រឿង វត្តវិហារសួរ (នៅខេត្តកណ្ដាល)
វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធ
១ ឮកិត្តិនាមពេញប្រទេសកម្ពុជា
តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន
។ រៀងរាល់ឆ្នាំ ក្នុង ១ ឆ្នាំៗ
តែងមានមហាជនរាប់ពាន់នាក់ទៅបូជាបែរបន់តាមប្រាថ្នាផ្សេងៗ
ទាំងព្រះរាជាព្រះរាជវង្សា-នុវង្ស នាហ្មឺនសព្វមុខមន្ត្រី ក៏តែងស្ដេចយាង
តែងអញ្ជើញទៅបូជាបួងសួងនៅទីនោះដែរ ។
វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ
ដែលព្រះរាជាបក្សីចាំក្រុងទ្រង់សាង ទុកជាអនុស្សាវរីយ៍
ត្រង់ទីដែលតាគហ៊េតើនព្រះអង្គឡើងសួរ
សឹងមានតែងទុកជាប្រវត្តិនៃវិហារដូចតទៅ
តាមរបាក្សត្រដែលមានចារឹកទុកមក
ក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជា ថា " វត្តវិហារសួរ "
កើតឡើងក្នុងរជ្ជកាលទី ១៩ គឺរជ្ជកាល ព្រះបាទបក្សីចាំក្រុង
ជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្ត ក្នុងពុទ្ធសករាជរវាង ១៥៧២
គ្រិស្តសករាជរវាង ១០២៨ ឬ ២៩ ព្រះអង្គបានផ្ដើមកសាងទុកជាអនុស្សាវរីយ៍
រំលឹកពេលដែលព្រះអង្គរត់ទ័ពជាមួយតាគហ៊េ ។
រឿងរ៉ាវដើមហេតុនាំឲ្យមានការរត់ទ័ពនេះ
មានដំណាលថា
កាលដែលព្រះបាទចក្រពត្រ
ព្រះរាជាប្រទេសកម្ពុជារជ្ជកាលទី ១៦ ទ្រង់ព្រះទិវង្គតទៅ
បុរសម្នាក់ឈ្មោះដំបងគ្រញូងមានរឹទ្ធិខ្លាំងពូកែបានសោយរាជ្យជារជ្ជកាលទី
១៧ ឡើង បង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន ។
កាលនោះ
មានព្រះម្នាងម្នាក់ទ្រង់ព្រះគភ៌ពុំទាន់គ្រប់ខែ
ភៀសខ្លួនជារាស្ត្រសាមញ្ញចេញទៅនៅស្រុកក្រៅ សំណាក់ជាមួយតាគហ៊េ
និងយាយលាក់ ជាស្វាមីភរិយា ។ លុះព្រះគភ៌គ្រប់ ខែ ១០
ក៏សម្ភពព្រះរាជបុត្រា ១ ព្រះអង្គ ប្រកបដោយលក្ខណៈល្អ
មានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្តនិងបាតព្រះបាទ ។ តាគហ៊េ
និងយាយលាក់ស្រឡាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត ។ ថ្ងៃមួយ
តាយាយនឹងព្រះម្នាងទៅច្រូតស្រូវ បានផ្ដេកព្រះរាជកុមារក្រោមម្លប់ឈើ
១ដើម ។ លុះកម្ដៅថ្ងៃចាំងមកត្រូវព្រះរាជកុមារ មានសត្វបក្សី ១
មកកាងស្លាបក្រុងបាំងពីលើមិនឲ្យត្រូវថ្ងៃ ។ តាគហ៊េស្មានថាសត្វចឹកចៅ
រត់ទៅមើល បក្សីនោះហើរបាត់ទៅ ។ តាគហ៊េនឹកសរសើរថា
កូននោះមានបុណ្យអស្ចារ្យណាស់ ក៏ថ្វាយព្រះនាមថា " បក្សីចាំក្រុង
" ។
តមក កាលព្រះបាទព្រហ្មកិល (ពញាក្រែក)
រជ្ជកាលទី ១៨ ទ្រង់សោយរាជ្យឡើង
ទ្រង់បានជ្រាបទំនាយតាមពួកហោរាទាយថ្វាយថា "
មានអ្នកមានបុណ្យកើតក្នុងត្រកូលក្សត្រ បានព្រះជន្ម ៧ ឆ្នាំ
ហើយភៀសខ្លួនជារាស្ត្រនៅក្នុងព្រះរាជាណាចក្រនេះ អ្នកមានបុណ្យនោះមានកងចក្រនៅបាតដៃបាតជើង
" ទ្រង់ក៏យកក្មេងៗ អាយុ ៧ ឆ្នាំ ដែលមានក្នុងព្រះនគរទាំងប៉ុន្មាន
មកផ្ដិតដៃលើម្សៅចង្អេរ ដើម្បីទ្រង់ពិនិត្យរកកង់ចក្រ ។
តាគហ៊េភ័យក៏ពបក្សីចាំក្រុងរត់ចេញ ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់ ។
ហេតុតែបុណ្យបារមីបក្សីចាំក្រុង
កងទ័ពដេញតាមពុំទាន់ រកពុំឃើញ ។ តាគហ៊េបញ្ជិះបក្សីចាំក្រុងលើស្មា
ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់ហើយគាត់ទូលបក្សីចាំក្រុងថា "
បាគង់នៅទីនេះចុះ ចាំតាទៅកៀងគោបញ្ចូលក្រោលសិន " ហើយគាត់ចោលដំបងដេញគោ
ដំបងបាត់ក្នុងទឹកអូរ រកពុំឃើញបានជានោះមានឈ្មោះថា " អូរដំបង
" នៅក្នុងខេត្តបាត់ដំបង សព្វថ្ងៃនេះ ។
បន្ទាប់ពីនេះ
តាគហ៊េពបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួល១
មានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សម្រាកដេកនៅទីនោះ បានជាទីនោះហៅថា
" ភូមិរលួស " នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបសព្វថ្ងៃនេះ ។
លុះព្រឹកឡើងរត់ដោះពីទីនោះ
ចូលទៅក្នុងព្រៃប្រទះនឹងព្រែក ១ មានទឹកខណ្ឌផ្លូវ
តាគហ៊េបានឃើញម្នាក់ឈ្មោះ ជីក្រែង ជិះទូកស្ទូចត្រីក៏ឲ្យចម្លង
បានជាជាប់ឈ្មោះទីនោះថា "ភូមិជីក្រែង" ស្រុកជីក្រែង "
នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះ ។
ក្រោយពីនោះមក រត់មកដល់ភ្នំមួយ
ជួបនឹងតាម្នាក់ឈ្មោះ ម៉ឹង តាម៉ឹងសួរតាគហ៊េថា "តានាំចៅទៅណា?“ ។ តាគហ៊េប្រាប់ថា
"ខ្ញុំមានអាសន្ន មានទុក្ខធំណាស់ អត់ទាំងស្បៀងអាហារផង" ។ តាម៉ឹងឲ្យតាគហ៊េពួននៅចាំភ្នំនោះ
ខ្លួនគាត់ទៅយកអាហារមកឲ្យបរិភោគ ហើយឲ្យជាស្បៀងតាមផ្លូវផង
បានជាភ្នំនោះឈ្មោះថា "ភ្នំអាសន្នទុក្ខ" ដែលក្លាយមកជា
ភ្នំសន្ទុក ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ ។
តពីនោះ តាគហ៊េនិងបក្សីចាំក្រុង
ដោយសារទូកគេឆ្លងកាត់ទីទំនាបទឹកមកដល់ខេត្តជើងព្រៃ
កងទ័ពលើកមកតាមជិតទាន់ តាគហ៊េក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ ១
វេលាយប់ ព្រៃនោះមានមូសច្រើន បក្សីចាំក្រុងបួងសួងថា
"បើខ្ញុំមានបុណ្យសូមកុំឲ្យមានមូសក្នុងទីនេះ" ។
ដោយអានុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា "
ទួលគហ៊េ " នៅក្នុងតំបន់រកាកោង ស្រុកមុខកំពូល
ខេត្តកណ្ដាលសព្វថ្ងៃនេះ ។
លុះព្រឹកឡើង
តាគហ៊េក៏នាំបក្សីចាំក្រុងរត់ទៅទៀត
ដល់មាត់ទន្លេប្រុងនឹងឆ្លងទៅត្រើយខាងត្បូង តែរកទូកឆ្លងគ្មាន
បក្សីចាំក្រុងផ្សងបារមីថា
"បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុកបម្រុងពុទ្ធសាសនាមែន
សូមឲ្យដើមរកានៅត្រើយខាងជើងកោងទៅ ដើមល្វានៅត្រើយខាងត្បូងទេរមក
" ។ ដើមឈើទាំងពីរនោះក៏កោងទៅ ទេរមកដូចប្រណិធាន ។
តាគហ៊េ
ក៏បក្សីចាំក្រុងឆ្លងតាមឈើទាំងពីនោះទៅ
ដើមឈើទាំងពីរក៏ងើបឡើងដូចដើមវិញ ទើបទីត្រើយខាងជើងឈ្មោះថា “រកាកោង“
នៅស្រុកមុខកំពូល ខេត្តកណ្ដាល ទីត្រើយខាងត្បូងឈ្មោះថា " ល្វាទេរ
" នៅស្រុកស្រីសន្ធរ នៅខេត្តកំពង់ចាម សព្វថ្ងៃនេះ ។
លុះតាគហ៊េនាំរត់ទៅត្រើយខាងត្បូងដល់ទួល
១
ប្របឆ្នេរបឹងបានកាប់មែកជ្រៃដោតធ្វើសម្រប់ស្រប់សម្រាកកម្លាំងនៅទីនោះ
បក្សីចាំក្រុងក៏និទ្រាលក់ក្រោមម្លប់សម្រប់នោះ ។
កំពុងតែលក់ស្រួលស្រាប់តែហ្វូងសត្វតាដក់រនាលទុងជាច្រើន ដែលចុះរកស៊ីក្នុងបឹងនោះ
វាផ្អើលអ៊ូឡើងឮសន្ធឹកជាខ្លាំង តាគហ៊េឮសព្ទស្មានថាជាកងទ័ព
ក៏ស្ទុះតើនព្រះកុមារសួរថា " នែចៅ! ឮសូរអ្វីខ្លាំងម្ល៉េះ?” ។
ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានកងទ័ព
ក៏ស្ទុះឡើងមែកជ្រៃដែលដោតធ្វើសម្រប់នោះ ឈរមើលគ្រប់ទិសមិនឃើញកងទ័ព
ឃើញតែសត្វហើរដេរដាស ក៏បាត់ភ័យទៅវិញ ។ មែកជ្រៃនោះរស់នៅរៀងរាបដរាបមក
នៅខាងត្បូងវត្តវិហារសួរសព្វថ្ងៃនេះ ។ លំដាប់ពីនោះ
តាគហ៊េនាំបក្សីចាំក្រុងរត់ឆ្លងទន្លេដោយទូកទៅត្រើយខាងលិចទៅពួននៅគុហាភ្នំប្រសិទ្ធិ
ខេត្តសំរោងទងចាស់ ដែលជាស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃនេះ ។
កងទ័ពតាមទៅបៀតបៀនពុំបានឡើយ ។
លុះព្រះបាទព្រហ្មកិល (ពញាក្រែក) សោយរាជបាន
២០ ឆ្នាំ ទ្រង់ព្រះទិវង្គតទៅ នាហ្មឺនសព្វមុខមន្ត្រីដឹងថា
បក្សីចាំក្រុងរាជកុមារមានបុណ្យអស្ចារ្យ គង់ភ្នំប្រសិទ្ធិ
ក៏អញ្ជើញទ្រង់មកសោយរាជសម្បត្តិតទៅ ។
កាលបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង
ទ្រង់តាំងតាគហ៊េនឹងយាយលាក់ជាព្រះអយ្យកោព្រះអយ្យិកាធម៌ ។
ទ្រង់ឲ្យសាងប្រាសាទ១ ទ្រង់ទីដែលឃើញទង់ជ័យវែងលលៃនៃកងទ័ព ដែលលើកដេញតាមជាដំបូង
ហៅថា " ប្រាសាទលលៃ " ។ ទ្រង់ឲ្យសាងប្រាសាទ ១ ត្រង់តាគហ៊េថា
"បាគង់សិន" ហៅថា "ប្រាសាទបាគង់" ដែលក្លាយមកជា
"ប្រាសាទបាគង" នៅខេត្តសៀមរាប សព្វថ្ងៃនេះ ។ ទ្រង់ឲ្យសាងប្រាសាទ
១ ទៀតនៅក្រោលគោរបស់តាគហ៊េហៅថា "ប្រាសាទបាគោ" នៅខេត្តសៀមរាប
សព្វថ្ងៃនេះ ។ ទ្រង់ឲ្យសាងព្រះវិហារ ១ នឹងព្រះពុទ្ធបាទ ១
នៅភ្នំអាសន្នទុក្ខលើកតាម៉ឹងជាចៅហ្វាយស្រុករក្សាទីនោះ ។
ទ្រង់ឲ្យសាងវិហារ១ តម្កល់ព្រះពុទ្ធបដិមាករ ១ ព្រះអង្គ
ត្រង់ទីដែលដោតមែកជ្រៃធ្វើសម្រប់ គឺទីដែលតាគហ៊េតើនទ្រង់សួរពីសូរសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ
ហៅថា " វត្តវិហារសួរ " ទើបជាប់មាននាមថា " វត្តវិហារសួរ
" ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធដរាបមកដល់សព្វថ្ងៃនេះ ។
ឯតាគហ៊េ និងយាយលាក់នោះ
លុះចាស់ជរាទទួលមរណភាពតាមលំដាប់គ្នាទៅ ព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយសព្វ
ហើយទ្រង់ឲ្យយកធាតុតាគហ៊េទៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស
ទើបទីនោះមានឈ្មោះថា " ទួលគហ៊េ " នៅតំបន់រកាកោង
ស្រុកមុខកំពូលខេត្តកណ្ដាល សព្វថ្ងៃនេះ ។ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅប្រាសាទបាគោ
ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់នៅ ។
រឿង វត្តវិហារសួរ (នៅខេត្តកណ្ដាល)
Reviewed by VannyDa
on
2:30 PM
Rating: