រឿងព្រេង អ្នកតាបាពាល ឬ ព្រះកន្លោង
នៅជើងភ្នំបាពាល ក្នុងស្រុកស្វាយទង
ខែត្រចូវដុក (មាត់ជ្រូក) ដែនកូសាំងស៊ីន មានអ្នកតាមួយសំខាន់ជាងគេ
ហៅថាអ្នកតាបាពាល ឬ ព្រះកន្លោង ។
តាមធ្លាប់បានដឹងឮពីដើមរៀងមក
អ្នកស្រុកជុំវិញភ្នំនេះ
ធ្លាប់ធ្វើរណ្ដាប់សែនអ្នកតានៅក្នុងរវាងខែពិសាខ ជេស្ឋ អាសាឍ ឬ ស្រាពណ៍
មិនកំណត់ ប៉ុន្តែក្នុង ១ឆ្នាំគេធ្វើតែម្ដងទេ ។
ឯរូបរាងអ្នកតានេះពុំមានទេ
មានតែថ្មភ្នំ ១ដុំធំ ដែលបណ្ដាលជនលើកមកដាក់សន្មតជារូបតា
នៅរហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ខែដូចមានរៀបរាប់ខាងលើនេះហើយ
បណ្ដាជនជិតខាង ប្រមូលរួបរួមលុយកាក់គ្នា
ផ្សំនឹងប្រាក់រាជការផ្ដល់មកជួយខ្លះរាល់ឆ្នាំផង ដើម្បីទិញគោ ស្រា បាយ
រៀបចំជម ពែ សង្ឃឹក ភ្លេងពិណពាទ្យ ភ្លេងខ្មែរប្រគំ ច្រៀងរាំតាមទំនៀម
មានបញ្ជាន់រូបប្រុសម្នាក់អង្គុយទទូរកន្សែងក្រហម ។ កាលបើអ្នកតាចូលហើយ
រូបនេះធ្វើឫកពារដូចជាអ្នកខ្លាំងពូកែមានឥទ្ធិឫទ្ធី ទាយក៏ឆុត
អ្នកស្រុកសួរការអ្វីនីមួយៗ អ្នកតានិយាយមិនឲ្យខ្ចោះ ជួនជាឆ្នាំណារាំងឫសគ្មានទឹកធ្វើស្រែ
អ្នកស្រុកក៏បន់ស្រន់ធ្វើបុណ្យសុំភ្លៀងអ្នកតាៗ
ក៏បណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងវេលានោះដូចបំណងមែន ។
អំពីប្រវត្តិ តាមពាក្យនិយាយតៗគ្នាមកថា:
កាលពីដើម ភ្នំបាពាលគឺជាកោះតូចមួយនៅឡើយ ស្ដេចពាលមួយអង្គនិងឧបរាជម្នាក់ជាប្អូនបង្កើត
សុទ្ធតែជាអ្នកមានឫទ្ធិចេស្ដា ខ្លាំងពូកែ មកនៅទីកោះនោះ ។
ស្ដេចពាលជាបងធ្វើលំនៅៗ ក្នុងព្រៃដុបមួយ
ឯឧបរាជជាប្អូននៅក្នុងដុបមួយផ្សេងពីគ្នា
បានសេចក្ដីសុខសាន្តឥតមានមានសត្រូវណាហ៊ានបៀតបៀនឡើយ ។ ឧបរាជជាប្អូន
មានចិញ្ចឹមសត្វក្រពើមួយធំសម្បើម នៅក្នុងអន្លង់បារ៉ាច ខែត្រឡុងស្វៀង
ដែនកូសាំងស៊ីន ដើម្បីជាយានជំនិះជើងទឹក ។ ដោយបានឮល្បីថា
នៅពាមអន្លង់បារ៉ាចមានក្រពើមួយកាចសាហាវណាស់ កល់ទូក
គោខាំមនុស្សអស់ជាច្រើន ស្ដេចពាលយល់ឃើញការមិនស្រួលនឹងទុកក្រពើនេះ
ទើបគិតថា បើសិនជាទុកឲ្យនៅយូរទៅ
វានឹងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយ
ដូច្នេះគួរតែសម្លាប់វាចោល ។
នឹកដល់ក្រពើអន្លង់បារ៉ាច
ស្ដេចពាលអាណិតដល់រាស្ត្រ ។ ថ្ងៃមួយក៏កាឡាខ្លួនជាលោកនេន ១អង្គ និមន្តសំដៅទៅអន្លងបារ៉ាចប្រាថ្នានឹងប្រយុទ្ធសម្លាប់ក្រពើរបស់ឧបរាជជាប្អូនឲ្យផុតជីវិត
។ លុះដើរបានបន្តិចក៏ជួបនឹងតាយាយកំពុងអុំទូកតូចមួយ សាមណេរក៏សួរថា
"តាយាយអញ្ជើញទៅណាមកណា?”
តាយាយឆ្លើយថា: "ទៅបារ៉ាច" សាមណេរឮដូច្នេះ
ក៏សុំតាយាយដោយសារទូកនោះទៅ ។ ទៅដល់ពាមបារ៉ាច
សាមណេរឃើញអន្លង់មួយយ៉ាងធំ
ក៏គិតឧបាយប្រាប់តាយាយនោះថា:អាត្មាចុះស្រង់ទឹកត្រង់នេះបន្តិចសិន
ចូរតាយាយអូសទូកឡើងលើគោក រង់ចាំអាត្មាផង"
ថាតែប៉ុណ្ណោះសាមណេរចុះទៅទឹក កាឡាខ្លួនជាក្រពើមួយធំ រោទ៍ខ្ទារខ្ទ័រ
ហែលយ៉ាងប្រញាប់ទៅរកក្រពើបារ៉ាចបានជួបភ្លាម
ក៏តាំងប្រយុទ្ធគ្នាយ៉ាងគគ្រឹកគគ្រេង កើតជារលកទឹកធំៗ
លិចទូក-ក្ដារអ្នកដំណើររតាត់រតាយអស់ ។ ក្រពើទាំងពីប្រយុទ្ធគ្នា
តាំងពីព្រឹករហូតដល់ថ្ងៃរសៀល ក្រពើបារ៉ាចចាញ់ក៏រត់ដោះដៃ
ស្ដេចពាលក៏ត្រឡប់មកកោះវិញ ។ ឯក្រពើបារ៉ាច ដោយត្រូវរបួសធ្ងន់
ព្រមទាំងខឹងចិត្តនឹងប្រយុទ្ធមិនឈ្នះគេផង ខំវារឡើងលើគោក
ហើយដេកស្លាប់នៅក្រោមដើមឈើមួយធំ មានម្លប់សាខា
នៅក្បែរមាត់ច្រាំងអន្លង់បារ៉ាចនោះទៅ ។ ឧបរាជបានឮដំណឹងថា
ក្រពើជាសេនាខ្លួនត្រូវស្ដេចពាលជាព្រះរៀមសម្លាប់ដូច្នេះហើយ
ក៏ប្រញាប់អស់បណ្ដារាស្ត្រ មកជួយកាត់យកតែក្បាល
ហើយសង់ខ្ទមមួយនៅទីនោះធ្វើបុណ្យ យកក្បាលក្រពើដាក់ក្នុងខ្ទម
តម្កល់ទុកជាតំណាង ឲ្យបណ្ដាជនមើលដរាបមក ។ លុះយូរអង្វែងក្រោយមក
ក្បាលក្រពើក៏ពុករលួយអស់ទៅ
បណ្ដាជនក៏យកឈើមកឆ្លាក់ធ្វើឲ្យដូចជាក្បាលក្រពើមុន
យកទៅតម្កល់ដូចដើមទុករហូតមកដល់សព្វថ្ងៃនេះ ។
ស្ដេចនិងឧបរាជ នៅជាសុខសប្បាយលើកោះនោះ
ឥតមានទាស់ទែងគំនុំប្រកាន់ខឹងនឹងគ្នាដោយប្រការអ្វីសោះឡើយ
លុះត្រាតែកោះតូចនោះដុះដាលខ្ពស់បានទៅជាភ្នំ ។ លុះស្ដេចពាលចាស់ជរា
ដឹងខ្លួនថាមុខជាមិនបានរស់យឺនយូរតទៅទៀត
ក៏ហៅមហាឧបរាជប្អូនមកប្រាប់ថា:
យើងមានឫទ្ធិចេស្ដាខ្លាំងពូកែនៅលើភ្នំនេះ
បើឥតអំពីបងទៅចូរប្អូននិងអករ៍យាយ
ព្រមទាំងបណ្ដាជនគិតធ្វើអ្វីមួយជាកេរ្តិ៍ទុកឲ្យអ្នកក្រោយៗ
គេបានស្គាល់ឈ្មោះយើងផង កុំបីខានឡើយ ។
អំណឹះអំពីស្ដេចពាលទៅ
ឧបរាជជាប្អូនគ្រប់គ្រងរក្សាទីនោះ ហើយយកដុំថ្មមួយដុំ
មកសន្មតទុកថាជាតំណាងស្ដេច ប្រាប់បណ្ដាជនឲ្យជួយធ្វើជាសាក្សីទៅថ្ងៃក្រោយ
។ ស្ដេចពាលស្លាប់ ទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្ម
ដែលឧបរាជជាប្អូននិងបណ្ដាជន សន្មតទុកជាតំណាងរហូតមកដល់សព្វថ្ងៃនេះ ។
ឯឧបរាជជាប្អូន ក្រោយពីនោះក៏ស្លាប់ទៅទៀត
ហើយទៅកើតជាអ្នកតាស្រុកបារ៉ាច នៅថែរក្សាក្បាលក្រពើរហូតមក ។
រឿងព្រេង អ្នកតាបាពាល ឬ ព្រះកន្លោង
Reviewed by VannyDa
on
3:18 PM
Rating: