រឿង តាចន្ទ័រំលៀក
មានរឿងមួយដំណាលថា : កាលនោះ
មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន
នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។ គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ
ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។
តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា
ឱ ! ពុទ្ធោៗ អើយ ! ឆ្នាំនេះឆ្នាំខាល
ទឹកបែកពាសវាល ស្លាប់ខ្លាដំរីស្លាប់អស់បក្សា ម្រឹគាបក្សី
ស្លាប់ខ្លាដំរីគ្មានគង់តូចមួយ ។
ផ្ដៅអញនេះ អាណាវែងៗ អញព្យួរកូនចៅ
អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ! ក្នុងឆ្នាំខាលនេះ
នឹងស្លាប់អស់ហើយ គ្មានគង់ទេ ។
តាចន្ទនិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដង
ខ្លាស្ដាប់បានឮច្បាស់ គិតថា «គួរអញសួរតានេះចង់ដឹងមើល» ។ ទើបខ្លាសួរទៅតាចន្ទវិញថា «តាអើយតា ! ក្នុងឆ្នាំខាលនេះទឹកធំមែនឬ? » ។
តាចន្ទ ធ្វើភ្ញាក់និយាយទៅនឹងខ្លាថា «ឱ ! ចៅ ! ឆ្នាំនេះទឹកធំណាស់
បានជាតាភ័យនឹងកូនចៅ ទើបតារកផ្ដៅ ដើម្បីចងព្យួរកូនចៅឲ្យផុតពីទឹក » ។
ខ្លាក៏មានចិត្តភិតភ័យនឹងពាក្យតាចន្ទ, គិតខ្លាចស្លាប់ ក៏ចូលមកជិត
ហើយនិយាយនឹងតាចន្ទថា « តាអើយ អាណិតចងព្យួរខ្ញុំ ឲ្យផុតពីទឹកផងបានឬទេ ? » ។ តាចន្ទឆ្លើយថា « បាន មិនអីទេចៅ !
អង្គុយមកចាំតានៅទីនេះសិនចុះ » ។
ខ្លាក៏ចូលមកអង្គុយចាំ ។ លុះតាចន្ទបោចវល្លិផ្ដៅបាន
ក៏ត្រកួញធ្វើជារំងក ហើយចូលទៅចងចង្កេះខ្លា ។
តាចន្ទកាន់គល់ផ្ដៅឡើងទៅលើដើមឈើខ្ពស់ហើយបង្គាប់ខ្លាឲ្យលោតឡើង ។
តាចន្ទក៏ស្រាវទាញឡើងឲ្យផុតជើងខ្លាពីដី រួចគាត់ចុះមកវិញ ។
ខ្លាសួរថា «តា!ប៉ុណ្ណេះផុតពីទឹកហើយឬអ្វី ?» ។ តាចន្ទឆ្លើយថា «ផុតហើយចៅ ! ។
តាចន្ទក៏កាន់កាំបិតទៅកាប់ឈើជាដំបូង ។ ខ្លាឃើញសួថា «តា ! តាកាប់ដំបងធ្វើអ្វី ?» ។
តាចន្ទថា «កាប់យកទៅផ្ទះ ក្រែងប្រទះនឹងសត្វឯទៀត វាប្រមាទតា » ។
ខ្លាឆ្លើយថា «គ្មានខ្លាឯណាទេតា !
មានតែខ្ញុំនេះឯង តែងតែខាំគេរាល់ថ្ងៃ» ។
តាចន្ទដឹងថា «ឱ ! អានេះជាសត្វកាច បើដូច្នេះ អញនឹងវាយឲ្យអស់ចិត្តក្នុងគ្រានេះ » ។
ទើបតាចន្ទកាន់ដំបងចូលទៅដល់ខ្លាថា «ចៅនៅឲ្យស្ងៀមតានឹងមើលចំណងឲ្យ
ក្រែងវារបូតលង់ទឹកស្លាប់»
។ ខ្លាក៏នៅស្ងៀម ទើបតាចន្ទលើកដំបងវាយខ្លាៗ
ក៏ប្រឹងរើបម្រះ ស្រែករោទ៍ រលាករលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា
ហើយខ្លាក៏ប្រឹងរើបម្រះ ក្រឡះខាំខ្សែផ្ដៅដាច់ គេចរត់ទៅ ។ តាចន្ទ
ក៏វិលទៅខ្ទមចាំស្រែវិញ ។ និយាយពីខ្លាដែលរត់រួចទៅនោះ
បានទៅជួបនឹងដំរីមួយ ដំរីឃើញខ្លាបោល ក៏ស្រែកសួរថា «បងខ្លាឯងភ័យនឹងអ្វី
ក៏បានជាបោលមិនមើលក្រោយសោះ»
។ ខ្លាប្រាប់ទៅដំរីវិញថា «បងអើយ ! អាចន្ទរំលៀក
បញ្ឆោតវាយខ្ញុំហើមខ្លួនអស់ »
។ ដំរីសួរថា «អាចន្ទរំលៀកនោះនៅឯណា?» ។
ខ្លាប្រាប់ថា «វាធ្វើស្រែនៅមាត់បឹងឯនោះ ។ ដំរីថា «អញនឹងព្រេចឲ្យវាល្អិត
កុំឲ្យវាធ្វើបាបគេ»
។ ខ្លាបោលហួសទៅ ដំរីក៏ដើររកតាចន្ទនឹងព្រេច
ជួបនឹងតាចន្ទហើយ
តែដំរីមិនស្គាល់សួរថា «តាៗស្គាល់អាចន្ទរំលៀកដែរឬ ?» ។ តាចន្ទសួរដំរីថា «ចៅឯងសួររកគាត់ធ្វើអ្វី ? ដំរីថា
«ខ្ញុំខឹងណាស់ វាបញ្ឆោតវាយខ្លាហើមខ្លួនអស់ » ។
តាចន្ទឆ្លើយថា «តាចន្ទ គាត់នៅខ្ទមស្រែត្រើយខាងកើតមាត់បឹង, ហ្ន ! ខ្ទមគាត់សៗនុះឯង » ។
ដំរីថា «តាអាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់
បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាទាំងអស់ » ។ តាចន្ទឆ្លើយថា «តាអរណាស់
ចៅអើយ ! ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ» ។
ដំរីថា «បើទឹកជ្រៅ តាជិះលើក្បាលខ្ញុំមក» ។ តាចន្ទឆ្លើយថា «អើ
បើដូច្នោះ ទៅក៏ទៅ»
។ តាចន្ទក៏កាន់កាំបិតព្រាមួយទៅផង
លុះទៅបានចម្ងាយមួយស្រែតាចន្ទ ក៏កាប់ក្បាលដំរី ៣ –៤ កាំបិត មុតចេញឈាម ។
ដំរីក៏គេចបោលមកវិញ ដល់គោករលាស់ទម្លាក់តាចន្ទ
ហើយដំរីក៏បោលទៅជួបនឹងខ្លាឃ្មុំៗ ស្រែកសួរថា «បងដំរីបោលអ្វីក៏គ្មានមើលក្រោយសោះ» ។
ដំរីប្រាប់ថា «បងខ្លាឃ្មុំអើយ !
អាចន្ទរំលៀកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ » ។
ឯខ្លាឃ្មុំក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា « អាចន្ទនោះ
វានៅឯណា ?»»
។ ដំរីប្រាប់ថា «វានៅធ្វើស្រែនៅមាត់បឹងធំឯនោះ » ។
ដំរីក៏បោលបាត់ ។ ខ្លាឃ្មុំក៏មានចិត្តខឹងគុំកួន ប្រមាថ
នឹងខាំបំបែកក្បាលតាចន្ទឲ្យស្លាប់ ។ លុះថ្ងៃក្រោយ ខ្លាឃ្មុំដើរៗទៅ
ឃើញតាចន្ទភ្ជួរស្រែពេលព្រឹក ។ ខ្លាឃ្មុំនឹកថា «នេះហើយ
តើអាចន្ទរំលៀកនោះ ដូច្នេះអញពួនចាំនៅនេះចុះ ចាំវាមកជិត
អញលោតទៅខាំវាឲ្យបាន»
។ ខ្លាឃ្មុំក៏ប្រាប់ចាំនៅសំយាបព្រៃ ។
តាចន្ទមិនដឹងខ្លួន ។ តាចន្ទភ្ជួរស្រែយូរ ក្រឡេកទៅខ្លាឃ្មុំក្រោកអើតមើលមក
តាចន្ទឃើញខ្លាឃ្មុំអើតដូច្នោះ គាត់គិតថា «សត្វនេះ
វាចង់មកប្រមាថធ្វើទុក្ខអញទៀតហើយ » ។ តាចន្ទប្រុងខ្លួន
ហើយវាយដេញក្របីថា «ហី ! អានាងខំទាញឡើង តាយកឃ្មុំឲ្យស៊ី ឃ្មុំតែពីរសម្បុក
កំពុងពេញទឹកផ្អែម »
។ តាចន្ទ គាត់ថាយ៉ាងនេះជាច្រើនដង ។
ខ្លាឃ្មុំឮច្បាស់ ក៏មានចិត្តចង់ស៊ីឃ្មុំ ហើយឆ្លើយមកនឹងតាថា « តាៗ ! ចែកខ្ញុំស៊ីផង» ។
តាចន្ទឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា «ចៅអើយ ឃ្មុំតាតែពីរសម្បុកទេ
ទុកឲ្យក្របីវាស៊ីមួយម្នាក់ សោះញ័រខ្លួន បើចៅចង់ស៊ី
ចូលមកនិយាយគ្នាសិន»
។ ខ្លាឃ្មុំ ក៏ចូលមកអង្គុយ ។ តាចន្ទថា «បើចៅចូលចិត្តស៊ីដែរ
នឹងឲ្យស៊ីទាំងអស់តែម្ដងទៅ
ខ្លាចក្រែងក្របីវាខឹងព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា
ចៅឯងឲ្យតាទឹមភ្ជួរស្រែ បានមួយព្យាមចុះ តានឹងឲ្យចៅស៊ីទាំងពីរសម្បុកតែម្ដង
ឯក្របីតា ឲ្យវាអត់សិនទៅចុះ សឹមរកទៀត» ។
ខ្លាឃ្មុំស្ដាប់ត្រូវចិត្តនឹងចំណីនោះ ព្រោះត្រូវចំណង់របស់ខ្លួន
ក៏អរណាស់ថា «បើដូច្នេះ ឲ្យតាដោះក្របីចេញចុះ » ។ តាចន្ទ
ក៏ដោះក្របីចេញមួយរំពេច ។ ខ្លាឃ្មុំក៏ចូលទៅឲ្យតាចន្ទទឹម
ដាក់ខ្សែទាមចងរឹតរួចស្រេច ។ តាចន្ទគាត់ស្ទុះទៅកាន់កន្ទុយយាមនង្គ័ល
ហើយដេញថាហី !
អានាងខំឡើងតាយកឃ្មុំឲ្យស៊ីឃ្មុំតែពីរសម្បុក
កំពុងពេញទឹក ។ ខ្លាឃ្មុំខំប្រឹងទាញនង្គ័លពុំកក្រើកឡើយ ។ តាចន្ទគាត់ខឹង
ក៏លែងកន្ទុយយាមនង្គ័លបែរទៅវាយឯខ្លាឃ្មុំៗក៏ខំប្រឹងរើបម្រះ
តាចន្ទវាយខ្លាំងណាស់ ដល់ទៅបែកហើមខ្លួនទាំងមូល ។ លុះខ្លាឃ្មុំរើរួច
បោលទៅជួបនឹងចចកៗ សួរខ្លាឃ្មុំថា : បងខ្លាឃ្មុំបោលអីគ្មានមើលក្រោយម្ល៉េះ ? ។
ខ្លាឃ្មុំប្រាប់ទៅវិញថា « បងចចកអើយ !
អាចន្ទរំលៀក វាបញ្ឆោតវាយខ្ញុំ ហើមខ្លួនអស់» ។
ហើយខ្លាឃ្មុំបោលទៅ ។ ចចកក៏អួតថា «បើដូច្នោះ
ទុកឲ្យអញទៅហែកលបតាចន្ទ យកត្រីចែកគ្នាស៊ីឲ្យអស់ កុំទុកឲ្យវាឡើយ » ។
លុះព្រឹកឡើង តាចន្ទគាត់កាន់កាំបិតព្រាមួយនិងច្រវាមួយ
ទៅលើកលបគាត់ក្នុងបឹង ។
និយាយពីចចកមកដល់កណ្ដាលផ្លូវជួបនឹងខ្លាត្រីមួយ ។
ចចកក៏បបួលខ្លាត្រីថា «បងខ្លាត្រីទៅស៊ីត្រីនឹងអញ » ។ ខ្លាត្រីតបថា « បងចចកឯង
បានត្រីពីណា ? »
។ ចចកថា « អញទៅហែកលបអាចន្ទរំលៀកចែកគ្នាស៊ី » ។ ខ្លាព្រមតាមចចក
ក៏មកអង្គុយនៅមាត់បឹង យូរបន្តិចឃើញតាចន្ទអុំទូកមក ចចកសួរថា «តាស្គាល់អាចន្ទរំលៀកដែរ » ។
តាចន្ទថា « ស្គាល់ដែរ តែអាចន្ទនោះ វានៅត្រើយបឹងខាងឯណោះទេ » ។
ចចកថា បើដូច្នេះអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រី
ខ្ញុំចែកតាពាក់កណ្ដាល ។ តាចន្ទថា « ទៅក៏ទៅ ត្បិតលបតា
ក៏វាពុំត្រូវផង »
ថាហើយចចកក៏លោតទំក្បាលទូក ។ តាចន្ទថា «ចៅកុំទៅអង្គុយក្បាលទូក
វាលិចណា ! មកអង្គុយខ្ទង់មុខតាឯណេះ ទើបវាមិនលិច» ។
ចចកក៏មកអង្គុយនៅមុខតាចន្ទ ហើយហៅខ្លាត្រីថា «មកបង
ប្រញាប់នឹងអាលទៅ»
។ ខ្លាត្រីថា «បងចចក អញមិនហ៊ានទៅទេ
អញក្រែងតាចន្ទហើយនេះ»
។ ចចកបែរមើលក្រោយថា «មិនមែនទេ» ។
តាចន្ទគាត់នៅស្ងៀម ។ ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នានឹងចចក ។
តាចន្ទគាត់អុំទូកទៅប្រមាណ ១០ ព្យាមពីច្រាំង
គាត់កាប់ក្បាលចចកមួយកាំបិត ។ ចចកលោតធ្លាក់ទឹក
ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា « អញថាតាចន្ទហើយ
ឯងថា មិនមែនតាចន្ទទេ »
។ ចចកថា «កុំមាត់ ខំតែហែលទៅ »
។ សត្វទាំងពីរក៏ហែលដល់គោក ហើយបោលទៅ ។
តាចន្ទនៅធ្វើស្រែស្រូវរួចហើយក៏ទៅផ្ទះ បានសេចក្ដីសុខសប្បាយ ។
ក្រោយមកតាចន្ទ មានចិត្តសង្វេគថា «ឱ ! សត្វទាំង
៤ នេះនឹងចងវេរានឹងអញតទៅមុខពុំលែង ហើយវានឹងធ្វើបាបអញនេះមិនខាន ដូច្នេះគួរអញទិញដែកឲ្យច្រើន
ធ្វើកាំបិតកោរដងដែកឲ្យបាន ៥០ ឬ ៦០ ទុកបម្រុងការពារខ្លួនដែលស្លាប់ទៅ» ។
តាចន្ទ ធ្វើកាំបិតបានស្រេចហើយ គាត់ក៏ហៅកូនចៅមកផ្ដាំថា «បើអញស្លាប់ទៅហើយ
យកអញទៅកប់ ឲ្យយកកាំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំខាន
ចូកដីលប់ឲ្យជិត លុះដល់ ៥ – ៦ ថ្ងៃ ឲ្យកូនចៅមើលផ្នូរអញកុំខាន » ។
តាចន្ទ ផ្ដាំកូនចៅរួចហើយ គាត់ក៏មានជំងឺឈឺក្ស័យទៅ
កូនចៅក៏យកខ្មោចតាចន្ទទៅកប់ ធ្វើដូចបណ្ដាំគាត់មិនហ៊ានខាន ។
និយាយពីសត្វទាំង ៤ ដែលមានវេរានឹងគ្នានោះ
កាលតាចន្ទស្លាប់ទៅបាន ៣ ថ្ងៃ សត្វចចកស៊ើបដឹងថា តាចន្ទស្លាប់
ក៏ទៅប្រាប់ខ្លាឃ្មុំៗ ប្រាប់ដំរីៗ ប្រាប់ខ្លាធំ
ភ្ជុំបបួលគ្នាចូលមកកាយខ្មោចតាចន្ទរំលៀកស៊ី ។ ចចកកាយចុងជើង
ខ្លាឃ្មុំកាយក្បាល ខ្លាធំកាយកណ្ដាលខ្លួន ។ ឯដំរីឈរចាំមើល
ឃើញសត្វទាំង ៣ មុតជើងពិការជាខ្លាំង ដួលដេកអស់។
ដំរីខឹងនឹងខ្មោចតាចន្ទថា « ជើ ! អាចន្ទ កាចតាំងពីរស់ទាល់តែស្លាប់ មិនលែងកាចសោះ
ទុកឲ្យអញឈូសតែម្ដងឲ្យប៉ើងខ្មោចមកនៅលើគោក » ។
ដំរីខឹងណាស់ លើកជើងឈូសជាខ្លាំង ត្រូវនឹងកាំបិតមុតពេញជើង
ក៏ដេកដួលទាំងអស់គ្នា ។
ដល់កំណត់ថ្ងៃ ៧
កូនចៅតាចន្ទនាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា
ចចកស្លាប់ខាងផ្នូរ ក៏នាំគ្នាពន្លះយកសាច់ ស្បែក ឆ្អឹង ភ្លុក
មកលក់យកប្រាក់ធ្វើបុណ្យ ឧទ្ទិសបញ្ជូនឲ្យខ្មោចតាចន្ទរំលៀកជាសូរេចហោង
។
ខឹងខាត ប្រមាថខុស
រឿង តាចន្ទ័រំលៀក
Reviewed by Admin
on
5:13 PM
Rating: