រឿង ស្រីស្មោះត្រង់នឹងស្វាមី
មាននិទានមួយដំណាលថា : នៅក្នុងនគរ
១ នោះ មានសេដ្ឋី ២ នាក់ សេដ្ឋីម្នាក់មានកូនស្រី សេដ្ឋីម្នាក់ទៀតមានកូនប្រុស
។ សេដ្ឋីទាំង ២
នាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយា ។
គាប់ចួនជានគរនោះកើតចលាចលបះបោរ ហើយសេដ្ឋីទាំង ២ នាក់
ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីទៃ ៗ ពីគ្នា ។ តមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្ដីនឹងបុរសដទៃទៅ
កូនស្រីក៏ព្រមយកប្ដីនោះមិនប្រកែក ។
នាងនោះបានទៅនៅនឹងប្ដីហើយប្រាប់ប្ដីថា “
ឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្ដីពីមុនរួចម្ដងហើយ
តែមិនទាន់ទាំងបាននៅរួមគ្នាផង ស្រាប់តែអ្នកមកបានខ្ញុំជាភរិយា ”
ដោយខ្ញុំមិនទាន់បានដោះពាក្យប្ដេជ្ញានឹងប្ដីមុននោះនៅឡើយ
ឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យប្ដេជ្ញានឹងប្ដីដើមនោះសិន
តែបើអ្នកបើកឲ្យទៅ ទើបខ្ញុំហ៊ានទៅ បើអ្នកពុំបើកឲ្យទៅទេ
ខ្ញុំក៏មិនហ៊ានទៅដែរ ” ។ ប្ដីនោះឆ្លើយថា “ យើងស្មានថានាងនៅទំនេរ
ឥតប្ដីទេ, បើនាងមានស្វាមីអំពីមុនរួចមកហើយដូច្នោះ
ចូរនាងទៅដោះប្ដេជ្ញានឹងប្ដីដើមឲ្យជ្រះស្រឡះសិនចុះ
យើងមិនឃាត់ឃាំងនាងឡើយ ” លុះនាងបានអនុញ្ញាតពីប្ដីដូច្នោះ
ហើយក៏តាក់តែងស្អិតស្អាងរាងកាយ ដោយគ្រឿងប្រដាប់សម្រាប់អាត្មា
រួចស្រេចហើយ ក៏លីលាចេញទៅ សំដៅទៅរកកូនសេដ្ឋីជាប្ដីដើមនោះ
ស្រាប់តែពើបពះប្រទះនឹងខ្លាធំដែលអត់អាហារ ៧ ថ្ងៃមកហើយ ។ ខ្លាលោតទៅ
ប្រុងនឹងចាប់នាងឆីចម្អែតពោះអាត្មា ។ នាងរ៉ាយរ៉ាប់រឿងនាងឲ្យខ្លាស្ដាប់សព្វគ្រប់
ខ្លាក៏បើកលែងនាងឲ្យត្រាច់ទៅដោយស្រួល ។ ឯនាងខំស្រូតដើរទៅអំពីនោះ
បន្តិចទៅបានជួប នឹងចោរ ៧ នាក់ ។
ចោរឃើញនាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មា សុទ្ធតែជារបស់មានតម្លៃ
ក៏គិតគ្នានឹងទៅចាប់នាងយកអីវ៉ាន់អស់នោះ ។ នាងក៏និយាយសាសព្ទប្រាប់ចោរតាមដំណើរនោះសព្វគ្រប់
។ ពួកចោរបានស្ដាប់ដូច្នោះ មិនយកទ្រព្យទាំងនោះឡើយ
បើកឲ្យនាងទៅដោយស្រួល ។ កាលនាងបានរបូតពីកណ្ដាប់ដៃចោរនោះហើយ
ក៏ខំដើរត្រាច់រង្គាត់ទៅរហូតដល់ទីលំនៅប្ដីដើម ៗ នោះស្គាល់ច្បាស់ សួរថា
នាងមកមានការអ្វី ?
” ។ នាងអង្គុយប្រណិប័តន៍ក្នុងទីស្ងាត់ ជម្រាបថា : សេដ្ឋីឪពុកខ្ញុំ
បានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុនរួចមកហើយ
ឥឡូវនេះឪពុកលើកខ្ញុំឲ្យមានប្ដីនឹងបុរសដទៃទៀត, ឯខ្ញុំមិនទាន់បានជម្រាបលាពាក្យប្ដេជ្ញារបស់អ្នកជាស្វាមីដើម
ឲ្យបានជ្រះស្រឡះដូច្នេះ បើស្វាមីបើកឲ្យខ្ញុំទៅ ខ្ញុំក៏ទៅ
បើស្វាមីពុំព្រមបើកឲ្យខ្ញុំទៅទេ ខ្ញុំក៏ពុំហ៊ានទៅដែរ ” ។
ចៅនោះឆ្លើយឡើងថា “ នាងមានចិត្តស្មោះចំពោះមកដល់ខ្ញុំ ៗ
ត្រកអរណាស់រកអ្វីប្រៀបពុំបាន
តែឥឡូវនេះបើឪពុកនាងលើកនាងឲ្យមានប្ដីហើយ
ខ្ញុំនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយ
ចូរនាងទៅកាន់ប្ដីនាងចុះ ” ។ នាងសំពះលាចៅនោះត្រលប់ទៅផ្ទះវិញ ។
កាលនាងដើរតាមផ្លូវមក គាប់ចួនជាពើបពះប្រទះនឹងចៅម្នាក់ កំពុងដើរទេសរកប្រពន្ធ
បានឃើញនាងមានរូបឆោមលោមពណ៌ល្អស្អាត
មានទាំងគ្រឿងប្រដាប់ដ៏ល្អនៅខ្លួនផង
ក៏និយាយចែចង់ប្រាថ្នានឹងយកធ្វើប្រពន្ធ ។
នាងបានថ្លែងប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមក ។
ចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយ ។ លុះនាងទៅដល់លំនៅប្ដីហើយ
ក៏នៅរួមគ្នាជាសុខក្សេមក្សាន្តតរៀងទៅ ។
រឿងនេះ ជារឿងពិសោធន៍ចិត្ត
បើអ្នកណាសរសើរចិត្តប្ដីរបស់នាងនោះ គឺអ្នកនោះជាមនុស្សច្រើនប្រច័ណ្ឌ, បើអ្នកណាសរសើរចិត្តខ្លា
គឺអ្នកនោះជាមនុស្សគាប់ចិត្តបៀតបៀនបំបាត់ជីវិតគេ, បើអ្នកណាសរសើរចិត្តចោរទាំង
៧ នាក់ គឺអ្នកនោះជាមនុស្សមានចិត្តលោភចង់បានតែទ្រព្យគេ, បើអ្នកណាសរសើរចិត្តបុរសដើរទេសរកប្រពន្ធ
គឺអ្នកនោះជាមនុស្សចូលចិត្តប្រព្រឹត្តបរទារកម្មនឹងភរិយាគេ, បើអ្នកឯណាវៀរចាក
អំពើទាំង ៤ ចំពូកនេះបាន អ្នកនោះនឹងបានស្ថានសួគ៌ពិតប្រាកដហោង។
រឿង ស្រីស្មោះត្រង់នឹងស្វាមី
Reviewed by VannyDa
on
1:18 PM
Rating: