ផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទមកកាន់ពួកយើងឥឡូវនេះ៖ 010 72 88 35ads

រឿង ក្ងាននឹងកំពឹស

សូមទស្សនា សណ្តាប់ និងអាន​ដោយក្តីរីករាយ។

លោក លាង ហាប់-អាន សាស្រ្ដាចារ្យ
ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត
រៀបរៀង
តើមិត្តដែលពិនិត្យឃើញសត្វក្ងានអាស្រ័យកំពឹស ឬទេ?
            មិត្តពិសោធ ដោយយកស្រូវមួយក្លាំ ហើយកប់កូនកំពឹងមួយនៅក្នុងនោះ ហើយយកទៅឲ្យក្ងានស៊ីមើល តើវាដូចម្តេចទៅ ? នោះមិត្តនឹងឃើញសត្វបក្សីស៊ីស្រូវ ដោយឥតឲ្យដោយនូវកំពឹសសោះ ។ តើមកពីអ្វី? វាខ្លាចពុលឬ? មិនដូច្នោះទេ គឹក្ងានគោរពដឹងគុណកំពឹង ដូចមាននិទានតទៅនេះ៖
            ក្នុងកាលសម័យពីព្រេងនាយយូរលង់ហើយ មានសេដ្ឋីម្នាក់ជាអ្នកបរបាញ់ តែងត្រាច់ចរដោយសេះទៅក្នុងប្រៃជ្រៅមួយ ដើម្បីបាញ់ម្រឹគីម្រឹគានឹងអស់បក្សាបក្សី ។ នៅដំបូកមួយដាច់ស្រយាល នៅក្រោមដើមរាំង ញ្រនសេដ្ឋីបានគយគន់ជាញឹកញាប់ ឃើញពស់មួយគូញីឈ្មោលស្រឡាញ់គ្នារួមជីវិតមួយ ។ ពេលដែលពស់ជាភរិយាសកហើយ ខ្លួននៅខ្ចីទន់ទុរន់ទុរាទៅរកស៊ីពុំរួច, ពស់ឈ្មោលជាប្ដីតែងលូនទៅរកអាហារ ពាំយកនូវពារផ្សេង មកផ្ដល់បញ្ចុកឲ្យពស់ប្រពន្ធ រហូតដល់រឹងប៉ឹង មានកម្លាំងកំហែងមាំទាំ ទើបទៅរកស៊ីទាំងគូ ។
            ពេលមួយ វេលាដែលសេដ្ឋីញ្រន ជិះសេះមកដល់ដំបូក ពស់ឈ្មោលដែលមានខ្លួនខ្សោយ ទើបនឹងសកសំណកថ្មីៗ ធ្វើក្បាលអីងើភ្នែកភ្លឹសៗដូចជាទន្ទឹងនរណាមួយ ដែលជាត្រួយជីវិតវាប្រាកដ ។ ញ្រនអ្នកមានដឹងជាក់ក្នុងចិត្តថា សត្វអាសិរពិសឈ្មោលនេះ ចាំមើលផ្លូវប្រពន្ធវា ដែលហែលជាផ្លាស់វេនគ្នា ទៅរកចំណីមកបញ្ចុកប្ដីសម្លាញ់វា ហើយមើលទៅ ។ គិតដូច្នោះ ញ្រនសេដ្ឋីក៏បង្ហួសជំនិះទៅមុខទៀត ។ មិនឆ្ងាយប៉ុន្មានស្រាប់តែញ្រនឃើញពស់មួយគូលូនទន្ទឹមគ្នាធ្វើរេរាៗ មកពីនាយ ។ ញ្រនយល់ជាក់ជាពស់មួយពីពស់មួយឈ្មោល ឯពសញីគឺពស់ប្រពន្ធពស់ឈ្មោលដែលសកនៅនាដំបូក ។ ញ្រនកាត់យល់ក្នុងចិត្តភ្លាមថា មេពស់ញីនេះ គ្មានពាំយកអ្វីក្នុងមាត់ទៅផ្ដល់ឲ្យប្ដីសោះ បែរជាធ្វើម្ញិកម្ញក់នាំឈ្មោល សហាយទៅលឿនស្លៅ គួរឲ្យសង្ស័យថា មុខជាវានាំអានេះទៅប្រហារឬព្យាបាទប្តីកំសត់ទន់ខ្សោយ នៅឯរូងជាប្រាកដ ។ គិតយល់ដូច្នោះ ញ្រននឹកថាឱហ្ន៎! សត្វតិរច្ឆានអើយ អីក៏សាមាណ ដូចមនុស្សលោកម្ល៉េះហ្ន៎! វេលាឯងមានទុក្ខ គ្នាប្ដីឈ្មោលខំត្រាច់រកអាហារ មិនខ្លាចនឿយហត់ មិនខ្លាចស្លាប់យកមកឲ្យស៊ី ដើម្បីស្មន់ មកយាយីគ្នាទៅវិញ ឱហ្ន៎! ចិត្តញី! ចិត្តអីក៏ឆ្លុះម៉្លេះ! នេះបានចំជាចិត្តកាំបិត ចិត្តកាំភ្លើង ចិត្តអាវុធ គិតមកដល់នេះ ញ្រនសេដ្ឋីនឹកសង្វេគអាណិត ដល់ជីវិតសត្វឥតទោស ទៅឯនាយក៏តាំងគំនិតថា នឹងបាញ់អាចោរសាមាណពស់ឈ្មោល ជាសហាយ មីញីនេះ ឲ្យបានកុំឲ្យវាទៅព្យាបាទយាយីគេខ្សោយ ។ ញ្រនក៏យិតធ្នូដំឡើងព្រួញបាញ់ដំរង់ទៅពស់ឈ្មោល តែ..តែ អកុសលអ្វី ខណៈនោះ ជីវិតវាដល់ ក៏ឯព្រលឹងពស់ញីចិត្តយក្សនាំខ្លួនវាទេ រឹបមកទទួលផ្លែព្រួញដល់សេចក្ដីស្លាប់ ដោយកម្លាំងថ្វីដៃមច្ចុរាជភ្លាម ។ ពស់សហាយស្លាំងកាំងមិនដឹងនឹងទៅឯណា ក៏គេចលូនភ្លាមមួយរំពេច, ប្រាស់យកតែអាយុទៅក្នុងគុម្ពោធព្រៃ ។ ញ្រននឹកស្ដាយក្រោយ ក៏បរសេះទៅមុខទៀត ដើម្បីទៅរកព្រឹក្សាធ្វើទ្រនំស្នាក់បរបាញ់បានយូរថ្ងៃ ។
            ថ្លែងឯពស់ឈ្មោលជាប្ដីជាងពស់ញីចិត្តចោរ មើលផ្លូវប្រពន្ធយូទៅៗ រហូតដល់យប់ ក៏មិនឃើញមកវិញ ទើបនឹកថា ប្រហែលប្រពន្ធរងគ្រោះឬមានភ័យយ៉ាងណា គិតតែពីសោកសង្រេង អាឡោះអាល័យម្នាក់ឯងលុះកន្លងពេលបន្តិចទៅមានកម្លាំងល្មម, ពស់នេះក៏លូនតិចៗចេញទៅរកប្រពន្ធ ហើយក៏ប្រទះឃើញដេកស្លាប់នៅលើធរណី ដោយមានព្រួញយ៉ាងមុតមួយជាប់នឹងក្បាល ប្រឡាក់ឈាមស្រមក ។ ពស់កំសត់ខ្សឹកខ្សួលអួលអាក់យំសស្រាក់ឯកោ ។ ក្រោយមកពស់នេះក៏ស្រងក្លិនព្រួញ ដឹងជាក់ជាញ្រនសេដ្ឋី ជិះសេះជិតរន្ធខ្លួនបាញ់ប្រពន្ធស្លូតត្រង់ ឥតទោសស្លាប់ទទេៗ ក៏នឹកឈួលឆេះក្នុងបេះដូង តាំងគំនុំថានឹងទៅដល់ផ្ទះញ្រននេះ ចឹកវាឲ្យស្លាប់ដូចបំណង ។ សត្វឥតវិចារណញ្ញាណនេះ លូនតាមស្នាមនឹងក្លិនជើងសេះ ថយក្រោយរហូតទាល់តែដល់ផ្ទះសេដ្ឋីចិត្តបុណ្យ ។ ក៏លូនឡើងទៅលើផ្ទះស្ងាត់ៗ ទៅពួននៅជិតទរត្រង់សំយាប ចាំឲ្យសេដ្ឋីត្រឡប់មកពីរបរបាញ់ នឹងលោតមកចិកបញ្ចូលពិសឲ្យស្លាប់តៃហោងដូចបំណង ។
            ឯនាយសេដ្ឋីញ្រន លុះគំរប់ថ្ងៃត្រឡប់ពីព្រៃមកផ្ទះ, គាប់ជួនថ្ងៃពស់រង់ចាំលើទរ នាសំយាបនោះ គាត់មិនឡើងចូលក្នុងផ្ទះ តាមហោណាំងមុខ ដូចសព្វមួយដងទេ, គាត់ឡើងតាមជណ្ដើរក្រោយ ចូលទៅក្នុងផ្ទះ ។ ដោះអាវជូតញើសស្រួលបួល សេដ្ឋីមកប្រជុំញាតិផៅគាត់នៅកណ្ដាលផ្ទះហើយនិយាយរាប់រៀបនូវអស់រឿងចៅពស់កំសត់ប្ដីប្រពន្ធរហូតដល់គាត់សម្លាប់មេញីសាហាវ ដោយឥតបំណងសោះនោះ ។ ពស់ឈ្មោលដែលចិត្តកន្ទះរា ហើយពេញទៅដោយទោសៈ លុះបានត្រង់ត្រាប់ស្ដាប់ឮនូវសេចក្ដីពិតនៃមរណភាព យ៉ាងអាសអាភាស់របស់ប្រពន្ធខ្លួនដូច្នេះ, វាក៏ទន់ចិត្តនឹកអរគុណសេដ្ឋីញ្រន ដោយយល់ថា "អើហ្ន៎" គំនិតអញពេញជាបាប អញគិតនឹងប៉ងខុសការពិតស្រឡះ លោកសេដ្ឋីនេះ ចិត្តបុណ្យចង់ជួយយកអាសារជីវិតអញសោះ បើគាត់កុំបាញ់មេចោរ អន្យតិរ្ថិយនេះស្លាប់ទេ, កុំអីវានឹងនាំសហាយមកខាំសម្លាប់អញ កំឡាំងខ្សោយទន់ខ្លួនទេឬ!ឱ! លោកនេះ មានគុណធំចំបងដល់អញណាស់អញត្រូវតែសងគុណលោកឥឡូវឲ្យសមបំណង ។ ថាហើយពស់កំសត់ក៏ហាមាត់ក្អែរនូវដុំគជ់មួយគ្រប់ ទម្លាក់មកឲ្យសេដ្ឋី ហើយក៏លូនចុះទៅលំនៅជាសុខសាន្ត។ សេដ្ឋីអរណាស់ ដោយបានរើសយកនូវដុំគជ់នេះ ហើយយកមករក្សាទុកនឹងខ្លួនយ៉ាងឋិតថេរ។ តាំងពីថ្ងៃសេដ្ឋីបានដុំគជ់នេះមក សោតបសាទ ក៏ប្រែជាចេះស្ដាប់ នូវភាសាសត្វទាំងឡាយ ដែលប្រាស្រ័យឆ្លើយឆ្លងគ្នា ឥតចន្លោះឡើយ ។ សេដ្ឋីរីករាយណាស់ ។
            ថ្ងៃមួយសេដ្ឋី ត្រូវធ្វើដំណើរចូលទៅភូមិមួយដាច់ស្រយាល ដែលខ្លួនធ្លាប់ទៅ ។ ដល់ទៅភូមិ គាប់ជួនជាពេលល្ងាច សេដ្ឋីមិនចូលទៅស្នាក់ផ្ទះមិត្តអ្នកមានៗទេ គាត់ចូលទៅផ្ទះបុរសភរិយាស្វាមីមិត្តគាត់ម្នាក់ដែលក្ររហាមនៅខ្ទម ដំបូលប្រក់មេឃ មានត្រឹមតែក្ងានមួយគូ ញីឈ្មោលជាទ្រព្យក្រោមផ្ទះប៉ុណ្ណោះ ។ បុរសប្ដីប្រពន្ធអរកខឹបកខុបរៀបបាយទឹកអម្រស់អម្រ មកជូនមិត្តសេដ្ឋីពិសា ។ នាយសេដ្ឋីនៅស្នាក់ផ្ទះនេះ ក្នុងយប់នោះ ។ នាកណ្ដាលអាធ្រាត្រស្ងាត់ បុរសជាប្ដី និយាយទៅកាន់ភរិយាថា "ឯងអើយ ឥឡូវ មិត្រយើង គេអ្នកមានធំមកលេងនឹងយើងៗ គ្មានបានម្ហូបអ្វីឆ្ងាញ់ពិសា ជូនគេពិសាសោះ ពីល្ងាចមិញ ។ ឥឡូវស្អែកនេះ ពេលព្រឹក យើងនឹងឃាត់មិត្តយើងឲ្យគេនៅពិសាបាយ មួយពេល នឹងយើងទៀត ។ ភរិយាឆ្លើយថា "អើហ្ន៎ អ្នកអើយ បើលុយគ្មាន ខ្លួនក្រយ៉ាងនេះ តើស្អែកយើងបានអីជូនលោកសេដ្ឋីពិសារមិនអំបិលប្រហុក ដូចពីម្សិលទៀតទ!” ។ ប្ដីឆ្លើយកាត់ជូនថា "ឯងអើយគិតអីក៏វែងម៉្លេះ ស្លឹកគ្រៃ, ម្ទេស, ខ្ទឹម, ឆ្នាំង, ចង្រ្កាន, ទឹក, ភ្លើង យើងមានស្រេចហើយ ឯក្រោមផ្ទះ ក្នុងទ្រុងក្រោមកន្លែងយើងនេះ អាក្ងានយើងមួយគូទុកវាធ្វើអ្វី ចាប់វាមួយសម្លាប់ស្លស្លុកទៅ ខ្វះអីម្ហូបឆ្ងាញ់នៅមុខសោះ!” ។ ប្រពន្ធឮដូច្នោះ ក៏អស់សំណើចហើយសាទរនាំគ្នាដេក ទំរាំព្រឹកនឹងសម្រេចរឿងនេះ ។ ថ្លែងឯក្ងានប្ដីប្រពន្ធទាំងគូ នៅក្នុងទ្រុងក្រោមដំណេកម្ចាស់វា លុះឮការពិគ្រោះប្ដីប្រពន្ធ ដំរូវសម្លាប់មួយដូច្នោះ ក៏ដេកលែងលក់ នឹកស្រណោះស្រណោក យំស្រែកប្រាស្រ័យគ្នា ជាភាសាសត្វដូច្នេះ៖ "ឱប្អូនសម្លាញ់ដួងជីវិតបងអើយ នេះគឺសំដីក្ងានប្ដី, ឥឡូវម្ចាស់ថា សម្លាប់មួយមិនដឹងជាប៉ះលើរូបនរណាទេអូន!" ។ "ឱបងបណ្ដូលជីវិតប្អូន បើប៉ះលើរូបប្អូនចុំ នោះប្អូនបន់ណាស់ សូមឲ្យទេវតាលោកទុកជីវិតបងចុះ!” ។ "ទេ,ទេ! ប្អូនព្រលឹងមាសតន់ ឲ្យគេចាប់បងចុះសោះបើគិត ឲ្យតែជីវិតពៅនៅ!” ។ "ឱមាសស្នេហ៍បងអើយ បើយ៉ាងនេះសូមឲ្យលោកម្ចាស់ចាប់យើងទាំងពិរ សម្លាប់មូលគ្នាទៅ សោះនឹងបាត់មួយនៅមួយយើងនឹងទៅជួបគ្នាខាងមុខទៀត" ។ ការយំសោកនេះ មិនតិចតួចក៏លាន់ឮដល់ត្រចៀកសេដ្ឋី ដែលកំពុងផ្ទៀងស្ដាប់តាំងពីសម្លេងមួយម៉ាត់ដំបូង ។ សេដ្ឋីនឹកអណោចអធម្មដល់ជីវិត នៃគូសង្សាររួមជីវិតនៃសត្វក្ងានទាំងពីរ ។ គាត់គិតថា ឱហ្ន! ជីវិតគេជីវិតឯង សត្វក៏ដូចមនុស្ស, មានការស្នេហា, មានសេចក្ដីតក់ស្លុតរន្ធត់នឹងការស្លាប់ជាងអ្វីទាំងអស់, មានចិត្តស្រឡាញ់ជីវិតលើសលុបក្នុងលោក, ចុះខ្លួនអញអីក៏អាក្រក់ខ្លាំងម្ល៉េះចូលមកជំរកនេះ ធ្វើឲ្យអំពល់ដល់សេចក្ដីសុខ នឹងសុភមង្គលរបស់ក្ងានកំសត់នេះម្ល៉េះ!... សេដ្ីត្រិះរិះយ៉ាងនេះ រហូតដល់លង់លក់ទៅ ។ លុះភ្លឺស្រាងៗឡើង គាត់ក៏ក្រោកពីដំណេកចូលទៅផ្ទះបាយ ស្រាប់តែឃើញប្ដីប្រពន្ធ កំពុងដាំទឹកក្ដៅលើជើងក្រានមួយថ្លាំងធំ គាត់លាន់មាត់ថា "នែភ្ញាក់ពីថ្មើណា ចុះដាំទឹកធ្វើអ្វី?” ។ បាទអញ្ជើញទៅទំរេតវិញទៅ នៅងងឹតណាស់ ទុកតាមតែខ្ញុំចុះកុំបារម្ភមិត្ត" ។ "ទេៗ!ខ្ញុំដឹងហើយ មិត្តធ្វើអីនឹង ។
            “បាទ ខ្ញុំប្តីប្រពន្ធបំរុងធ្វើក្ងានទុកធ្វើម្ហូបជូនពិសាព្រឹកនេះណា៎" ។ "ឱទេៗកុំៗ! កុំមិត្ត!កុំ! ខ្ញុំមិនទទួលទានទេ! ជីវិតគេក៏ដូចជាជីវិតយើងកុំអំពល់នឹងខ្ញុំ បើគ្មានអ្វីចាំភ្លឺមានអ្នកទ្រនូលគេទូលអម្រស់អម្រធ្វើមក តែបន្តិចខ្ញុំបានហើយ!” ។ ប្ដីប្រពន្ធក៏ត្រេកអរតាមសំដីឃាត់របស់សេដ្ឋី ហើយក៏នាំគ្នាមកអង្គុយនៅមុខផ្ទះ ចាំមើលទ្រនូលពេលព្រឹក ។ គាប់ជួនមួយរំពេចនោះ មានស្រ្ដីម្នាក់ទូលកំពឹងបឹងមួយកញ្ជើមក សេដ្ឋីក៏បង្គាប់ឲ្យទិញមួយកញ្ចប់ យកមកធ្វើម្ហូបអាស្រ័យជាមួយគ្នា យ៉ាងអភិរម្យ ។ ក្ងានទាំងពីររួចពីសេចក្ដីស្លាប់ដោយសារគុណកំពឹងនេះឯង ទើបវាសច្ចាថា "តាំងពីថ្ងៃនោះមក វាដឹងគុណកំពឹសជានិច្ច វាមិនត្រូវស៊ីកំពឹសជាអ្នកមានគុណទេ!” ។ លុះចំណេរក្រោយមកសេដ្ឋីក៏ទទួលអនិច្ចកម្ម ដំណឹងយ៉ាងរន្ធត់នេះ បានឮដឹងដល់ក្ងានទាំងគូ ដែលសេដ្ឋីជួយឲ្យរួចជីវិត ដោយចេះស្ដាប់ភាសាវា វាទាំងពីរក៏នាំគ្នាកាន់មរណសញ្ញា សងគុណសេដ្ឋី ដោយមានឆ្នូតខ្មៅមួយនៅរោម ។ យ៉ាងនេះហើយទើបបានជា, ក្ងានខ្លះរហូតមកដល់ឥឡូវនេះ មានពណ៌រោមខ្មៅដុំៗ គឺវាកាន់ទុក្ខ ។

រឿង ក្ងាននឹងកំពឹស រឿង ក្ងាននឹងកំពឹស Reviewed by Admin on 5:27 PM Rating: 5
Powered by Blogger.