រឿង ក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ
ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី ១៥
ក្នុងរជ្ជកាលព្រះបរមរាជា ( ពញាយ៉ាត )(១) គឺ ព្រះស្រីសុរិយោពណ៌(២)
នៅពេលដែលត្រង់បោះបង់ចោលព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី
នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ
ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម ។
ប៉ុន្តែដោយទីទួលបាសាណនេះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ
ទ្រង់សាងប្រាសាទព្រះរាជវាំងហើយ គង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកសាងទីក្រុងថ្មី
នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះនៅ គ.ស. ១៤៣៤ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ
មាន ២ លើក
លើកទី ១ នៅគ្រិស្តសតវត្សទី ១៥
រជ្ជកាលព្រះបាទពញាយ៉ាត តែមិនឋិតថេរ
លើកទី ២ នៅគ្រិស្តសតវត្សទី ១៩
រជ្ជកាលព្រះបាទនរោត្តម ទើបឋិតថេរ ។
បានជាការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ
មាន ២ លើក ព្រោះពីក្រោយស្ថាបនាលើកទី១ អំពី គ. ស. ១៤៣៤ ដល់ ១៤៩៧ នោះ
ព្រះរាជវាំងបានស្ថាបនានៅអង្គរវិញ... ក្រោយពីអង្គរ ទៅពោធិ៍សាត់ ...
ទៅបរិបូណ៌... ទៅលង្វែក... ទៅឧត្តុង្គ, ហើយក្រោយពីឧត្តុង្គ
ព្រះរាជវាំងត្រឡប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី ២ នៅ គ. ស. ១៨៦៥
ទើបបានឋិតថេរដល់សព្វថ្ងៃ ។ រឿងដើមកំណើតទីក្រុងភ្នំពេញ
ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ
គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង
ដោយមានរឿងដំណាលថា
ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២)
មានយាយចាស់ម្នាក់ឈ្មោះ " ពេញ " ជាអ្នកមានភោគសម្បត្តិបរិបូណ៌
មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។
ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយ
ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម
ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង
ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់
នៅក្បែរមាត់ច្រាំងនោះ ។លុះដូនពេញឃើញដូច្នោះ
ក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកគគីរនោះ ។
អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្ដងៗ
ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញ
យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប
៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម
ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ
ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់
ដោយរើសបានរបស់ជាទីគោរព
ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ
ហើយដូនពេញចាត់ការសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្ន ។
ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាង
ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។
បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ
ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២
ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង
ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤
ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ
គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា
ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា
" អ្នកតាព្រះចៅ " ។ នាមចាប់មកដល់សព្វថ្ងៃនេះ ។
កាលសាងវិហាររួចហើយ
គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច
ទើបកើតមានឈ្មោះថា " វត្តភ្នំដូនពេញ " ដែលសព្វថ្ងៃនេះ
ហៅកាត់ខ្លីថា " វត្តភ្នំ " ហើយទីភូមិនោះ គេហៅថា " ភ្នំពេញ
" តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។
ឯព្រះពុទ្ធរូប ៤ ព្រះអង្គ
និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់
អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ( នេះជំនឿរបស់អ្នកស្រុក ) ។
នេះហើយជាដើមកំណើតក្រុងភ្នំពេញ
ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ
បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១
ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង
មហានគរ (នគរធំ) បាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់ ១៦
នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា
នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន
ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីឈរ
ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅថ្ងៃទី ១៣ រោច ខែមិគសិរ
ឆ្នាំជូតចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២(១) ព្រះបាទសម្ដេចបរមរាជា
(ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយរាជសេវកាមាត្យ
នាហ្មឺនសព្វមុខមន្ត្រីជាដើម ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក លុះថ្ងៃ ១៥
កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក ស្ដេចយាងដល់ទួលបាសាណ
ស្ដេចគង់នៅជាសុខសម្រាន្តក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង ១
ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ
ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ
ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជយភូមិ
ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថា
ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ
ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ។
នៅថ្ងៃ ៩ កើត ខែពិសាខ ឆ្នាំ ខាលឆស័ក ព. ស.
១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត)
ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណ, នៅថ្ងៃ ១៥ កើត ខែពិសាខ នុ៎ះឯង
ស្ដេចយាងចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។
នៅថ្ងៃ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក
ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះប្រទានក្រុងថ្មីនេះថា
ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម
មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុម្មុខបូព៌ា វិញ ។ល។
ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង
ជាអ្នកកាន់ការលើកដីចាប់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងផង ។
ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក
គឺទីដីត្រង់ផ្សាថ្មីសព្វថ្ងៃនេះ ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា
ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ
ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង
គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ ។ល។
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត)
ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី
ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយធំៗ
ពីខាងក្រោយវិហារ ។ល។ ទ្រង់បញ្ញត្តឲ្យហៅវត្តភ្នំដូនពេញថា
វត្តព្រះចេតិយបព៌ត ដូច្នេះវិញ
(លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ
អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក )
ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ
១-
វត្តកោះនៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,
២-
វត្តលង្កានៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,
៣- វត្តព្រះពុទ្ធឃោសា
នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ
បានជាទ្រង់ព្រះរាជទាននាមវត្តទាំង ៣
នេះដូច្នេះ ដើម្បីឲ្យសមនឹងដំណើររឿងដែលថា
ព្រះឃោសាចារ្យទៅចម្លងគម្ពីរអំពីកោះលង្កា ។.
៤- វត្តពាមផ្លុង
នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង
ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ
មានព្រះនាមថា ព្រះស្រកាលេញ
ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ
៥- វត្តឧណ្ណាលោម
ដែលមាននាមនេះស្រេចស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ
ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ
នៅចំកណ្ដាលព្រះចេតិយទាន ៥ ខាងលិចវត្តឧណ្ណាលោមសព្វថ្ងៃនេះ
៦- វត្តខ្ពបតាយ៉ង
ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ
លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។
បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត)
ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង
ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា
ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១
នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់កន្លែងនោះ
មានរោងចិនដំដែកវិញ ។
នៅតាមមាត់ទន្លេ ៤ មុខ
ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង
។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ
ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។
ឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ ។
បួនឆ្នាំក្រោយមក
ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត)
បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។
ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា
ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត)
ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី
នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។ ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី
២
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស
ឆ្នាំឆ្លូវសប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥(១) ម៉ោង ៩
ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវាវតារ (ព្រះសុវណ្ណកោដ្ឋ)
ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ
មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។
ការកសាងក្រុងភ្នំពេញ
ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១
ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង
ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ។
រឿង ក្រុងភ្នំពេញ
Reviewed by VannyDa
on
2:29 PM
Rating: