេះសព្វគ្រប់
ហើយតែងរកឧបាយកលចំហូវយកទ្រព្យរបស់គេមកជារបស់ខ្លួន ។
ថ្ងៃមួយចៅសោកែចេញទៅបាញ់ទុងបានមួយ ។
ចៅពាលោគិតថា “ សោកែគាត់នឹងឲ្យសាច់ទុងអញស៊ីផងឬទេ ? បើគាត់មិនឲ្យសាច់ទុងអញស៊ីទេ
អញនឹងរករឿងគាត់ឲ្យកើតជាក្ដីឡើងបានម្ដង ” ។
ឯចៅសោកែស្លអាំងសាច់ទុងរួចស្រេចក៏បរិភោគទៅ ពុំបានឲ្យទៅចៅពាលោឡើយ ។
ចៅពាលោក៏ប្ដឹងទៅចៅក្រម ឲ្យកោះចៅសោកែ យកទៅជំនុំជម្រះ
ហើយចៅពាលោប្ដឹងចៅក្រមនោះថា “កាលឪពុកខ្ញុំព្រះបាទឈឺថ្កាត់នោះ
គាត់ផ្ដាំនឹងខ្ញុំព្រះបាទថា “បើគាត់ស្លាប់ទៅនឹងទៅយកកំណើតជាសត្វទុង
ដោយជួរចំបួរមេបារៀង ៗ មក សឹងស្លាប់ទៅកើតជាទុងទាំងអស់
បើមានអ្នកណាមួយទៅបាញ់ទុង
ឲ្យប្ដឹងចៅក្រមឲ្យចាប់យកទៅជំនុំពិចារណាលក់ពិន័យ តាមដោយនូវច្បាប់ស្លាប់គេ
ឥឡូវនេះ ចៅសោកែសម្លាប់ឪពុកខ្ញុំស៊ី
ហេតុនេះសូមព្រះបាទម្ចាស់កាត់សេចក្ដីឲ្យទានខ្ញុំព្រះបាទហោង ” ។
ឯចៅសោកែឆ្លើយដោះសារថា
“ឪពុកម្ដាយខ្ញុំប្រាប់រៀង ៗមកថា “ មេបាជីដូនជីតាឪពុកម្ដាយ
អម្បាលដែលស្លាប់ទៅសឹងយកកំណើតជាត្រី ហើយផ្ដាំថា
បើមានសារពើសត្វអ្វីទៅសម្លាប់សត្វត្រីស៊ី
ឲ្យខ្ញុំប្របាទបាញ់សម្លាប់សត្វអស់នោះស៊ីវិញ
បើសត្វអស់នោះមានកូនចៅផៅពង្សនៅជាមនុស្ស
ឲ្យប្ដឹងចៅក្រមឲ្យចាប់យកមកជំនុំជម្រះលក់ពិន័យកូនចៅផៅពង្សអស់នោះ
ឥឡូវនេះ ហ្វូងទង់នាំគ្នាទៅប្លន់ចាប់ត្រីជាជីដូនជីតាឪពុកម្ដាយខ្ញុំប្របាទស៊ី
ទើបខ្ញុំប្របាទបាញ់ទុងអស់នោះ,
ឥឡូវបើចៅពាលោថាទុងនោះជាឪពុកគេដូច្នេះ
សូមអស់លោកជាចៅក្រមជំនុំជម្រះ ពិចារណាសេចក្ដីនេះឲ្យទានខ្ញុំប្របាទចុះ
” ។
ចៅក្រមជំនុំពិចារណាសេចក្ដីនេះមិនដាច់ស្រេច
ទើបនាំចៅទាំង ២ នាក់
ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្ដីនោះសព្វគ្រប់ប្រការ ។
ចៅពាលោឃើញថាក្ដីរបស់ខ្លួនចាញ់ប្រៀបក្ដីរបស់ចៅសោកែ
ទើបនិយាយដោះសាខ្លួនថា “ ចៅសោកែពុំបានបាញ់ទុងនៅអាយឡើយបាញ់ទុងពីនាយទេ
ខ្ញុំព្រះបាទអម្ចាស់ប្រកាន់ត្រង់នេះឯង ” ។
ព្រះមហាក្សត្រ
មានព្រះបន្ទូលដណ្ដឹងសួរទៅចៅពាលោថា “ ឯទុងឪពុកចៅនៅឯអាយស៊ីអ្វី
ស៊ីក្ដាមខ្យងឬស៊ីត្រី ?
” ។ ចៅពាលោក្រាបទូលថា “ ស៊ីត្រី ” ។
ព្រះមហាក្សត្រមានព្រះបន្ទូលថា “ បើដូច្នេះទុងជាឪពុកឯងចាប់ត្រីជាឪពុកចៅសោកែស៊ី
ដូចពាក្យចៅសោកែមែន ” ហើយទ្រង់បង្គាប់ឲ្យចៅពាលោទៅជាខ្ញុំចៅសោកែ ។
ចៅទាំង ២
ក៏សុខចិត្តហើយក្រាបថ្វាយបង្គំលាត្រលប់ទៅកាន់លំនៅអាត្មាវិញហោង
រឿង បុរសបាញ់ទង់
Reviewed by VannyDa
on
1:22 PM
Rating: