រឿង ប្រាសាទនាងខ្មៅ (នៅខេត្ដតាកែវ)
បើយើងធ្វើដំណើរពីក្រុងភ្នំពេញ
ទៅកាន់ខេត្តតាកែវ ដល់ទៅឃុំរវៀង ស្រុកសំរោង យើងនឹងឃើញវត្តបុរាណមួយហៅ
" វត្តប្រាសាទនាងខ្មៅ "
តាំងនៅខាងកើតជាប់នឹងថ្នល់ជាតិពីក្រុងភ្នំពេញទៅ ។
បានជាហៅថា វត្តប្រាសាទនាងខ្មៅ
ព្រោះក្នុងវត្តនោះមានប្រាសាទបុរាណពីរ ឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារចំខ្លោងទ្វារវត្តខាងទិសបស្ចិម
។ ប្រាសាទទាំងពីរនោះ ធ្វើពីថ្មផង ឥដ្ឋផង ទំហំ ៤ ម៉ែត្រ ៤ ជ្រុង កម្ពស់ ១០
ម៉ែត្រ កំពូលស្រួចដូចចេតិយ ខ្ពស់ត្រដែត ។
រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនោះ
មានដំណាលថា ៖
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទ
សុរិយាទេវង្ស គង់នៅលើភ្នំជីសូរ ជាស្ដេចមានមហិទ្ធិឫទ្ធិមានបុណ្យច្រើន
ទ្រង់បានសាងប្រាសាទ ៥ និងទ្រង់ឲ្យជីកស្រះ ៤ នៅលើភ្នំនោះ
គ្រប់ជ្រុងប្រាសាទ ទ្រង់មានព្រះរាជបុត្រី ១ ព្រះអង្គព្រះនាម នាងខ្មៅ ។
ភ្នំជីសូរអំពីកំពូលចុះមកដល់ដីជម្រាលជើងភ្នំខាងក្រោម
ប្រហែល ៧០០ ម៉ែត្រ មានទន្លេ ៤ គឺទន្លេអុំ ១ ទន្លេស្លួត ១ ទន្លេស្តុក ១
ទន្លេប្រទ្រុន ១ ។ ទន្លេទាំង ៤
នោះជាកន្លែងសម្រាប់ក្រសាលរបស់ស្ដេចអង្គនោះ ។
លុះព្រះរាជបុត្រីមានវ័យវឌ្ឍនាការចម្រើនឡើងបានព្រះជន្ម ១៦ ឆ្នាំ
ព្រះនាងមានរូបឆោមលោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ ។ ថ្ងៃមួយ
ព្រះនាងនឹកភ្នកចង់ទៅលេងទន្លេប្រទ្រុន
បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ ។
ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំហែហមព្រះដំណើរព្រះនាង
ទៅក្រសាលក្នុងវេលាថ្ងៃរសៀល ។
គ្រានោះ មានបុរសម្នាក់ឈ្មោះ បណ្ឌិតស្រី
ទើបនឹងសឹកពីសាមណេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀត
ចេះមន្តអាគមវិជ្ជាការ ។ បណ្ឌិតនោះ ទីលំនៅៗ ភូមិមួយខាងលិចភ្នំជីសូរជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន
។ ថ្ងៃនេះ បណ្ឌិត ស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ
បានឃើញព្រះនាងខ្មៅ ចុះពីលើភ្នំ ជាមួយនឹងស្រីបរិវារ
ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្តនឹងព្រះនាងក្រៃពេក ។ បណ្ឌិតនោះពិចារណាថា
"ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ដោយបានជួបប្រទះនឹងស្រីគ្រប់លក្ខណ៍
តែអាត្មាអញជាកូនរាស្ត្រអ្នកកម្សត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន!
នាងនេះមិនមែនជាស្រីសាមញ្ញទេ គឺជាព្រះរាជបុត្រីរបស់ស្ដេច
អាត្មាអញនឹងនាងនេះពុំសមស័ក្ដិគ្នាសោះ
បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?" ។ បណ្ឌិតចេះតែស្រឡាញ់ខ្លាំងឡើងៗ
គិតថា "នឹងចូលទៅដណ្ដឹងតាមច្បាប់ក៏ពុំសម
នឹងប្រព្រឹត្តខុសក៏មុខជាស្ដេចយកទោសដល់ស្លាប់" ។
លុះសេចក្ដីស្រឡាញ់កាន់តែទ្វេឡើងៗ ក៏ស៊ូប្ដូរស្លាប់ថា
"ទុកជាស្ដេចយកទោសយ៉ាងណា ក៏សុខចិត្តតែស្លាប់"
ទើបបាននឹកដល់មន្តវិជ្ជាការ ដែលចេះទាំងប៉ុន្មាន
ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជ្ជាការនោះ
ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង ។ ឯសូរសម្លេងស្លឹកដែលបណ្ឌិតផ្លុំនោះទៅចុចចំបេះដូងព្រះនាងនោះ
ព្រះនាងក៏ភ័ន្តភាំងស្មារតី,
លុះផ្ងារឡើងគិតថា "អាត្មាអញជាកូនស្ដេច
ធ្លាប់ស្ដាប់ភ្លេងដូរ្យតន្ត្រីសព្វថ្ងៃតែពុំមានភ្លេងអ្វីធ្វើចិត្តឲ្យអញស្លុត
ដូចសំឡេងស្លឹកនេះសោះ"ព្រះនាងសម្លឹងគិតយូរៗទៅ សំឡេងរឹតតែពីរោះឡើងៗ
ព្រះនាងអត់ទ្រាំពុំបាន ក៏លាន់ព្រះឱស្ឋថា "យីអើហ្ន!
សំឡេងនេះជាសំឡេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់
តើអ្នកនោះដូចម្ដេចបានជាចេះផ្លុំពីរោះដល់ម្ល៉ឹង? " ។
ព្រះនាងក៏ទៅរកមើលឲ្យឃើញដោយព្រះអង្គឯង ។ លុះព្រះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះៗ
ក៏រឹតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង
បានសាកសួរសន្ទនាគ្នាទៅវិញទៅមក
តាមប្រពៃណីរបស់ប្រុសនិងស្រីដែលស្រឡាញ់គ្នា ។
អ្នកទាំងពីររូបបាននិយាយមត់គ្នាថា "ថ្ងៃក្រោយ
យើងនឹងមកជួបគ្នាទៀត" ហើយលាបែកគ្នារៀងខ្លួន ។ ចំណែកព្រះនាង
ចាប់តាំងពីបែកបណ្ឌិតនោះទៅ មានទឹកព្រះភក្ត្រប្លែកពីប្រក្រតី
ចេះតែក្រៀមក្រំលែងរួសរាយរកពួកបរិវារ ពួកបរិវារក៏មានសន្ទិះសង្ស័យ ។
ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ។ ព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅ
ទ្រង់ចាត់មនុស្សឲ្យហែហមជូនព្រះដំណើរព្រះនាងដូចថ្ងៃមុន
លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា "
អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចឯនោះបន្តិច " ។
និយាយប្រាប់ហើយ ព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួប
លុះបានជួបគ្នាហើយ ទាំងពីររូបក៏សម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន ។
ពួកបរិវារសង្ស័យទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្ដីភិតភ័យ
ខ្លាចក្រែងស្ដេចយកទោសដល់ជីវិត ក៏ជំនុំពិគ្រោះគ្នាថា
"យើងគួរតែក្រាបទូលស្ដេចកុំខាន" ។ លុះត្រឡប់ទៅវិញ
ពួកបរិវារក៏ចូលទៅគាល់សព្វគ្រប់តាមដំណើរ ។
ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពួកពេជ្ឈឃាដមកប្រាប់ថា
"ត្រូវយកកូនអញទៅសម្លាប់ឲ្យឆាប់ " ។
ព្រះមហេសីជាព្រះមាតា
ក្រាបទូលសុំទោសព្រះស្វាមីថា "សូមព្រះករុណាទ្រង់ព្រះមេត្តាប្រោស
ព្រះរាជទានទោសដល់កូនរបស់យើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ
សូមព្រះអង្គកុំសម្លាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះ
សូមទ្រង់អនុញ្ញាតឲ្យទាន" ។
ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំរបស់ព្រះនាងជាព្រះមាតា ទើបទ្រង់បង្គាប់ទៅសេនាបតីឲ្យធ្វើប្រាសាទ
២ ចម្ងាយអំពីព្រះដំណាក់ទៅ ៣ យោជន៍ ។
ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា
រួចហើយស្ដេចទ្រង់បង្គាប់ឲ្យនាំព្រះនាងខ្មៅ ទៅនៅទីនោះ
ប្រាសាទនោះនៅខាងលិចភ្នំជីសូរ ។ តាំងពីថ្ងៃនោះទៅ ព្រះនាងកើតទុក្ខជាទម្ងន់
ណាមួយព្រះបិតាបំបរបង់ចោលឲ្យនៅតែម្នាក់ឯង ណាមួយបែកពីរសង្សារ
លែងបានមកជួបសោះ ដោយមិនជ្រាបជានៅទីណា ។
គ្រានោះ មានភិក្ខុ ១ រូបឈ្មោះ កែវ
លោកនិមន្តចេញពីស្រុកលោក ទៅរៀនមន្តវិជ្ជាការឯស្រុកក្រៅ
លោករៀនបានចេះពូកែណាស់ លោកត្រឡប់មកស្រុកវិញគង់នៅទីមួយ
(ក្នុងខេត្តតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក ។
ដោយស្រះនោះជារបស់លោកគ្រូកែវ ទើបមានឈ្មោះថា ស្រះ កែវ ៗ
រហូតដល់សព្វថ្ងៃ ។
លោកគ្រូអង្គនេះ គង់នៅយូរបន្តិចទៅ
មានកិត្តិសព្ទទួទៅគ្រប់ស្រុកភូមិ ។ ព្រះនាងបានឮដំណឹងថា
លោកគ្រូនោះទើបតែនិមន្តមកពីស្រុកក្រៅ ចេះមន្តវិជ្ជាការល្បីល្បាញដូច្នោះ
មានព្រះបំណងចង់ជួបនឹងលោក
ដើម្បីចង់ដឹងអំពីសេចក្ដីទុក្ខរបស់ព្រះនាងថា
"តើថ្ងៃណានឹងស្រាកស្រាន្តស្បើយល្ហើយ " ព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីន័ងដំរី
ដើម្បីទៅថ្វាយបង្គំលោកគ្រូ កែវ ។
លុះធ្វើព្រះដំណើរទៅដល់ទីកន្លែងលោកគ្រូនោះហើយ
ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម
ទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសព្វគ្រប់ ក៏បែកចិត្តចេញពីសង្សារចាស់
មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះ
មានរូបស្អាតជាងបណ្ឌិតស្រី ពេញលក្ខណៈជាប្រុសគួរឲ្យស្រឡាញ់
ព្រះនាងដំណាលពីសេចក្ដីទុក្ខរបស់ព្រះនាងទូលលោកគ្រូសព្វគ្រប់ហើយ
ក៏សំដែងអាការស្និទ្ធស្នាលហាក់ដូចជាទុកចិត្តគ្នាយូរមកហើយ ។
អាការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវ
ស្គាល់បានថា ព្រះនាងជាប់ជំពាក់នឹងលោក ។ លោកគ្រូ កែវ
អត់ទ្រាំពុំបានក៏មានចិត្តទោរទន់ទៅរកព្រះនាង
ហើយមានពុទ្ធដីកាទន់ភ្លន់ទៅរក ។ កាលបើព្រះនាងបានឮពុទ្ធដីកាលោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នេះ
ក៏សង្ឃឹមថា "តទៅមុខអញនឹងមានអាង
លែងកើតទុកតាំងពីថ្ងៃនេះតទៅហើយ... ។ ចាប់តាំងពីថ្ងៃនោះមក
ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរ ។
ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះខ្លាំងណាស់ដែរ
តែលោកដកពុំរួចសោះ ។ ពេលក្រោយមក
ព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំឲ្យលោកគ្រូស្រោចទឹក
ដើម្បីឲ្យមានសិរីសួស្ដី ។ ពេលទៅស្រោចទឹកនោះ
ព្រះនាងក៏រឹតតែសំដែងអាការរាក់ទាក់ទៅរកលោកគ្រូ កែវ ខ្លាំងឡើងថែមទៀត
ហើយព្រះនាងទូលថា "សូមឲ្យលោកម្ចាស់គង់នៅសប្បាយចុះ" ។
កាលបើឮពាក្យនោះ លោកគ្រូកែវ
ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខដោយសំដីព្រះនាង ។ អាការរបស់លោក
ជាអាការប្រាប់ព្រះនាងឲ្យជ្រាបច្បាស់ថា "លោកកើតទុក្ខពីព្រោះព្រះនាង"
។ ព្រះនាងក៏រឹតតែមានសេចក្ដីស្រឡាញ់ខ្លាំងឡើងទៀត
ដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញ កើតទុក្ខផ្ទំពុំលក់
សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏បម្រើឲ្យរៀបចំព្រះទីន័ងដំរី
ទៅនិមន្តលោកមកឯព្រះដំណាក់ព្រះនាង ។ ឯលោកគ្រូ កែវ
កាលបើបានឃើញអ្នកបម្រើទៅនិមន្ត ក៏សប្បាយព្រះទ័យណាស់
បានរៀបចំដំណើរនិមន្តមកជាប្រញាប់ ។ ព្រះនាងក៏ទំនុកបម្រុងបណីតភោជន
សុទ្ធតែរបស់ប្លែកៗ ។ លុះលោកនិមន្តទៅដល់
ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ ។ លោកគ្រូ កែវ ឆាន់ពុំបាន ។
អាការដែលលោកឆាន់មិនបាននោះ ជាអាការប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់
ព្រះនាងក៏កើតទុក្ខខ្លាំងឡើងៗ
អត់ទ្រាំកេរ្តិ៍ខ្មាសពុំបានក៏ចូលទៅទូលលោកថា "
សូមលោកម្ចាស់សឹកចាកសិក្ខាបទមកចុះ " ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ព្រមទាំងប្រដាប់ប្រដាសព្វគ្រប់
។
លោកទទួលព្រមតាមសំដីព្រះនាងនិមន្ត
ហើយក៏សឹកចាកសិក្ខាបទជាឃរាវាសនៅរួមសុខជាមួយព្រះនាងខ្មៅ
នៅក្នុងប្រាសាទនោះ ។
ដោយមានរឿងដំណាលដូច្នេះ បានជាប្រាសាទនោះ
គេហៅថា " ប្រាសាទនាងខ្មៅ " តាំងពីនោះរហូតមក ។
ចំណេរកាលមកខាងក្រោយ
មានពុទ្ធបរិស័ទជ្រះថ្លា ស្ថាបនាវត្តនៅទីនោះឡើង វត្តក៏មានឈ្មោះថា
" វត្តប្រាសាទនាងខ្មៅ " រហូតមកដល់សព្វថ្ងៃ ។
រឿង ប្រាសាទនាងខ្មៅ (នៅខេត្ដតាកែវ)
Reviewed by VannyDa
on
2:34 PM
Rating: