រឿង ភ្នំបាយ៉ង់កោរ (នៅខេត្ដតាកែវ)
ក្នុងសម័យព្រេងនាយ
នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ បាយ៉ង់(២)
មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម
ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ
សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍
ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ
ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត
ដាច់ស្រីទាំងឡាយមែន ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។
ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ
ដើម្បីជាកិត្តិយសប្រទេសខ្លួន ។
ស្ដេចបាយ៉ង់ទ្រង់ទ្រាបការណ៍ដូច្នោះ
ក៏នាំព្រះនាងអគ្គមហេសីនូវពួកស្រីស្នំក្រមការ នឹងពលសេនាទាំងឡាយ
ចុះសំពៅភៀសព្រះអង្គរត់ចេញចោលព្រះដំណាក់ទាំងវេលាយប់បើកសំពៅសំដៅទៅទិសអាគ្នេយ៍
។
មុននឹងស្ដេចយាងចេញទ្រង់លើកព្រះហស្តប្រណម្យដាក់លើព្រះសិរសាសច្ចាបន់ទេវតារក្សាទឹកថា
" សូមឲ្យបានសម្រេចសេចក្ដីប្រាថ្នា ៣ ប្រការ គឺ
១- សូមឲ្យបានសុខក្នុងដំណើរផ្លូវសាគរ ;
២- សូមកុំឲ្យពួកចោរសៀមតាមទាន់ ;
៣-
សូមឲ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្ត ។
ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង
ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃគ្មានឈប់ឈរ ។ លុះទ្រង់ប្រមើលឃើញថា
ចេញមកបានឆ្ងាយណាស់ហើយ ទើបទ្រង់ងាករេទៅរកតំបន់មួយ ដើម្បីចតសំពៅ ។
ជួបជាខណៈនោះ ខ្យល់ព្យុះមកបក់បោកសំពៅឲ្យវិលវល់បាក់ចង្កូត ។
ទើបទីត្រង់នោះមានឈ្មោះថា " ភូមិបាក់ចង្កូត "
ជាប់មកសព្វថ្ងៃគេហៅហៅក្លាយមកភូមិបាក់កូត ។ ស្ដេចទ្រង់ភ័យហើយលើកព្រះហស្តអំពាវនាវបន់ថា
"ឲ្យបាត់ព្យុះខ្យល់ នឹងសូមសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ "
។ គ្រានោះខ្យល់ព្យុះក៏សាបសូន្យអស់ ។
សំពៅទៅបានបន្តិចទៀតឈប់បោះយុថ្កាចត ទើបទីនោះមានឈ្មោះថា "
កន្លែងចត " ជាប់មកដល់សព្វថ្ងៃ គេហៅក្លាយមកជា " ភូមិកន្លែងចត
" ។ ការឈប់ចតនេះ
គឺដើម្បីនឹងរៀបចំចំណីអាហារសែនថ្វាយអារក្សទឹកនិងធ្វើចង្កូតសំពៅថ្មី
។ ត្រង់តំបន់ដែលថ្វាយអាហារនោះ នៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថា "
ភូមិសែនបន់ " ។ ទាំង ៣ កន្លែងនេះ នៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់
ខេត្តតាកែវ ។
លុះសម្រេចកិច្ចនៅកន្លែងនេះសព្វគ្រប់ហើយ
ទ្រង់ក៏ចេញសំពៅទៅទៀត សំដៅទៅទិសអាគ្នេយ៍ដដែល ។
លុះទៅដល់កន្លែងមួយសំពៅធ្លាយ ទ្រង់ក៏ចាប់ធ្វើសំពៅបណ្ដើរ បើកទៅបណ្ដើរ ។
ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា " សំពៅធ្លាយ " ។
បើកបន្តិចទៅទៀតដល់កន្លែងមួយឃើញដីមានស្បូវដុះជាច្រើន
ក៏បោចស្បូវនោះចុកសំពៅដែលធ្លាយ ។ ត្រង់កន្លែងនោះ
ជាប់ឈ្មោះមកដល់សព្វថ្ងៃថា " ភូមិព្រែកស្បូវ "
ហើយបើកសំពៅធ្វើដំណើរតទៅទៀត ដល់ទៅកន្លែងមួយទៀត ព្រះនាងសក់ក្រអូប
ទ្រង់កើតទុក្ខព្រួយព្រះហឫទ័យច្រើនប្រការ
គឺណាមួយអំពីសំពៅដែលចេះតែទៅៗ រកទីសំណាក់មិនឃើញ ណាមួយអំពីពួកសៀម
ថាមុខជាគេនឹងតាមមកមិនខាន ។ ព្រះនាងទ្រង់អុជទៀន
នមស្ការបន់ស្រន់ដល់អារក្សទឹក អារក្សគោក អ្នកតាព្រៃភ្នំក្រំថ្ម
សព្វទីកន្លែងថា " សូមឲ្យបានជួបនឹងទីសុខប្រសើរ
សូមឲ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ " ។
ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ
នៅជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា " ភូមិអន្លង់ទៀន " ។
ពិធីនមស្ការអំពាវរបស់ព្រះនាងនោះ បានសម្រេចដូចសេចក្ដីប្រាថ្នាមែន
គឺសំពៅស្ដេចសៀម
ដែលបានបញ្ជូនពលចំនួនមួយសែននាក់ឲ្យចេញទៅតាមស្កាត់រកព្រះនាងនោះ
ជ្រួសផ្លូវគ្នាដោយសំពៅស្ដេចបាយ៉ង់ចេញផ្លូវក្រោមផ្នែកខាងកើត
សំពៅពួកពលសៀមចេញផ្លូវលើផ្នែកខាងលិច ។ ក្រោយដែលព្រះនាងបន់ស្រន់រួចហើយ
សំពៅស្ដេចបាយ៉ង់ ក៏ងាកសំដៅទៅទិសនិរតីបន្តិច ។
បន្ទាប់ពីនោះស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងសម្បើមអស្ចារ្យ
បក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ស្លាប់អស់ពួកពលនៅក្នុងមហាសាគរ ។
ត្រង់កន្លែងនោះមានឈ្មោះថា " ភូមិសែនលង់ " ជាប់មក
តែសព្វថ្ងៃគេហៅក្លាយមកថា " ភូមិសន្លុង " វិញ ។
ចំណែកសំពៅស្ដេច បាយ៉ង់
កាលបើលឿនទៅត្រង់ទិសនិរតី ស្ដេចទតឃើញកោះ និងភ្នំជាច្រើនត្រៀបត្រា
ព្រះអង្គក៏ចូលទៅបោះយុថ្កាចតសំពៅនៅក្បែរកោះមួយ
ស្ដេចយាងឡើងទៅលើកោះនោះ ដើម្បីរកទីកន្លែងដ៏សមគួរនឹងជ្រក
ព្រះអង្កបានទតឃើញកន្លែងដ៏ល្អៗ ជាច្រើន
ប៉ុន្តែមិនសូវគាប់ព្រះទ័យក៏ឲ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅនាំព្រះអគ្គមហេសីយាងចូលទៅក្នុងព្រៃច្រកបព្វតា
ហើយចតសំពៅនៅត្រង់កន្លែងនោះ ។ គ្រាន់ស្ដេចយាងចេញផុតភ្លាម
មហាមេឃដ៏ងងឹតបណ្ដាលទៅជាមានភ្លៀងផ្គរយ៉ាងខ្លាំង ។ ក្រោយពីស្ដេច
និងព្រះនាង ព្រមទាំងព្រះរាជបរិពារឡើងគោកហើយ
ស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់លិចលង់នៅកំពង់នោះ ។
ត្រង់កន្លែងនោះជាប់ឈ្មោះថា " ភ្នំរន្ទះ " រហូតមកដល់សព្វថ្ងៃ ។
បន្ទាប់ពីនោះ
ស្ដេចបាយ៉ង់ចេះតែខំស្វែងរកទីភូមិឋានដើម្បីបានសង់ព្រះដំណាក់ស្នាក់អាស្រ័យ
។ គ្រានោះ ទ្រង់បានជួបទីទួលមួយខ្ពស់ល្អជាទីគួររីករាយក្រៃពេក
ក៏ទ្រង់ធ្វើព្រះពន្លាបណ្ដោះអាសន្ននៅទីនោះ ។ លុះស្ដេចបានស្នាក់អាស្រ័យស្រួលបួលហើយ
ក៏ទ្រង់សំណេះសំណាលជាមួយនឹងព្រះអគ្គមហេសីអំពីសេចក្ដីកម្សត់ ទុក្ខវេទនា
របស់ព្រះអង្គនឹងព្រះនាងតាំងពីដើមទីមក ។
ព្រះនាងទ្រង់រំលឹកព្រះរាជាពីរឿងដែលទ្រង់បន់ថា "នឹងដាក់ព្រះកេស
(កោរសក់ ) ថ្វាយអារក្សទឹកនោះ ពេលនេះ ព្រះត្រូវតែដាក់ព្រះកេសលាបំណន់
" ។
ព្រះរាជាក៏ទ្រង់ចាត់ឲ្យធ្វើពិធីដាក់ព្រះកេសលាបំណន់ក្នុងវេលានោះឯង
។
ព្រោះស្ដេច បាយ៉ង់ ទ្រង់បន់កោរ
ហើយទ្រង់កោព្រះកេសថ្វាយអារក្សទឹកលាបំណន់ដូច្នេះ បានជាប់ព្រះនាមថា
" ស្ដេចបាយ៉ង់កោរ " ហើយនឹងដីទួលខ្ពស់
ដែលទ្រង់ធ្វើព្រះពន្លានោះជាប់ឈ្មោះថា " ភ្នំបាយ៉ង់កោរ "
រហូតមកដល់សព្វថ្ងៃ ។
ស្ដេច បាយ៉ង់កោរ ទ្រង់គង់នៅលើភ្នំនោះ
ជាមួយព្រះនាង សក់ក្រអូបជាព្រះអគ្គមហេសីបានសេចក្ដីសុខសាន្តជា ២ ឆ្នាំ
ព្រះអគ្គមហេសីទ្រង់ព្រះគភ៌ ។ លុះគ្រប់ទសមាស
ទ្រង់បានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ដាក់ព្រះនាមថា
"ព្រះបាទដៃខ្លី" (?)
។ ព្រះរាជបុត្រមិនមែន តែមានព្រះនាមថា
ព្រះបាទដៃខ្លី តែទ្រង់មានព្រះសរីរាវយវៈពេញលក្ខណៈទាំងអស់
ជាបុរសក្លាហាន អង់អាច ព្រះរូបឆោមក៏ស្អាតសក្ដិសមឥតខ្ចោះ
នាំឲ្យព្រះវរបិតាព្រះវរមាតាសព្វព្រះរាជហឫទ័យពន់ពេក ។
តាំងពីស្ដេច បាយ៉ង់កោ
និងព្រះនាងសក់ក្រអូប ភៀសព្រះអង្គមកគង់នៅកោះនោះរវាង ៧-៨ឆ្នាំ
ពុំមានលេចឮដំណឹងពីស្ដេចសៀមបន្តិចបន្តួចសោះ ព្រះអង្គក៏គង់នៅជាសុខសប្បាយ
ឥតមានទុក្ខភ័យ ឥតនឹកនាដល់ស្ដេចសៀមឡើយ ។
ក្រោយពីនោះ ៥ ឆ្នាំ
ស្ដេចសៀមរកល្បិចដើម្បីយកព្រះនាងសក់ក្រអូបឲ្យទាល់បាន
ក៏ចាត់ការជ្រើសរើសរកក្រុមភ្លេងល្ខោនដ៏ពិសេស ហើយនឹងជ្រើសយកពួកមន្ត្រីអ្នករាជការជាច្រើនរូបទៀត
ដែលឈ្លាសវៃក្នុងល្បិចស៊ើបការណ៍ផ្សេងៗ
ព្រមទាំងរេពលជាច្រើនបញ្ជូនឲ្យចុះសំពៅសំដៅទៅទិសទក្សិណ
ដើម្បីស្វែងរកព្រះនាង សក់ក្រអូប ជាព្រះអគ្គមហេសី បាយ៉ង់កោរ ម្ដងទៀត ។
ពួកមន្ត្រីពួកល្ខោន ហើយពួកទាហានទាំងអស់
គេបានពិភាក្សាគ្នាដឹងកិច្ចការជាស្រេច ដោយគេយល់ថា ស្ដេចបាយ៉ង់កោរ
និងព្រះនាង សក់ក្រអូប ប្រាកដជានៅក្នុងកោះមួយខាងនាយសមុទ្រ
គេក៏ចេញសំពៅជាច្រើនថ្ងៃច្រើនយប់ សំដៅទៅកោះនោះ ដល់ហើយក៏បោះយុថ្កាចត
សំពៅនៅជិតឆ្នេរកោះ ដែលស្ដេច បាយ៉ង់កោរ គង់ស្នាក់អាស្រ័យ នៅចម្ងាយប្រមាណ
១២ សិន ប៉ុណ្ណោះ ។
ត្រង់កោះ ដែលជាទីចតសំពៅរបស់ពួកសៀមនោះ
ចាប់មានឈ្មោះ ហៅថា "ជើងប្រជុំ" តមក តែសព្វថ្ងៃគេហៅក្លាយមកថា
" ជើងកញ្ជុំ " ។
ឯពួកពលសេនាពួកសៀមកាលគេបាចតសំពៅ
បោះយុថ្កាស្រួលហើយ
គេក៏ដាក់ឈើធ្វើជាស្ពានតពីលើសំពៅរបស់គេមកភ្ជាប់នឹងកំពង់នៃកោះនោះ
ហើយក៏តាំងរៀបពិធីលេងល្ខោននៅក្នុងសំពៅនោះរាល់យប់ ។
មនុស្សប្រុសស្រីដែលនៅក្នុងកោះទាំងប៉ុន្មានដោយពុំដែលបានមើលអ្វីឲ្យសប្បាយសោះ
ក៏នាំគ្នាទៅមើលល្ខោននោះយ៉ាងកុះករ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាងប្រសើរ
អំពីពួកពលរាជការសៀមទាំងនោះ ។ លុះលេងយូរៗ ទៅ
សេចក្ដីសប្បាយរីករាយរបស់មនុស្សអ្នកកោះនោះក៏កើតមានឡើង
ដោយសារសិល្បរបាំ របស់ស្ដេចសៀម បណ្ដាលឲ្យអ្នកកោះនិងពពួកពលសៀម
ស្និទ្ធស្នាលគ្នាយ៉ាងប្រពៃ ។ ចំណែកពួកសៀមខាងអ្នកស៊ើបការណ៍
ក៏យកការបានយ៉ាងច្បាស់លាស់ថា ស្ដេច បាយ៉ង់កោរ
ពិតជានៅស្នាក់ពួនក្នុងកោះនោះមែន ។
អ្នកមើលល្ខោនទាំងប៉ុន្មាននោះ
កាលត្រឡប់ទៅផ្ទះវិញ ក៏នាំគ្នានិយាយអួតកោតសរសើរអំពីស្រីរបាំ
នឹងពួកល្ខោនដែលចេះរាំយ៉ាងទន់ភ្លន់
នឹងអំពីការរៀបទទួលភ្ញៀវយ៉ាងប្រសើររបស់ពួកសៀម ។
ឯពួកភីលៀងនឹងពួកពលស្ដេច បាយ៉ង់កោរ
ដែលបានទៅមើលល្ខោននោះជាមួយនឹងអ្នកកោះនោះ
ក៏នាំគ្នាមកក្រាបទូលស្ដេចបាយ៉ង់កោរ និងព្រះនាងសក់ក្រអូប រៀងរាល់ថ្ងៃដែលបានទៅមើល
។ ថ្ងៃមួយព្រះនាងអត់ទ្រាំនឹងសេចក្ដីសប្បាយរីករាយនោះពុំបាន
ដោយពួកភីលៀងចេះតែក្រាបទូលញឹកញយពេក
ព្រះនាងក៏ក្រាបបង្គំទូលព្រះស្វាមីថា
"ចង់ទៅមើលល្ខោននឹងគេឲ្យបានឃើញម្ដង ព្រោះពួកភីលៀងនិយាយអួតថា ល្អមើលណាស់
" ។ ស្ដេច បាយ៉ង់កោរ ក៏ទ្រង់ស្ងៀមមិនអនុញ្ញាតឲ្យទៅ នឹងមិនឃាត់ឡើយ ។
ព្រះនាងក៏ទុកព្រះរាជបុត្រ
ដែលមានព្រះជន្មទើបតែបាន ៦ វស្សាឲ្យនៅជាមួយភីលៀង ក្នុងព្រះរាជដំណាក់
។ ហើយព្រះនាងទ្រង់យាងចេញទៅស្រង់ទឹកនៅកំពង់នោះ លុះស្រង់រួចក៏ទ្រង់គ្រឿងអលង្ការ
មានបរិវារប្រុសស្រីជូនព្រះដំណើរផង ទៅទតល្ខោននោះ ។
លុះចូលទៅដល់ពួកមន្ត្រីនឹងពលសេនាសៀម បានឃើញក៏ស្គាល់ថា
ជាតួព្រះនាងសក់ក្រអូប ជាមហេសីស្ដេចបាយ៉ង់កោរ
ពិតដែលពួកគេស្វែងមករកយកទៅថ្វាយស្ដេចគេ តាមព្រះរាជបញ្ជា
ឥឡូវព្រះនាងបានយាងចូលមកក្នុងកលឧបាយគេហើយ
គេក៏បានរៀបចំធ្វើបដិសណ្ឋារកិច្ចយ៉ាងគួរសមចំពោះព្រះនាង
និងបានរចនាអាសនៈយ៉ាងវិចិត្រសម្រាប់ព្រះនាង ។
កាលព្រះនាងគង់ស្រួលបួលហើយ គេបានប្រគំភ្លេងមួយយ៉ាងពីរោះ ឈ្មោះថា "
បទលោមនាង " រួចគេប្រគំបទជើតទៀត
ជាកិច្ចបើកឆាកល្ខោនរបស់ជាលំដាប់ហូរហែទៅ ។ អារម្មណ៍របស់ព្រះនាង
បានដិតជាប់នៅក្នុងសាច់រឿងនិងបទភ្លេងដ៏ពីរោះនៃល្ខោននោះ ។
ចំណែកខាងពួកសៀម
ដែលគេបាននិយាយណាត់គ្នារួចស្រេចហើយនោះ គឺគេណាត់គ្នាដោយចង្វាក់ស្គរនិងទំនុកផ្សេងៗ
។ សំពៅរបស់គេ គេចងខ្សែយុថ្កា ១នៅទិសឦសាន ចម្ងាយប្រមាណ ៦-៧ សិន
សម្រាប់រវៃឲ្យសំពៅថយ, កន្លែងនោះ កន្លែងនោះជាប់ឈ្មោះថា " ភូមិយុថ្កា "
(នៅស្រុកព្រះបាទជាន់ជុំ ) មកដល់សព្វថ្ងៃ ។ លុះគេដឹងថា ព្រះនាងកំពុងតែជាប់ព្រះទ័យយ៉ាងមាំចំពោះសាច់រឿងនិងបទភ្លេងហើយ
គេក៏ប្រគំបទមួយទៀតហៅថា " បទស្រាវខ្សែយុថ្កា "
ហើយគេប្រគំបទមួយទៀតឈ្មោះ " បទសំពៅថយ "
រួចគេចាប់រវៃខ្សែយុថ្កាហើយសំពៅក៏ចេះតែថយចេញទៅបន្តិចម្ដងៗ ។ ឯព្រះនាង
សក់ក្រអូប ព្រមទាំងពួកភីលៀងឥតដឹងខ្លួនថា សំពៅថយចេញសោះឡើយ
ដោយដក់ព្រះទ័យនឹងរឿងល្ខោននោះយ៉ាងក្រៃលែង ។
សំពៅក៏ថយចេញឆ្ងាយទៅៗ
ដល់យប់កាន់តែជ្រៅទៅ ទើបព្រះនាងនឹកចង់វិលមកព្រះដំណាក់វិញ ។
លុះទ្រង់ងាករកផ្លូវយាងចុះចាកអាសនៈល្ខោន ស្រាប់តែឃើញសុទ្ធតែទឹកល្ហល្ហាច
រកកោះត្រើយមិនឃើញ
ព្រះនាងក៏ស្រឡាំងកាំងភ័ន្តភាំងញ័រចំប្រប់កណ្ដាលមហាសាគរ ។
ព្រះនាងទ្រង់នឹកឃើញដល់រឿងដើម កាលដែលរត់ពីភ្នំដងរែក
ដើម្បីឲ្យផុតពីកណ្ដាប់ដៃសៀម ឥឡូវនេះគេចមិនផុត ត្រឡប់ជាវិលមកចូលក្នុងកលឧបាយរបស់សៀមទៅវិញ, ទ្រង់ក៏ព្រះកន្សែងសោកដោយក្រៀមក្រំថា
" ឱ!
ថ្ងៃនេះហើយដែលអញត្រូវព្រាត់ប្រាសពីប្ដីកម្សត់និងកូនជាទីស្នេហា
" ។ ឯពួកពលសៀមគេច្រានអស់ពួកភីលៀងរបស់ព្រះនាង សក់ក្រអូប
ឲ្យចុះក្បូនត្រឡប់មកវិញវាយកតែព្រះនាងមួយព្រះអង្គទៅប៉ុណ្ណោះ ។
លុះវាបានព្រះនាងហើយ វាយកទៅថ្វាយស្ដេចសៀមតាមព្រះរាជបំណង
ស្ដេចសៀមត្រកអរណាស់ បានឲ្យរង្វាន់ខាន់ខៅ យ៉ាងដល់ពួកពលសេនាទាំងនោះ ។
ស្ដេចសៀមយកព្រះនាង សក់ក្រអូប ទៅឲ្យគង់នៅក្នុងប្រាសាទដោយឡែកមួយព្រះអង្គ
ជាមួយនឹងពួកស្រីស្នំក្រមការអ្នកបម្រើតែប៉ុណ្ណោះ
ចាំឲ្យព្រះនាងបានស្រាកស្រាន្តពីសេចក្ដីទុកសិន
សឹមយកមកឲ្យគង់នៅជាមួយព្រះអង្គ ។
ចំណែកខាងស្ដេច បាយ៉ង់កោរ
កាលបានទ្រង់ជ្រាបថា ពួកពលសៀមនាំយកព្រះអគ្គមហេសីទៅហើយ
ព្រះអង្គក៏កើតទុក្ខសោកសង្រេងសង្រៃយ៉ាងក្រៃលែង ក្នុងមួយថ្ងៃៗ
ព្រះអង្គលែងធ្វើកិច្ចការអ្វីកើតទាំងអស់
មានទឹកព្រះនេត្រហូរជាប់ជានិច្ចកាល ជាមួយព្រះរាជបុត្រកំព្រា ១
ព្រះអង្គ ។ ព្រះអង្គទ្រង់គង់គយគន់តែទៅក្នុងមហាសាគរ
ស្ទើរតែបែកព្រះនេត្រ តែមិនបានឃើញអ្វីក្រៅអំពីមហាមេឃដ៏ធំល្វឹងល្វើយ
និងរលកបោកបែកផ្កាត្រែងនោះឡើយ
ទ្រង់ងាកមកលើកោះវិញក៏ទ្រង់ឃើញតែរុក្ខាលតាវល្លិ
ដែលសុទ្ធតែជាធម្មជាតិរស់រវើកហាក់ដូចជាចង់ជួយរំលែកនូវសេចក្ដីទុក្ខរបស់ព្រះអង្គដែរ
។ ព្រះអង្គតែពោលថា " កម្សត់អើយសែនកម្សត់!
បងស្រណោះកាលបងនាំអូនរត់ឲ្យផុតពីដៃសៀម ឥឡូវមិនផុត
គង់ភ្លាត់ស្នៀតបាន ឲ្យបងទីមទាមនៅម្នាក់ឯង " ។
ចំណែកព្រះនាងសក់ក្រអូប
ដែលគង់នៅក្នុងប្រាសាទ ១ តែ ១ ព្រះអង្គនោះ
មានព្រះភក្ត្រស្រពាប់ស្រពោនជានិច្ច ទោះបីស្រីស្នំក្រមការខំយកចិត្តទុកដាក់បម្រើផ្គាប់ផ្គុនយ៉ាងណា
ក៏មិនស្រាកស្រាន្តអំពីសេចក្ដីទុកដែរ ប្រាសាទធំល្វឹងល្វើយ
តែហាក់ដូចជាចង្អៀតរកផ្លូវដើរគ្មាន
មួយថ្ងៃៗព្រះនាងតែងគង់អើតតាមបង្អួចខាងត្បូងជានិច្ច សម្លឹងរកមើលក្រែងបានឃើញមនុស្ស
ដែលព្រះនាងធ្លាប់ស្គាល់ ។ ស្ដេចសៀមឲ្យទាហានយាមទ្វារជានិច្ច
មិនព្រះនាងយាងចេញទៅណាបានទេ ព្រះនាងកើតទុក្ខសង្រេងសង្រៃរៀងរាល់ថ្ងៃ
ណាមួយនឹកមកព្រះរាជបុត្រតូចជាទីស្រឡាញ់
ណាមួយនឹកព្រះស្វាមីជាគូរកម្សត់ ។
លុះ ១២ ឆ្នាំ ក្រោយមក ព្រះអង្គម្ចាស់
ព្រះបាទដៃខ្លី ជាព្រះរាជបុត្រក៏មានវ័យវឌ្ឍនាការតចម្រើនធំឡើង
សួរព្រះបិតារកព្រះមាតាថា " ព្រះមាតាទៅណាបាត់
មិនដែលឃើញព្រះភក្ត្រសោះ?
" ។ ស្ដេច បាយ៉ង់កោរ
ជាប្រះបិតាក៏ប្រាប់តាមដំណើរហេតុគ្រប់យ៉ាង ។
ព្រះអង្គក៏កើតសេចក្ដីក្ដៅក្រហាយជាខ្លាំង
សូមលាព្រះបិតាទៅតាមរកព្រះមាតាយកមកវិញ ។
ព្រះបិតាក៏មានព្រះបន្ទូលថា "បើកូនទោតាមរកព្រះមាតា
នឹងទៅដៃទទេពុំបានទេ ទោះកូនយកបានម្ដាយមកវិញ
ក៏នឹងមានគេតយុទ្ធគ្នាខាងផ្លូវសង្គ្រាមជាមិនខាន, ដូច្នេះកូនកុំអាលទៅចាំឪពុកកេណ្ឌសេនារេហ៍ពលឲ្យបានច្រើនជាកំដរ
បើមានអាសន្នមកដល់ កូនអាចដោះខ្លួនបាន" ។ ទើបស្ដេច បាយ៉ង់កោរ
ទ្រង់ជ្រើសមនុស្សដែលក្លាហានស្ម័គ្រចិត្តចូលខ្លួនធ្វើជាពលសេនា
បានចំនួនរាប់ម៉ឺននាក់ ឲ្យមកប្រជុំនៅកន្លែងមួយតាំងសីលមន្តវិជ្ជាការ
ហាត់រៀនមន្តអាគមគាថា នៅទីព្រះលានមួយ ទើបទីនោះជាប់ឈ្មោះថា
"ស្រែចមពល" រហូតមកដល់សព្វថ្ងៃ ។
លុះទ្រង់យល់ថាបានការល្មមជាទីទុកចិត្តហើយ ទើបទ្រង់ឲ្យព្រះបាទដៃខ្លី
ជាព្រះរាជបុត្រចុះសំពៅទៅតាមផ្លូវទឹក សំពៅទៅទិសពាយព្យអស់ពេលរវាង ៣
សប្ដាហ៍ ទើបទៅដល់ព្រំដែនសៀម ។
ព្រះអង្គម្ចាស់ដៃខ្លី
ក៏ឲ្យចតសំពៅនៅកំពង់នៃកោះមួយ ដែលមានដែនដីជាប់នឹងព្រំប្រទល់សៀម
ល្មមយាងចូលទៅស្រុកសៀមបាន ។
ដូចបានពោលមកហើយថា ព្រះអង្គម្ចាស់
ដៃខ្លី ពិតមែនតែមានព្រះនាមថា ដៃខ្លី តែព្រះអង្គមានព្រះហស្តល្អ
មានព្រះរូបស្អាតឆើតឆាយ គួរជាទីពិតពិលរមិលមើលនៃពួកស្រីក្រមុំៗ
ព្រះអង្គបានផ្ដាំពួកពលទាំងអស់ថា " ឲ្យនៅចាំសំពៅក្នុងទីនេះ
យើងទៅតែម្នាក់ឯងហើយមិនកំណត់ថ្ងៃណានឹងមកវិញទេ
លុះតែយើងបានសម្រេចតាមសេចក្ដីប្រាថ្នា ទើបយើងត្រឡប់មកសំពៅវិញ " ។
ព្រះអង្គម្ចាស់ក៏ធ្វើព្រះដំណើរចូលទៅដល់ក្រុងសៀម
ក្នុងព្រះទ័យចេះតែគិតបណ្ដើរថា
"បើប្រសិនជាបានជួបនឹងព្រះមាតាប្រហែលជាមិនស្គាល់ព្រះភក្ត្រលោកទេ
ចំណែកព្រះមាតាវិញ ក៏ប្រហែលជាមិនស្គាល់ព្រះអង្គដែរ
ព្រោះបែកគ្នាយូរឆ្នាំមកហើយ " ។
គាប់ជួនថ្ងៃមួយ ព្រះម្ចាស់ព្រះបាទ
ដៃខ្លី កំពុងតែសម្លឹងមើលនាយមើលអាយ
ស្រាប់តែជួបប្រទះនឹងព្រះនាងសក់ក្រអូប ជាព្រះមាតាដែលគង់ត្រង់បង្អួចប្រាសាទ
ទតមើលមកខាងក្រៅតែ ១ ព្រះអង្គ តែទ្រង់មិនស្គាល់ជាព្រះមាតាសោះ
ទ្រង់សំគាល់ថាជាស្រីសៀម មានរូបឆោមស្អាតស្រស់បំព្រង
មុខមូលក្រឡង់ដូចវង់ច័ន្ទ បបូរមាត់ក្រហមឆ្អៅគួរជាទីទស្សនា
ទ្រង់កើតព្រះទ័យស្នេហា ក៏ទ្រង់ពោលបញ្ឆិតបញ្ឆៀងផ្ដោះផ្ដងឲ្យ ។
ឯព្រះនាងសក់ក្រអូប វិញក៏មិនស្គាល់ព្រះរាជបុត្រដែរ
សំគាល់ថាជាប្រុសសៀមសុទ្ធសាធ ក៏កើតចិត្តប្រតិព័ទ្ធយ៉ាងខ្លាំង
រហូតដល់បានជួបប្រទះពាក្យសំដីចែចង់គ្នាតាមធម្មតារបស់ស្ត្រីនិងបុរស
ព្រះនាងបានផ្ដាំព្រះអង្គម្ចាស់ថា "
ដល់ពេលព្រលប់ធំឲ្យចូលមកក្នុងទីនេះទៀត
ព្រះនាងនឹងចុះមកពីប្រាសាទមកចាំផ្លូវ " ព្រះនាងបានបញ្ជាក់ថា
" ទីនេះស្ងាត់ល្អណាស់ ឥតមានមនុស្សចេញចូលញឹកញាប់ទេ " ។
ព្រះអង្គម្ចាស់ព្រះបាទ ដៃខ្លី មានព្រះទ័យរីករាយណាស់ ដោយសេចក្ដីស្នេហាជាខ្លាំង
ទ្រង់គិតថា
"អញចង់កូនក្រមុំសៀមនេះឲ្យបានហើយពង្រត់យកទៅទុកឯសំពៅសិន
សឹមដើរម្ដាយអញតទៅទៀត " ។ លុះពេលព្រលប់ធំ
ព្រះអង្គម្ចាស់ក៏ឡប់ទៅកាន់ប្រាសាទព្រះនាងវិញ តាមបណ្ដាំពីពេលមុន ។
ព្រះនាងក៏ចេញមកជួបនាំឡើងទៅព្រះដំណាក់ ។
លោកទាំងពីរក៏និយាយសំណេះសំណាលលួងលោមគ្នាដោយសេចក្ដីស្នេហា
បានប្រព្រឹត្តស្មន់អន្ធករនឹងគ្នា
ហើយក៏នាំគ្នារត់ចេញពីដំណាក់សំដៅទៅកំពង់ជាទីចតសំពៅ ។ លុះមកដល់សំពៅ
ព្រះនាងស្គាល់អាមាត្យជាក្រុមញាតិខ្លះ ជាអ្នកបម្រើខ្លះ
អ្នកទាំងនោះក៏ភ្ញាក់ខ្លួន
ហើយសាកសួរទៅវិញទៅមកភ្លាមក៏បានដឹងច្បាស់ថា
ស្ត្រីនេះជាព្រះនាងសក់ក្រអូប ជាព្រះមាតា ព្រះអង្គម្ចាស់ព្រះបាទ
ដៃខ្លី ជាព្រះរាជបុត្រ ។
ព្រះនាងក៏បានជ្រាបថាបុរសនេះជាព្រះរាជបុត្រជាទីកម្សត់របស់ព្រះនាង
ដែលព្រះនាងប្រាសចាកចោលមកអស់រយៈកាល ជាង ១០ ឆ្នាំ ហើយ ។
ព្រះមាតានិងព្រះរាជបុត្រក៏យំឱបគ្នាទៅវិញទៅមក
ដោយសេចក្ដីនឹករលឹកយ៉ាងសែនកម្សត់ ។
ឯសេចក្ដីស្នេហាដោយតណ្ហាក៏រលាយបាត់ក្នុងពេលនោះគ្មានសល់ ។
ព្រះរាជកុមារក៏មានសេចក្ដីរន្ធត់ញាប់ញ័រជាពន្លឹក
ចំពោះអំពើពុំគប្បីដែលទ្រង់បានធ្វើចំពោះព្រះមាតា
ទោះព្រះមាតាអត់ទោសឲ្យយ៉ាងណា ក៏មិនស្ងប់សេចក្ដីញាប់ញ័រនោះឡើយ ។
ពួកពលសេនា
កាលបានព្រះនាងហើយក៏នាំគ្នាបើកសំពៅយ៉ាងលឿនលន់ពេញទំហឹងឥតមានបង្អង់
ឆ្ពោះមកកាន់ព្រះដំណាក់ព្រះបាទ បាយ៉ង់កោរ វិញ ។
៣សប្ដាហ៍ក្រោយមកសំពៅក៏បានមកដល់ព្រះដំណាក់ ។ ស្ដេច បាយ៉ង់កោរ
និងព្រះនាង សក់ក្រអូប បានជួបជុំគ្នាដោយសេចក្ដីរីករាយ
នឹងសេចក្ដីសោកសង្រេង ទង្គឹះខ្សឹកខ្សួលព្រោះសេចក្ដីនឹករលឹក
នឹងសេចក្ដីស្នេហាជាទីបំផុត ។ កាលបានជួបព្រះភស្ដា ជាទីស្រឡាញ់ហើយ
ព្រះនាងក៏ក្រាបបង្គំទូលរៀបរាប់តាមដំណើរ
ដែលព្រះនាងត្រូវស្ដេចសៀមចាប់ថា "
គេនាំយកខ្ញុំម្ចាស់ទៅឲ្យនៅក្នុងប្រាសាទមួយតែម្នាក់ឯង
មានពួកស្រីៗកំដរចាំបម្រើគ្រប់ពេល ស្ដេចសៀមឬកំលោះណាម្នាក់ឥតបានមកជិតបៀតបៀនខ្ញុំម្ចាស់ទេ
ពេលដែលកូនទៅដល់ ខ្ញុំម្ចាស់មិនស្គាល់ជាកូនរបស់យើងសោះ
នឹកស្មានថាបុរសកំលោះពីណា មកចំណែកកូនយើងវិញ
ក៏ពុំស្គាល់ខ្ញុំម្ចាស់ជាម្ដាយដែរ
បានជួបគ្នាក៏កើតចិត្តប្រតិព័ទ្ធស្នេហារហូតដល់បានស្ម័គ្រស្មន់អន្ធករ
ជាមួយនឹងកូនរបស់យើងនេះទៅហើយ សូមព្រះស្វាមីអភ័យទោស
ដល់រូបខ្ញុំម្ចាស់ ព្រមទាំងកូនផង " ។
ស្ដេច បាយ៉ង់កោរ
ទ្រង់ជ្រាបហេតុសព្វគ្រប់តាមពាក្យទូលនៃព្រះនាងហើយ ក៏ទ្រង់អនុញ្ញាត
ឥតមានខ្ញាល់ឡើយ ដោយព្រះអង្គទ្រង់ពិចារណាថា " ធម្មតាម្ដាយនិងកូន
ទោះបីយ៉ាងណា ក៏មិនហ៊ានប្រព្រឹត្តអំពើពុំគប្បីរបៀបនេះដែរ
នេះគឺអំពីអំពើហេតុមិនស្គាល់គ្នាបានជាហ៊ានប្រព្រឹត្តអនាចារយ៉ាងនេះ ។
រឿងនេះ ស្ដេចបាយ៉ង់កោរ
ព្រះអង្គនៅមានសន្ទិះសង្ស័យក្រែងលោព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់ដល់អបាយ
ទើបព្រះអង្គឲ្យហៅអ្នកប្រាជ្ញបណ្ឌិត កវី ហោរា ជាដើម
មកជួបជុំពិគ្រោះមើលក្រែងមានកម្មពៀរវេរាទៅជាតិខាងមុខ ។
លុះជំនុំពិគ្រោះធៀបមើលហេតុផលសព្វគ្រប់ទៅ ក៏បានវិនិច្ឆ័យសម្រេចថា
" ត្រូវតែព្រះរាជបុត្រទទួលទណ្ឌកម្ម គឺត្រូវជីកស្រះអង្គចំនួន ១០០១
អង្គ" ។ ស្ដេចបាយ៉ង់កោរ ក៏ទ្រង់ឲ្យពលករ ចំនួន ១០០១ នាក់
ជួយជីកស្រះព្រះរាជបុត្រដែរ ។ លុះជីករួចកើតជាស្រេចហើយ
ក៏ទ្រង់ចាត់ចែងធ្វើបុណ្យឆ្លង ហើយព្រះរាជបុត្រទ្រង់អធិដ្ឋានថា "
ស្រះអង្គទាំង ១០០១ ដែលជាស្នាដៃខ្ញុំសាងនេះ
ខ្ញុំឧទ្ទិសទុកជាប្រយោជន៍ដល់សត្តនិករ
ដើម្បីនឹងបានប្រើទឹកតទៅដរាបណាស្រះអង្គនេះ លែងដក់ទឹកជាប់
ហើយដីដុះឡើងរាបស្មើដូចធម្មតាវិញ, ដរាបនោះ
សូមឲ្យទោសរបស់ខ្ញុំរលាយជាអហោសិកម្មទៅ " ។
ហេតុនេះហើយបានជានៅក្នុងខេត្តតាកែវទាំងមូល
មានទីកន្លែង ដែលមានឈ្មោះថា "អង្គៗ " នេះច្រើនណាស់ ដូចជា
អង្គរកា អង្គសឹង្ហ ជាដើម ។
រឿង ភ្នំបាយ៉ង់កោរ (នៅខេត្ដតាកែវ)
Reviewed by VannyDa
on
2:33 PM
Rating: