រឿង ធនញ្ជយសេដ្ឋីលួចមាស របស់តុត្តលោសេដ្ឋី
មាននិទានមួយថា : មានសេដ្ឋី
២ នាក់ ម្នាក់ឈ្មោះធនញ្ជយសេដ្ឋីម្នាក់ឈ្មោះតុត្តលោសេដ្ឋី អ្នកទាំង ២
ស្រលាញ់គ្នាណាស់យកគ្នាជាក្លើ ។ ឯតុត្តលោសេដ្ឋី
យកមាសមួយពាន់តម្លឹងដាក់ក្នុងថង់ យកខ្សែចងដំត្រាជាសម្គាល់រួចហើយ
ផ្ញើទុកនៅផ្ទះធនញ្ជយសេដ្ឋីជាក្លើ ។ ធនញ្ជយសេដ្ឋីទៅជួញយកមាសទុកហើយ
តុត្តលោសេដ្ឋីលាធនញ្ជយសេដ្ឋីទៅជួញជាអំឡុងទៅ ។
ធនញ្ជយសេដ្ឋីឲ្យទៅរកជួលជាងជួលបានហើយ ទើបកាត់ថង់ទាំងពីរ
យកមាសមួយពាន់តម្លឹងចេញមកហើយ ក៏យកទង់ដែងមកថ្លឹងទម្ងន់ស្មើនឹងមាសនោះហើយ
យកទៅច្រកទុកក្នុងថង់មាសនោះវិញ
រួចជួលជាងឲ្យជុលថង់នោះឲ្យបានដូចដើម ។ ជាងទទួលឈ្នួលជុលថង់រួចហើយ
ឲ្យធនញ្ជយសេដ្ឋីទទួលទុកជាអំឡុងទៅ ។ តុត្តលោសេដ្ឋីមកអំពីជួញ
ទើបប្រដាប់ចំណីផ្លែឈើផងយកមកជូនធនញ្ជយសេដ្ឋីជាក្លើហើយនិយាយថា
“អញមកសុំមាសអំពីក្លើ” ។
ឯធនញ្ជយសេដ្ឋីយកថង់ច្រកទង់ដែងឲ្យតុត្តលោសេដ្ឋី ៗ
រមិលរមើលថង់នោះសព្វគ្រប់ ជាក់ជារបស់ឯង ពុំប្លែកឡើយ
តែទទួលយកមកស្រាយពុំឃើញមាសនោះឡើយ ឃើញឯទង់ដែងវិញ តុត្តលោសេដ្ឋីសួរថា
អញផ្ញើមាសអញនៅក្លើ មាសអញបាត់ទៅណាក៏មកឃើញឯទង់ដែងដូច្នេះវិញ ។
ធនញ្ជយសេដ្ឋីឆ្លើយថា “នរណានឹងយកមាសក្លើ បើក្លើមិនជឿអញក្លើមើលតែថង់
ចំណងខ្សែថង់ នឹងត្រានោះចុះ ” ម៉្លោះហើយអ្នកទាំង ២
ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេច
កើតទៅជាក្ដីនឹងគ្នាក៏នាំគ្នាទៅប្ដឹងចៅក្រមៗ
ជំនុំឲ្យពុំបានទើបនាំគ្នាទៅដល់ព្រះមហាក្សត្រ ។
ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ ត្បិតខ្ញុំព្រះបាទអម្ចាស់
យកមាសមួយពាន់តម្លឹងច្រកក្នុងថង់ចងមាត់ខ្ជាប់ដំត្រាហើយផ្ញើនឹងក្លើនេះឯង
ម្ដេចក៏មាសរបស់ខ្ញុំព្រះបាទអម្ចាស់ប្រែជាទង់ដែងទៅវិញ
សូមព្រះបាទអម្ចាស់ ទ្រង់ព្រះពិចារណាហោង” ។
ឯធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា
“ត្បិតក្លើនេះឯងយកទង់ដែងច្រកថង់ដំត្រាខ្ជាប់
ហើយផ្ញើនឹងខ្ញុំព្រះបាទអម្ចាស់ឲ្យទុកឲ្យ
ខ្ញុំព្រះបាទអម្ចាស់ពុំដឹងជាទង់ដែងស្មានថាជាមាសពិត
ខ្ញុំព្រះបាទអម្ចាស់ក៏ទទួលទុក
លុះយូរទៅក្លើនេះមកយកអំពីខ្ញុំព្រះបាទអម្ចាស់ ៗ យកឲ្យហើយ
ក្លើនេះស្រាយចេញពុំឃើញមាសឡើយ ឃើញឯទង់ដែងវិញ ក្លើនេះថា
“ខ្ញុំព្រះបាទអម្ចាស់យកមាសនោះ” សូមព្រះអង្គទ្រង់ពិចារណា
ព្រះរាជទានខ្ញុំព្រះបាទអម្ចាស់ហោង ” ។ ព្រះមហាក្សត្រ ព្រះអង្គ
បានជ្រាបនូវដំណើរការណ៍សេដ្ឋីទាំង ២ ហើយទើបមានព្រះបន្ទូលថា
“ហៃសេដ្ឋីទាំង ២ អើយ! កុំព្រះស្ដែងក្ដីនឹងគ្នា
បើព្រះស្ដែងស្រលាញ់គ្នាអំពីដើមដូចម្ដេចមិញ
ចូរព្រះស្ដែងស្រលាញ់គ្នាដូចដែលហោង”។
ឯធនញ្ជយសេដ្ឋីកាលបើឮព្រះបន្ទូលដូច្នោះហើយ ក៏ក្រាបលាទៅលំនៅអាត្មាវិញ
។ ក្រោយមកព្រះអង្គត្រាស់ដណ្ដឹងទៅតុត្តលោសេដ្ឋីថា “ ធនញ្ជយសេដ្ឋី
មានកូនឬឥតកូន ?
” ។ តុត្តលោសេដ្ឋីក្រាបទូលថា “ មានកូន ” ។
ទើបព្រះអង្គមានព្រះបន្ទូលថា “បើមានកូនមែនដូច្នោះ
ចូរព្រះស្ដែងប្រលោមលួងលោម យកកូននោះមកនៅនឹងព្រះស្ដែង បាន ៣ ថ្ងៃ
ហើយព្រះស្ដែង យកស្វា ១ ទៅឲ្យវិញ ហើយប្រាប់ថា “
កូនក្លើប្រែអាត្មាជាស្វាទៅហើយ” ។ តុត្តលោសេដ្ឋី ទទួលព្រះបន្ទូលដូច្នោះហើយ
ក៏ទៅប្រលោមលួងលោមយកកូនធនញ្ជយសេដ្ឋីបានមកនៅជាអំឡុងថ្ងៃ ៣
យកកូននោះលាក់ហើយ ចាប់បានស្វា ១ យកទៅឲ្យធនញ្ជយសេដ្ឋី ហើយប្រាប់ថា “
ក្លើ ! ឥឡូវនេះ កូនក្លើឯងប្រែទៅជាស្វាទៅហើយ” ។ ធនញ្ជយសេដ្ឋីថា “
ក្លើយកកូនអញទៅនៅផង ហេតុអ្វីបានជាពុំយកកូនមកឲ្យអញ
យកឯស្វាមកឲ្យអញដូច្នេះ ?
” ។ តុត្តលោសេដ្ឋីថា “នេះឯងកូនក្លើហើយ
ម្ដេចឡើយក្លើថាអញយកស្វាមកឲ្យ ” ។ ម្ល៉ោះហើយសេដ្ឋីទាំង ២
ក៏ប្រកែកគ្នាទៅវិញទៅមកពុំចេះអស់ពុំចេះហើយ ទើបនាំគ្នាទៅគាល់ព្រះមហាក្សត្រ
។ ធនញ្ជយសេដ្ឋីក្រាបបង្គំទូលថា “ តុត្តលោសេដ្ឋី
យកកូនខ្ញុំព្រះបាទអម្ចាស់ទៅនៅផងជាអំឡុងថ្ងៃ ៣ ពុំយកកូនមកឲ្យខ្ញុំ
ព្រះបាទអម្ចាស់វិញឡើយ យកឯស្វាមកឲ្យថាកូនខ្ញុំអម្ចាស់វិញ
សូមព្រះរាជទាន ព្រះអង្គទ្រង់ពិចារណាឲ្យខ្ញុំព្រះបាទអម្ចាស់ ” ។
ឯតុត្តលោសេដ្ឋីក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់
យកកូននេះទៅពិតមែន តែហេតុម្ដេចបានជាកូននេះប្រែអាត្មាជាស្វាវិញ
រឿងនេះសូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង” ។
ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ដំណើរសេដ្ឋីទាំង ២ ហើយ
ក៏ទ្រង់មានព្រះបន្ទូលថា “ សេដ្ឋីអើយ ! បើវាបានជាក្លាយដូច្នេះទៅហើយ
ព្រះស្ដែងទាំង ២ នាក់ត្រូវធ្វើសច្ចាធិដ្ឋានរៀងខ្លួន
ហើយធនញ្ជយសេដ្ឋីត្រូវយកទង់ដែងច្រកក្នុងថង់ទុកដូចដែលអស់កំឡុងថ្ងៃ ៣
តុត្តលោសេដ្ឋី ក៏ត្រូវយកស្វាទៅទុករក្សាធ្វើជាកូនអស់កំឡុងថ្ងៃ ៣ ដែរ, បើព្រះស្ដែងទាំងពីរស្រលាញ់គ្នា
តាមសភាពដើមពិតមែនហើយ ទង់ដែងមុខជាកើតជាមាសវិញ, ស្វាក៏មុខជាប្រែខ្លួនជាកូនវិញដែរ
បើបានដូចក្ដីសច្ចាធិដ្ឋានរបស់ព្រះស្ដែងទាំងពីរនាក់ហើយ ចូរព្រះស្ដែងនាំមកកាន់អញ”
។ សេដ្ឋីទាំងពីរទទួល ព្រះបន្ទូលហើយក្រាបលាទៅលំនៅអាត្មាទីទៃ ៗ ។
ដល់រាត្រីថ្ងៃទី ៣ ធនញ្ជយសេដ្ឋីយកមាសច្រកក្នុងថង់ នាំឡើងទៅថ្វាយ ។
ឯតុត្តលោសេដ្ឋីឮថា ធនញ្ជយសេដ្ឋីយកមាសទៅថ្វាយ ក៏យកកូនទៅថ្វាយដែរ ។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលឲ្យយកមាសឲ្យ តុត្តលោសេដ្ឋី, យកកូនអំពីតុត្តលោសេដ្ឋី
មកឲ្យធនញ្ជយសេដ្ឋីវិញ ហើយទ្រង់មានព្រះបន្ទូលថា “ ព្រះស្ដែងទាំង ២
នាក់កុំអន់ចិត្តនឹងគ្នាឡើយ ចូរស្រលាញ់គ្នាដូចដើមវិញទៅ ” ។ សេដ្ឋីទាំង
២ ទទួលព្រះបន្ទូលព្រះមហាក្សត្រហើយ ក៏ក្រាបបង្គំលាទៅលំនៅអាត្មាទីទៃ ៗ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។
រឿង ធនញ្ជយសេដ្ឋីលួចមាស របស់តុត្តលោសេដ្ឋី
Reviewed by VannyDa
on
1:00 PM
Rating: