រឿង ក្រុងឧត្តុង្គ នៅខេត្តកំពង់ស្ពឺ
ទីក្រុងឧត្តុង្គចាប់ផ្ដើមកសាងឡើងក្នុងសតវត្សទី
១៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទសម្ដេចជ័យជេដ្ឋាទី២
ដូចមានចែងក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជាតទៅនេះ ៖
ក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០
ព្រះបាទសម្ដេចព្រះជ័យជេជ្ឋាជាម្ចាស់ជីវិតលើត្បូង
ស្ដេចគង់នៅព្រះរាជវាំងល្វាឯម(១) ទ្រង់នាំព្រះអគ្គមហេសី
ព្រះស្នំក្រមការ សេនាបតី និងនាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួង
ចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ
ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃ
រួចស្ដេចយាងក្រសាលនៅទីតាដុង យាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ
ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហឫទ័យ
ហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួង
មានហោរាធិបតីជាដើមថា " យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ
តើអស់អ្នកទាំងពួងយល់ថាម្ដេច ?
“ ។ ឧកញ៉ាហោរាធិបតី មុំ គន់គូរពិនិត្យមើលដីនោះ
ដោយក្បួនហោរាសាស្ត្រហើយក្រាបបង្គំទូលថា "
ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួន ទាយថា
នឹងមានឫទ្ធតបៈតេជះឈ្នះអស់សត្រូវទាំង ៨ ទិស " ។
ព្រះរាជាទ្រង់ជ្រាបដូច្នោះ
ទ្រង់ចាត់ឧកញ៉ាក្រឡាហោម កែវ
ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនោះ ទ្រង់ចាត់ហើយ
ស្ដេចត្រឡប់មកព្រះបរមរាជវាំងល្វាឯមវិញ ។
លំដាប់ពីនោះ ឧកញ៉ាក្រឡាហោម កែវ
ក៏បង្គាប់ទៅចៅហ្វាយស្រុក
ឲ្យកេណ្ឌបណ្ដារាស្ត្រកាប់ឈើមកធ្វើជាព្រះរាជវាំង តាមព្រះរាជបញ្ជា ។
លុះប្រមូលគ្រឿងសម្ភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោម កែវ
បង្គាប់មេការឲ្យចាប់ផ្ដើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញ
សង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូចនិងចុងព្រះរាជរោង
ប្រមាណ ១០ ខែ ទើបរួចស្រេច ហើយយកសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាបសព្វគ្រប់ការ
។
លុះទ្រង់ជ្រាបហើយ
ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញចាក
ព្រះបរមរាជវាំងល្វាឯម
ទ្រង់ឡើងគង់ព្រះទីន័ងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាប មួយអន្លើដោយព្រះអគ្គមហេសី
ព្រះស្នំក្រមការ ព្រះរាជវង្សានុវង្ស សេនាបតី
នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារ
ដល់កំពង់តាដុង យាយជ័យ ទ្រង់ប្រថាប់ នៅទីនោះ ៣ រាត្រី
ទ្រង់ព្រះរាជបញ្ញត្តឲ្យហៅទីនោះថា "កំពង់ហ្លួង" ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់មុខក្រសួង
ឲ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី
និមន្តព្រះសង្ឃរាជាគណៈចម្រើនព្រះបរិត្ត ៣ ថ្ងៃ ចូលព្រះរាជពិធីនៅថ្ងៃ ៥
កើត ខែផល្គុន ឆ្នាំវកទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០
ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី
មន្ត្រីខ្ញុំរាជការជារាជបរិពារ
ហែស្ដេចឡើងពីកំពង់ហ្លួងចូលទៅគង់ក្នុងព្រះរាជវាំងថ្មី
រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ៣ថ្ងៃទៀត
ដោយមានល្បែងមហោស្រពគ្រប់បែបជាឧឡារិកអធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមព្រះនគរ
(ទីក្រុង) ថ្មីនោះថា " ព្រះបរមរាជវាំងមហានគរ
ឧត្តុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋាន " ដែលហៅខ្លីថា "
ក្រុងឧត្តុង្គមានជ័យ " ។
ទីក្រុងនេះ មានពាក្យអ្នកស្រុកនិទានតៗ
គ្នា ជារឿងព្រេងដូចតទៅនេះ ៖ រឿង តាដុងយាយជ័យ(១)
សេចក្ដីដំណាលថា
កាលនោះព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរខ្មែរ បាននាំព្រះអគ្គមហេសី
ដែលទ្រង់គភ៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ
ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរ តែទ្រង់ពុំបានជ្រាបថា
ព្រះអង្គប្រឈួននឹងប្រសូតិព្រះរាជបុត្រ
ព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍ ។
លុះព្រះរាជបុត្រប្រសូតិមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះ
នឹកខ្មាសអស់អាណាប្រជានុរាស្ត្រ
ក៏ទ្រង់កាយដីកប់ពងនោះទុកចោលក្នុងព្រៃទៅ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រ
ដែលទ្រង់សង្ឃឹមក្នុងព្រះរាជហឫទ័យថា បើប្រសូតិមកជាកូនមនុស្ស
នឹងបានសោយរាជតំណព្រះរាជវង្សតទៅ ព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះ
លុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះ ព្រះរាជាក៏នាំព្រះអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ
។
ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះព្រាន វិង
ជាព្រានរបស់ព្រះរាជា មានថ្ងៃមួយនោះ
ព្រានវិងបានចេញដើរបរបាញ់សត្វនៅក្នុងព្រៃ បានបណ្ដើរឆ្កែទៅជាមួយផង
លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែព្រានក៏ព្រុសកោះកកាយដី
ព្រានបានឃើញពងកប់ក្នុងដី ក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន ។
ដោយពងនោះធំចម្លែកណាស់ ព្រានបានថែរក្សាភ្ញាស់ទុកមើល ។ លុះគ្រប់ថ្ងៃខែ
ព្រះរាជបុត្រប្រសូតិចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានឃើញចម្លែកអស្ចារ្យ
ក៏ចិញ្ចឹមកូននោះលុះត្រាតែធំ បានដាក់ឈ្មោះកូននោះថា "
ប្រមាញវិងស៊ុង " ។
ចៅប្រមាញ់វិងស៊ុង លុះចម្រើនវ័យឡើង
មានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួង
ស្ត្រីណាបានឃើញរូបចៅប្រមាញ់វិងស៊ុងចេះតែស្រឡាញ់គ្រប់គ្នា ។ ឯចៅប្រមាញ់វិងស៊ុង
បានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយព្រានវិងជាឪពុក
អ្នកស្រុកគេភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង
ជាកូនព្រានវិងគ្រប់គ្នា ។
ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ ។
តាយាយ នេះគាត់មានកូនក្រមុំស្រីមួយឈ្មោះនាង "ត្រចើលដោះក្រាល"
មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួង សាច់ស បបូរមាត់ដិតស្លា
ភ្នែកទាំងគូភ្លឺដូចនិល ចិញ្ចឹមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមប្រឿងៗ
ដោះទាំងគូឡើងណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាល
ដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពា ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។
តាដុង យាយជ័យ
បានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយ មានទឹកព័ទ្ធជុំវិញ
ការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុង
យាយជ័យសង់ផ្ទះនោះ នៅមានជាដំណែលជាប់មកដល់សព្វថ្ងៃ ឋិតនៅមុខខ្លោងទ្វារចូលទៅវត្តទេពប្រណម្យ
ខាងត្បូងផ្លូវជាតិលេខ ៥ ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រ
នៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
តាដុង យាយជ័យមានប្អូនស្រីមួយឈ្មោះនាង
ទែន នៅភូមិស្រែរនោង ។ តានិងយាយបាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់
។ ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីង
នាងតែងតែដើរកាត់ភូមិកាត់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ
ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ
បានជាកន្លែងនោះមានឈ្មោះថា ភូមិ-ឃុំ ញ៉ែងញ៉ងដល់សព្វថ្ងៃ
លុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាង
តែងពោលសរសើរសាច់នាងថា សស្គុស ពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹក
ទើបមានពាក្យហៅមកដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ៉ែងញ៉ង និងឃុំគុសនេះ
នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។
ពេលនេះ
នាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃ លុះតាដុង
យាយជ័យក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ ។ តាដុង យាយជ័យនឹងនាង
ត្រចើលដោះក្រាល ដែលមកដល់កាន់ផ្ទះនាងទែននោះលស់ខែតិចណាស់ ។ មានថ្ងៃមួយ
តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវ
បានជួបនឹងព្រាន វិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ ។
ដោយព្រាន វិង និងតាដុង យាយជ័យនោះ បានស្គាល់ច្បាស់ពីមុនមកផង អ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក
។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើបានឃើញគ្នាហើយ
ក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ
សេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា
។ ឯតាដុង យាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុងមានរូបល្អ
ក៏នឹកក្នុងចិត្តថា
បើបានធ្វើជាគូស្វាមីភរិយាជាមួយកូនអញស័ក្ដិសមគ្នាណាស់ ។
តានិងយាយក៏សួរព្រានវិងថា " អ្នកកំលោះត្រូវជាអ្វីនឹងអ្នក ? " ។
ព្រានវិងក៏ឆ្លើយប្រាប់ថា " កូន " ។
ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង
តានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត
។ លុះចប់ការសន្ទនានឹងគ្នាហើយ អ្នកដំណើរទាំងក៏លាបែកចាកចេញពីគ្នាទៅ
ដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។
ចៅប្រមាញ់វិងស៊ិង បានដឹងដំណើរនាង
ត្រចើលដោះក្រាល មកលេងនៅផ្ទះនាងទែនញឹកញាប់
ក៏ចេះដើរកាត់ស្វែងមកមករកជួបនឹងនាងនៅផ្ទះនាងទែននោះជាញឹកញាប់ដែរ
។ ឯព្រានវិងមេបាខាងនាងក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះ
ចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ ។
លុះនៅយូរទៅ
សេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃ
ដោយតាដុងយាយជ័យពុំបានជូននាងមកលេងផ្ទះនាងទែន ជាញឹកញាប់ដូចកាលមុនៗ
ព្រោះគាត់មានការកង្វល់ច្រើន នាងក៏លបលួចរត់មកផ្ទះនាងទែនតែម្នាក់ឯង
។
ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែក
ព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ៤នាក់ ដង្ហែព្រះអង្គទៅផង
លុះចូលដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាង ត្រចើល-ដោះក្រាល
ដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ
អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលសព្វថ្ងៃគេហៅក្លាយមកថា ប្រទះឡាង
ទៅវិញ ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតា
ក៏ទ្រង់លោតចុះពីលីខ្នងសេះ យាងសំដៅទៅរកនាង
ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាង ត្រចាលដោះក្រាល ក៏មានសេចក្ដីភិតភ័យ
នាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។
ពេលនោះ ព្រះរាជានិងសេនាបួននាក់ ក៏រត់ដេញតាមនាង ។
ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន
ហើយដោយនាងព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូក ១
នៅក្នុងព្រៃពីមុខនាង ក៏លើកដៃបួងសួងថា "
បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុង
សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់ " ។
បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។
ព្រះរាជានិងសេនាបួននាក់
ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរ
តែលុះមកដល់បែរជារកនាងពុំឃើញវិញ បានជាពាក្យហៅទីនោះថា
"ដំបូកមានលក្ខណ៍" ។ កន្លែងនេះក្រោយមក អ្នកស្រុកបានសាងវត្តហៅវត្តដំបូកមានលក្ខណ៍
នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម
ទីត្រង់នេះគេហៅថា "ត្រពោកមានលក្ខណ៍" ។ ពេលនោះ
ព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ
ក៏ទ្រង់ពិគ្រោះជាមួយសេនា, សេនា ៤ នាក់ទូលតបវិញថា "
ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ
បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង
ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន" ហើយសេនាទូលថែមទៀតថា
"បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង
សូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ"
។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា
"ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង ?" ។ សេនាក្រាបបង្គំទូលថា
"បើនាងនោះពិតជាមនុស្សលោកមែន
ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាង ថ្វាយព្រះអង្គ
នឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន " ។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ៤ នាក់សព្វគ្រប់ហើយ
ទ្រង់យាងចូលព្រះពន្លាវិញ ។
ចាប់តាំងពីថ្ងៃនោះមក សេនា
៤នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល
រកពេលអស់យូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា
ទូលតាមការស្រាវជ្រាវរកមិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួកសេនា ទ្រង់មានព្រះរាជបញ្ជាថា
"ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកង
ឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាង
ហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង " ។
សេនាទទួលព្រះរាជបញ្ជាហើយ
ក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយ ឲ្យមកមើលប្រណាំងទូក
អ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើល
ដោយសេចក្ដីរីករាយ ។
ចំណែកនាង ត្រចាលដោះក្រាល
កាលស្ដេចដេញចាប់នាង នាងពុំបានស្គាល់ជាស្ដេចទេ, លុះស្ដេចយាងផុតទៅ
នាងឃើញស្ងាត់ក៏រត់ចេញដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញ
នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់
ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាង ដ៏លើសលុបទៅលើចៅប្រមាញ់វិងស៊ុង
។ ម្ដាយឪពុកបានដឹងចិត្តកូនសព្វគ្រប់ហើយ ក៏មានចិត្តអាណិតកូន
ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។
ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូក
តាដុង យាយជ័យក៏នាំនាង ត្រចើលដោះក្រាល ទៅមើលនឹងគេដែរ
លុះដើរទៅដល់កន្លែងប្រណាំងទូក
អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់នាង ត្រចើលដោះក្រាល
ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ
ក៏លេចឮដល់សេនារបស់ព្រះរាជា ដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង ។
សេនាទាំង ៤ បានដើរមកឃើញស្គាល់ច្បាស់ហើយ
ក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ ។
លុះពិធីប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន ។ សេនា ៤
នាក់ក៏លួចធ្វើដំណើរតាមក្រោយ តាដុងយាយជ័យ
លុះបានស្គាល់ទីលំនៅនាងនឹងឪពុកម្ដាយនាងហើយ
ក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត ។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយនឹងសេនា
៤ នាក់ ។ តាដុងយាយជ័យ បានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាង
ក៏រៀបទីកន្លែងទទួលព្រះអង្គ
ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹងតាដុងយាយជ័យ
សូមដណ្ដឹងយកនាង ត្រចើល-ដោះក្រាល មកធ្វើជាអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា
"សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ
ព្រះអង្គហ៊ានទទួលទាំងអស់ " ។
ពេលនោះ តាដុងយាយជ័យ
បានស្គាល់ទឹកចិត្តកូនច្បាស់
តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្តកូនសិន
។ លុះទៅសួរនាង ត្រចាលដោះក្រាល ប្រកែកចំពោះឪពុកម្ដាយនាងថា
"នាងមិនទទួលយកស្ដេចទេ នាងស៊ូស្លាប់ជាមួយនឹងចៅប្រមាញ-វិងស៊ុង
ជាគូបណ្ដូលចិត្តនាងហើយ " ។
តាដុងយាយជ័យឮកូនប្រកែកតឹងរ៉ឹងដូច្នោះ
ក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា "បើយើងមិនថ្វាយនាងទៅស្ដេច
យើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច
យើងអាណិតចិត្តយើងដែលគ្នាបានស្រឡាញ់ទៅលើរូបចៅប្រមាញ់វិងស៊ុង
ជាទីពេញចិត្តយើងដែរទៅហើយ
បើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួច
ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ ។
លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តានិងយាយក៏ទទួលព្រះរាជាថា
" មិនហ៊ានបង្គាប់ព្រះអង្គទេ ក្រែងព្រះអង្គមិនហ៊ានទទួល " ។
ព្រះរាជាមានព្រះបន្ទូលថា "
ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ " ។
តានិងយាយក៏បង្គាប់ព្រះរាជាថា "
សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រី
បើមិនហើយ ទូលព្រះបង្គំមិនលើកនាងថ្វាយទេ " ។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថាការនេះមានបន្ទុកធ្ងន់ណាស់
តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឫទ័យលើរូបនាង
ត្រចើលដោះក្រាល ខ្លាំងលើសលុបផង
ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ ។ លុះព្រះអង្គយាងថយទៅវិញ
ទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា "
ចូរសេនារេហ៍ពលទាំងអស់
លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះឪដុងម៉ែជ័យ
ធ្វើ១យប់ឲ្យហើយស្រេច " ។ ពាក្យដែលហៅថា ស្រុកឧត្ដុង្គសព្វថ្ងៃ
គឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថា ឪ ដុង ម៉ែ ជ័យ
តែក្រោយមកគេហៅក្លាយជា ឧដុង្គមានជ័យ ។ គ្រាសេនារេហ៍ពល
លើកផ្លូវថ្នល់ក្នុង១រាត្រីនោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង
ផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថា ភូមិថ្នល់ដាច់
នៅស្រុកបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ ។
ឯតាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច
តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា
"បើព្រះអង្គ លើកផ្លូវថ្នល់ ១ យប់ ហើយមែននឹងនាំនាងរត់ទៅតែម្ដង"
លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនហើយ តានិងយាយត្រេកអរណាស់
ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះ ហើយតាដុង យាយជ័យ
ឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងតែពិនិត្យមើលថ្នល់នោះ
សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា
តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ
ព្រះរាជាក៏ស្ដេចយាងមកទតមើល ។ តាដុងយាយជ័យឮដំណឹងថា ស្ដេចយាងមកហើយ
ក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ ។
ពេលនោះយាយជ័យប្រពន្ធតាដុងភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុក
ទទួលជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា "យាយកុំវារចុះទៅទូកអី
ស្ដេចយាងមកដល់ឥឡូវហើយ" ។ យាយជ័យមិនស្ដាប់សោះក៏ចេះតែវាចុះទូក
ដល់ទូកហើយក៏ច្រានទូកចេញទៅ ។ កន្លែងដែលយាយជ័យវារនោះ
ពីដើមគេហៅកំពង់យាយជ័យវារ តែសព្វថ្ងៃគេហៅក្លាយថា កំពង់ជវារ
ឋិតនៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លុះស្ដេចយាងមកដល់ទតឃើញទូកតាដុង
យាយជ័យចេញពីកំពង់ឆ្ងាយទៅហើយ ព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា
ឪដុងម៉ែជ័យមុខជាខឹងនឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយ
បានជាមិនចាំជួបនឹងព្រះអង្គ ព្រះរាជាក៏ចាត់សេនា ៤
នាក់ឲ្យចូលទៅអង្វរឪដុងម៉ែជ័យ នឹងសូមឲ្យយកនាង ត្រចើលដោះក្រាល
មកធ្វើជាទេពីរបស់ព្រះអង្គ ។ សេនា ៤ នាក់ក៏តាមទៅជួបនឹងតាដុងយាយជ័យ
ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ
ហើយសេនាទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាងព្រះនាមព្រះមហាក្សត្រថា
"ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ" ។
គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចនាងទេពធីតា
ក៏លុតជង្គង់សំពះប្រណម្យទៅសេនា ៤ នាក់វិញថា "
នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថា
នាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ
ព្រោះរូបខ្ញុំជារាស្ត្រ បើព្រះអង្គនៅតែបង្ខំយករូបខ្ញុំ
នាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន " ។ ខណៈនោះតាដុងយាយជ័យ និយាយទៅកាន់សេនា
៤ នាក់ថា "សូមលោកទូលព្រះរាជាផង កុំឲ្យព្រះអង្គបង្ខំពេក
ចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន" ។ សេនា ៤ នាក់
ក៏លាថយត្រឡប់ទៅវិញ ។ ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ ។
ពេលរាត្រីនោះ តាដុងយាយជ័យ នាំនាងត្រចើលដោះ-ក្រាលរត់បណ្ដោះទៅទុកនៅផ្ទះនាងទែនឯភូមិស្រែរនោង
ហើយតាដុងយាយជ័យ និយាយប្រាប់នាងទែនជាប្អូនតាមរឿងសព្វគ្រប់
នឹងប្រាប់ឲ្យហៅព្រានវិងឲ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង
មករើសរកពេលាការឲ្យហើយ ។ តាយាយផ្ដាំនាងទែន
សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសានឹងស្ដេច ។
ត្រង់កន្លែងដែលសេនា ៤ នាក់
មកអង្វរតាដុងយាយជ័យ សូមនាងត្រចើលដោះក្រាល
ទៅធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងសំពះប្រណម្យទៅសេនាវិញថា
នាងមិនសុខចិត្តទៅទេ នោះគេហៅថា ទេពធីតាប្រណម្យ
ដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះវត្តទេពប្រណម្យ
គឺពីដើមគេហៅវត្តទេពធីតាប្រណម្យ តែក្រោយមកទៅជាវត្តទេពប្រណម្យ
នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃ ។
គ្រានោះ ព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា
៤ នាក់ថា ចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិន
ដូច្នេះ
តាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះឪដុងម៉ែជ័យជារាល់ថ្ងៃ
។ ឯតាដុងយាយជ័យចេះតែដោះសារថា " ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ
" ។
ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ
ក៏ចាត់ការហៅព្រានវិងនិងចៅប្រមាញ់វិងស៊ុង
ឲ្យចូលមកស្ដីដណ្ដឹងនាងត្រចើលដោះក្រាល រួចឲ្យអាចារ្យមើលពេលាការ
បានហើយក៏ដំណឹងទៅបងឲ្យមករៀបការកូន ។ តាដុងយាយជ័យមិនទាន់បានមកភ្លាមទេ
ព្រោះនៅជាប់ដោះសារនឹងស្ដេច លុះដល់ថ្ងៃចូលរោង តា និង យាយ
ក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ច
ក្រែងស្ដេចមកតាម ។ ការគិតរបស់តានិងយាយច្រើនពេក
រហូតនាំឲ្យគេទាំងពីរនាក់វង្វេងផ្លូវអស់
១ថ្ងៃរកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួលពេលនោះ
តាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់ តាយាយក៏ស្រែកសួរថា "
អឺអាវ៉ា ! ផ្លូវទៅណាទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង ? “ ។
ក្មេងគង្វាលក្របីក៏និយាយថា " បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅ
វាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះ
បើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង
ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង
"ក្មេងគង្វាលក្របីគិតដូច្នោះហើយ ក៏ឆ្លើយតបទៅនឹងតាយាយថា "
បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណង សូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅ
រួចត្រូវមានសំណែនមកថ្វាយ ហើយមានទាំងក្មេងប្រគំភ្លេងបទ ខ្ទោរ -
ខ្នងភ្នំ - របងមាស - បន្ទាយប្រាសាទ - ទឹកទប់ - ជ្រង - ជ្រងសម្ងាត់ -
ដោះក្រាល - កន្ទែនទ្រាំងផង ទើបតានិងយាយរកផ្លូវឃើញ " ។
តាដុងយាយជ័យ
ឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះ ក៏ជឿធ្វើតាម
ហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ ។
លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ
នាងទែនក្រឡេកឃើញបង ស្ទុះមកទទួល
តាសុងយាយជ័យក៏និយាយប្រាប់ហេតុវង្វេងផ្លូវ ហើយបានបន់អ្នកតា
ទើបរកផ្លូវឃើញ ។ ពេលនោះ លោកអាចារ្យបានឮថា
តាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងរោងមង្គលការ ដែលជិតបង្ហើយ
មានបំណន់ដូច្នោះ ក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិន
មិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ ។
លោកអាចារ្យប្រាប់មេបាទាំងសងខាងថា "ឲ្យរៀបសំណែន
មានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិន
ទើបអាចចូលមកក្នុងរោងមង្គលការនេះបាន" ។
នាងទែនក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ
។ ខណៈនោះ ក្មេងក៏ចាប់ប្រគំបទ ខ្ទរ - ខ្នងភ្នំ - របងមាស - បន្ទាយប្រាសាទ -
ទឹកទប់ - ជ្រង - ជ្រងសម្ងាត់ - ដោះក្រាល -កន្ទែនទាំង ។ ភ្លេងទាំង ៩ បទនេះ
ក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះ
រហូតមកដល់សព្វថ្ងៃនេះ ។
លុះធ្វើកិច្ចលាបំណន់រួចហើយ
តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យ
ក៏បានឲ្យកូនប្រុសស្រីយកផ្ទឹមឲ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែក
លុះទ្រង់ជ្រាបហេតុការថា តាដុងយាយជ័យ លួចពង្រត់នាង ត្រចើលដោះក្រាល
យកទៅរៀបការនៅផ្ទះនាងទែនឯស្រែរនោងនោះហើយ
ព្រះអង្គក៏យាងជាមួយសេនាសំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ
ព្រះអង្គបានទតឃើញនាង ត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង
កំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ។
ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នា
ទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់
មកជួបជុំចំពោះព្រះភក្ត្រព្រះអង្គ ។
អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នា
ព្រះរាជាក៏ត្រាស់សួរទៅប្រមាញ់វិងស៊ុងថា "អ្នកឯងជាកូនអ្នកបានជាហ៊ានរៀបការនឹងនាងត្រចើលដោះក្រាល
ជាគូដណ្ដឹងរបស់យើង ?"
។ ពេលនោះ ចៅប្រមាញ់វិងស៊ុងក៏ឆ្លើយទូលតបវិញថា
"ទូលព្រះបង្គំជាកូនព្រានវិង"
ហើយចង្អុលទៅព្រានវិងជាឪពុករបស់ខ្លួន ។
ព្រះរាជាទតឃើញព្រានវិងជាព្រានរបស់ព្រះអង្គ ក៏ទ្រង់សួរទៅថា "
ព្រានឯងមានកូនប្រុសពីកាលណាមក បានជាយើងមិនដែលឃើញ ? " ។
ព្រានវិងឱនសិរសាក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង
បានរៀបរាប់ទូលព្រះរាជាថា "កូនប្រុសនេះ
មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចឹម ព្រោះកាលមួយថ្ងៃនោះ
ទូលព្រះបង្គំទៅបាញ់សត្វក្នុងព្រៃ
បានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់
នៅទីមួយដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល
លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើង ស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ
ដែលទូលព្រះបង្គំឲ្យឈ្មោះថា
ចៅប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះមុខព្រះភក្ត្រព្រះអង្គ ។
ចៅប្រមាញ់វិងស៊ុង ក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង ។ ខណៈនោះ
ព្រះរាជាក៏ស្ទុះទៅឱបក្រសោបចៅប្រមាញ់វិងស៊ុងទ្រង់ហៅថា "
កូនសំឡាញ់ឪពុក ! ៗ នេះហើយជាឪពុករបស់កូន " ។
ព្រះអង្គថ្លែងរៀបរាប់តាំងកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ
ហើយប្រសូតិព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលក្នុងព្រៃទៅ ។
ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រ
ព្រមទាំងនាងត្រចើល-ដោះក្រាល ចូលទៅក្នុងព្រះនគរ
ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់វិងស៊ុងនិងនាងត្រចើល-ដោះក្រាល
ឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គក្នុងពេលនោះទៅ
ហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា " ឪដុងម៉ែជ័យ "
ជាប់រហូតមក ។
ទីក្រុងឧត្ដុង្គមានជ័យ
មានព្រះមហាក្សត្រគង់នៅអស់ថេរៈវេលាជាង ២ សតវត្ស គឺ ២៤៣ឆ្នាំ ។
បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យ
នៅពុទ្ធសករាជ ២២៧៣ -២២៧៩ គ្រិស្តសករាជ ១៧៣០ -១៧៣៦
ស្ដេចចេញចាកទីក្រុងឧត្ដុង្គមានជ័យទៅគង់ទីក្រុងលង្វែក
ជាទីក្រុងដែលធ្លាប់មានមកហើយ ។
មុនពេលព្រះបាទអង្គជ័យស្ដេចទៅគង់នៅបន្ទាយលង្វែកនោះ
ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ ២០ឆ្នាំ ក្រោយពី
២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ។
បណ្ដាព្រះមហាក្សត្រដែលគង់នៅក្រុងឧត្ដុង្គ
ព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមា ព្រះអង្គឌួង (ព្រះបរមកោដ្ឋ)
និងព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម (ព្រះសុវណ្ណកោដ្ឋ)
ទ្រង់បានស្ថាបនាឧត្ដមវត្ថុជាច្រើន គឺព្រះករុណា ព្រះបរមកោដ្ឋ
ទ្រង់បានស្ថាបនាផ្លូវថ្នល់មួយ ពីឧត្ដុង្គទៅរាម ជាកំពង់សមុទ្រ
ព្រះករុណាសុវណ្ណកោដ្ឋ ទ្រង់បានស្ថាបនាប្រាសាទ ព្រះរាជដំណាក់
នឹងគ្រឹះស្ថានជាច្រើន មានគ្រឹះស្ថានមហោស្រព និងបណ្ណាល័យជាដើម ដោយគ្រឿងឈើ
តែឥឡូវនេះបាក់បែកអស់ហើយ ។
ដល់មកពុទ្ធសតវត្សទី ២៥ គ្រិស្តសតវត្ស ទី
១៩ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម
ស្ដេចចេញចាកព្រះរាជធានីឧត្ដុង្គមានជ័យមកគង់នៅព្រះរាជធានីភ្នំពេញក្នុងពុទ្ធសករាជ
២០៤៦ គ្រិស្តសករាជ ១៨៦៣(១) ។
ទីក្រុងឧត្ដុង្គមានជ័យ
ជាទីក្រុងចាស់មុនបន្ទាប់ក្រុងភ្នំពេញ
ឋិតនៅចន្លោះទិសពាយព្យនិងទិសឧត្តរនៃទីក្រុងចម្ងាយ ៤០ គីឡូម៉ែត្រ ។
សព្វថ្ងៃ ទីក្រុងឧត្ដុង្គ ទៅជាស្រុកមួយ
ហៅថា " ស្រុកឧត្ដុង្គ " រួមចូលក្នុងខេត្តកំពង់ស្ពឺ
ជាទីមានទេសភាពរាបទាបរៀបរយ ដោយមានភ្នំព្រះរាជទ្រព្យ
ដែលមានព្រះរាជទ្រព្យ ដែលមានវិហារអដ្ឋរស្ស និងព្រះចេតិយត្រៃត្រិង្ស(២)
ជាដើម ជាលំអ
មើលពីចម្ងាយឃើញកំពូលភ្នំទាំងនោះច្រូងច្រាងខ្ពស់ត្រដែតត្រដឹមគួររីករាយ
។ នៅលើកំពូលភ្នំព្រះរាជទ្រព្យ
មានមហាចេតិយជាច្រើនសុទ្ធតែវិចិត្រដោយក្បូរក្បាច់រចនាជាស្នាដៃនៃសិល្បករខ្មែរដ៏ជំនាញៗ
ក្នុងសម័យបូរាណ ជាព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជា
ព្រះអគ្គមហេសី ព្រះវង្សានុវង្ស ក្សត្រាក្សត្រី ដែលជាបុព្វបុរសព្រះរាជវង្សានុវង្សខ្មែរ
។ បណ្ដាព្រះចេតិយទាំងនោះ ព្រះចេតិយចាស់ៗជាងគេ
គឺព្រះចេតិយបញ្ចុះអដ្ឋិធាតុ នៃព្រះស្រីសុរិយោពណ៌
ដែលព្រះទិវង្គតពីពុទ្ធសករាជ ២១៦៣ គ្រិស្តសករាជ ១៦១៩(១)
ត្រង់ទីព្រះបរមរាជវាំងស្រះសារពើយុត្ត
ដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្ដុង្គមានជ័យ, ឥឡូវក្លាយជាទីវត្តហៅតាមពាក្យសាមញ្ញថា
" វត្តក្នុងវាំង " ហៅតាមផ្លូវការថា " វត្តហរិរក្សរាជជននី
" ហើយមានវត្តអារាមជាច្រើននៅជិតៗទីនោះ មានវត្តប្រាង្គណ៍ និង
វត្តវាំងចាស់ ជាដើម ដែលជាអាវាសនៃពួកបព្វជិតពុទ្ធជិនោរសរបស់ជាតិខ្មែរ ។
រឿង ក្រុងឧត្តុង្គ នៅខេត្តកំពង់ស្ពឺ
Reviewed by VannyDa
on
2:31 PM
Rating: