រឿង ស្រី ២ នាក់ដណ្ដើមកូនគ្នា
មាននិទានមួយដំណាលថា : មានស្រី
២ នាក់មានកូនដូចគ្នា ។ បណ្ដានាងទាំង ២ នាក់នោះ ស្រី ១ កូនស្លាប់ ស្រី ១
ទៀតកូនរស់ ស្រីនោះពកូនទៅផ្ងូតទឹក ។ ឯស្រីកូនស្លាប់នោះដើរមកជួប
ហើយនិយាយថា “ នាងអើយ !
កូននាងដូចកូនអញ អញសុំថើបកូននាងបន្តិច ” ។
ស្រីម្ដាយក៏ឲ្យកូននោះទៅ
ស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងកូននោះទៅកាន់លំនៅរបស់វា ។
ស្រីម្ដាយស្រែកថា “ នាងអើយ !
នាងយកកូនអញទៅណា ? ” ស្រីនោះថា “ កូនអញទេតើ
ម្ដេចថាកូនឯង ” ។ ស្រីទាំង ២ នោះឈ្លោះប្រកែកដណ្ដើមកូនគ្នា ទៅវិញទៅមក
មិនដាច់ស្រេចសោះ ហើយក៏នាំគ្នាទៅប្ដឹងចៅក្រម ។
ស្រីដែលដណ្ដើមកូនគេនោះប្ដឹងថា “ សូមទាន ! នាងខ្ញុំពកូនមក
មេនោះឃើញកូននាងខ្ញុំ ក៏ដើរតាមមកថាជាកូនរបស់វា ” ។
ស្រីជាម្ដាយប្ដឹងថា “ នាងខ្ញុំពកូនមកផ្ងូតទឹក
មេនេះដើរមកអំពីឯណាមិនដឹង ឃើញកូននាងខ្ញុំ ថាដូចកូនវា ៗ
និយាយសុំអំពីនាងខ្ញុំយកទៅថើប លាដៃមករកខ្ញុំ ៗ ក៏ឲ្យកូនទៅថើបហើយវាពបំបៅនាំកូននាងខ្ញុំរត់ទៅ
សូមលោកពិចារណាឲ្យខ្ញុំហោង ” ។ ឯចៅក្រមជំនុំពិចារណាអស់រាត្រី ៣
ក៏ពុំយល់ប្រាកដជាកូននាងណាឡើយ នឹងកាត់សេចក្ដីនេះពុំបាន
ទើបនាំស្រីទាំង ២ នាក់ ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរនោះ
។ ព្រះមហាក្សត្រទ្រង់ជ្រាប សព្វគ្រប់ដោយដំណើរនោះហើយ
ទើបព្រះអង្គទ្រង់ព្រះចិន្ដាពិចារណា ដោយនូវព្រះប្រាជ្ញាពិសេស
លុះឈ្វេងយល់ហើយ ទ្រង់ត្រាស់ឲ្យយកកូននោះទៅដាក់នៅកណ្ដាល ឲ្យស្រីទាំង ២
នាក់ដណ្ដើមគ្នាវា “ បើនរណាដណ្ដើមយកបាន ឲ្យអ្នកនោះយកកូននោះចុះ ”
កាលបើដូច្នោះស្រីទាំង ២ ក៏ចូលទៅដណ្ដើមគ្នា ។
ស្រីកូនស្លាប់ក៏ចាប់យួរយកភ្លាម ពុំគិតបាក់បែករហែកដៃជើង
ដោយឥតមេត្តាករុណាក្មេងនោះឡើយ ។ ឯស្រីជាម្ដាយខឹងនឹងមេនោះខ្លាំងណាស់
តែមានចិត្តអាណិតអាសូរកូននោះក្រៃពេក
ក៏ដើរចូលទៅថ្នមឱបក្រសោបយកកូនដោយបបក់ព្រលឹង, លុះឃើញស្រីនោះវាខំពុះពារប្រវាចាប់កូនពុំគិតបាក់ឆ្អឹងដូច្នោះ
ក៏លែងកូនចេញ បានកូនទៅស្រីម្នាក់នោះទៅ ។
ព្រះមហាក្សត្រមានព្រះបន្ទូលថា “ នាងដែលលែងកូនឲ្យបានទៅគេនោះ
ជាម្ដាយពិត ហេតុត្បិតមានចិត្តអាសូរករុណាកូន, ស្រីដែលដណ្ដើមកូនបានទៅនោះ
ពុំមែនជាម្ដាយពិតទេ ព្រោះឥតមានចិត្តអាណិតអាសូរកូនបន្តិចសោះ
ខំដណ្ដើមយកតែឈ្នះដៃ ” ទ្រង់មានព្រះបន្ទូលដូច្នោះហើយ
ក៏ទ្រង់កាត់សេចក្ដីឲ្យបានកូននោះទៅស្រីជាម្ដាយវិញ។
ឯស្រីដែលដណ្ដើមកូននោះ
ព្រះអង្គឲ្យផ្ដន្ទាទោសផ្ចាញ់ផ្ចាលឲ្យរាងចាលហោង ។
រឿង ស្រី ២ នាក់ដណ្ដើមកូនគ្នា
Reviewed by VannyDa
on
1:18 PM
Rating: