រឿង មនុស្សលោភ
កាលពីព្រេងនាយ មានរឿងមួយថា
មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្ដាយប្រើឲ្យទៅជីកដំឡូង ។ ក្មេងនេះ
រៀបចបរួចស្រេច ចេញដើរទៅរកដំឡូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ
។ នាងកុមារីទៅជីកដំឡូង នៅជើងដំបូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ
។ នាងមិនដឹងធ្វើដូចម្ដេច ក៏ស្រែកប្រកាសថា «លោកណា អ្នកណាអើយ
ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក » ។ ស្រែកតែប៉ុណ្ណេះ
មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រិចចេញពីពីក្នុងព្រៃ
ប្រាប់ទៅនាងនោះ ថា « នាង! តាយកឲ្យបានផ្លែចបនោះ តែបើតាយកបានតាគ្រាន់តែឲ្យនាងឯង
រកចៃឲ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ» ។
នាងឮខ្លាថាដូច្នោះក៏និយាយទៅថា «ឱលោកតាអើយ!ឲ្យតែលោកតាជួយយកឲ្យបានចុះ» ។
ខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាង ហើយឲ្យនាងរកចៃឲ្យ » ។
នាងនោះយកបន្លាមកឆ្កឹះដង្កូវ នៅក្នុងដំបៅក្បាលខ្លា ។
ខ្លាចេះតែសួរនាងថា «នាង ដំបៅតាស្អុយឬក្រអូប? » ។ ដំបៅនោះស្អុយណាស់
ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា « ក្រអូបណាស់លោកតា » ខ្លាចេះតែសួរ
នាងចេះតែថាក្រអូប ។ លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់
ហើយនិយាយប្រាប់នាងថា « នាង! នាងយកជាលមួយមក តានឹងដាក់ដំឡូងឲ្យ» ។
នាងនោះ យកជាលមួយមកឲ្យខ្លា ៗដាក់សុទ្ធតែមាសប្រាក់ពេញជាល
ចងមាត់ជាលជាប់ឲ្យទៅនាង រួចប្រាប់នាងនោះថា « នាងយកជាលនេះទៅផ្ទះ
ហៅបងប្អូននាងមកជុំបិទទ្វារឲ្យជិតសឹមបើក» ។ នាងនោះលាខ្លា ដើរទៅដល់ផ្ទះ
ហៅបងប្អូនមកជុំ រួចក៏បើកជាល
ដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នា ។ លុះយូរបន្តិច
ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រីនោះបញ្ជាកូនក្រមុំថា « ហងឯងមើលកូនគេ
ៗ ទៅជីកដំឡូងបានមាសប្រាក់ យកមកចែកបងប្អូនគេ ហងទៅជីកបានតែដំឡូង
គ្មានបានខ្មោចអ្វីទេ»
។ ថ្ងៃក្រោយ ស្រីនោះប្រើឲ្យកូនទៅជីកដំឡូង
លុះបានទៅជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជ្រុះចបដូចនាងមុននោះដែរ
ហើយថា « លោកណាយកចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក» ។
ខ្លាឮហើយ ក៏យកមកឲ្យរួចឲ្យនាងនោះ ចាប់ដង្កូវឲ្យ ។
ខ្លាសួរដូចពីមុនថា « នាង! ដំបៅតាស្អុយឬក្រអូប? » ។ នាងនោះឆ្លើយថា «ស្អុយណាស់» ខ្លាឮដូចច្នោះថា
« នាងយកជាលមួយមក តានឹងដាក់មាសប្រាក់ឲ្យ» ។
នាងយកជាលឲ្យខ្លា ៗចាប់សុទ្ធតែពស់វែក ដាក់ពេញជាល ហើយឲ្យទៅនាងនោះ
ប្រាប់ថា « នាងយកទៅផ្ទះហៅបងប្អូនមកជុំ បិទទ្វារឲ្យជិតសឹមបើក » ។
នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្ដាយ ៗ អរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វារ
រួចបើកជាលមើល ។ ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
ចចើងចង់លាភ
រែងបាត់ធនទៅ
រឿង មនុស្សលោភ
Reviewed by VannyDa
on
12:29 PM
Rating: