រឿង ភ្នំជើងព្រៃ (នៅខេត្ដកំពង់ចាម)
នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ខាងជើងថ្នល់ជាតិលេខ ៦ ត្រង់ខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ.ម. ដែលមានផ្លូវលំ ១
ចូលទៅខាងជើង ប្រមាណ ១៥០០ ម. មានភ្នំពីរ ឃ្លាតគ្នាប្រហែលជា ១០០ ម. ពីគ្នា ។
មួយនៅខាងកើត ហៅ ភ្នំស្រី ឬ ភ្នំធំ,
មួយទៀត ទាបនៅខាងលិច ហៅ ភ្នំប្រុស ឬ ភ្នំព្រះបាទ, ភ្នំទាំងពីរនេះ
គេហៅរួមគ្នាថា "ភ្នំជើងព្រៃ" បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា
មនុស្សស្រី និង ប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច "ភ្នំស្រីភ្នំប្រុស"
នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី
ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា
ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ
ក្លាយទៅជាស្រះធំ ១ គ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត ។
ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ. ម.
ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង
រថយន្តតូចធំចេញចូលបានស្រួល ។
ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ
ចម្ងាយប្រមាណជា ១០០ ម. ទំហំប្រមាណជា ១០០ ម៉ែត្រ ៤ ជ្រុង, ជម្រៅប្រមាណជា ១០ ម.
ទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ ម. រាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ, មានទឹកថ្លាឈ្វេង
ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង
បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន
ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា ។
ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ
ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា, សូម្បីតែបន្លែបង្ការ
និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។
ស្រះនេះ ពីដើមគេហៅថា "ស្រះទឹកព្រះ"
ដូចជម្រាបខាងដើម, តែសព្វថ្ងៃ គេហៅតែ "ទឹកព្រះ" ។ បានជាគេហៅថា
"ទឹកព្រះ" ព្រោះទឹកថ្លាណាស់, ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ
ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល
ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។
ពាក្យថា "ទឹកព្រះ" បានដិតជាប់នឹងមាត់អ្នកស្រុក
ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា
រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ?
។
បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន
នៅសល់ក៏ច្រើន, ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន
ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។
ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម.
បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១
ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។
ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌
ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ ប្រក់ស័ង្កសី
ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។
គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ
ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ
ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។
នៅលើមាត់ទ្វារខាងលិច និង ខាងកើត នៃគុកគុហានោះ
មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់
អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ
ព្រោះជាអក្សរខ្មែរបុរាណ ។
ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ
ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ "កំពែងស្ងួត" នោះ មានទំហំ ប្រមាណជា ១០០ ម.
៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ
របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ
ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម
ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។
គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់
១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា
ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា
បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស
។
នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច
ទំហំប្រមាណជា ៥ ម. បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម., គេហៅថា ស្រះលាងជើង ។
ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង
មុននឹងឡើងទៅលើភ្នំទាំង ២ ។
សព្វថ្ងៃ,
នៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល
ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ
គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល, កាលបើគេសមាទានឧបោសថសីលហើយ
ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល ១ ថ្ងៃនោះទល់ល្ងាច, ខ្លះទៀត
នៅរហូតអស់រយៈពេល ១ ថ្ងៃ ១ យប់ ទើបវិលមកលំនៅរបស់អាត្មាវិញ ។
អ្នកដែលនៅអស់រយៈពេល ១ ថ្ងៃ ១ យប់នោះ
គឺគេនៅធ្វើសមាធិកម្មដ្ឋាន, លុះព្រឹកឡើង គេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ
កិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត ។ អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃនោះ
គេធ្វើតែសម្លបួស មិនធ្វើសម្លត្រី-សាច់ទេ, ដោយជឿថា បើធ្វើសម្លត្រី-សាច់ នឹងមានហេតុ
នាំឲ្យរំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោម ខាំ ទិច
រកតែដេកមិនបាន អង្គុយធ្វើសមណធម៌មិនកើត ដោយការទទួលទានត្រី-សាច់
នាំឲ្យឆ្អេះឆ្អាបស្អុយ ។
មានលោកធុតង្គជាច្រើនអង្គ និមន្តមកគង់នៅលើភ្នំនោះ
តែទ្រាំនៅឲ្យជាប់រាប់ខែមិនបាន នៅតែបន្តិចៗ ក៏និមន្តទៅបាត់ ។
ឧបាសក ឧបាសិកាខ្លះ យកទឹកទៅស្រង់ព្រះ
ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសិលាធំ, លុះទឹកហូរហៀរមកវិញ គេយកផ្តិល ឬ
ចានត្រងយកមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើកូនផ្ញើចៅ គ្រាន់បានលុបមុខ និង ទទួលទានជាដើម, នេះជាជំនឿម្យ៉ាង
របស់អ្នកដែលឡើងទៅសុំសីលលើភ្នំ ។
ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ
នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ, តែសព្វថ្ងៃ
ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។
តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ
ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។
នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស, អ្នកស្រុកហៅថា
"ដានជើងតាព្រេង" ។
ខាងលើភ្នំនេះ ត្រង់ជ្រុងឦសាន មាននាទីដីរាបស្មើធេង ស្អាតបាត
គេហៅថាកន្លែងឃុនឆាងទាត់សី ។ ខាងទិសបស្ចិមគុកគុហា មានរន្ធថ្ម ១ ប៉ុនប្រាក់រៀលពីដើម
គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្ធថ្មនោះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាចៗ
។
មួយទៀត ជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយក្រៀម
ដែលមួយដុំៗ មានទំហំប្រហែលជា ០ម៤០ x
០ម៦០ ។ កំពែងថ្មនោះ តាមចាស់បុរាណលោកថា មានដល់ទៅ ៧ ជាន់
សុទ្ធសឹងជាថ្មដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយ ជំនាន់លោក
"យមរាជសិង្ហៈ" ដើម្បីការពារអសន្តិសុខ ឬ ការពារអ្វីម្យ៉ាង
របស់លោកក្នុងជំនាន់នេះ ។ កំពែងនេះ បាក់បែកជាច្រើនទៅហើយ តែនៅសល់ក៏ច្រើនដែរ, អ្នកទស្សនា
អាចសន្និដ្ឋានបានថា មាន ៧ ជាន់មែន ។
ភ្នំជើងព្រៃ ជាទីប្រតិស្ឋាននៃបុរាណវត្ថុនានា មានស្រះទឹកព្រះ
ជាដើម ដូចរៀបរាប់មកខាងលើនោះ, សព្វថ្ងៃ បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់អ្នកទេសចរនានា, ពិសេស
សម្រាប់ជនជាតិខ្មែរយើង ដែលនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរ ទាំងរាស្ត្រ
ទាំងនាម៉ឺន ទៅលេងកម្សាន្តសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬ នៅដំណាច់ខែចេត្រ, ប៉ុន្តែភាគច្រើន
ចូលចិត្តទៅលេងនៅថ្ងៃដាច់ខែចេត្រ,
ម្នាក់ៗ គេរង់ចាំឲ្យតែដល់ដាច់ខែចេត្រថ្ងៃណា
គេនឹងបាននាំគ្នាទៅលេង នៅភ្នំជើងព្រៃនេះដោយរីករាយ ។
គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន, ទោចក្រយានយន្ត, រទេះគោ, រទេះក្របី ឬ
រថយន្តក៏មាន, ជួលទោចក្រយានសណ្ដោង, វេស្បាកង់បី ឬ ជួលរថយន្តឈ្នួលក៏បាន ។ នៅពេលនោះ មានយានផ្សេងៗ
ចតតម្រៀបត្រៀបត្រា នឹងគណនាត្រារាប់ពុំបាន ។ មនុស្សអ៊ូអរ
ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗ ខ្លួន,
ខ្លះដែលបានឡើងទៅលើភ្នំហើយ ក៏នាំគ្នាត្រឡប់ចុះមកវិញ
ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅលើភ្នំ ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន
ម្នាក់ៗ គេមានទឹកដប និង ផ្កា ទៀន ធូប ដើម្បីយកទៅស្រង់ព្រះ និង ធ្វើសក្ការបូជា
ចំពោះព្រះពុទ្ធរូបទាំងនោះ ។ កាលបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់, ខ្លះស្រស់ស្រូបម្ហូបអាហារ
ខ្លះលេងអង្គញ់ ខ្លះលេងឈូង, ខ្លះលេងល្បែងផ្សេងៗ តាមពួកតាមក្រុម នៅក្រោមម្លប់ឈើ, ជាពិសេស
នៅក្រោមម្លប់ដើមស្វាយជាជួរៗ រហូតដល់ល្ងាចត្រជាក់ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗ
ខ្លួនវិញ ។
អ្នកដែលទៅលេងកម្សាន្តក្ដី ទៅមានការក្ដី គេតែងប្រយ័ត្ន ២
យ៉ាងគឺ ៖
១- នៅភ្នំនោះ មានខ្ទមតូច ១ ឋិតនៅក្រោមដើមសំរោង ១ ដើម
ជាខ្ទមអ្នកតាក្រហមក ។ អ្នកតានោះ ពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ ។ ពីដើម
អ្នកចេះមន្តអាគម, ស្រីមានផ្ទៃពោះ, អ្នករាជការ, អ្នកមានបណ្ដាសក្ដិ ដើរកាត់មុខមិនបាន, តែហ៊ានដើរកាត់មុខ មុខជាសាបមន្តអាគម, រលូតកូន, ធ្លាក់បុណ្យសក្ដិពុំខាន
។ ប៉ុន្តែសព្វថ្ងៃ ថយឫទ្ធិអំណាចខ្លះទៅហើយ, តែទោះបីថយឫទ្ធិខ្លះ ក៏គេនៅប្រយ័ត្នដែរ ។
២-
គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតាក្រហមកនោះទេ, បើដេញវាយ នឹងត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃ ហើមជើង
ហើមខ្លួនយ៉ាងដំណំ ។ សូមជម្រាបថា បើត្រូវការលេងកម្សាន្ត នៅជើងព្រៃ
សូមអញ្ជើញទៅនៅដំណាច់ខែចេត្រ ទើបបានសប្បាយ ។
រឿង ភ្នំជើងព្រៃ (នៅខេត្ដកំពង់ចាម)
Reviewed by VannyDa
on
2:44 PM
Rating: