រឿង ប្រាសាទវត្ដនគរ (នៅខេត្ដកំពង់ចាម)
នៅខាងលិច នៃក្រុងកំពង់ចាម, តាមដងផ្លូវជាតិលេខ ៧
ទៅពីក្រុងភ្នំពេញ មានប្រាសាទបុរាណមួយ ដែលអ្នកស្រុកសំគាល់ឈ្មោះថា
"ប្រាសាទនគរវត្ត" ។ ចម្ងាយចូលពីផ្លូវជាតិ តែប្រមាណ ២០០ ម៉ែត្រប៉ុណ្ណោះ
មានក្រាលថ្មស្អាតស្អំ ស្រួលងាយធ្វើដំណើរគ្រប់រដូវ ។ អ្នកស្រុក
តែងចេញចូលក្នុងបុរាណដ្ឋាននេះ រៀងរាល់ថ្ងៃ ពុំមានដាច់ ព្រោះនៅជិតទីប្រជុំជនខេត្ត
ដែលមានមនុស្សច្រើនផង និង ដោយមានប្រាសាទបុរាណ, វត្តពីរ ព្រមទាំងបូជនីយដ្ឋានដទៃទៀតផង ។
អាស្រ័យហេតុនេះ អ្នកនៅជិតខាងនៃប្រាសាទនេះ ឬ ជាអ្នកទេសចរទៅកម្សាន្តកំពង់ចាម
រមែងធ្លាប់ស្គាល់ប្រាសាទនេះ ច្បាស់លាស់ណាស់ ប៉ុន្តែប្រវត្តិពង្សាវតារនៃបុរាណដ្ឋាននេះ
ច្រើនពុំសូវបានច្បាស់ក្នុងសន្ដានចិត្តអ្នកទាំងនោះនៅឡើយ ត្បិតគេច្រើនតែនិយាយតាមឮតៗ
គ្នាមក រកហេតុផលពុំបានជាក់លាក់ ។ ដូច្នេះហើយ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ
ជាមជ្ឈមណ្ឌលរក្សា និង ប្រមូលឯកសារបរមបុរាណ ដែលកើតមានឡើងជាង ៣០ ឆ្នាំមកហើយនោះ
ត្រូវតែអធិប្បាយឡើងវិញ ឲ្យជនរួមជាតិយើងបានយល់ ហើយស្រឡាញ់បេតិកភណ្ឌជាតិ
ដែលមានសឹងពាសពេញក្នុងប្រទេស ។
បើយើងធ្វើដំណើរពីភ្នំពេញទៅ យើងនឹងបានដល់ប្រាសាទនេះ
មុននឹងដល់ក្រុងកំពង់ចាម គឺនៅខ្វះតែបីគីឡូម៉ែត្រ ហើយបែរខាងលិចផ្លូវជាតិខាងស្ដាំដៃ, យើងនឹងប្រទះផ្លូវលំមួយយ៉ាងស្អាត
ត្រង់ភ្លឹង តាមចន្លោះដើមរុក្ខជាតិសងខាង គួរជាទីមនោរម្យ ។ សព្វថ្ងៃ
ទីតាំងនៃប្រាសាទនេះ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម (កំពង់ចាម) ។
តួប្រាសាទ និងបរិវេណប្រាសាទទាំងមូល បែរមុខឆ្ពោះទៅទិសខាងកើត
ត្រង់ទៅផ្លូវជាតិ ។
កាលណាចូលមកកាន់បុរាណដ្ឋាននេះ យើងប្រទះជាបឋម
នូវខ្លោងទ្វារមួយ ធ្វើអំពីថ្មបាយក្រៀម មានចន្លោះច្រក ប្រមាណជា ៣ ម៉ែត្រប៉ុណ្ណោះ ។
នៅខាងលើ ពុំមានកំពូលអ្វីជាឆើតឆាយទេ ទំនងជារុះធ្លាក់អស់
ដោយសារការចាស់ទ្រុឌទ្រោមក្នុងភាពជរា នៅសល់តែថ្មសន្លឹកកបួនជ្រុងវែងៗ
បំពាក់គងគាក់លើគ្នា គ្រាន់តែនៅសល់សណ្ឋានជារាងខ្លោងទ្វារ ឬ ហៅតាមពាក្យអ្នកស្រាវជ្រាវថា
"គោបុរៈ" ។ ភ្ជាប់នឹងគោបុរៈនេះ សងខាងមានកំពែងថ្ម ដែលមានកម្ពស់ប្រមាណជា ៣
ម៉ែត្រ កម្រាស់ ០ម៦០, សព្វថ្ងៃនេះ ជ្រុះធ្លាក់អស់ច្រើនអន្លើណាស់ទៅហើយ ។ នៅពីលើកំពែងនេះទៀត
មានលំអដោយថ្មសំលៀង ដែលឆ្លាក់ជាសន្លឹកចុងស្រួច របៀបជាស្លឹកឈើ
តម្រៀបដង្ហែគ្នាជាជួររមិញ ។ ខ្លោងទ្វារនេះ រថយន្តតូចតាច ចេញចូលបានយ៉ាងស្រួល
ឯរថយន្តធំ តោងមានការប្រយ័ត្នប្រយែងបន្តិច ព្រោះចង្អៀតសងខាងផង ពីលើផង ក្រែងប៉ះ
នាំឲ្យមានគ្រោះថ្នាក់ ។
ចូលផុតពីខ្លោងទ្វារនេះភ្លាម យើងប្រទះឃើញខាងឆ្វេងដៃ
មានស្រះមួយធំមានទឹកថ្លា ដល់ខួបប្រាំងខួបវស្សា សម្រាប់ផ្ដល់តាមសេចក្ដីត្រូវការប្រើប្រាស់
បានគ្រប់ពេល ។ ជុំវិញស្រះ, មានខឿនថ្មព័ទ្ធជុំ តែយើងឃើញរៀបថ្ម ដោយមានបាយអបូកភ្ជាប់ផង, មានតែជណ្ដើរពីរ
គឺខាងជើងមួយ ខាងត្បូងមួយប៉ុណ្ណោះ ដែលនៅជាប់ជាកាំថ្មបុរាណ ឥតមានលាយបាយអទេ មាត់ស្រះ
ចំហៀងខាងត្បូង មានដើមដូងដុះត្រៀប ចោលម្លប់ត្រឈៃ គួរជាទីមនោរម្យ គ្របដណ្ដប់លើដីវាលយ៉ាងស្រឡះទូលាយ
។ ត្រង់វាលនេះ មានវត្តមួយ ប្រកបដោយព្រះវិហារ កុដិ សាលាយ៉ាងរៀបរយ, អ្នកស្រុកហៅថា
"វត្តនគរក្រៅ" យើងងាកបែរមកខាងស្ដាំដៃម្ដង ។ ខាងនេះ មានគុហាមួយ
សង់របៀបជាផ្ទះអ្នកតាចិន ដ៏មានខ្លោងទ្វារតូចមួយ ស្ទួយទ្រនូវអក្សរចិនជាលំអ ។
កូនធ្លាតូចមួយ ក្រាលឥដ្ឋយ៉ាងស្អាត សម្រាប់នាំជំហានទេសចរទាំងឡាយ
ឲ្យដើរចូលទៅក្នុងគុហានេះ បានយ៉ាងស្រួល ។ ពិតមែនហើយ តែគុហានេះបែរមុខខាងត្បូង
ប៉ុន្តែរូបបដិមាករធំទាំងបីនៅក្នុងនេះ មិនបែរមុខត្រង់មកត្បូងទទួលអ្នកដើរចូលទៅទេ
បែរជាឆ្ពោះមុខទៅខាងលិចវិញ, ដូច្នេះ អ្នកដើរចូលទៅ ត្រូវត្រឡប់ខ្លួនមកស្ដាំដៃទៀត ទើបបានប្រទះនឹងរូបនេះ
។ បដិមាករបីអង្គនេះ មានទំហំធំជាងមនុស្សធម្មតា ហើយនៅក្បាល មានកំពូលស្រួចបន្តិច
ទំនងដូចជាមូលីព្រះពុទ្ធរូប ។ រូបនៅចំកណ្ដាល តម្កល់ខ្ពស់លើអាសនៈ អង្គុយពែនភ្នែន
ដៃសំពះប្រណម្យឆ្ពោះទៅខាងមុខ គឺទិសខាងលិចចំ ។ រូបទាំងពីរសងខាង នៅទាបគ្មានអាសនៈទេ
ហើយជារូបឈរកាន់ដំបងបញ្ឈរចំពីមុខ ។ រូបទាំងបីនេះ ធ្វើដោយថ្មដូចគ្នា តែសព្វថ្ងៃ
គេទឹបមាសភ្លឺចិញ្ចាច បាត់សាច់ថ្មទៅហើយ។ អ្នកស្រុកហៅបដិមាករនេះថា
"តាព្រហ្មៗ" សឹងមានរឿងព្រេងមួយ និទានពីប្រវត្តិតាព្រហ្មនេះ
ដូចយើងនឹងនិទានជូនជាបន្ទាប់នៅខាងក្រោយ គឺគាត់អង្គុយសំពះម្ដាយ
ដែលគេបញ្ចុះអដ្ឋិក្នុងចេតិយមួយ នៅចំខាងលិច គឺពីមុខគាត់នោះឯង ។ ហួសពីគុហានេះបន្តិច
មានផ្លូវមួយបែកទៅស្ដាំដៃ សសៀរអែបនឹងគុហាតាព្រហ្ម ។
ដងផ្លូវនេះកោងដ៏មានចេតិយតម្រៀបគ្នា និងគុហាតូចមួយទៀត ជ្រកក្រោមដើមពោធិ ដែលក្នុងនោះ
មានតម្កល់ព្រះពុទ្ធបដិមាករធ្វើទុក្ករកិរិយាមួយអង្គ, នៅដង្ហែគ្នាជាប់ខាងជើងផ្លូវផង ។
យើងមើលទៅចំផ្លូវត្រង់វិញ នេះពិតជាផ្លូវបុរាណមក
ឃើញមានសភាពត្រង់ភ្លឹង ឆ្ពោះទៅកាន់ខ្លោងទ្វារកំពែងមួយជាន់ទៀត ។ មុនដល់ខ្លោងទ្វារ
មានវាលរាបស្មើ នៅខាងស្ដាំដៃ ប្រកបដោយខឿនថ្មបាយក្រៀមព័ទ្ធជុំវិញ
ព្រមទាំងមានក្បាច់ថ្ម ឆ្លាក់ជារូបនាគ សន្ធឹងខ្លួនជាបង្កាន់ដៃផង ។ តោថ្មធំៗ
នៅអើតកស្ងើន តម្រៀបគ្នាត្រង់នេះ ។ គោបុរៈជាន់ទី២ នេះ មានទំហំប្រហែលគ្នានឹងជាន់ទី១
ដែលយើងពោលរួចមកហើយពីខាងដើមដែរ ប៉ុន្តែនៅមានសភាពគង់ទ្រង់ក្បាច់ក្បូរច្រើនជាង ។
ចូលធ្លុះទៅទៀត យើងប្រទះនឹងសាលាសងខាងផ្លូវ នៅជ្រកក្រោមដើមពោធិធំ ម្ខាងមួយ ។
កូនសាលាទាំងនេះ គេទើបតែសង់ក្នុងរវាង ៥០-៦០ ឆ្នាំកន្លងទៅប៉ុណ្ណោះ
សម្រាប់ឲ្យអ្នកធ្វើដំណើរទាំងឡាយឈប់សម្រាក ព្រោះជាទីចំហឥតមានជញ្ជាំងទេ
មានតែដំបូលក្បឿង និង ផ្ទៃក្រោម ក្រាលឥដ្ឋកន្សែងស្អាតបាត ។ នៅបាំងសាចជុំវិញ
ផ្នែកខាងក្នុង មានគំនូរនិទានរឿងផ្សេងៗ ក្នុងទសជាតក យ៉ាងល្អមើល ។
នៅជាប់នឹងសាលាទាំងពីរនេះ មានស្រះធំៗ ពីរទៀត នៅម្ខាងមួយ ដែលមានទ្រង់ទ្រាយ
ដូចស្រះមួយនៅពីមុខគុហាតាព្រហ្ម ដែលយើងនិយាយរួចម្ដងមកហើយដែរ តែស្រះពីនេះ
តូចជាងបន្តិច ហើយមានទឹកតែក្នុងរដូវវស្សាប៉ុណ្ណោះ ។
យើងដើរឆ្ពោះទៅមុខតែបន្តិច ក៏ដល់គោបុរៈមួយជាន់ទៀត ជាជាន់ទី ៣
ដែលមានសណ្ឋានបែបរាងដូចជាទី ១ និង ទី២ ដែរ តែមាននៅសេសសល់កំពូលប្រាង្គ
ខ្ពស់ជាងគោបុរៈមុនៗ ហើយកំពែងក៏នៅល្អស្អាតព័ទ្ធជុំវិញ ។ កំពែងនេះ មានសណ្ឋានជារោងទង
គឺមានជញ្ជាំងសងខាង សម្រាប់ទុកចន្លោះកណ្ដាលឲ្យនៅចំហ អាចឲ្យមនុស្សនៅជ្រកបាន ។
បរិវេណរងទងនេះ រាងបួនជ្រុងទ្រវែង មានច្រកដ៏ជាកំពូលតែពីរទេ គឺខាងកើត និងខាងលិច ។
ខាងក្នុង ឬ ខាងក្រៅកំពែងនេះ ទីដីស្រឡះស្រឡំ ជាទីរីករាយដល់អ្នកទេសចរទាំងឡាយ ។
ចូលផុតពីកំពែងនេះភ្លាម គេឃើញនៅចំកណ្ដាលទីមានប្រាង្គមួយខ្ពស់ ប្រមាណជា ១៥ ម៉ែត្រ
បាតក្រោមរាងបួនជ្រុង មានទំហំមួយជ្រុងៗ ប្រមាណ ៨ ម៉ែត្រ ។ នៅលើកំពូល
គ្មានរចនាធ្វើជាមុខលោកេស្វរៈទេ គ្រាន់តែមានជាក្បាច់ស្រទាប់ថ្នាក់ៗ
ទំនងជាត្របកផ្កាឈូក ឯចុងស្រួចបំផុត ជ្រុះធ្លាក់បាត់ ពុំដឹងជាបែបណា
គ្រាន់តែនៅឃើញដាន ជាសណ្ឋានមូល ប្រហែលកំពូលចេតិយ ។ ចុះពីថ្នាក់លើ
ដែលមានក្បាច់ជាត្របកផ្កាឈូក រាងមូលនោះមក, ថ្នាក់ក្រោមៗ បែរជាមានរាងបួនជ្រុង រហូតដល់ដី ។
ត្រង់ផ្ទាល់នឹងដីនេះ មានស៊ុមប្រកបដោយក្បាច់ បែបរចនាអង្គរ ហើយនៅនឹងផ្ទាំងថ្មជាផ្ដែ
នៃស៊ុមទ្វារទាំង ៤ ទិស គឺខាងកើត ខាងជើង ខាងត្បូង និង ខាងលិច
មានឆ្លាក់រឿងពុទ្ធបវត្តិគ្រប់ទាំងបួន ។ គឺផ្ដែលើស៊ុមទ្វារទិសបូព៌ ឆ្លាក់រូបភាព
ដំណាលកាលព្រះពុទ្ធ ទ្រង់ផ្ចាញ់មារាធិរាជ, ផ្ដែខាងជើង ដំណាលកាលចៅសិទ្ធត្ថកុមារ
យាងចាកព្រះរាជនិវេសន៍ គង់លើកណ្ឋកអាជានេយ្យ, ផ្ដែខាងត្បូង ដំណាលកាលព្រះពោធិសត្វ
ទ្រង់កាត់ព្រះផ្នួង នៅក្បែរឆ្នេរស្ទឹងនេរញ្ជរា និងផ្ដែទី ៤ នៅខាងលិច
ដំណាលត្រង់ព្រះពុទ្ធ ទ្រង់គង់ មានអគ្គសាវកអមអង្គ ។ ក្បាច់ក្របវ័ណ្ឌ
រូបចម្លាក់ផ្ដែនីមួយៗ ឆ្លាក់ជារូបនាគពីរ សន្ធឹងខ្លួនព័ទ្ធតាមរាងត្រីកោណ
ប្រទាក់កន្ទុយគ្នាទៅលើ ក្បាលសំយុងចុះក្រោម អើតចេញទៅចុងម្ខាងម្នាក់ ។
នៅចន្លោះស៊ុមទាំង ៤ នេះ មានតម្កល់ព្រះពុទ្ធរូប មារវិជ័យមួយអង្គៗ
គ្រប់ចន្លោះទ្វារទាំង ៤ ។ សព្វថ្ងៃ ព្រះពុទ្ធបដិមាករទាំង ៤ នេះទឹបមាសភ្លឺចិញ្ចាច ។
មិនតែប៉ុណ្ណោះ អ្នកស្រុកសម័យក្រោយ បានកសាងព្រះវិហារមួយ ចំពីខាងកើតប្រាង្គ
ហើយយកដំបូលម្ខាង ទៅបំពាក់លើប្រាង្គនោះផង ។ ព្រះវិហារនេះសង់ដោយបាយអ
ដំបូលប្រក់ក្បឿងពណ៌ភ្លឺផ្លេកឆ្អិនឆ្អៅ តែឥតមានជញ្ជាំងទេ។ នៅក្រោមដំបូលវិហារ
ផ្នែកខាងកើត មានសិលាចារឹកមួយផ្ទាំង តម្កល់យ៉ាងស្អាតបាត ដូចជាសន្លឹកសីមា
រាងបួនជ្រុងសំប៉ែត ។ អក្សរនៅច្បាស់ ឥតមានរបករបេះឡើយ គឺនៅផ្នែកខាងមុខ
ជាអត្ថបទភាសាបាលី ហើយនៅផ្នែកខាងចំហៀង ជាអត្ថបទភាសាខ្មែរ ។
បន្ទាប់ពីប្រាសាទ ដែលមានវិហារសង់ថ្មីភ្ជាប់ជាមួយនេះមក, នៅចំកណ្ដាលបរិវេណ
ដែលពោលមកនេះ, ទេសចរ អាចធ្វើដំណើរបាន តាមធ្លាព័ទ្ធជុំវិញ
ហើយចេញតាមចន្លោះខ្លោងទ្វារខាងលិច ព័ទ្ធទៅឆ្វេងក៏បាន ទៅស្ដាំក៏បាន
គឺចេញផុតពីបរិវេណកំពែងទី ៣ ហើយ ។ ឥឡូវយើងនៅក្នុងបរិវេណទី ២, បើងាកខាងឆ្វេងមុន
យើងប្រទះគុហាពីរនៅទន្ទឹមគ្នា គឺមួយ ខាងលិច មានតែព្រះពុទ្ធរូបតូចធំជាច្រើន
តម្កល់ក្នុងនោះ ឯមួយទៀត ខាងកើត មានជញ្ជាំងជិតដិតស្រួលបួល
តម្កល់ព្រះពុទ្ធរូបបរិនិព្វាន ប្រវែងពីព្រះសិរដល់ព្រះបាទ ប្រមាណជា ១០ ម៉ែត្រ ។
លុះដើរហួសពីនេះ ព័ទ្ធទៅខាងចំហៀងខាងស្ដាំវិញ យើងឃើញគុហាពីរទន្ទឹមគ្នាដែរ គឺមួយ
ខាងលិច គ្រាន់តែជាទីតម្កល់ព្រះពុទ្ធរូបតូចធំប៉ុណ្ណោះ, ឯមួយទៀត ខាងកើត
ទើបឃើញមានចេតិយ រាងទាបទទារ លាបលនពណ៌ក្រហមក្រមៅ និង មានព្រះពុទ្ធរូប ៤ ព្រះអង្គ
ក្នុងមួយអង្គៗ មានទំហំភ្នែន ប្រមាណជាជាង ១ ម៉ែត្រ គង់ព័ទ្ធជុំវិញ
បែរព្រះភក្ត្រឆ្ពោះទៅកាន់ទិសធំទាំងបួន ។
កាលណា យើងធ្វើដំណើរចេញពីទីនេះទៅទៀត សសៀរតាមកំពែងថ្មជាន់ទី ២
ត្រង់ជ្រុងខាងជើងចំ យើងអាចចេញបានតាមចន្លោះថ្ម ដែលរុះធ្លាក់មកនៅទាបនឹងដី, ហើយយើងប្រទះស្រះបុរាណយ៉ាងធំមួយទៀត
ប៉ុនគ្នានឹងស្រះនៅពីមុខគុហាតាព្រហ្មដែរ ។ ចាប់ពីមាត់ស្រះនេះទៅលិច មានកុដិ សាលា
ជាអារាមមួយទៀត ដែលអ្នកស្រុកហៅថា "វត្តនគរក្នុង" ។
ចំពោះរូបបដិមាករ ដែលមានឈ្មោះតាព្រហ្មនោះ
មានរឿងព្រេងមួយនិទានថា មានអ្នកចម្ការពីនាក់ប្ដីប្រពន្ធ រស់ក្នុងភូមិទួលស្បូវ
(ក្នុងក្រុងកំពង់ចាមសព្វថ្ងៃ) នាំគ្នាទៅភ្ជួរដីចម្ការ ។ ពេលនោះ យកទាំងកូនង៉ែត
ដែលទើបតែកើត បានជាងបីខែ ទៅជាមួយផង,
យកកូននោះទៅផ្ដេកក្រោមដើមព្នៅ ហើយទាំងពីរនាក់ប្ដីប្រពន្ធ
នាំគ្នាប្រកបការយ៉ាងខិតខំ ។ ពេលនោះ មានសត្វមកស៊ីផ្លែព្នៅ
ចោះចឹកនាំគ្នាស្រែកឮខ្ញៀវខ្ញារ, ស្រាប់តែជុះដាក់លើកូនតូចនោះ ប្រឡាក់អស់ ហើយផ្លែព្នៅ ក៏ធ្លាក់ត្រូវចំក្បាល
បណ្ដាលឲ្យដាច់សាច់មួយដុំ ហូរឈាមសស្រាក់ ។ ម្ដាយឪពុកឃើញដូច្នោះ
ក៏នាំយកកូនចុះទៅកំពង់ទឹកងូតលាងខ្លួន នៅត្រង់កំពង់ហៅថា ជ្រោយថ្ម ។
ដោយពុំសូវជាប្រយ័ត្ន ក៏របូតកូននោះពីដៃទៅ មានត្រីធំមួយមកលេបយកកូននោះ ហើយហែលទៅបាត់ ។
ឪពុក-ម្ដាយ យំសោកស្ដាយជាខ្លាំង តែពុំដឹងធ្វើម្ដេច ក៏វិលត្រឡប់មកផ្ទះវិញ ។
និយាយពីត្រីនោះហែលចុះតាមទន្លេធំ ធ្លាក់ទៅក្នុងមហាសមុទ្ទចិន
រហូតទៅដល់ប្រទេសចិន ។ មានអ្នកនេសាទម្នាក់ បានបង់សំណាញ់ជាប់បានត្រីធំនោះ
យកទៅវះពោះត្រី ស្រាប់តែឃើញកូនក្មេងតូចមួយ នៅរស់នៅឡើយ ។ នាយនេសាទ
ក៏យកកូននេះទៅថ្វាយព្រះចៅក្រុងចិន ដែលព្រះអង្គថ្នាក់ថ្នម
ទុកដូចជាបុត្ររបស់ព្រះអង្គផ្ទាល់ រហូតដល់កូននេះធំ
ក៏ព្រះអង្គឲ្យរៀនសូត្រចេះដឹងយ៉ាងមុតមាំ ។ ធំឡើងហើយ កុមារនេះ
ក៏សុំអនុញ្ញាតពីព្រះចៅក្រុងចិន ដើម្បីធ្វើដំណើរមកលេងស្រុកសួរស៊ើបរកឪពុក-ម្ដាយ
រួចសឹមវិលទៅវិញ ។ ព្រះចៅក្រុងចិន ទ្រង់ព្រះករុណាសន្ដោសប្រោសមេត្តា ឲ្យរៀបសំពៅមួយ
មានបម្រើប្រាំរយដង្ហែកុមារនេះដល់ស្រុកខ្មែរ ។ សំពៅទៅចូលចតដល់កំពង់ចាមហើយ
កុមារចុះទៅដល់ភូមិអ្នកស្រុកត្រង់នោះហើយ ក៏បញ្ជាឲ្យសំពៅ វិលត្រឡប់ទៅស្រុកចិនវិញទៅ ។
នាយកំលោះនេះ សន្មតឈ្មោះខ្លួនឯងថា "ចៅព្រហ្ម" ហើយទៅសំណាក់
នៅនឹងផ្ទះស្ត្រីមេម៉ាយម្នាក់ ។ ដោយនៅជាមួយគ្នាយូរៗ ទៅ
ស្ត្រីមេម៉ាយនឹងចៅកំលោះកើតប្រតិព័ទ្ធនឹងគ្នា ក៏ទទួលយកគ្នាជាប្ដីប្រពន្ធទៅ ។
ថ្ងៃមួយ បុរសដេកកើយក្បាលលើភ្លៅប្រពន្ធ ហើយប្រពន្ធវែកសក់ប្ដីលេង តាមចិត្តលំហែ
ស្រាប់តែឃើញក្បាល មានស្នាមមួយដុំ ឥតមានដុះសក់ ក៏សួរប្ដីពីដើមហេតុ, ប្ដីក៏និយាយប្រាប់ថា
៖ ខ្លួនជាមនុស្សអភ័ព្វណាស់ សឹងរកនរណាដូចគ្មាន ហើយទើបបុរសព្រហ្ម
រាយរាប់អំពីរឿងដើមសព្វគ្រប់ ឲ្យប្រពន្ធស្ដាប់ គឺរឿងដែលធ្លាប់បានឮពីអ្នកនេសាទចិន
ជាឪពុក-ម្ដាយចិញ្ចឹម ធ្លាប់និទានប្រាប់តាំងពីខ្លួននៅពីតូចមក ។
កាលបើបានស្ដាប់សេចក្ដីនិទាននេះសព្វគ្រប់ហើយ នាងភរិយា
ក៏អង្គុយជ្របមុខលែងចេញស្ដី, រួចស្រក់ទឹកភ្នែកបណ្ដើរផង ។ បុរសស្វាមីឃើញដូច្នោះ ឆ្ងល់ណាស់
ក៏ខំអង្វរសួរប្រពន្ធថា តើរឿងអ្វី បានជាយំ ? នាងភរិយា និយាយទាំងខ្សឹកខ្សួល
ប្រាប់មកប្ដីវិញ អំពីរឿងដើម ដែលខ្លួនយកកូនទៅផ្ងូតទឹក ហើយរបូតដៃ ត្រីលេបបាត់ទៅ
ហើយក្រោយមក ស្វាមីក៏មានជំងឺស្លាប់ទៅទៀត ។ បុរសប្ដី បានស្ដាប់រឿងនេះចប់
ក៏សន្និដ្ឋានយល់ថា គឺជាខ្លួនឯងនេះហើយ ដែលត្រូវជាកូន, ប៉ុន្តែឥឡូវ ដោយមិនបានដឹងសោះជាមុន ទៅជាខកខ្លួន
ស្រឡាញ់គ្នាជាប្ដីប្រពន្ធ ដូច្នេះទៅហើយ ក៏សំពះសុំខមាទោសម្ដាយ
ហើយសុំឲ្យម្ដាយបញ្ជាដាក់ទណ្ឌកម្មឲ្យខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យបានរំដោះទុក្ខទោស
ពៀរវេរានេះ ។ គ្រានោះ ម្ដាយក៏បញ្ជាថា ៖ ឲ្យសង់ជាចេតិយតម្កល់សពគាត់
កាលណាគាត់ស្លាប់ទៅ ហើយដល់គ្រាដែលកូនស្លាប់ទៅទៀត ឲ្យធ្វើជារូបតំណាងរូបកូន
អង្គុយប្រណម្យទៅធាតុម្ដាយ ឲ្យគ្រប់កាលកំណត់ព្រះពុទ្ធសាសនា ៥០០០ ព្រះវស្សា ។
បុរសព្រហ្ម ដោយសារមានចំណេះមុតមាំ ក៏ឡើងជាគ្រូអាចារ្យ
នៅក្នុងភូមិស្រុកនោះ ម្ល៉ោះហើយ ក៏មានសិស្សគណជាច្រើន ជួយចាត់ចែងគាត់
ធ្វើតាមបណ្ដាំម្ដាយនេះ ទាល់តែបានសម្រេចទាំងអស់ គឺចេតិយមួយតម្កល់ធាតុម្ដាយ និង
រូបតាព្រហ្ម សំពះឆ្ពោះទៅកាន់ធាតុនោះ ។
ការទស្សនាប្រាសាទបុរាណនេះ ពុំមែនជាការហត់នឿយប៉ុន្មានទេ
ព្រោះបរិវេណតូចល្មម ហើយគ្មានថ្នាក់ធ្នើរ ឲ្យយើងលំបាកឡើងចុះឡើយ ។ ដូច្នេះ
យើងអាចចូលទៅទស្សនាបានគ្រប់ពេល ឲ្យតែជាវេលាថ្ងៃ, ប៉ុន្តែ បើជួនជាដើរមើល នៅពេលរសៀលទាបវិញ
យើងនឹងមានចិត្តអណ្ដែតអណ្ដូងប្លែក ព្រោះប្រទះនឹងព្រះសុរិយា ដែលហៀបនឹងអស្ដង្គត
ហើយបាចសាចកម្ទេចរស្មី ជះមករោយលើប្រាង្គ និង កំពែងថ្ម ជាប់ជាមួយក្លិនប្រហើរ
នៃដើមស្រូវ ដែលនៅក្នុងវាលស្រែ ព័ទ្ធជុំវិញបុរាណដ្ឋាននេះ
ហាក់ដូចជាក្លិនក្រអូបនៃកិត្តិនាមខ្មែរ ដែលធ្លាប់មានមកពីយូរអង្វែងហើយ ។
រឿង ប្រាសាទវត្ដនគរ (នៅខេត្ដកំពង់ចាម)
Reviewed by VannyDa
on
2:43 PM
Rating: