រឿង ប្រាសាទព្រះធាតុទឹកឆា (នៅខេត្ដកំពង់ចាម)
ដោយប្រទេសខ្មែរយើង ជាប្រទេសមានអារ្យធម៌បរិបូណ៌, កាលអំពីព្រេងនាយ
បានជាមានប្រាសាទបុរាណ នៅពាសពេញក្នុងផ្ទៃអាណាចក្រទាំងមូល ។ ក្រៅអំពីខេត្តសៀមរាប
ដែលមានបុរាណវត្ថុបែបនេះ ច្រើនជាងគេ,
យើងប្រទះឃើញនៅខេត្តដទៃៗ ទៀត ក៏មានច្រើនណាស់ដែរ
ដូចជាខេត្តកំពង់ធំ, កំពង់ចាម, បាត់ដំបង, និង តាកែវ ។
ដើម្បីឲ្យបានស្គាល់ទីកន្លែងបុរាណៗ ក្នុងប្រទេសជាតិយើង
កាន់តែច្បាស់ឡើង, ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
សូមធ្វើសេចក្ដីរាយការណ៍អំពីប្រាសាទបុរាណមួយឈ្មោះ "វត្តព្រះធាតុទឹកឆា"
ស្ថិតក្នុងឃុំចម្ការស្វាយ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
ហេតុដែលនាំឲ្យយើងលើកប្រាសាទនេះមកអធិប្បាយ ព្រោះសព្វថ្ងៃ ឈ្មោះ "ទឹកឆា"
បានក្លាយទៅជារមណីយដ្ឋានមួយ សម្រាប់ទេសចរជាតិយើង
ធ្វើដំណើរទៅកម្សាន្តនៅពេលបុណ្យទានអ្វីមួយ ដែលបានទំនេរពីការងារមមាញឹក ។
ទេសចរទាំងនេះ មិនត្រឹមតែអ្នកនៅក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេ, អ្នកនៅរាជធានីភ្នំពេញក្ដី
នៅខេត្តដទៃទៀតក្ដី តែកាលណាពោលពីដំណើរកម្សាន្តក្នុងខេត្តកំពង់ចាមហើយ
គេពុំដែលភ្លេចឈ្មោះ "ទឹកឆា" ទេ ។ តើទីនោះមានអ្វីខ្លះ
បានជាលេចឮឈ្មោះខ្លាំងម្ល៉េះ?តាមពិត មិនមានភូមិអ្នកស្រុកផ្សារផ្សោអ្វីឡើយ, ពីដើមមក
មានតែតួប្រាសាទថ្មបាក់បែកស្ទើរតែអស់គ្មានសល់ ស្ថិតនៅជាពីរកន្លែងក្បែរគ្នា
ហើយនៅប្របប្រាសាទទាំងពីរនេះ មានជ្រោះប្រឡាយទឹកអំពីបុរាណមក
ក៏មានទឹកហូរខួបប្រាំងខួបវស្សា គឺរដូវវស្សាសឹងមានទឹកពេញព្រៀប
រដូវប្រាំងនៅសល់ត្រឹមក្បាលជង្គង់ ឬ លើក្បាលជង្គង់បន្តិច ។ ទឹកនេះថ្លាឈ្វេង
ហើយហូររ៉ិចៗ មិនចេះឈប់ ជាហេតុនាំឲ្យអ្នកផង ទៅងូតលេងលំហែប្រាណយ៉ាងសប្បាយរីករាយ ។
សងខាងប្រឡាយទឹកថ្លាខ្យងនេះ មានរុក្ខាលតាវល្លិ ដុះខ្ពស់ស្រោងស្រឹង ប្រទាក់ប្រទិនគ្នាបែបជាព្រៃល្បាត, តែសព្វថ្ងៃគេបានកាប់រំលីង
ឲ្យបានជាវាលមួយកន្លែងយ៉ាងធំ នៅត្រង់ផ្លូវទឹកនេះបែកជាធ្នារធំល្ហល្ហាច
គឺចំត្រង់តួប្រាង្គថ្មដែលយើងអធិប្បាយខាងលើនេះ ។ មិនតែប៉ុណ្ណោះ
រាជការបានកសាងជាទំនប់ទឹកមួយសំខាន់ ដើម្បីយកប្រយោជន៍ អំពីប្រឡាយទឹកបុរាណ
នាំយកទឹកទៅចែកឲ្យទៅវាលស្រែយ៉ាងធំទូលាយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និង
ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
អាស្រ័យដោយទីកន្លែងត្រជាក់ត្រជំ, ដោយធ្នារទឹក, ដោយម្លប់ឈើត្រឈឹងត្រឈៃ
និង ដោយទិដ្ឋភាពស្មុគស្មាញ ព្រៃស្រោង ដុះព័ទ្ធប្រាង្គសិលាបុរាណដូច្នោះហើយ, បានជាទេសចរ
នាំគ្នាទៅទស្សនាកម្សាន្ត ក្នុងពេលសម្រាកមួយដងមួយកាល
នាំឲ្យលេចឮឈ្មោះទីឋាននេះឡើងយ៉ាងខ្ទរខ្ទារ ។ ម្យ៉ាងទៀត គមនាគមន៍
ទៅកាន់ទីកន្លែងនេះក៏ជាការងាយផង ត្បិតរថយន្តតូច-ធំ គ្រប់ម៉ាក គ្រប់ធុន
ទៅមកបានទាំងអស់ គឺថាបើគេចង់ទៅកាន់ទីកន្លែងនេះ តោងទៅតាមផ្លូវជាតិលេខ ៧
(ផ្លូវពីភ្នំពេញទៅកំពង់ចាម) ទៅដល់ត្រង់ផ្សារព្រៃទទឹង ដែលជាទីតាំងស្រុកព្រៃឈរ
មានផ្លូវបំបែក ចូលតាមផ្លូវខេត្ត ខាងឆ្វេងដៃឆ្ពោះទៅទិសខាងជើង ។
នៅសងខាងផ្លូវខេត្តនេះ មានភូមិអ្នកស្រុកជាប់រហូតមិនស្ងាត់ឡើយ
ហើយសុទ្ធជាភូមិស្អាតបាត, ផ្ទះក្បឿងដំបូលក្រហមឆ្អៅ ថ្នល់ក៏ចាក់ថ្មរហូតមិនព្រួយ នឹងភក់ជាប់ផុងឡើយ ។
ចូលពីផ្លូវជាតិប្រមាណជា ១៣ គីឡូម៉ែត្រ ដល់ភូមិក្រូច ឃុំក្រូច
ត្រូវបែកចេញពីថ្នល់ខេត្ត ងាកទៅស្ដាំដៃ តាមផ្លូវលំ សសៀរបណ្ដោយតាមប្រឡាយទឹក
(ជាប្រឡាយដែលរាជការទើបតែកែរៀបចំជាថ្មីយ៉ាងស្អាត) ប្រមាណជា ៥ គីឡូម៉ែត្រទៀត
ទើបទល់ទៅកន្លែងធ្នារទឹកធំ មានបុរាណវត្ថុ ដែលគេហៅថា "ទឹកឆា" នោះ ។
ពិតមែនហើយ តែយើងស្គាល់សព្វថ្ងៃថា កន្លែងនេះ
បានជារមណីយដ្ឋានដ៏សំខាន់ សម្រាប់ទេសចរជាតិ, ប៉ុន្តែប្រវត្តិពង្សាវតារ របស់ទីឋាននេះ
ឋិតនៅក្នុងសភាពងងឹតនៅឡើយ ពុំដឹងថា តើទីនេះ ពីបុរាណជាទីអ្វី ? កើតមាន
ពីត្រឹមណាមក ?
ដើម្បីជម្រះមន្ទិលទាំងនេះខ្លះ ក្រុមជំនុំទំនៀមទម្លាប់
បានប្រមែប្រមូលឯកសារ ដែលមានតម្កល់ទុកយូរមកហើយផង ហើយចាត់ឲ្យសមាជិកទៅពិនិត្យសង្កេតដល់ទីកន្លែងផង
ក៏រៀបចំធ្វើជាសេចក្ដីរាយការណ៍ អំពីទីកន្លែងនេះឡើង ដាក់ចំណងជើងថា
"ប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុ" តាមឈ្មោះបុរាណនៃប្រាសាទ ដែលហៅថា
"គុកព្រះធាតុ ឬ វត្តព្រះធាតុ" នៅត្រង់កន្លែងទឹកឆានេះ ។ ពាក្យ
"ទឹកឆា" នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ
គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅ នៅក្នុងសៀវភៅ
"សិលាចារឹកនៅប្រទេសកម្ពុជា" របស់លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរកំណត់ឈ្មោះកន្លែងនេះថា "វត្តព្រះធាតុនៅទឹកឆា" (Vat Parh That de Tuk-C'a) ។
ដើម្បីនឹងយកជាសំអាង យើងតោងតែងនិយាយតាមសិលាចារឹកមួយ
ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ
នាក្រុងភ្នំពេញសព្វថ្ងៃ ។ សិលាចារឹកនេះ នៅមានរួបរាងល្អស្អាត អក្សរនៅច្បាស់
ជាបន្ទះក្រាស់ កម្ពស់ ១ ម៉ែត្រ (មិនគិតជើងតម្កល់) ទទឹងមុខ ០ម៥០, ខាងកំពូលលើ
មានឆ្លាក់ជារូបព្រះគណេស ។ អក្សរចារឹក មានទាំងសងខាង គឺម្ខាងមាន ២៣ បន្ទាត់
ជាភាសាសំស្ក្រឹត នឹងម្ខាងទៀត មាន ១៦ បន្ទាត់ ជាភាសាខ្មែរ ។
សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហ ឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ
នៃទីកន្លែងនេះ ។
សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើង តាំងពី ៩៤៧ ស័ក
(គ.ស.១០២៥) ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ១ ។ កាលនោះព្រះរាជា
ទ្រង់ទទួលប្រោសព្រះរាជទាន តាមសេចក្ដីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ
"ជង្ឃាល" ហើយដែលមានសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោក ជង្ឃាល
បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយ ហៅថា សិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ)
មានទំនងស្រឡះស្រឡំល្អ ក៏ទូលស្នើចំពោះព្រះរាជា សុំទីនេះធ្វើជាអារាម
សម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់
សម្រាប់រៀបចំកន្លែងនេះ ទុកជាស្នាដៃដ៏សំខាន់ផង ។ គ្រានោះ ព្រះបាទសុរ្យវរ្ម័ន
ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាត តាមសេចក្ដីសុំ ព្រមទាំងប្រទាន
នូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយ ក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬ
លក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជទ្រព្យ និង
តាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូល រកជំនួយអំពីអ្នកស្រុក
លុះត្រាតែបានហើយស្រេចសព្វគ្រប់ តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។
គឺនៅក្នុងប្រាសាទធំ មានតម្កល់សិវលិង្គមួយនៅកណ្ដាល សន្មតនាមលិង្គនោះថា
"ស្រីភទ្រេស្វរៈ" និងទេវរូបពីរអមសងខាង, មួយមាននាមថា "បរមេស្វរៈ) មួយទៀតថា
"សរស្វតិ" ។ ចំពីមុខ, ទិសខាងកើត មានគុហាមួយទៀត ជាទេវស្ថាន មានទំហំតូច
ដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរ កប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ
មានតែស៊ុមទ្វារមួយនៅសល់ គ្រាន់ជាការបង្ហាញហេតុ តែប៉ុណ្ណោះ ។ ស្ថាបត្យករ បានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ
នៅចំហៀងខាងស្ដាំនៃប្រាសាទ ឲ្យឈ្មោះថា "លក្ស្មិន្ទ្រដាក"
ហើយប្រតិស្ឋានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង ។ ព័ទ្ធជុំវិញនៃទីបរិវេណនេះ
មានការរៀបចំបានជាស្រុកភូមិមួយ យ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាង
ឲ្យមករស់នៅជួបជុំកុះកុំគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះឯង
ក៏បានជាសភាពអ៊ឹកធឹកឡើង ។
ក្រោយដែលរៀបចំរួចស្រេច លក្ស្មិន្ទ្របណ្ឌិត
បាននាំព័ត៌មានចូលក្រាបបង្គំទូលព្រះបាទសុរ្យវរ្ម័នទី ១, ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះ
យ៉ាងមហោឡារិក នៅក្នុងឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។
ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធាន ជាប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់, ដីស្រែនៅជុំវិញប្រាសាទ
និងស្រះទឹកនេះទាំងអស់ ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធី ឬ ជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង
។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រោសព្រះរាជទាន នាមទីកន្លែងនេះ ថា
"លក្ស្មិន្ទ្របថ" ដោយនិយមតាមនាមបណ្ឌិត អ្នកកសាង ។
សេចក្ដីហូរហែ ដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទ
និង ទីកន្លែងទឹកឆា ។
ឥឡូវ យើងអធិប្បាយពីទ្រង់ទ្រាយ ដែលនៅជាតម្រាយ
សល់មកដល់សព្វថ្ងៃនេះម្ដង ព្រោះសម្រាប់ជួយណែនាំផ្លូវពពួកទេសចរយើងដែលត្រូវការទស្សនាទីកន្លែងនេះផង
។
សព្វថ្ងៃ ស្រះបុរាណ ដែលយើងពោលខាងលើថា
ជាស្នាដៃបណ្ឌិតជង្ឃាលនោះហើយ ដែលជាធ្នារទឹកដ៏ធំមួយ នៅចំមុខទំនប់ ដែលក្រសួងកសិកម្ម
ទើបនឹងស្ថាបនាឡើង ក្នុងបច្ចុប្បន្ននេះ ។ រីឯប្រឡាយទឹកនេះសោត ហូរធ្លាក់ពីសីសប្រភពនៅទិសខាងជើង
ក្នុងខែត្រកំពង់ធំឯណោះ ហើយហូរត្រង់មកត្បូង, លុះមកដល់ចំហៀងប្រាសាទនេះ
ក៏ធ្លាក់ទឹកចូលក្នុងរង្វះធំមួយដែលយើងហៅថា "ធ្នារ" ខាងលើនេះឯង ។
ពីបុរាណមក ទឹកដក់ពេញព្រៀបនៅត្រង់នេះ តែមានកូនជ្រោះតូច ។ បែកមែកធាង
នាំបង្ហូរយកទឹកទៅចាក់បញ្ចូលដីស្រែ នាភូមិជិតខាងនេះ មានភូមិក្រូច
ក្នុងស្រុកព្រៃឈរនោះជាដើម ។ អាស្រ័យប្រឡាយចាស់ដូច្នេះហើយ បានជារាជការខាងកសិកម្ម
ចាត់ចែងក្នុងពេល ៥-៦ ឆ្នាំកន្លងទៅនេះ ធ្វើជាទំនប់មួយ រក្សាទឹកក្នុងធ្នារនេះ
ឲ្យរឹតតែច្រើនឡើង សម្រាប់បន្ថែមកម្លាំង ឲ្យហូរទៅតាមប្រឡាយ ដែលគេជីកធ្វើសំអាតជាថ្មី
នាំទឹកទៅចាក់ចែកឲ្យស្រែអ្នកស្រុក បានជាច្រើនពាន់ហិកតារ ក្នុងស្រុកព្រៃឈរ និង
ស្រុកបារាយណ៍ ។
ប្រឡាយទឹក ដែលហូរនាំទឹកត្រង់មកពីទិសខាងជើង កាត់មកខាងត្បូង
ធ្លាក់ចូលធ្នារធំរួចហើយ ក៏ឆ្ពោះទៅលិចត្រង់ទៅវិញ, ដូចនេះ ប្រឡាយទឹកត្រង់ទឹកឆា
មានសណ្ឋានបីដូចជាកែងជាងឈើ ជាកន្លែងដែលគេងូតទឹកលេងសព្វថ្ងៃ គឺនៅចំត្រង់កែងនោះឯង, បើនរណាចូលចិត្តទឹករាក់
ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ ព្រោះប្រឡាយនេះ បាតក្រោមមានទទឹង ប្រមាណជា ៤ ឬ ៥
ម៉ែត្រដែរ ។ ទឹកថ្លាឈ្វេង មើលឃើញបាតរាបស្មើ ដែលមានកូនថ្មដុំតូចៗ តម្រៀបត្រៀបត្រា
គួរឲ្យចង់រើសយកមកមើល ឬ អង្អែលលេង ។ កូនត្រីមួយហ្វូងៗ រត់ច្រាសទឹកហូរ ប្រដេញគ្នា ។
ឯអ្នកដែលចេះហែល ចូលចិត្តហែលលេងក្នុងផ្ទៃទឹកជ្រៅ ផ្នែកខាងត្បូងតំបន់
ដែលជាធ្នារទឹកធំល្ហល្ហាច ។ ជុំវិញរង្វះទឹកនេះ មានដើមឈើខ្ពស់ៗ ស្រោងស្រឹង
ដុះខ្នាន់ខ្នាប់ នាំឲ្យបានជាជម្រក នៃទេសចរ ដែលទៅលេងកម្សាន្តផង និងជាទីជ្រកនៅនៃសត្វបក្សាបក្សី
ដែលស្រែកឆ្លើយឆ្លងគ្នា បញ្ចេញសូរចម្លែកៗ រឹតតែបង្កើនដួងចិត្តពួកទេសចរ
ឲ្យអណ្ដែតអណ្ដូងថែមឡើងទៀតផង ។
ក្រោយពីងូតទឹកជម្រះកាយហើយ ទេសចរ
អាចដើរទៅមើលដំណែលប្រាង្គប្រាសាទបុរាណ ដូចមានប្រវត្តិ ដែលយើងអធិប្បាយមកខាងលើរួចហើយ
។ ជាដំបូង, គេទៅមើលទេវស្ថានខាងកើតសិន ព្រោះនៅជាប់នឹងប្រឡាយ
ត្រង់ទីដែលគេងូតទឹកនេះតែម្ដង ចម្ងាយពីវាលទៅ ប្រមាណជា ៥០ ម៉ែត្រប៉ុណ្ណោះ, គឺដើរតាមផ្លូវជើងទក់ៗ
ត្រង់ទៅកើតងាកខាងស្ដាំ មើលក្នុងកន្ត្រប់ព្រៃ ដែលមានវល្លិដុះពាក់ព័ទ្ធគ្នា
ប្រតោងទៅដើមឈើគ្របជិតពីលើ ។ ប្រសិនជារដូវប្រាំងជាការស្រួលងាយ តែបើរដូវវស្សា
មានដើមបន្លាស្អិតដុះខ្នាន់ខ្នាប់ នាំឲ្យពិបាករុករុលចូល ទៅណាស់ ។
ទីនោះមានតែគំនរថ្មបាយក្រៀមបួនជ្រុងទ្រវែងៗ ប្រគងប្រគាក់លើគ្នា
មានទាំងដីជាប់ជិតពីលើ នាំឲ្យដុះកូនឈើតូចតាច គ្របដណ្ដប់ដំណែលនេះផង
គ្រាន់តែមានរាងជាខ្លោងទ្វារមួយ គឺមានថ្មដំវែងៗ បញ្ឈរពីរ និងគងពីលើមួយ
សល់ជាដំណែលអាចឲ្យសំគាល់បានថា ជាខ្លោងទ្វារតែប៉ុណ្ណោះ ។
មើលទីនេះរួចហើយ គេថយមកតាមផ្លូវដដែលវិញ, ដើរតាមប្រឡាយទឹកបត់កែងងាកទៅស្ដាំ
គឺទៅលិចប្រមាណជា ២០០ ម៉ែត្រ មានស្ពានបេតុង ដែលជាទំនប់
សម្រាប់ទប់កុំឲ្យទឹកហូរខ្លាំងពេក កាលណាបើមានទឹកតិច ហើយមាត់រង្វះនេះ អាចបើកឲ្យហូរខ្លាំងបាន, កាលណាបើមានទឹកច្រើនបរិបូណ៌
គឺថាត្រង់នេះ ជាតំបន់មាត់រង្វះបើក-បិទប្រឡាយទឹក តាមគេត្រូវការ
ម្ល៉ោះហើយបានជាពីខាងលើ ត្រូវធ្វើឲ្យមានសណ្ឋានដូចជាស្ពាន ដែលអាចឲ្យគេដើរឆ្លងបាន ។
ឆ្លងពីកូនស្ពាននេះទៅ យើងនឹងប្រទះផ្លូវលំស្រឡះស្រឡំ នៅបណ្ដោយអែបប្រឡាយនេះឯង ។ យើងបែរស្ដាំ
ដើរតាមផ្លូវលំនេះ ប្រមាណជា ២០០ ម៉ែត្រទៅទៀត ស្រាប់តែប្រទះនៅខាងឆ្វេងដៃយើង
នូវគំនរថ្មបាយក្រៀម ដែលរុះធ្លាក់រប៉ាត់រប៉ាយបង្គរគ្នាខ្លះ
នៅជាប់តម្រៀបគ្នាជាកំពែងបន្ទាយខ្លះ ប៉ុន្តែគ្មានក្បាច់រចនាឆើតឆាយទេ ។
មិនតែប៉ុណ្ណោះ មានដើមស្រឡៅ, ដើមឈើទាល, ដើមសំរោង ដុះចាក់ឫសច្រវាត់ច្រវែងដូចពស់លូនប្រពាក់ប្រព័ន្ធគ្នា
ពីលើគំនរថ្ម ឬ លើកំពែងថ្មនេះ មានទំហំពីរឱប ឬ បីឱបមនុស្ស ខ្ពស់លលៃ
ងើយមើលជ្រុះឈ្នួតពីក្បាល ។ ត្រង់នេះ នាំឲ្យយើងនឹកស្ងើចរន្ធត់ចិត្ត
ព្រោះទំហំដើមឈើដ៏ធំមហិមាទាំងនោះ ពុំគួរណាដុះលើគំនរថ្មទាំងនេះកើតសោះ ហើយថ្មនេះទៀត
ក៏ពុំគួរណានឹងទ្រទម្ងន់ដើមឈើដ៏សម្បើមៗ ទាំងនេះរួចឡើយ ។ កំពុងតែគិតយ៉ាងនេះ
យើងស្រមៃភ្លែត ទៅដល់ប្រាសាទតាព្រហ្មនៅវង់អង្គរ ដែលមានភាពទ្រុឌទ្រោម ហើយមានដើមឈើធំ
ដុះគ្របសង្កត់ជាច្រើនកន្លែង ពាសពេញតែបរិវេណប្រាសាទ ដែលមានទំហំធំទូលាយ
ជាងគុកព្រះធាតុ ដែលយើងអធិប្បាយនេះទៅទៀត ។
យើងឈានជើងចូលទៅ ក្នុងបរិវេណគុកគុហាបុរាណនេះ
យើងប្រទះឃើញរាងរៅជាបួនជ្រុងទ្រវែង បែរមុខឆ្ពោះទៅខាងកើតចំ មានតែទ្វារចូលពីរខាងកើតមក, ឯខាងជើង និង ខាងត្បូង
មានតែបង្អួចបីធំវែង ប្រកបដោយចម្រឹងថ្ម ក្រឡឹងជាក្បាច់ជើងទៀន, ចំណែកខាងលិចចំ
ពុំមានទ្វារបង្អួចទេ ។ សព្វថ្ងៃ ជញ្ជាំងជុំវិញ នៅគង់ទ្រង់នៅឡើយ ដែលយើងនិយាយមកហើយថា
មានដើមឈើធំៗ ដុះពីលើនោះឯង ។ រីឯដំបូល ឬ កំពូលប្រាង្គវិញ គ្មាននៅសល់បន្តិចទេ, សព្វថ្ងៃ
នៅតាលហាលរកឲ្យយើងសន្និដ្ឋានថា តើប្រាង្គគុហានេះ ពីដើមឡើយ មានកំពូលដូច្នេះ ឬ
ដូច្នោះពុំបានឡើយ, ឃើញមានតែថ្ម ធ្លាក់មកគរនៅកណ្ដាលបរិវេណ តែមានថ្មខ្លះមានរាងរៅទំនងជាថ្នាក់កំពូល
គឺក្បាច់ត្របកឈូក ដែលគេសម្រាប់បន្តុបធ្វើជាកំពូលប្រាង្គ
ធ្លាក់មកគរលាយឡំជាមួយថ្មដទៃទៀតច្រើនផង ។ ទំហំតួប្រាសាទនេះ មានបណ្ដោយប្រមាណ ២០
ម៉ែត្រ ទទឹង ១៥ ម៉ែត្រប៉ុណ្ណោះ ។ ដុំថ្មទាំងនោះ ភាគច្រើនជាថ្មបាយក្រៀម
ពុំសូវមានថ្មសំលៀង ដែលឆ្លាក់ជាក្បាច់ក្បូរឆើតឆាយអ្វីឡើយ ប្រទះឃើញតែផ្ដែ (Linteau) មួយ
ដែលមានឆ្លាក់ជារូបព្រះនារាយណ៍ នៅចំកណ្ដាល និង ក្បាច់ស្លឹកភ្ញីនៅព័ទ្ធព័ន្ធជុំវិញ ។
ការទស្សនាបុរាណដ្ឋាននេះ ធ្វើបានស្រួលតែនៅរដូវប្រាំង
ជាជាងរដូវវស្សា ហើយពេលថ្មើរម៉ានក៏មិនទាស់ ព្រោះមានដើមឈើធំៗ ត្រជាក់ត្រឈៃ មិនព្រួយពីក្ដៅឡើយ, ប៉ុន្តែពេលល្ងាច
ឆាប់ងងឹតបន្តិច ដោយសារម្លប់ឈើធំទាំងនោះ ។ ភាគច្រើន អ្នកទស្សនាទីកន្លែងនេះ
គេចូលចិត្តទៅនៅពេលព្រឹក ប្រមាណជាម៉ោង ៨-៩ ព្រោះបានឱកាសវែងបន្តិច គឺទៅដល់ហើយ
គេទស្សនាពីបុរាណទាំងនេះ ឲ្យសព្វគ្រប់រហូតដល់ម៉ោង ១១-១២ ថ្ងៃត្រង់, បន្ទាប់មក គេរៀបម្ហូបម្ហាអាស្រ័យតាមបែបដើរព្រៃ, អាស្រ័យរួច
គេសម្រាកដេកលេង ក្រោមដើមឈើដ៏ត្រជាក់ត្រឈៃរហូតម៉ោង ២-៣ ទើបក្រោកឡើង ងូតទឹកលេង
លុះដល់ម៉ោង ៤-៥ រសៀល ទើបចេញដំណើរត្រឡប់មកលំនៅវិញ ។ បើជួនជាដំណើរវិលត្រឡប់នេះ
ជាពេលរសៀលទាបខ្លាំងបន្តិចផង, សម្រែកបក្សី និង ជំនោរពេលល្ងាច រណ្ដំស្លឹកឈើ
ព្រមជាមួយកម្មរស្មីដ៏ស្រទន់នៃព្រះសុរិយាហៀបនឹងអស្ដង្គត
ច្បាស់ជារត់មកបបោសអង្អែលដួងចិត្ត នៃទេសចរមិនឲ្យដាច់អាល័យបានឡើយ
ហាក់ដូចជាបណ្ដុះសេចក្ដីនឹករលឹកមួយ ឲ្យមកលេងទីនេះ នៅពេលណាមួយទៀតជាមិនខាន ។
រឿង ប្រាសាទព្រះធាតុទឹកឆា (នៅខេត្ដកំពង់ចាម)
Reviewed by VannyDa
on
2:43 PM
Rating: