រឿងព្រេង អ្នកតា ម៉ឺន-គង់
១. "អ្នកតាដែលនៅលើខ្នងភ្នំធំ
នៅឃុំត្រពាំងរាំង ស្រុកឈូក ខែត្រកំពត ឈ្មោះលោកតា ម៉ឺន-គង់ ។
មានរឿងដំណាលថា លោកតា ម៉ឺន-គង់ នេះ មានឥទ្ធិពលខ្លាំងក្លា
មានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុស- ស្រីក្នុងស្រុកឈូកទាំងមូល
តែងតែគោរពកោតខ្លាចអំណាចលោកតា ម៉ឺន-គង់ នេះគ្រប់ៗគ្នា : អ្នកស្រុកទៅរកស៊ីឯព្រៃភ្នំម្ដងៗ
ប្រយ័ត្នជានិច្ច ខ្លាចក្រែងនិយាយលេងហួសខុសមាត់
ពុំហ៊ាននិយាយចម្អេះចំអាសសើចលេងទេ ។
មានរឿងរ៉ាវជាច្រើនតាមឮចាស់ៗដំណាលតៗ គ្នាមកថា : កាលជំនាន់ជាង
១០០ ឆ្នាំប្លាយមកហើយពលរដ្ឋក្នុងស្រុកឈូកនេះ
ពុំសូវហ៊ានទៅរកនៅឯព្រៃនោះទេ ដោយលោកតា គង់
នេះកំពុងមានឥទ្ធិពលអស្ចារ្យណាស់
អ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំងទេ
ពុំហ៊ានលូកបាយបរិភោគក្នុងឆ្នាំងទេ ពុំហ៊ានដេកគងអន្ទាក់ទេ
ពុំហ៊ានថាអញគ្មានខ្លាចអ្វីក្នុងព្រៃនេះទេ
និងពុំហ៊ាននិយាយចំអែចំអន់សើចលេងដូចជានៅផ្ទះនោះផង ដោយខ្លាចខុសមាត់
។ បើមានឈ្មោះណាខុសមាត់ ឬខុសដោយប្រការណាមួយ ពេលដើរទៅ
នឹងឃើញពស់វែករនាមធំៗ ឬយប់ឡើង នឹងឃើញខ្លាធំៗ
មកយំគគ្រឹកគគ្រេងដេកពុំបានទេ បើមានចាស់គេដឹងថាខុសមាត់
គេនិយាយបន់ថា "លោកតា ម៉ឺន-គង់ អើយ ខ្ញុំខ្មាសអៀនណាស់
សុំហៅគោលោកតាទៅវិញទៅ ខ្ញុំរាងចាលហើយ" ថាតែប៉ុណ្ណោះ
គឺស្រាប់តែបាត់ភ្លាមទៅវិញ ឮតា ដួង និយាយថា
"មានមនុស្សបីនាក់ទៅរកស៊ីឯព្រៃភ្នំ មានម្នាក់ខុសមាត់
ហើយដេកលើខ្ទមកណ្ដាលគេទៀត ស្រាប់តែខ្លាលបខាំ
ពាំយកអ្នកខុសមាត់ទៅបាត់ អ្នកដេកជាមួយគ្នាភ្ញាក់ឡើង
ឃើញតែដានខ្លារកមនុស្សពុំឃើញក៏សឹងមាន ។ ឮចាស់និយាយថា តាប៉ែននិងតាទូច
ទៅរកស៊ីឯខាងលិចភ្នំធំ ជិតផ្ទះដែរ
ហើយខ្លាវាដើរតាមពីភ្នំធំមកដេញខាំតាប៉ែនៗ រត់ឡើងដើមឈើមួយដើម
ខ្លាវាឡើងតាមខាំតាប៉ែនយកទៅស៊ីអស់សាច់ពាក់កណ្ដាលស្លាប់ទៅ
ឯតាទូចគ្មានខុសមាត់នោះត្រឡប់មកផ្ទះឥតមានខ្លាតាមទេ តាទូចប្រាប់កូនតាប៉ែន
កូនតាប៉ែនទៅតាមរក ឃើញស្នាមខ្លាស៊ីដល់ស្លាប់មែន
ជាប់ពាក្យដល់សព្វថ្ងៃនេះថា ដើមឈើធំនៅឯទួលខ្លាខាំប៉ែន" ។
២. កាលជំនាន់ជិត ១០០ ឆ្នាំមុន
មានឈ្មោះតាឡុច គាត់ទៅកាប់ឈើ ដេកឯព្រៃនៅជើងភ្នំធំ
គ្នាគាត់ទាំងអស់ប្រាំមួយនាក់ ឈ្មោះតាហ៊ុក ១ តាទូច ១ តាញេប ១ តាតុប ១
តាដួង ១ ដេកយប់នោះទៅ
ឮភ្លេងភ្លេងសៀមលេងរងំនៅក្បែរជើងភ្នំដែលមានប្រហោង ។
តាឡុចថាថ្លង់ដេកពុំបាន ក៏ទៅចុកប្រហោងនោះ ចុកទៅនៅតែឮ
តាប្រាំនាក់ទៀតឃាត់ពុំស្ដាប់ ទៅនោមច្រាសប្រហោងភ្នំនោះទៀត
ស្រាប់តែមកដល់ផ្ទះវិញ ចាប់ឈឺជាទម្ងន់ ទៅជាថ្លង់ស្ដាប់អ្វីៗពុំឮ
ខ្វាក់ភ្នែកទាំងពីរទៀត ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ ។
ឯអ្នកប្រាំនាក់ទៀតនោះ គ្មានគ្រោះថ្នាក់ទេ ទើបឮតៗមកថា លោកតា ម៉ឺន-គង់
នេះខ្លាំងពូកែហើយកាចណាស់ ក៏នាំគ្នាខ្លាចរហូតមកដល់សព្វថ្ងៃ ។
ឯភ្នំធំនោះមានប្រហោងឬរូងជ្រៅណាស់ ពុំដឹងជាទៅដល់ណាទេ ។
កាលនោះកូនតាដួង គាត់ចង់ឃើញពស់វែករនាម តាដួង
ក៏នាំកូនទៅនៅមុខរូងនោះ បន្តិចស្រាប់តែឮសូរវូៗ កូនគាត់ក្រឡេកទៅ
ឃើញពស់ភ័យញ័ររន្ធត់ តាដួងក៏បន់ថា លោកតាម៉ឺន-គង់អើយ
កូនចៅខ្មាសអៀនណាស់ សុំលែងឲ្យឃើញចុះ ពស់នោះក៏លូនចូលបាតវិញទៅ ។
ក្នុងជំនាន់នោះ តែដល់ថ្ងៃសីលអ្នកស្រុកវត្តចក តែតែឮភ្លេងសៀម
និងឃើញភ្លើងគោមភ្លឺដូចម៉ាំងសុង នៅលើកំពូលភ្នំធំនោះជានិច្ច ។
៣. អំពីឡើងអ្នកតា
កាលបើមានអ្នកស្រុកឈឺក្ដៅអន្ទះអន្ទែង សន្លប់បាត់មាត់ ឬនិយាយរវើរវាយ
ពុំដឹងខុសត្រូវនោះ គេច្រើនទៅបញ្ចូលរូបលោក ញឹម នៅភូមិតាឥន្ទ
ឃុំត្រពាំងរាំង សុំឲ្យជួយមើលជំងឺ ហើយអង្វរករថា
ធ្វើម្ដេចកូនចៅបានជាខុសឆ្គងម្ដងម្កាល
សូមលោកតាកុំចាប់ទោសអូសដំណើរអីហើយបន់ថ្វាយភ្លេង រៀបចំស្ពកប្រាំបី
ឬកាប់មាន់ទា ជ្រូកថ្វាយក៏មាន រៀបចំនៅផ្ទះអ្នកជំងឺនោះ ។ លោកតា ម៉ឺន-គង
នេះគ្មានរូបដុំថ្មជាតំណាងទេ គឺនៅលើភ្នំធំតែម្ដង
មានតែរូបមនុស្សប្រុសឈ្មោះ ព្រំ-ញឹម អាយុ៧៥ ឆ្នាំ ជារូបសំណឹងរបស់អ្នកតា
សព្វថ្ងៃនេះមុនតាញឹម មានឈ្មោះតា ព្រុំ ជាឪពុកតាញឹម ធ្វើជារូបអ្នកតា
លុះតាព្រុំស្លាប់ទៅ អ្នកតានោះមកចូលតាញឹម ជាកូនតាព្រុំ
គ្មានពិធីត្រូវធ្វើប្រចាំឆ្នាំចំពោះលោកតា ម៉ឺន-គង់នេះទេ
ទាល់តែមានមនុស្សឈឺទើបគេទៅយករូប ព្រុំ-ញឹម មកបញ្ជាន់មើល
និងលេងភ្លេងថ្វាយតាមរបៀបដូចខាងលើនេះ ។
៤. ឥឡូវព្រៃភ្នំធំនេះ
សាបរលាបឥទ្ធិពលខ្លះៗ ទៅហើយ អ្នកស្រុកជាច្រើនទៅរកស៊ី
ពុំឃើញមានគ្រោះថ្នាក់អ្វីទេ តែអ្នកស្រុកនៅតែជឿខ្លាំងដោយសារខ្លាចតៗគ្នា
មកទល់សព្វថ្ងៃនេះ អ្នករាជការធំៗពុំជឿទេ
ទាល់តែអ្នកស្រុកភូមិធ្លាប់ទៅរកស៊ីឯព្រៃធំ ទើបជឿឥទ្ធិពលលោកតា
ម៉ឺន-គង់ ។
រឿងព្រេង អ្នកតា ម៉ឺន-គង់
Reviewed by VannyDa
on
3:13 PM
Rating: