រឿងព្រេង អ្នកតា កង- ជុំ នៅឃុំកុមាររាជា ស្រុកបាទី ខែត្រតាកែវ
ក្នុងអតីតកាលយូរអង្វែងហើយនោះ
មានបុរសម្នាក់ឈ្មោះ កង ប្រពន្ធឈ្មោះ ជុំ ។ អ្នកទាំងពីរនេះ
តាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាក
វេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ ដោយនឹកថា
ម្ដេចក៏គេរកស៊ីចេះតែមានទៅ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? ។ គិតដូច្នេះហើយ
ក៏បបួលប្ដីប្រពន្ធរត់ចេញពីស្រុកទៅរានព្រៃ ធ្វើចម្ការ
ដាំដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ ។ នៅកន្លែងនោះ គេសង់ខ្ទមតូច ១
គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ ។ លុះយូរទៅ ឈ្មោះ កង នាង ជុំ
ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់
យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះ កង និងនាង ជុំ
ទាំងពីរនាក់នេះ ជាមនុស្សសុចរិតទៀងត្រង់
មានធម៌សប្បុរសសង្គ្រោះដល់អ្នកកម្សត់អត់ឃ្លានឯទៀតណាស់
ហៅគេឯងឲ្យមកនៅជាមួយផងក៏មាន ។ មិនយូរប៉ុន្មាន
អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភ
មាំមួនជាងគេមានបរិវារក៏ច្រើន ។ ចំណែកអ្នកក្រខ្សត់ឯទៀតៗ
ក៏តែងតែចូលទៅខ្ចីបុលស្រូវអង្ករ ប្រាក់កាសអំពីឈ្មោះ កង នាងជុំ
គ្រប់គ្នា តែអ្នកទាំងពីរនេះតាំងតែពីទៅនៅកន្លែងនោះ បានធ្វើកន្លែងមួយ
សម្រាប់អុជទៀនធូបបូជា ដាក់នំចំណីសែនជាធម្មតារៀងរាល់ថ្ងៃ ។
អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ
ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ
អ្នកស្រុកនៅឯក្រោយ ក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក ។
កន្លែងនោះដើមឡើយ គេហៅថាចម្ការ តាកង យាយជុំ
លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតា កង ជុំ
រហូតមកដល់សព្វថ្ងៃនេះ ។
មានកូនប្រុស តាកង យាយជុំ ម្នាក់ឈ្មោះ ឈុំ
ជាអ្នកកាន់កាប់ថែរក្សាអ្នកតាកង ជុំ នេះ តែមិនបានជាន់ទេ គ្រាន់តែបាំងម្ដងៗ
ក្នុងពេលដែលគ្រូ ឈុំ ត្រូវទៅព្យាបាលជំងឺ ឲ្យបានដឹងជាមុនថា
ជំងឺនេះមើលបានជំងឺនេះមើលមិនបានតែប៉ុណ្ណោះ ។
សព្វថ្ងៃអ្នកស្រុកតែងតែគោរពបូជា
កាលបើស្រុកមិនស្រួល ដោយមានជំងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យកម្សាន្ត
សុំឲ្យបានសេចក្ដីសុខសប្បាយ មាននិមន្តព្រះសង្ឃ ៨ អង្គមកឆាន់
សូត្រធម៌ដារមានធម៌កុសលា ជាដើម ហើយមានរៀបធ្វើរទេះសេះ- គោ- ក្របី- ដំរី
ដោយដើមចេក ផ្ទុកដោយនំចំណីគ្រប់មុខក្នុងនោះបញ្ជូនទៅ
ដើម្បីឲ្យបានសេចក្ដីសុខសប្បាយ ។ កាលបើធ្វើបុណ្យរួចកាលណា
ក៏ឃើញស័ក្ដិសិទ្ធិប្រាកដមែន ។
ម៉្យាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង
អ្នកស្រុកបបួលគ្នា ធ្វើបុណ្យបួងសួងសុំទឹកភ្លៀង
ដូចរៀបរាប់ខាងក្រោមនេះ ។
ពីល្ងាចនិមន្តព្រះសង្ឃ ៤ អង្គ
សូត្រធម៌ប្រែអាកាស មានសូត្រធម៌ជ័យន្តោជាដើម រៀបធ្វើរាជវ័តិព័ទ្ធជុំវិញ
ឲ្យលោកគង់ខាងក្នុង ពួកឧបាសក-សិកានៅខាងក្រៅ មានបាត្រ គ្រប់លោកទាំង
៤អង្គ ទឹក អប់ដាក់គ្រប់បាត្រ ទាំង ៤ ឲ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង
៤ គេធ្វើនេះនៅចំពោះមុខអ្នកតា លុះព្រឹកឡើងទើបនិមន្តព្រះសង្ឃច្រើនអង្គ
(មិនមានកំណត់) គឺបើលោកក្នុងវត្តមានប៉ុន្មាន
គេនិមន្តទាំងអស់ទៅកន្លែងអ្នកតា មានអាចារ្យ ៣នាក់រៀបស្លាធម៌ ១ គូ
ចម្អាប ១ ស្ពក បង្អែម ១ថាស ដាក់ចំពោះមុខអ្នកតា
ហើយនាំគ្នាយកបាយមករាប់បាត្រ និមន្តព្រះសង្ឃ សូត្រធម៌ កុសលា ជាដើម
រួចប្រគេនព្រះសង្ឃឆាន់ អាចារ្យនាំគ្នាអុជទៀនធូបបួងសួងសុំទឹកភ្លៀង
ហើយចាប់ចម្អាប និងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតា ។
ឯអាស្រមអ្នកតានោះ មានទំហំ ២ ម បួនជ្រុង សសរឈើប្រក់ក្បឿង
មានរានហាលខាងមុខ ១ ម មានដើមឈើធំៗ ខ្ពស់ៗ ពីខាងត្បូង ខាងកើត ខាងជើង
និងខាងលិច មានភ្នំមួយឈ្មោះភ្នំទទា បានជាហៅថា ភ្នំទទា
ពីព្រោះភ្នំសម្បូរដោយសត្វទទា ព្រានទាក់សត្វតែងតែមកទាក់នៅភ្នំនោះ
បានជាប់ឈ្មោះថាភ្នំទទាៗ រហូតមកដល់សព្វថ្ងៃនេះ ។
នៅលើភ្នំនោះមានវត្តមួយហៅថា វត្តទទាដែរ
មានព្រះសង្ឃជាច្រើនអង្គគង់នៅរៀនសូត្រគ្រប់វិន័យ
មានរៀបធ្វើជាជណ្ដើរដោយបេតុងអាបេ ពីជើងភ្នំរហូតដល់កំពូលភ្នំ ។
ឯភ្នំមានកម្ពស់ប្រហែល ១០០ ម ។
រឿងព្រេង អ្នកតា កង- ជុំ នៅឃុំកុមាររាជា ស្រុកបាទី ខែត្រតាកែវ
Reviewed by VannyDa
on
3:12 PM
Rating: