រឿង វិហារអដ្ឋរស្ស (ខេត្តកណ្ដាល)
នៅប្រទេសកម្ពុជាទាំងមូល
ពុទ្ធសាសនិកជនជាតិខ្មែរតែងធ្វើវត្ត ធ្វើវិហារ បែរមុខឆ្ពោះទៅទិសខាងកើត
តាមទម្លាប់ដែលគេនិយមប្រកាន់ទុកតាំងពីបុរាណកាល ប៉ុន្តែយើងឃើញមានវិហារមួយបែរមុខឆ្ពោះទៅទិសខាងជើងដែរ
គឺវិហារអដ្ឋរស្ស នៅលើកំពូលភ្នំព្រះរាជទ្រព្យ នៅស្រុកពញាឮ ខេត្តកណ្ដាល ។
ការប្លែកនោះហើយ ដែលគួរឲ្យចង់ដឹងណាស់ ។
រឿងវិហារនោះ មានសេចក្ដីដំណាលដូចតទៅនេះ ៖
កាលនៅគ្រិស្តសតវត្សទី ១៣ គឺចុងសម័យអង្គរ
ព្រះរាជាប្រទេសចិនបានចាត់បេសកជនជាច្រើនក្រុមឲ្យដើរមកមើល ដើរស៊ើបសួរ
ក្នុងប្រទេសនានា ដើម្បីដឹងថា តើប្រទេសណាមានអារ្យធម៌ដូចម្ដេចខ្លះ ? បើប្រទេសណាមានអារ្យធម៌រុងរឿងត្រូវកត់ត្រា
យកទៅផ្សាយក្នុងប្រទេសចិន ហើយប្រទេសចិននឹងយកប្រទេសនោះជាមិត្ត
បើប្រទេសណាមានអារ្យធម៌ឱនអាប់ ប្រទេសចិននឹងជួយទំនុកបម្រុង
ឬមួយនឹងយកធ្វើជាប្រទេសចំណុះ ។
កាលនោះ
ក្រុមបេសកជនចិនចូលមកមើលមកស៊ើបសួរក្នុងប្រទេសខ្មែរសព្វគ្រប់ហើយ
ក៏ត្រឡប់ទៅទូលព្រះរាជាវិញថា "ប្រទេសខ្មែរថ្កុំថ្កើងរុងរឿង
តែឱនអាប់ជាងកាលមុនបន្តិចហើយ អ្នកស្រុកនៅដើរជើងទទេ
បរិភោគអាហារផ្ទាល់នឹងដៃ
ក្បាលទទេពុំសូវមានប្រើប្រាស់អ្វីឲ្យបានងាយស្រួលទេ
ប៉ុន្តែមិនយូរប៉ុន្មាន ប្រទេសមុខជាជួបប្រទះនូវសេចក្ដីថ្កុំថ្កើងរុងរឿងអស្ចារ្យឡើងវិញលើសដើម"
។ ដោយបេសកជនទាំងនោះបានមកឃើញទីមួយ ដែលតាមក្បួនចិនសែថា
"ទីនោះនឹងឲ្យផលល្អផ្សេងៗ ដល់ប្រទេស" ។
ឯទីនោះគឺភ្នំព្រះរាជទ្រព្យនៅក្នុងស្រុកពញាឮខេត្តកណ្ដាលសព្វថ្ងៃ ។
ពួកបេសកជនចិនបានមើលឃើញភ្នំនោះ មានរាងដូចសត្វមករ
គឺខ្លួនមករនៅត្រង់ព្រះចេតិយត្រៃត្រិង្ស
ក្បាលនឹងពុកមាត់មករនៅត្រង់ព្រះចេតិយទន្ទឹម
កន្ទុយមករនៅត្រង់ព្រះពុទ្ធរូបចូលនិព្វាន
មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំនោះ
ថែមទាំងមានរូបមួយជ្រៅស្រឡូងទៅក្រោមផង ។ ពួកចិនយល់ឃើញថា
"មិនយូរប៉ុន្មានទេ សត្វមករនឹងរុលចេញតាមរូងនេះ"
ហើយក្បួនចិនសែ "បើប្រទេសឯណាឬទីណាមានសត្វមករផុសឡើង
ប្រទេសនោះនឹងមានរឹទ្ធិអំណាចថ្កុំថ្កើងរុងរឿង
ពុំមានប្រទេសឯណាអាចស៊ូបានទេ " ។ ដូច្នេះ ដើម្បីសេចក្ដីសុខដល់ប្រទេសចិនទៅអនាគត
មន្ត្រីចិនទាំងឡាយទូលសុំស្ដេចក្រុងចិនថា "
ត្រូវលើកទ័ពទៅវាយយកប្រទេសខ្មែរធ្វើជាស្រុកចំណុះឲ្យហើយ" ។
ស្ដេចក្រុងចិនទ្រង់ព្រះតម្រិះថា
"ធ្វើយ៉ាងដូចជារំលោភទៅលើប្រទេសនេះជ្រុលពេក ម្យ៉ាងទៀត ប្រទេសខ្មែរនៅខ្លាំងពូកែ
ថ្កុំថ្កើងនៅឡើយ ពុំអាចនឹងវាយបានដោយងាយទេ
ទោះបីប្រទេសខ្មែរច្បាំងចាញ់ប្រទេសចិន ៗ
ក៏មុខជាលំបាកដោយអស់ពេលយោធាច្រើន
នឹងមានទុក្ខវេទនាដល់បណ្ដាជនមិនខានឡើយ " ។
ហេតុនេះ
ដើម្បីនឹងទប់ទល់កុំមករនេះនឹងងើបរួច នៅទីនោះបានពួកចិនចង់សន្ធប់រូងភ្នំនោះឲ្យជិតដោយប្រការណាមួយ
ហើយគិតថា "បើយកដុំថ្មមកសន្ធប់រូងនោះទៅ ខ្លាចក្រែងថ្ងៃក្រោយ
ខ្មែរយល់គំនិតនឹងគាស់ចេញវិញបាន ដូច្នេះ
គួរធ្វើអ្វីដែលជាទីគោរពរបស់ខ្មែរ " ទើបចិនយល់ឃើញថា
"ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមាំណាស់ នៅទីណាមានព្រះពុទ្ធរូប
មានវិហារ ខ្មែរពុំហ៊ានរំលាងរំលើងទីនោះទេ " ។ ដោយហេតុនេះ
បានជាស្ដេចក្រុងចិនឲ្យមន្ត្រីមកសុំធ្វើវិហារនៅលើកំពូលភ្នំព្រះរាជទ្រព្យ
។ កាលបានអនុញ្ញាតហើយ, លើកដំបូង ពួកចិនចាប់កសាងព្រះពុទ្ធរូបមុនគេ តាមរចនាខ្មែរ
រួចហើយទើបធ្វើវិហារគ្របព្រះពុទ្ធរូបនោះតាមទំនៀមទម្លាប់ខ្មែរ
ព្រមទាំងតាមក្បួនហោរាសាស្ត្រចិនផង ព្រោះហេតុនេះ
បានវិហារនេះបែរមុខឆ្ពោះទៅទិសខាងជើង គឺឆ្ពោះទៅរកប្រទេសចិន ។
ឯឈ្មោះវិហារនោះ ពុំដឹងជាពួកចិនគេហៅថាម្ដេចទេ តែជនជាតិខ្មែរ
ដោយឃើញក្នុងវិហារនោះ មានព្រះពុទ្ធរូបមារវិជ័យ ១ ព្រះអង្គអស្ចារ្យ
កម្ពស់ ១៨ ហត្ថ(១) ក៏ហៅថា " វិហារអដ្ឋរស្ស " ប្រែថា "
វិហារព្រះ ១៨ ហត្ថ " ។
តមកស្ដេចក្រុងចិនឲ្យមន្ត្រីចិននាំប្រស្នា
៣ ខ មកថ្វាយព្រះរាជាខ្មែរដោះស្រាយ
បើព្រះរាជាខ្មែរដោះស្រាយប្រស្នាទាំង ៣ខ នេះពុំបាន
នោះប្រទេសខ្មែរត្រូវជាចំណុះប្រទេសចិន
ត្រូវយកសួយសារអាករទៅថ្វាយស្ដេចក្រុងចិនរាល់ឆ្នាំ ។
ឯប្រស្នាស្ដេចក្រុងចិន ទាំង ៣ ខ នោះ មានសេចក្ដីដូចតទៅនេះ ៖
មុនដំបូង
មន្ត្រីចិនម្នាក់ដែលជាអ្នកនាំប្រស្នាពីស្ដេចក្រុងចិនមកថ្វាយព្រះរាជាខ្មែរដោះស្រាយនោះ
ក្រោកឈរឡើងចំពោះព្រះភក្ត្រព្រះរាជា
នឹងចំពោះមុខមន្ត្រីខ្មែរទាំងឡាយហើយធ្វើអាការដូចតទៅ :
ប្រស្នាទី ១ មន្ត្រីចិនចំកោងខ្នង
លាដៃទាំងពីររបៀបដូចជាឱបរបស់អ្វីយ៉ាងធំ;
ប្រស្នាទី ២
មន្ត្រីចិនក្ដោបដៃលើកឡើងកម្ពស់មុខ ;
ប្រស្នាទី ៣ មន្ត្រីចិនបោះដៃទៅមុខ
លាម្រាមដៃទាំង ៥ ក្រញាងឡើង ។
ហើយថ្វាយកាលបរិច្ឆេទចំពោះព្រះរាជាខ្មែរថា
"៧ ថ្ងៃនឹងត្រឡប់មកគាល់សូមព្រះរាជទានសេចក្ដីដោះស្រាយ" ។
ព្រះរាជាប្រទេសខ្មែរ ព្រួយព្រះហឫទ័យ
ក៏ទ្រង់ត្រាស់បង្គាប់ឲ្យអស់នាហ្មឺនមុខមន្ត្រីខំត្រិះរិះរកប្រស្នាទាំងនេះ
។
ក្នុងចំណោមមន្ត្រីទ្រង់ទាំងប៉ុន្មានពុំមាននរណាម្នាក់អាចដោះស្រាយប្រស្នានោះបានឡើយ
ទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងរកអ្នកមានប្រាជ្ញាដោះស្រាយ ។
នៅសម័យនោះ
មានគង្វាលគោម្នាក់បានឃើញគេប្រឹក្សាគ្នាជុំៗ
ក៏ចូលទៅឈរស្ដាប់ហើយឆ្លើយថា ប្រស្នាទាំង ៣ ខ នេះ ងាយដោះស្រាយសោះ គឺ ៖
ប្រស្នាទី ១ ដែលធ្វើដៃទាំងពីរវង់ចូលនោះ
ប្រែថា អង្រុតត្រី ;
ប្រស្នាទី ២ ដែលក្ដោបដៃម្ខាងលើកទៅលើនោះ
ប្រែថា ស្នតែមួយ;
ប្រស្នាទី ៣
ដែលលាម្រាមដៃបោះត្រង់ទៅមុខនោះ ប្រែថា រកបានត្រី ៥ ។
អ្នកដែលបានស្ដាប់ឮទាំងប៉ុន្មាន
នាំគ្នាពិចារណាហើយសួរបុរសនោះថា " និយាយលេងឬដូចម្ដេច ? " ។
បុរសនោះឆ្លើយប្រាប់គេវិញថា " ប្រស្នាទាំង ៣ ខ នេះ
ប្រាកដជាប្រែដូច្នេះ " ។ អ្នកនោះនាំពាក្យទៅប្រាប់មន្ត្រីដែលប៉ាវគង
មន្ត្រី ក៏នាំបុរសគង្វាលគោនោះទៅថ្វាយព្រះមហាក្សត្រ ។
កាលព្រះរាជាទ្រង់មានព្រះរាជឱង្កាសួរបុរសនោះ អំពីសេចក្ដីដោះស្រាយប្រស្នាទាំង
៣ ខ បុរសនោះ ក៏ក្រាបបង្គំទូលដោយស្ងាត់ថា :
ប្រស្នាទី ១ ប្រែថា មានផែនដីមួយ
គឺប្រទេសខ្មែរយើង,
ប្រស្នាទី ២ ប្រែថា
មានស្ដេចមួយអង្គសោយរាជសម្បត្តិនៅលើផែនដីនេះ;
ប្រស្នាទី ៣ ប្រែថា មានសេនាបតី ៥ នាក់ធ្វើការមើលសុខទុក្ខរាស្ត្រ
រងពីព្រះរាជាមក ។
ដល់ថ្ងៃដែលបានកំណត់
មន្ត្រីចិនចូលគាល់ព្រះរាជាខ្មែរទូលសុំសេចក្ដីដោះស្រាយ ។
ព្រះរាជាខ្មែរមានព្រះរាជឱង្កាមកដោះស្រាយប្រស្នា ។ នៅវេលានោះ
គង្វាលគោក្រាបបង្គំព្រះរាជារួចហើយ ក៏ដោះស្រាយប្រស្នាទាំង ៣ ខ នោះ
ចំពោះមុខមន្ត្រីខ្មែរចិនថា :
ប្រស្នាទី ១ គឺចក្កវាឡ ១
បានដល់ចក្កវាឡដែលយើងនៅសព្វថ្ងៃ ;
ប្រស្នាទី ២
គឺចក្កវាឡនេះមានភ្នំព្រះសុមេរុ១ ធំក្រៃលែង;
ប្រស្នាទី ៣ គឺក្នុងចក្កវាឡនេះ
មានព្រះពុទ្ធត្រាស់ ៥ អង្គ ។
មន្ត្រីចិនព្រមទទួលថា "
សេចក្ដីដោះស្រាយប្រស្នាទាំង ៣ ខ នេះ ត្រូវហើយ "
រួចទើបក្រាបបង្គំលាព្រះរាជាខ្មែរទៅទូលស្ដេចខ្លួនវិញ ។
ព្រះរាជាក្រុងចិនក៏សូមចងមិត្តមេត្រីនឹងប្រទេសកម្ពុជា
តាំងពីសម័យដរាបមក ពុំមានរករឿងហេតុអ្វីម្ដងណាសោះឡើយ ។
ឯបុរសគង្វាលគោ
ព្រះរាជាប្រទេសខ្មែរទ្រង់ព្រះប្រោសព្រះរាជទានសម្បត្តិទ្រព្យជាច្រើនហើយតាំងគោរមងារជា
" ធនញ្ជ័យបណ្ឌិត " ។
តមក ជាយូរអង្វែង
វិហារអដ្ឋរស្សក៏បាក់បែកខ្ទេចខ្ទីអស់ទៅ សល់តែសីមា និងពុទ្ធរូប ។
លុះមកដល់សម័យលង្វែក ទើបព្រះចន្ទរាជា
ព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ត្រាស់បង្គាប់ឲ្យវិហារនោះជាថ្មី ។
ចំណែកព្រះពុទ្ធរូបនៅដូចដើម ពុំមានកែប្រែឡើយ
គ្រាន់តែជួសជុលបន្តិចបន្តួចប៉ុណ្ណោះ ។
ប៉ុន្តែដោយវិហារនោះទ្រុឌទ្រោមទៅទៀត
ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម
ព្រះអង្គចំណាយព្រះរាជទ្រព្យនិងប្រាក់ឃោសនាពីអ្នកនគរស្ថាបនាជាថ្មីម្ដងទៀត
ដោយមានសម្ដេចព្រះមហាសង្ឃរាជ ទៀង កាន់កាប់ការផ្ទាល់ព្រះអង្គ ។
វិហារថ្មីនេះបានហើយស្រេចសព្វគ្រប់ បានធ្វើបុណ្យបញ្ចុះសីមា នៅ គ. ស. ១៩១១
ក្នុងរជ្ជកាលព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ ។
រឿង វិហារអដ្ឋរស្ស (ខេត្តកណ្ដាល)
Reviewed by VannyDa
on
2:32 PM
Rating: