រឿង សំលាញ់ពីរនាក់
កាលពីព្រេងនាយ មានបុរសពីរនាក់
ជាសម្លាញ់នឹងគ្នា និយាយសន្យាគ្នាថា « កាលបើយើងមានប្រពន្ធហើយ
ឯងក្ដី អញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមក >> ។
សន្យាគ្នាហើយ យូរបន្តិចទៅ សម្លាញ់មួយមានប្រពន្ធគ្រប់លក្ខណ៍ សម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍
។
វេលាយប់ចូលដំណេក
សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ និយាយគិតគ្នាប្ដីប្រពន្ធថា « យើងរកស៊ីអីឲ្យមានឆាប់ ?» ប្រពន្ធថា
« អ្នកចង់រកស៊ីអី ឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរ ខ្ញុំទទួលតាម
មិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»
។
លុះកន្លងមក ពេលចូលដំណេកយប់ក្រោយទៀត
ប្ដីនិយាយនឹងប្រពន្ធថា « នាងអើយបើគិតឃើញរបរមួយមុខ
បើបានដូចគំនិតនឹងបានមាសប្រាក់ផ្តិល តុថាស ដោយងាយ» ។
ប្រពន្ធសួរប្ដីថា « គិតធ្វើម្ដេចក៏បានងាយម្ល៉េះ ? » ។ ប្ដីប្រាប់ប្រពន្ធថា
«ជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រ មានសំពៅអ្នកជំនួញគ្រប់ប្រទេស
ខ្លះសុខសប្បាយ ខ្លះលិចលង់របស់ទ្រព្យសព្វសារពើ មាសប្រាក់
កប់នៅបាតសមុទ្រនោះច្រើន យើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរីង
ក្រអ្វី មាសប្រាក់ របស់គ្រប់មុខនោះ, បើបានត្រីធំតូចយើងធ្វើងៀត
ធ្វើផ្អកប្រហុក, ព្រឹកព្រហាមស្រាងនេះ នាងឯងដាំបាយដួសដាក់កញ្ជើ
ឲ្យមានម្ហូបនិងស្លាម្លូផង យើងទៅបាចទឹកសមុទ្រឲ្យរីង » ។
ប្រពន្ធឮប្ដីប្រាប់ហើយ ក៏ធ្វើតាមបង្គាប់ ។ លុះព្រឹកឡើង រៀបគ្រប់ប្រដាប់រួចក៏នាំទៅមាត់សមុទ្រ
ហើយទុកដាក់បាយម្ហូបចំណីដោយស្រួល ទើបប្ដីកាន់កញ្ជើ ១
ខំបាចទឹកទៅលើគោក បាចទាល់តែដល់ពេលបាយ ទើបឈប់បរិភោគ លុះបរិភោគបាយរួច
នាំប្ដីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះ, ព្រឹកឡើងនាំគ្នាទៅបាចទៀតទាល់ល្ងាច
ទើបនាំគ្នាមកផ្ទះវិញ ។ បាចបានចំនួន ៥ ថ្ងៃ
ប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រ ហើយប្រាប់ប្រពន្ធថា «ទឹកស្រកសណ្ដកហើយនាង » ។
ប្រពន្ធឆ្លើយថា «បើដូច្នោះ យើងខំបាចទៅ បើយូរណាស់ត្រឹមកន្លះខែទៀតមុខជារីងហើយ
យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់, មួយទៀត
យើងត្រូវរកកាយយកប្រាក់មាស តុ ថាស ចានក្បាន
ដ៏មាននៅក្នុងសំពៅទាំងប៉ុន្មាន ដែលលិចលង់មកយូរឆ្នាំនោះ
មិនដឹងបើយកទៅណាអស់ទេ»
ថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញ ។
ព្រឹកឡើងនាំគ្នាទៅបាចទៀត ហើយនិយាយតែពាក្យដដែលៗដូចថ្ងៃមុន ។
ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណើរសព្វគ្រប់
ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងនឹងហើយ
គួរតែយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់ជីវិត » គិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រី
ទូលតាមដំណើរ ដែលបុរសប្ដីប្រពន្ធមកបាចទឹកសមុទ្រនោះ ។
ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយកមាស
៥ ក្រឡ ប្រាក់ ៥ ក្រឡ និងតុ ថាសផ្តិល ចានទៅឲ្យបុរសប្ដីប្រពន្ធ អង្វរគេឲ្យលែងបាចទឹកសមុទ្រទៅ » ត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់
រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ អង្វរសូមឲ្យលែងបាចទឹកសមុទ្រ
ត្រីទាំងនោះក៏ហាមាត់ខ្ជាក់ក្រឡមាសប្រាក់ តុថាសផ្តិល
ចានឲ្យបុរសប្ដីប្រពន្ធ ។ បុរសប្ដីប្រពន្ធ មានសេចក្ដីត្រេកអរពន់ពេក
ក៏ឈប់លែងបាចទឹកពីថ្ងៃនោះ
នាំប្ដីប្រពន្ធរែកទូលជញ្ជូនទៅទុកផ្ទះត្រាតែអស់ ។
បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្កើងរុងរឿង
បានសេចក្ដីសុខរៀងទៅ ។
ពណ៌នាពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខណ៍
គាត់ភ្នកនឹករឭកដល់សំឡាញ់ ហើយនាំប្រពន្ធទៅលេងផ្ទះសំឡាញ់
ដែលមានប្រពន្ធគ្រប់លក្ខណ៍,
លុះឡើងដល់លើផ្ទះ
ឃើញគេនៅរាប់អានចាំចិត្តស្និទ្ធស្នាលដូចពីដើម, គាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេ
ហើយនឹកក្នុងចិត្តថា «ពីដើម សំឡាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ
ឥឡូវនេះគេរករបរអ្វី ក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ» គិតហើយត្អូញប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថា
« សំឡាញ់អើយ !
អញសព្វថ្ងៃនេះក្រលំបាកណាស់, ចុះសម្លាញ់ឯងរកស៊ីជំនួញអ្វី
, ក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ » ។
សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ថា «សំឡាញ់អើយ ! អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ, ពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់
លុះភ្លឺឡើង នាំគ្នាទៅបាចទឹកសមុទ្រ, ល្ងាចត្រឡប់មកផ្ទះវិញ
ស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពាំមាសប្រាក់
នឹងរបស់គ្រប់មុខឲ្យអញ »
។
ឯសំឡាញ់ មានប្រពន្ធខាតលក្ខណ៍ដឹងហើយ
ក៏លាសំឡាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ ។
គេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិត ។ លុះត្រឡប់ទៅផ្ទះវិញ ពេលចូលដំណេក បុរសនោះនិយាយនឹងប្រពន្ធថា
« ព្រឹកនេះឯងដាំបាយពីយប់រៀបប្រដាប់ឲ្យមានសព្វគ្រប់, ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រ
ឲ្យបានមាសប្រាក់របស់ទ្រព្យដូចសំឡាញ់យើង ។ លុះភ្លឺច្បាស់
មេខាតលក្ខណ៍ជាប្រពន្ធ បានក្រោកបង្កាត់ភ្លើងឆេះហើយ បានបើកខាប់វាល់អង្ករៗ
កំពប់ម្ដងមួយទូកដៃ យកអង្ករទៅលាងកំពប់មួយទូកដៃទៀត
ច្រកអង្ករទៅក្នុងឆ្នាំងកំពប់ទៀតដល់ពុះជាត់បាយកំពប់ទៀត
ច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំង បាយនៅតែកន្លះឆ្នាំង, ទាល់តែថ្ងៃណាស់ហើយ
ទើបដួសដាក់កញ្ជើ ហើយបណ្ដើរប្ដីប្រពន្ធទៅបាចទឹកសមុទ្រ
បាចទាំងខឹងទាំងជា ។ បាចចំនួន ៥ ថ្ងៃ អស់ហ្វូងមច្ឆាតូចធំ ផ្អើលភិតភ័យ
និយាយគ្នាថា « បុរសប្ដីប្រពន្ធពីណា មកបាចទឹកសមុទ្រទៀតហើយ» ពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់
។ ប្រពន្ធខាតលក្ខណ៍បោកល្អីដែលបាចទឹកនោះ ហើយថា «បាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វី
អញមិនខ្ចីទេ អញលែងបាចហើយ»
ឈ្លោះប្ដីប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ចោរប្រពន្ធ
ប្រកាច់ចំបាប់គ្នា ប្រទាញសំពត់គ្នាទៅវិញទៅមក
ទាល់តែអាស្រាតទាំងប្ដីទាំងប្រពន្ធ លេចកេរ្តិ៍ខ្មាសនៅមាត់សមុទ្រ
ហើយអ្នកទាំងពីរនាក់ថា « ខ្ញុំគេក៏ខ្ញុំចុះ លែងបាចហើយ » ។
ត្រីទាំងនោះឮថាលែងបាចក៏ត្រេកអរធូរចិត្ត
លែងសូកឲ្យមាសប្រាក់របស់ទាំងពួង ។
ត្រីទាំងនោះបានឃើញកេរ្តិ៍ខ្មាសបុរសប្ដីប្រពន្ធ ក៏លោតសើចទាំងហ្វូង ។
ឯត្រីសណ្ដាយសើចទាល់តែរយះមាត់ បានជាមាត់ធំដូចគេហែក
រហូតដល់បច្ចុប្បន្ននេះ ។
បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា
នាំគ្នាដកសារាយ ។ ប្ដីមួយអម្រែក, ប្រពន្ធមួយទ្រនូល
ត្រឡប់មកផ្ទះវិញ ចាក់សារាយចោលនៅកៀនជញ្ជាំង ឲ្យរលួយខូចអស់ទៅ ។
នាងរត់រកអ្នក
មេខាតលក្ខណ៍ រត់រកអាបាក់ទន្សា
រឿង សំលាញ់ពីរនាក់
Reviewed by Admin
on
5:00 PM
Rating: