រឿង បុរស ២ នាក់ទៅបាញ់សត្វ
មាននិទានមួយដំណាលថា : មានបុរស
២ នាក់ទៅរកបាញ់សត្វ ។ លុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយ
ក៏បាញ់ព្រមគ្នា ត្រូវសត្វនោះងាប់ ហើយគិតអារសាច់ចែកគ្នា ។ បុរសទាំង ២
នាក់សឹងកើតចិត្តលោភលន់ចង់បានចំណែកលើសគ្នាតែរៀងខ្លួន
ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយ
ហើយបបួលគ្នាសែងសត្វនោះទៅប្ដឹងចៅក្រម ។ ដល់ហើយបុរស ១ និយាយថា “
សូមជម្រាបលោក ត្បិតយើងខ្ញុំទាំង ២ នាក់បាញ់សត្វនេះព្រមគ្នា
ត្រូវដំណាលគ្នា លុះសត្វនេះងាប់ហើយ គិតនឹងអារសាច់ចែកគ្នា
ស្រាប់តែមានពាក្យវិវាទទៅវិញទៅមក ដោយចង់យកចំណែកលើសតែរៀងខ្លួន
សេចក្ដីនេះសូមលោកចែកឲ្យយើងខ្ញុំផង ” ចៅក្រមដណ្ដឹងសួរថា “
នរណាបាញ់ត្រូវមុន នរណាបាញ់ត្រូវក្រោយ ? ” ។ បុរសមួយថា “
បាញ់ត្រូវព្រមគ្នា តែខ្ញុំព្រះបាទបាញ់ត្រូវត្រង់ទ្រូង
ចៅនេះបាញ់ត្រូវត្រង់ជើងទាំង ២ ” ។ បុរសមួយទៀតឆ្លើយថា “
បាញ់ត្រូវព្រមគ្នាមែន តែខ្ញុំព្រះបាទបាញ់ត្រូវបាក់ជើងទាំង ២
ចៅនេះបាញ់ត្រូវត្រង់ទ្រូង ” ។ ឯចៅក្រមថា “ បើតាមពាក្យចៅទាំង ២
នាក់នេះ ឆ្លើយឲ្យការណ៍ឃើញថា បាញ់ត្រូវដំណាលគ្នា, បើដូច្នេះអញបង្គាប់ឲ្យចៅទាំង
២ នាក់កាត់ក្បាលទុកដាក់ខ្វាត់,
ឯខ្លួនសត្វនោះត្រូវ ពុះជា ២ អញនឹងពិចារណាមើល
តើគួរចែកគ្នាម្ខាងម្នាក់ឬយ៉ាងណា ? ” ។ ចៅទាំង ២
នាក់ពុំព្រមធ្វើតាមចៅក្រមបង្គាប់នោះឡើយ ទើបចៅក្រមនាំចៅទាំង ២
នាក់នោះឡើងទៅក្រាបទូលព្រះមហាក្សត្រ ៗ ទ្រង់ជ្រាបដោយដំណើរសព្វគ្រប់ហើយ
ទ្រង់មានព្រះបន្ទូលថា “ ដោយសារព្រះស្ដែងបាញ់ត្រូវដើមទ្រូង
បានជាសត្វនោះងាប់ឆាប់,
ឯព្រះស្ដែងបាញ់ត្រូវជើងទាំង ២ នោះ, លុះតែសម្លាប់ថែមទៀត
ទើបសត្វនោះអស់អាយុ ” ។
ព្រះមហាក្សត្រទ្រង់ឲ្យយកសាច់សត្វនោះទៅអារសាច់ចែកជា ៣ ភាគ ២
ភាគឲ្យបានទៅចៅដែលបាញ់ត្រូវដើមទ្រូង, ១ ភាគឲ្យបានទៅ
ចៅដែលបាញ់ត្រូវបាក់ជើង ទាំង ២ នោះ។
កាលបើព្រះមហាក្សត្រទ្រង់បញ្ជាឲ្យចែកដូច្នោះ
ចៅទាំង ២ នាក់នោះ ក៏ចូលចិត្តព្រមព្រៀងគ្នា
ហើយក្រាបបង្គំលាវិលទៅទីលំនៅទីទៃ ៗ ហោង។
រឿង បុរស ២ នាក់ទៅបាញ់សត្វ
Reviewed by VannyDa
on
1:16 PM
Rating: