រឿង អាមាត្យរក្សាព្នៅព្រះរាជទ្រព្យ
មាននិទានមួយដំណាលថា : មានអាមាត្យម្នាក់តែងរក្សានិងរាប់ផ្លែព្នៅព្រះរាជទ្រព្យ
របស់ព្រះមហាក្សត្រមួយអង្គ កាលណាផ្លែព្នៅនោះទុំ
ក៏បេះយកទៅថ្វាយជានិច្ចពុំដែលខាន គាប់ជួនថ្ងៃមួយនោះ
បុរសម្នាក់កាន់ទំពក់ទៅបេះផ្លែព្នៅ ដើរទៅក្បែរខាងដើមព្នៅ
ដែលអាមាត្យនៅថែរក្សានោះ ។ អាមាត្យមើលទៅ
យល់បុរសនោះកាន់ផ្លែព្នៅនៅថ្នក់ ទំពក់នៅដៃ
ក៏ទៅរាប់ផ្លែព្នៅនៅដើមនោះមើល ឃើញតែទងទទេទើបគិតថា “
សមជាអាលីទំពក់នឹងផ្លែព្នៅដើរទៅអម្បាញ់មិញ នេះឯង ជាចោរលួច ” ។
អាមាត្យក៏រត់ទៅតាមចៅនោះ ឃើញមានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃមែន
ហើយក៏ចាប់កោះយកទៅប្ដឹងចៅក្រមថា “ ចៅនេះឯង
ជាចោរលួចផ្លែព្នៅព្រះរាជទ្រព្យ
ខ្ញុំចាប់បានផ្លែព្នៅនៅថ្នក់ទំពក់នៅដៃ ” ។
ចៅក្រមដណ្ដឹងសួរថា “ ចៅឯងជាចោរលួចបេះផ្លែព្នៅព្រះរាជទ្រព្យមែនឬទេ ? ” ។
ចៅនោះឆ្លើយថា “ ខ្ញុំមិនមែនជាចោរលួចទេ, ឯផ្លែព្នៅនេះខ្ញុំបេះមកពីព្រៃដទៃទៀតទេ
” ។ ទើបចៅក្រមនាំសេចក្ដីនោះ
ទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើរសេចក្ដីនោះសព្វគ្រប់ ។
ព្រះមហាក្សត្រមានបន្ទូលថា
“កុំអាលឲ្យគាបវាឡើយ” ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅអំពីចៅនោះ
ទៅដាក់ផ្ទាប់ទល់នឹងទង ដែលផ្លែព្នៅជ្រុះចេញទៅនោះ តើត្រូវឬមិនត្រូវ
រួចសឹមទម្លាក់ផ្លែព្នៅនោះទៅដី ហើយពិចារណារកដើមហេតុឲ្យឃើញពិតប្រាកដសិនបើឃើញថា
គួរមានទោសសឹមធ្វើទោសវា ” ។
អាមាត្យទទួលព្រះរាជឱង្ការ
ហើយយកផ្លែព្នៅនោះទៅដាក់លនឹងទងព្នៅ ឃើញថាមិនត្រូវទំនងគ្នាសោះ
ហើយទម្លាក់ទៅដី ផ្លែព្នៅនោះក៏ជ្រុះទៅក្នុងថ្លុកកប់ភក់ទៅ ។
ព្រះអង្គឲ្យយកផ្លែព្នៅ ដែលជ្រុះអំពីមុននោះទៅដាក់ផ្ទាប់លមើល
ក៏ឃើញត្រូវនឹងទងនោះមែន
ហើយត្រាស់បង្គាប់ឲ្យយកផ្លែព្នៅខុសនឹងទងវាឲ្យទៅបុរសលីទំពក់វិញ
ហើយឲ្យបើកលែងទៅ ។
ចៅនោះក៏យកទំពក់និងផ្លែព្នៅរបស់ខ្លួនទៅកាន់ទីលំនៅអាត្មាវិញ ។
ព្រះមហាក្សត្រទ្រង់រកសេចក្ដីពិត
បានឃើញជាក់ស្ដែងដូច្នេះហៅសុគតិគមនំ ត្រូវតាមគន្លងធម៌ហោង ។
រឿង អាមាត្យរក្សាព្នៅព្រះរាជទ្រព្យ
Reviewed by VannyDa
on
1:23 PM
Rating: