រឿង អន្ដរាយរិទ្ធិនៃអស្សតរ
លោកអ្នកដែលបានឮឬទេ? ចាស់ៗតែងនិយាយតៗគ្នាមកថា
«សត្វអស្សតរ គឺសេះ ពីដើមមកជាសត្វវិសេស
ចេះហោះហើរដើរលើអាកាសបាន តែតមកខាងក្រោយ ក៏ត្រូវគេកាត់សរសៃហោះចោលទៅ» ដូចមានស្នាមនៅជើងអស្សតរជាភស្តុតាងស្រាប់
តែពុំដឹងជាអ្នកឯណាកាត់ ហើយកាត់នោះ តើដោយហេតុអ្វី ពុំមានចែងច្បាស់
។
លោកអ្នក ដែលបានឃើញឬទេ ? សត្វអស្សតរ
កាន់ចរិតមួយយ៉ាងជាប់ជានិច្ច គឺថា សត្វពពួកនេះតែជួបគ្នាវេលាណា តែងចូលទៅហិតមាត់គ្នាជាដរាប
ដែលវាប្រព្រឹត្តដូច្នេះ ដោយមានហេតុរឿងដើមដូចម្ដេច ? ។
ចាស់ៗបានដំណាលមកថា :
ក្នុងសម័យបឋមកល្បនោះ សត្វអស្សតរទាំងឡាយ
ចេះហោះច្រៀងច្រែលើអាកាស ឥតទើសទាល់តែសត្វទាំងនោះ
ពុំទាន់កើតសម្បូណ៌ដូចសព្វថ្ងៃនេះទេ មាននៅតែក្នុងវត្ត
ជាយានជំនិះរបស់អ្នកបួសដែលកាន់ធម៌សុចរិត សម្រាប់ជិះហោះទៅយកចង្ហាន់
នៅឧត្តរកុរុទ្វីបម្ដងៗ។
មានសម័យថ្ងៃមួយនោះ
ព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុបាយាសយកទៅប្រគេនលោកអ្នកបួសទាំងនោះ
។ លោកក៏ទទួលទុក ដើម្បីឆាន់ដល់ទៅពេលថ្ងៃត្រង់តែម្ដង
ហើយបានទុកដាក់យ៉ាងប្រយ័ត្ន គឺលោកដាក់ក្នុងសង្រែក
ហើយចងព្យួរទុកយ៉ាងខ្ពស់ ជិតដល់ទៅដំបូលកុដិ
រួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្មឹងស្មាធិនៅក្នុងវិហារ
ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះមហាក្សត្រដែលជាម្ចាស់ទាន
លុះចប់កិច្ចហើយ លោកក៏នាំបរិស័ទមកកាន់កុដិវិញ ។
នៅឱកាសដែលលោកប្រជុំស្មឹងស្មាធិនោះ
សត្វអស្សតរធុំក្លិនក្រអូបបាយមធុបាយាស
ទ្រាំពុំបានក៏ហោះចូលទៅក្នុងកុដិ
ហើយគយគន់រកស្រង់តាមក្លិនទៅឃើញបាយមធុបាយាសព្យួរទុកលើសង្រែក
ក៏យកមកបរិភោគអស់រលីង ឥតសេសសល់ ហើយហោះចេញទៅកាន់ទីកន្លែងរបស់ខ្លួនវិញ
។
លុះដល់ពេលថ្ងៃត្រង់
លោកប្រជុំពួកអ្នកបួសជាបរិស័ទ ដើម្បីចែកបាយមធុបាយាសនោះ
ព្រោះជាបាយត្រកាលណាស់ មានតែព្រះមហាក្សត្រ ទើបមានសោយ ។ លុះលោកអ្នកបួសមកប្រជុំហើយ
ក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នឹម បង្ហូតសង្រែកចុះមក
ស្រាប់តែសាមណេរនោះស្រែកឡើងថា «ពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសង្រែក» ថាហើយ
ក៏ស្រាយខ្សែបង្ហូតសង្រែកនោះចុះមក ។ លោកគ្រូចៅអធិការនឹកហួសចិត្តណាស់
ក៏លាន់ព្រះឱស្ឋថា «យីអើ !
ឯងអត់ចង្ហាន់តាំងពីព្រឹក ថាទុកពោះឲ្យទំនេរ
ដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយាសឲ្យពេញទំហឹងតែម្ដង
ព្រោះក្នុងមួយជាតិកម្របានបាយត្រកាលបែបនេះឆាន់ណាស់ ឱកម្មអើយ ! ឥឡូវនឹងឲ្យដណ្ដាំបាយក៏មិនទាន់
ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយ ណ្ហើយ ! អស់លោកនិមន្តទៅវិញចុះ
ចាំស្អែកសឹមបិណ្ឌបាតឆាន់ទៅ »
។
ពួកអ្នកបួសនិមន្តចុះពីកុដិលោកគ្រូចៅអធិការអស់ទៅ ។
រីឯលោកគ្រូចៅអធិការ នាកាលមានហេតុ
នាំឲ្យមានវិតក្កដូច្នេះហើយ ក៏លោកនិមន្តចូលទៅក្នុងកុដិ សម្ងំស្មឹងស្មាធិ
ដំឡើងមេឃច្ឆាយរមិលមើលហេតុភេទទៅឃើញច្បាស់ថា
មានសត្វអស្សតរមួយហោះចូលមក បរិភោគបាយមធុបាយាសនោះអស់ទៅ
ទើបលោកហៅប្រជុំពួកអស្សតរទាំងប៉ុន្មានមកពិសោធ ។
ក្នុងចំណោមអស្សតរទាំងនោះ អស្សតរជាតួចោរ ក៏ចូលមកប្រជុំដែរ
តែអស្សតរទាំងប៉ុន្មានបាននាំគ្នាបដិសេធពាក្យចោទទាំងអស់ ។
លោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថា តួអស្សតរណាក៏ចោរដែរ
តែមិនមែនបានផ្ចាញ់ផ្ចាលទេ ដោយលោកពិចារណាទៅយល់ឃើញថា «តួអស្សតរ
ចំណេរទៅមុខ បើនៅតែមានរឹទ្ធិហោះហើរលើអាកាសបានដូច្នេះ មុខជានឹងធ្វើអន្តរាយផ្សេងៗ
ដល់ពួកមនុស្សខ្លាំងណាស់»
ទើបលោកមានពុទ្ធដីកាថា «ចាប់ដើមពីថ្ងៃនេះតទៅ
អញនឹងបន្ថយរឹទ្ធិឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯង
ដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបាន » ។
លុះលោកបានប្រាប់ដូច្នេះហើយ
ទើបលោកយកកាំបិតកោ វះកាត់សរសៃហោះរបស់សត្វអស្សតរទាំងនោះចេញ
ហើយលោកប្រាប់ថា «តាំងពីថ្ងៃនេះតរៀងទៅ
ត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោក ដើម្បីដោះថ្លៃបាយមធុបាយាស
ដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួស» ។ ចាប់ដើមពីនោះមក
សត្វអស្សតរទាំងឡាយ លែងចេះហោះហើរបានទៀត
ក៏មានសេចក្ដីតូចចិត្តទោមនស្សនឹងអស្សតរ ដែលរកមុខមិនឃើញ
ក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះ ទើបនាំគ្នាតាំងប្ដេជ្ញាថា «នឹងស៊ើបរកមុខឲ្យឃើញប្រាកដ
ហើយនឹងព្រួតគ្នាធ្វើទណ្ឌកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដង » ។
ហេតុនេះហើយ បានជាអស្សតរទាំងឡាយ
តែកាលណាបានជួបគ្នា វាតែងហិតគ្នាទៅវិញទៅមក
លុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនបាយមធុបាយាស
ក៏ចោទគ្នាទៅវិញទៅមក ហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងៗថា « ទេៗ »។
លួចគេវាគ្រាន់
តែគេទាន់វាក្រែល
រឿង អន្ដរាយរិទ្ធិនៃអស្សតរ
Reviewed by Admin
on
5:14 PM
Rating: