រឿង សត្វចាប និងដំរីស្ដ
សូមទស្សនា សណ្តាប់ និងអានដោយក្តីរីករាយ។
មានដំរីស្ដរ ១
ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង ថ្ងៃ ១
បានដើរទៅជួបប្រទះនឹងមេចាប កំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ
មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំ
» ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា
អញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ
ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន បើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ
១ ម៉ឺន ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឲ្យស្លាប់ល្អិតល្អោចអស់ឥត
សល់មួយដែរ
ដំរីថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ
មេចាបឃើញកូនស្លាប់ដូច្នោះហើយ ក៏កើតទុក្ខក្ដៅក្រហាយសោកស្ដាយកូនណាស់
ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា « ដំរីឯងហ៊ានមើលងាយអញ
ដ្បិតតែឃើញអញខ្លួនតូច កំឡាំងតិច ប៉ុន្តែឯងមិនទាន់ដឹងកំឡាំងបញ្ញាអញទេ
ចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញ » មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឲ្យទៅចឹកចោះភ្នែក
ដំរីឲ្យបែកជាដំបៅទាំងសងខាង
ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត ឲ្យរុយពងដាក់ភ្នែកដំរី
ឲ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ
កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយ
ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន
មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែប
ឲ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ
មានចិត្តត្រេកអរដោយសំគាល់ថាមានត្រពាំងទឹក ទើបដើរឡើងទៅលើកំពូលភ្នំ
កាលដំរីទៅដល់កំពូលភ្នំហើយ កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ
ដំរីដើរតាមសំឡេងកង្កែបទៅទៀត
លុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅ
ឯមេចាបបានដឹងថាដំរីស្លាប់ហើយ ក៏មានចិត្តត្រេកអរណាស់ ។
រឿង សត្វចាប និងដំរីស្ដ
Reviewed by Admin
on
5:25 PM
Rating:
