រឿង ប្រាសាទភ្នំបូរី-ភ្នំដា (នៅខេត្ដតាកែវ)
ភ្នំបូរី ស្ថិតនៅក្នុងឃុំអង្គបូរី
ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សព្វថ្ងៃ គេធ្វើដំណើរទៅកាន់ភ្នំនេះបាន
ដោយលំបាកបន្តិច ព្រោះត្រូវទៅតាមផ្លូវជាតិ ទៅដល់ផ្សារព្រៃល្វា
(សាលាស្រុកព្រៃកប្បាស) ហើយត្រូវបែកចូលផ្លូវលំ ចម្ងាយ ២២ គីឡូម៉ែត្រទៀត
ទើបដល់ផ្សារអង្គបូរី ។ ដែលជាទីតាំងនៃចៅតំបន់អង្គបូរី ។ លុះឆ្លងស្ពាន
ទៅត្រើយខាងត្បូង ធ្វើដំណើរទៅតាមផ្លូវរទេះ ប្រមាណ ៥ ឬ ៦ គីឡូម៉ែត្រទៀត
ទើបទៅប្រទះឃើញភ្នំពីរទន្ទឹមគ្នា គឺភ្នំដា នៅខាងកើត ភ្នំបូរី នៅខាងលិច ។ ម្យ៉ាងទៀត
ផ្លូវនេះ បើជារដូវវស្សាវិញ ត្រូវទឹកលិចល្ហល្ហាច តោងតែជិះទូកឆ្លងទើបបាន ។
ភ្នំទាំងពីរនេះ មានទំនងជាទីស្ថានវាំងបន្ទាយ
ដែលមានសេសសល់តាំងពីបុរាណកាល គឺនៅភ្នំបូរី
មានថ្មភក់តម្រៀបបង្គរគ្នាជាកំពែងបន្ទាយធំទូលាយ ដែលសព្វថ្ងៃ
បាក់បែកស្ទើរតែបាត់រូបឆោមអស់ទៅហើយ ឯនៅលើភ្នំដា ឃើញនៅសល់ប្រាង្គសិលាមួយ
នៅមានជារូបរាងច្បាស់លាស់នៅឡើយ ដោយមានរំលេចក្បាច់រចនា គួរជាទីគយគន់ផង ។
មិនតែប៉ុណ្ណោះ នៅជិតខាងភ្នំទាំងពីរនេះ មានបុរាណដ្ឋានច្រើនទៀត
ប្រកបដោយបែបរចនាពិសេសៗ ក្នុងជំនាន់នោះ ដូចជាបែបរចនាខាងស្ថាបត្យកម្ម
ខាងការប៉ាន់រូបភាព និង ក្បាច់ចម្លាក់ភ្ញីវល្លិ នាំឲ្យអ្នកប្រាជ្ញខាងការស្រាវជ្រាវគុហាសាស្ត្រ
(Archéologie) សន្មតឈ្មោះការរចនាខ្មែរនៅសម័យនោះ ហៅថា "បែបភ្នំដា" ។
សព្វថ្ងៃ ទេសចរទាំងឡាយ ពុំសូវបានទៅដល់ទីនេះទេ
ដោយសារលំបាកខាងគមនាគមន៍ ដូចយើងជម្រាបមកហើយខាងលើ ។ ប៉ុន្តែ
ទោះបីពុំបានឃើញផ្ទាល់ភ្នែកក៏ដោយ ការអានអត្ថបទ និងការស្ដាប់រឿងនិទាន
ដែលទាក់ទងដោយរឿងរ៉ាវ នៅទីកន្លែងនោះ ក៏ហាក់ដូចជានាំឲ្យយើងបានឃើញ
បានយល់ក្នុងចិត្តដែរ ។
ដើម្បីបញ្ជាក់ជូន ពីរឿងព្រេងប្រចាំភ្នំនោះ
យើងសូមលើកយកសេចក្ដីឲ្យការណ៍របស់លោក ឌួង-អ៊ូច, អតីតចៅសង្កាត់ នៅសង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស
ហើយដែលជាសមាជិកឆ្លើយឆ្លង របស់ក្រុមជំនុំយើង មកអធិប្បាយជូនទាំងស្រុង
ដោយបានផ្ទៀងផ្ទាត់ជាមួយនឹងការស៊ើបសួរពីអ្នកស្រុក នៅត្រង់ភូមិនោះថែមទៀតផង ។
រឿងព្រេងនោះ មានសេចក្ដីនិទានថា ៖
កាលនោះ មានព្រះរាជាមួយព្រះអង្គ
គង់នៅព្រះរាជវាំងក្រុងចម្ប៉ាស័ក ឬ បាសាក់ គឺនៅផ្នែកខាងលើ តាមដងទន្លេមេគង្គ, ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ
ព្រះនាមព្រះនាង "អាក់អ" ។ ព្រះរាជបុត្រីនេះ
មានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់ រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយ ។ ប៉ុន្តែ
ដោយព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរាគ
នាំឲ្យព្រះនាងស្លុតចិត្តប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្ស
។ ដូច្នេះហើយ បានជាព្រះបិតា ទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសហាយ
ដាក់ពោងពាយបំបរបង់ បណ្ដែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅ ។
ក្នុងពោងពាយ ជាមួយនោះ ព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវ អង្ករ ល្ង ពោត សណ្ដែក
អំបិល ព្រហក់ ជាស្បៀងជាប់ទៅជាមួយ ព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនផង, លុះពោងពាយនោះ
រសាត់អណ្ដែតទៅៗ ជាយូរថ្ងៃ ក៏បានទៅប៉ះជាប់នឹងភ្នំមួយ (គឺភ្នំបូរីនេះឯង)
ដែលគេពុំទាន់បានឃើញមានមនុស្សណាទៅរស់នៅ នៅឡើយទេ ។ នាងអាក់អរ និង ស្វាមី
នាំគ្នាត្រេកអរដោយបានមកប៉ះត្រើយ នាំឲ្យខ្លួនរស់រួចជីវិតបាន, ទើបនាំគ្នាម្នីម្នាជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មាន
ចុះទៅអាស្រ័យនៅនឹងភ្នំនោះ ។ អ្នកទាំងពីរ ចាប់ប្រកបរបរដំណាំដាំដុះ និង
ស្វែងចូលព្រៃរកកាប់ឈើធ្វើឧស និង ធ្វើជាខ្ទមអាស្រមសម្រាប់ជ្រកនៅផង ។
ក្រោយពីបានតាំងលំនៅឋាន បានស្រួលបួលមកថ្ងៃណា នាងអាក់អ
តែងព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខ-ទុក្ខរបស់ខ្លួនផង
នឹករលឹកដល់ស្រុកកំណើតផង និងស្ដាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផង ។
ហេតុនេះហើយ រៀងរាល់យប់, មុននឹងចូលដំណេក នាងតែងអុជធូបទៀនបន់ស្រន់
បួងសួងដល់អារុក្ខអារក្ខអ្នកតានៅព្រៃភ្នំ ព្រមទាំងម្រេញគង្វាលដែលរក្សានៅបឹងបួទួលទីនោះថា
៖ សូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ ឲ្យបានសុខសប្បាយ
រកស៊ីចិញ្ចឹមជីវិតក៏បានបរិបូណ៌ កុំឲ្យមានសេចក្ដីខ្វះខាតឡើយ ។
ដោយអានុភាពនៃសេចក្ដីអធិដ្ឋានរាល់ៗ ថ្ងៃយ៉ាងនេះ មិនយូរប៉ុន្មាន
ក៏មានអ្នកសច្ចំបំបាំងបាត់មួយអង្គ មកពន្យល់សប្ដិប្រាប់នាងថា "ចាប់ពីថ្ងៃនេះទៅ"
ចូរនាងកុំភ័យឲ្យសោះ យើងជាអ្នកសច្ចំ នឹងជួយនាងឲ្យបានសុខ
ឲ្យបានថ្កុំថ្កើងល្បីឈ្មោះនៅក្នុងទីនេះ, ប៉ុន្តែយើងមិនបាច់ឲ្យនាងឃើញរូបយើងទេ ។
ក្រោយពីស្ដាប់បណ្ដាំអ្នកសច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម
ហើយព្រះនាងនាំព័ត៌មាននេះ ប្រាប់ស្វាមីកម្សត់ឲ្យបានដឹងផង ។
ចាប់ដើមពីថ្ងៃនោះមក
ព្រះនាងបានចាត់បុរសជាប្ដីទៅរកឧសពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតា ។ ឯបុរសជាប្ដីនោះ
ទៅកាប់ឧសបានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូប រែកជញ្ជូនមកគរទុកជាច្រើនគំនរ
ប៉ុន្តែ មានប្រាថ្នាយកមកប្រើត្រឹមតែជាឧសដុតប៉ុណ្ណោះ ឥតមានយល់ថា នេះជាឈើមានតម្លៃឡើយ
។ ថ្ងៃមួយនាងអាក់អ ចេញទៅមើលគំនរឧស ក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតម្លៃ
ព្រះនាងក៏ញញឹមប្រាប់ប្ដីថា "រកឈើនេះឲ្យបានច្រើនមកទៀត" ។
ប្ដីក៏ខំប្រឹងរកតាមបណ្ដាំប្រពន្ធ ។ ពេលមួយ បុរសនោះទៅក្នុងព្រៃ
ប្រទះដុំមាសក្រហមឆ្អៅជាច្រើន ក៏គិតថា "ថ្មនេះ មានសម្បុរល្អចម្លែកជាថ្មទាំងពួង
បើដូច្នេះ អញគិតយកទៅផ្ទះឲ្យបាន ៣ ដុំ សម្រាប់ឲ្យប្រពន្ធតម្កល់ធ្វើជើងក្រាន" ។
គិតដូចនេះហើយ បុរសនោះ ក៏លើកថ្មដាក់ក្នុងល្អី រែកយកទៅផ្ទះ ដោយមិនស្គាល់ជាដុំមាសឡើយ
។ លុះប្រពន្ធបានឃើញដុំមាសដូច្នោះហើយ ស្គាល់ច្បាស់ជាមាស តែមិនប្រាប់ប្ដីទេ
គ្រាន់តែផ្ដាំប្ដីថា "បើប្រទះឃើញថ្មក្រហមដូច្នេះទៀត
ឲ្យជញ្ជូនមកទុកទាំងអស់" ។ ប្ដីក៏ធ្វើតាមបណ្ដាំនាងជាដរាប ។
ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នា និង
មាសរបស់អញមានកាន់តែច្រើនឡើងហើយ បើដូច្នេះ អញគិតលើកទង់មួយខ្ពស់ជាសញ្ញា
ក្រែងមានសំពៅពីប្រទេសក្រៅ ធ្វើដំណើរជំនួញលក់ដូររបស់ផ្សេងៗ គេឃើញហើយនឹងចូលមកទាក់ទង
។ គិតហើយ ព្រះនាងក៏នាំប្ដីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាម ។ មិនយូរប៉ុន្មាន
មានដង្ខៅសំពៅនៅស្រុកស្លាត់លង្កា បើកសំពៅទាំង ៧ នាំកំណាត់សំពត់ និង ភស្តុភារដទៃទៀត
មកលក់ដូរតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះ បានមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថា ទីនេះមានមនុស្សរស់នៅ
ទំនងជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ ។
នាយសំពៅទាំង ៧ នាក់ ឡើងទៅលើដីគោក ប្រទះឃើញព្រះនាងអាក់អ
ពីរនាក់ប្ដីប្រពន្ធរស់នៅក្នុងទីនោះ ក៏ពោលប្រាស្រ័យទាក់ទងដោយការគួរសម ។
ព្រះនាងអាក់អ បបួលនាយសំពៅដូរកំណាត់សំពត់ ព្រមទាំងភស្តុភារផ្សេងៗ
ជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ នាយសំពៅយល់ព្រមសុខចិត្តដូរគ្នា
ហើយទើបនាងនាំនាយសំពៅទាំងនោះ ទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត ។
នាយសំពៅបបួលដូរកំណាត់សំពត់ជាមួយមាសនោះ ប៉ុន្តែ ព្រះនាងអាក់អមិនព្រម ។
ព្រះនាងប្រាប់ទៅនាយសំពៅថា "បើចង់បានមាសនេះ ចូរអ្នកទៅនាំយកជាងមាសចំនួន ១០០
នាក់ប្រុស ១០០ នាក់ស្រី ១០០ មកឲ្យខ្ញុំសិន" ។
គ្រានោះនាយសំពៅក៏ព្រមយ៉ាងពេញចិត្ត ហើយក៏នាំគ្នាបើកក្ដោងសំពៅ
វិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ។ ជាខាងក្រោយមក ពេលដែលទៅដល់ស្រុកហើយ
នាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាស ទាំងប្រុសស្រីចំនួន ២០០ នាក់
ដូចពាក្យនាងស្រីបានផ្ដាំមក ។ កាលបើបានគ្រប់ចំនួនហើយ នាយសំពៅរូតរះចុះសំពៅ
វិលត្រឡប់ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់ ។ នាយសំពៅប្រគល់ឲ្យព្រះនាងអាក់អ
ព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង ៧ ឲ្យគេវិលត្រឡប់ទៅស្រុកវិញទៅ ។
ចំណែកព្រះនាងអាក់អ និង ស្វាមី ក៏បានចាត់ចែង
ពួកអ្នកស្រុកស្លាត់ទាំងប៉ុន្មាន ដែលមករស់ជាមួយ
ឲ្យអ្នកខ្លះទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំ ឲ្យបានច្រើនឡើងថែមទៀត, អ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេងៗ
មានធ្វើជាកង ចិញ្ចៀន ជាដើម ។ លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅ
មកចតទាក់ទងទិញដូររបស់របរទាំងនេះជាហូរហែ ។ មិនយូរប៉ុន្មាន ៥-៦ ឆ្នាំប៉ុណ្ណោះ
ក៏មានអ្នកស្រុកក្រៅខ្លះៗ ទៀត មកសុំជ្រកនៅរកស៊ី បានគ្នាកាន់តែច្រើនកុះករឡើង, ឯអ្នកស្រុកស្រីប្រុសដែលមកនៅយូរហើយនោះ
ក៏បង្កើតបានជាកូន ពូនជាចៅ ថែមឡើងទៀត, ម្ល៉ោះហើយ ភូមិស្រុកនោះ ក៏បានរីកធំឡើង
ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ព្រះនាងអាក់អ និង ស្វាមីគ្រប់ៗ គ្នា
ព្រោះសំគាល់ថាជាម្ចាស់ទីកន្លែង និង ជាដង្ខៅនៃរបររកស៊ីក្នុងទីនោះ ។
ហេតុនេះហើយ បានជាព្រះនាងអាក់អ
ដឹកនាំឲ្យស្វាមីប្រកាសតាំងខ្លួនជាស្ដេចមួយព្រះអង្គ គ្រងរាជនៅតំបន់នេះឡើង
ដោយមានព្រះនាមថា ព្រះបាទ "សង្ខចក្រ" និង ព្រះនាងអាក់អ ជាអគ្គមហេសី ។
គ្រានោះ ព្រះបាទសង្ខចក្រ ទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការ តាមក្រុមតាមពួក
រវាងអ្នកស្រុកទាំងអស់នោះឡើង ។ មិនតែប៉ុណ្ណោះ ទ្រង់ចាត់ឲ្យរេហ៍ពលទាំងនោះ
សង់បន្ទាយធ្វើជាកំពែងថ្ម និង ឥដ្ឋ ព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើង ហើយសន្មតបរិវេណកំពែងនោះ
ហៅថា "បូរី" បានន័យថាទីក្រុង គឺថា ជនានុជន និង
ភូមិស្ថានទាំងឡាយដែលស្ថិតនៅក្នុងបរិវេណនេះ ទុកជាអ្នកក្រុង សម្បត្តិក្រុង ។
ហេតុនេះឯង បានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃ ហៅថា "ភ្នំបូរី" ។
កាលបើសាងបានជាទីបូរីសមរម្យ មានកិត្តិយសសមរម្យ សមតាមប្រាថ្នាហើយ ព្រះបាទសង្ខចក្រ
និង ព្រះអគ្គមហេសី ទ្រង់រំលឹកដល់គុណអ្នកសច្ចំ ដែលបានសន្យាថាជួយពីថ្ងៃមុននោះ, ព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយ
យ៉ាងល្អស្រស់នៅលើភ្នំខាងកើត ដែលសព្វថ្ងៃ ហៅថា ប្រាសាទភ្នំដា
ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ ។
ដូច្នេះ យើងបញ្ជាក់ឡើងវិញ តាមរឿងព្រេងនេះ បានថា ភ្នំបូរី
កើតឡើងពីព្រះបាទសង្ខចក្រ និង ព្រះនាងអាក់អ នោះឯង ដូចមានសេចក្ដីហូរហែមកហើយ ។
តាមសេចក្ដីសង្កេតដោយយកប្រវត្តិសាស្ត្រមកសំអាងផង ឃើញថា
ប្រាសាទទាំងឡាយដែលកសាងឡើងនៅក្នុងភូមិភាគអង្គរបូរី អ្នកប្រាជ្ញស្រាវជ្រាវទាំងប៉ុន្មាន
បានរកដានឃើញថា សុទ្ធសឹងជាប្រាសាទចាស់ជាងគេ គឺកសាងឡើងតាំងពីមុនសម័យអង្គរ (Préangkir) ដែលកាលនោះ
ប្រទេសកម្ពុជាយើង នៅជាពីរផ្នែកនៅឡើយ គឺផ្នែកខាងលើមាន សម្ភុបុរៈ ជាទីក្រុង
និងខាងមាត់សមុទ្រមាន វ្យាធបុរៈ ជារាជធានី ។ វ្យាធបុរៈនេះហើយ
ដែលអ្នកប្រាជ្ញស្រាវជ្រាវ សន្និដ្ឋានច្បាស់លាស់ថា គឺអង្គរបូរី សព្វថ្ងៃនេះឯង ។
ដូច្នេះ ឃើញថា ទីស្ថានបុរាណទាំងឡាយនៅជិតៗ គ្នាត្រង់អង្គរបូរី
ប្រាកដជាទីស្ថានបុរីចាស់ របស់ខ្មែរយើងសម័យកសាងសញ្ជាតិ កសាងប្រទេស
ដែលពុំទាន់រីកធំទូលំទូលាយនៅឡើយ ។
ហេតុនេះ រឿងព្រេងភ្នំបូរី គ្រាន់តែជាឯកសារមួយ បន្ថែមលើឯកសារសំខាន់ទាំងឡាយ
សម្រាប់ជួយបញ្ជាក់តាមបែបរឿងព្រេងប៉ុណ្ណោះ ។
រឿង ប្រាសាទភ្នំបូរី-ភ្នំដា (នៅខេត្ដតាកែវ)
Reviewed by VannyDa
on
2:45 PM
Rating: