រឿង អាសុខកាចអាសុខស្លូត
កាលពីព្រេងនាយ មានក្មេងប្រុស ២ នាក់
នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។
ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា
រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។
ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ
កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។
ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូន ៗ ក៏ចាស់ជរា
ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា
ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។ បណ្ដាជនក្នុងភូមិនោះ
អាណិតស្រឡាញ់ ឲ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឲ្យ មិនដែលសល់ខាន
ម្ល៉ោះហើយអាសុខកាចនោះច្រណែនទាំងមួម៉ៅក្ដៅចិត្ត រឹតតែកាចឡើង
ជេរវាយកូនគេឥតកោតញញើត ចាស់និងចាស់ឈ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួន
។ លុះអាសុខស្លូតនិងអាសុខកាចចំរើនអាយុធំឡើង
អាសុខកាចបបួលអាសុខស្លូតថា «វ៉ី យើងចង់នាំគ្នាទៅកាប់ឫស្សី លួសរនាប
ត្បិតផ្ទះអាសុខស្លូតឯង បាក់ពុកអស់ហើយ » ។ អាសុខស្លូតថា « អញគ្មានប្រដាប់កាំបិត
ឲ្យជាមុតមាំទេ ទាំងអង្ករ ត្រីសាច់ ថ្នាំជក់ក៏គ្មានផង ។
សព្វថ្ងៃរកបានព្រឹកខ្វះល្ងាច»
។ អាសុខកាចថា «កុំបាច់យកម្ហូបចំណី ថ្នាំជក់
កាំបិត គ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ ឯងមានតែខ្លួនចុះ» ហើយក៏បណ្ដើរគ្នាទៅដល់ផ្ទះអាសុខស្លូត
ហើយអាសុខស្លូតក៏និយាយប្រាប់ជីដូនថា «បងសុខ
គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនាបប្រដាប់ប្រដា អាហារភោជន នៅលើគេទាំងអស់
ខ្ញុំមានតែខ្លួនទេ»
ជីដូនឃាត់ថា « ចៅកុំទៅ ! ព្រៃឫស្សីនោះស្ងាត់ណាស់ » ។
អាសុខថា « មិនអីទេយាយ !
ផ្ទះយាយបាក់ពុកអស់ហើយ បានរនាបមកគ្រាន់នឹងជួសជុល
កុំឲ្យផុងយាយ ! »
។ ឯយាយផ្ដាំថា « ចៅទៅ ក៏ទៅចុះ
តែចៅមើលថែទាំប្អូនផង »
។
អាសុខស្លូតអាសុខកាចវេចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សី លួសរនាប
ចេញទាំងពីរនាក់ទៅ ដល់ព្រៃឫស្សីកាប់បានហើយលួសរនាប ។ អាសុខកាចបានរនាបតិច
អាសុខស្លូតបានរនាបច្រើន ហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់
អង្គុយទល់មុខគ្នា,
អាសុខកាចគិតថា «ជីវិតអាឯង
មុខជាស្លាប់នឹងដៃអញឥឡូវនេះ »
គិតហើយក៏ចាប់យកកាំបិតបន្ទោះចាក់ចំភ្នែកអាសុខស្លូតដែលកំពុងស៊ីបាយ
។ អាសុខស្លូតស្រែកយំថា « ហេតុដូចម្ដេច ក៏មកចាក់ខ្ញុំ ? ។ អាសុខកាចឆ្លើយថា « អាឯងរករបររបស់ឯង
ហើយមកស៊ីបាយអញទាំងរនាបក៏បានច្រើនជាងអញទៀត » ។
អាសុខស្លូតឆ្លើយថា « កាលបងឯងបបួលខ្ញុំមកកាប់ឫស្សី លួសរនាប ខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ
បងឯងធានាថា បាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមក, ឥឡូវបងឯងចង់យករនាបទាំងអស់
ក៏យកចុះ កុំតែសម្លាប់ខ្ញុំ »
។ អាសុខកាចឆ្លើយថា «អាឯងនេះមាត់រឹងណាស់ អាភាវនាទៅ » ។
ថាហើយអាសុខកាច ក៏ចាប់កាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតម្ខាងទៀត
ឈាមបាញ់ហូរស្រក់ជោកមុខ ជោកដើមទ្រូង ខ្វាក់ភ្នែកទាំងពីរ
ឈឺចាប់ខ្លាំងណាស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរា
កំព្រានៅផ្ទះតែម្នាក់ឯង ។
អាសុខកាចថា «អាឯងទៅ ឲ្យត្រីវាស៊ីទៅ » ថាហើយច្រានអាសុខស្លូតទៅជិតមាត់ស្ទឹង
ហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរ ដោយគិតថា « អាសុខស្លូតមុខជាស្លាប់ហើយ » ក៏ប្រមូលរនាបទាំងអស់
ចងបាច់វិលមកផ្ទះ,
ដាក់រនាបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុខស្លូតថា
« ចៅយាយឯងខ្លាខាំស្លាប់ទៅហើយ» ។
យាយឮអាសុខកាចប្រាប់ថា ខ្លាខាំចៅស្លាប់
ក៏ទួញយំសោកបោកខ្លួនហៀបនឹងក្ស័យជីវិត ។ ឯអាសុខកាច រីករាយសប្បាយចិត្ត
ហើយក៏ដើរលេងជិត ៗ ផ្ទះដូចធម្មតា ដោយចិត្តក្លាហាន រកតែរឿងឈ្លោះនឹងគេ ។
តពីនេះ ដំណាលពីអាសុខស្លូត គ្រាដែលអាសុខកាច
ចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវាធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះ
អាសុខស្លូត ហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅ ក៏ភាវនារកពុទ្ធោ ៗ
ពុំដាច់ពីមាត់ ។ គ្រានោះអ្នកតាមួយ មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់
ដែលមានអាស្រម នៅក្នុងព្រៃរំលោងជិតមាត់ស្ទឹងនោះ, អ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រម
អាចតំណែងជាមនុស្សបាន ។ ដល់ពេលឃ្លានអាហារ ក្រពើនោះ
ក៏វាចុះមកក្នុងស្ទឹង ស្វែងរកអាហារ វាហែលច្រាសទឹក, ហែលទៅ
ៗប្រទះនឹងអាសុខស្លូត ដែលកំពុងហែលបណ្ដែតខ្លួនតាមខ្សែទឹក
ក្រពើលាន់មាត់ថា «អៃយ៉ា លាភធំណាស់តើ !
អញមករកអាហារថ្ងៃនេះ ប្រទះបានមនុស្សស៊ី» ហើយប្រឹងស្ទុះហែលទៅជិតឮមាត់ថាពុទ្ធោ
ៗក៏សង្ស័យក្នុងចិត្ត មើលទៅភ្នែកទាំងពីរ ឃើញធ្លុះរកប្រស្រីគ្មាន, ក្រពើគិតថា
«គួរអញយកទៅថ្វាយលោកតាអញ ៗ កុំស៊ីមនុស្សនេះ » ហើយក៏មុជកៀងអាសុខស្លូតឲ្យនៅពីលើខ្នង
ហែលត្រឡប់មកដល់អាស្រមវិញ ហើយតំណែងខ្លួនជាមនុស្ស ដឹកដៃ
នាំខ្លួនអាសុខស្លូតទៅថ្វាយអ្នកតា ៗសួរ, អាសុខស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការ, អ្នកតាស្ដាប់សព្វគ្រប់ហើយមានចិត្តមេត្តាអាសុខស្លូតនោះពន់ពេក
លោកថា «ឱ ! អាសុខកាចអើយ ចិត្តអីអាក្រក់ម្ល៉េះ ?ណ្ហើយ ! ចៅសុខស្លូតឯងកុំភ័យ
សឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិត ភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូនឯផ្ទះវិញ» ថាហើយក៏ផ្សំថ្នាំដាក់ភ្នែក
សូត្រទិព្វមន្តផ្លុំភ្នែកឲ្យ,
ចៅសុខស្លូតនោះ ក៏បានភ្លឺភ្នែកដូចដើម
ទើបអ្នកតាក្ដាប់ដីខ្សាច់មួយដៃ
សែកទិព្វមន្តផ្លុំដីខ្សាច់ដាក់ដៃឲ្យចៅសុខ ផ្ដាំថា «ចៅ ! ចូរឯងក្ដាប់ឲ្យជាប់កុំលាដៃ
បើទៅដល់ផ្ទះចៅ
ៗប្រាប់ជីដូនឲ្យក្រាលកន្ទេលក្នុងផ្ទះហើយសឹមចៅដាក់ដីខ្សាច់នេះទៅលើកន្ទេល » អ្នកតាផ្ដាំហើយ
ហោក្រពើមកឲ្យចៅសុខស្លូតជិះលើខ្នង ហែលតាមស្ទឹងទៅ ។
បានទៅដល់កន្លែងដែលអាសុខកាចធាក់ទម្លាក់ក្នុងទឹកនោះ ចៅសុខ
ឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់, ក្រពើដាក់ចៅសុខឲ្យឡើងលើគោក, ចៅសុខក៏លាក្រពើដើរដរាបទៅដល់ផ្ទះ, ហើយចូលទៅយំសំពះជីដូន
ៗ ឃើញចៅហើយ ស្ទុះមកយំខ្សឹកខ្សួល និយាយប្រាប់ចៅថា « គេប្រាប់យាយថា
ខ្លាខាំចៅស្លាប់ទៅហើយ ម្ចាស់ជីវិតអើយ ! ជីដូនយំសោកបោកខ្លួនអាសូរចៅ
ហៀបនឹងក្ស័យជីវិត,
ចៅមិនស្លាប់ ជីដូនអរណាស់
រកអ្វីមកប្រៀបផ្ទឹមពុំបាន»
។
ឯចៅសុខនិយាយប្រាប់ជីដូន តាំងពីទៅកាប់ឫស្សី
លួសរនាប ត្រូវអាសុខកាច វាចាក់ភ្នែកធាក់ទម្លាក់ទឹក
ហើយបានក្រពើនាំទៅថ្វាយអ្នកតា,
លុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការ
ជីដូនរឹងរឹតតែអាណិតចៅពេក ហើយវាប្រាប់ជីដូនថា «យាយ ! ក្រាលកន្ទេលក្នុងផ្ទះទៅ » ជីដូនក្រាលតាមពាក្យចៅ
ៗសុខស្លូតក៏លាដៃ ដាក់ដីខ្សាច់លើកន្ទេល កើតជាប្រាក់គរក្នុងផ្ទះ
អរណាស់ តែពីរនាក់ជីដូននិងចៅ
បានចាត់ចែងទិញសំលៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់ សង់ផ្ទះថ្មី
ល្បីមានដាច់គេក្នុងភូមិនោះ ។
ឯអាសុខកាច ឃើញអាសុខស្លូត ក៏នឹកឆ្ងល់ក្នុងចិត្តថា
«អញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹក ស្មានថាវាស្លាប់
ឥឡូវវារស់ឡើងវិញ ភ្នែកក៏ភ្លឺដូចដើម មានទាំងសម្បត្តិសម្បូរណ៍ប្រើប្រាស់
គ្មានខ្វះអ្វី ប្លែកអំពីដើម »
។ លុះដល់វេលាស្ងាត់មួយ វាបានជួបនឹងអាសុខស្លូត
ក៏សួរថា «កាលឯងនិងអញទៅកាប់ឫស្សីលួសរនាបនោះ បិសាចមកបណ្ដាលចិត្តអញ
ឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹង
អញស្មានថាឯងស្លាប់ ហេតុម្ដេច ក៏ឯងរស់ឡើងវិញ
ហើយមានទាំងទ្រព្យច្រើនជាងគេផង » ។ អាសុខស្លូតឆ្លើយថា « បានគុណបង
កុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាក ដូចបងឯងដឹងស្រាប់» ។
ហើយនិយាយប្រាប់អាសុខកាចតាមត្រង់ថា « កាលដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងទៅនោះ
ខ្ញុំភាវនារកតែពុទ្ធោ ៗ ក៏បានជួបនឹងក្រពើ ៗ នាំទៅថ្វាយអ្នកតា ៗ
ជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំ,
លុះខ្ញុំមកដល់ផ្ទះដាក់ដីខ្សាច់ កើតជាប្រាក់មាស
បានជាខ្ញុំមានសព្វថ្ងៃនេះ »
។
អាសុខកាច ឮអាសុខស្លូត រាយរឿងដូច្នោះ
ក៏បណ្ដាលចិត្តលោភលន់ពន់ប្រមាណគិតថា «អញនឹងធ្វើឲ្យបានដូចអាសុខស្លូត » ថ្ងៃក្រោយជួបនឹងអាសុខស្លូត
ក៏និយាយថា «អាសម្លាញ់អើយ !
អញចង់ទៅកាប់ឫស្សី
លួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះ , ឯបាយទឹកអាហារភោជន
ថ្នាំជក់ កាំបិតតូចធំ ប្រដាប់កាប់ឫស្សី លួសរនាប ស្រេចនៅលើអញទាំងអស់
ឯងមានតែខ្លួនទៅបានហើយ »
។ អាសុខស្លូតថា «ក្រែងសម្លាប់អញទៀត » ។
អាសុខកាចថា «មុននោះខ្មោចកំរោលវាចូលឲ្យអញងងឹតមុខ អញចាក់ឯង
ដោយមិនដឹងខ្លួនសោះ ឯងកុំប្រកាន់ខឹងនឹងអញ » ។ អាសុខស្លូតថា «ចាំខ្ញុំជូនទៅ
ត្បិតបងសុខឯង មានគុណលើខ្ញុំច្រើនខ្ញុំមានសម្បត្តិទ្រព្យក៏ព្រោះបង » ។
លុះព្រឹកឡើង អាសុខកាច ស្ពាយបាយសំណុំ មានគ្រប់ប្រដាប់ដូចមុន
ហើយបណ្ដើរគ្នាដល់ព្រៃឫស្សី,
លុះកាប់បាន ពុះលួសរនាបហើយ នាំគ្នាអង្គុយស៊ីបាយ ។
អាសុខកាចហុចកាំបិតបន្ទោះទៅអាសុខស្លូត ប្រាប់ថា « ឯងចាក់ភ្នែកអញម្ខាងទៅ » អាសុខស្លូតប្រកែកពុំព្រមចាក់
។ អាសុខកាចថា « ជើ ! ចាក់មក ៗ,
ហ៊ី !
ម្ដេចមិនអាណិតគ្នាផងសោះ » ។
អាសុខស្លូតក៏ចាក់ឆ្កៀលដូចគេឆ្កៀលក្រសាំង ឲ្យខ្វាក់ភ្នែកម្ខាងទៅ ។
អាសុខកាចឈឺពើតខ្លាំងណាស់ តែចិត្តចង់ប្រញាប់ឲ្យបានប្រាក់
ដូចអាសុខស្លូត ក៏ឲ្យអាសុខស្លូតចាក់ភ្នែកម្ខាងទៀត
ហើយបង្គាប់ឲ្យអាសុខស្លូតច្រានទៅជិតមាត់ស្ទឹង ទាំងបង្គាប់ឲ្យធាក់ផង ។
អាសុខស្លូតក៏ធាក់ទម្លាក់ក្នុងទឹកស្ទឹង ។ អាសុខកាចសួរថា «កាលដែលអញចាក់ឯងមុននោះ
ឯងធ្វើម្ដេចខ្លះ ? »
។ អាសុខស្លូតថា «អញរកតែពុទ្ធោជាប់នៅមាត់ » ។
អាសុខកាចប្រឹងស្រែករកតែពុទ្ធោមិនឈប
ឮរំពងព្រៃមាត់ស្ទឹងទន្ទឹងរកក្រពើក៏ពុំជួបសោះ ណាមួយវាឈឺចាប់
ហែលបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំង ឈ្លក់ទឹកស្លាប់ទៅ ហើមរលួយរលេះ
ត្រីស៊ីនៅតែលលាដ៍ក្បាល ។ ខ្មោចអាសុខកាចក៏អណ្ដែតតាមខ្សែទក
លងគេឮតែពុទ្ធោ ៗ ដរាបដល់កំពង់ទឹកមហាសេដ្ឋី ។
វេលានោះកូនក្រមុំមហាសេដ្ឋី នាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់, កំពុងតែកញ្ជ្រោកទឹកលេងសប្បាយ
ស្រាប់តែឃើញលលាដ៍ក្បាលអាសុខកាចនោះអណ្ដែតមកជិត លងស្រែកថា « ពុទ្ធោ
ៗ ! » ។ កូនក្រមុំមហាសេដ្ឋី ឈប់លេងទាំងអស់គ្នានឹកសង្ស័យ
ក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាដ៍ក្បាលខ្មោចនោះ
មកដាក់លើគោកនៅមាត់កំពង់នោះ,
លលាដ៍ក្បាលខ្មោចនោះ វាមិនបាត់ស្ងាត់សោះ
ចេះតែលងគេរកតែពុទ្ធោ ៗ ។
កូនក្រមុំមហាសេដ្ឋី ក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមក
ប្រើឲ្យខ្ញុំប្រុសកាន់យកក្បាលខ្មោចអាសុខកាចនោះមកផ្ទះ
ហើយនាងជម្រាបមហាសេដ្ឋីជាឪពុកនាងថា « លោកឪពុក ! ខ្ញុំរើសលលាដ៍ក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើង
វាលងស្រែករកពុទ្ធោ ៗ»
។ សេដ្ឋីជាមាតាបិតាស្ដាប់ហើយ ក៏ស្ទុះមកមើល
ឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោ ៗ មែនអស្ចារ្យណាស់
ក៏ឲ្យលាងដុសខាត់ដាក់លើតោក លលាដក្បាលនោះ ក៏នៅតែស្រែករកពុទ្ធោ
ៗជានិច្ច គ្មានឈប់ ។
ព្រឹកៗ សេដ្ឋីនោះតែងទៅគាល់ព្រះមហាក្សត្រ
នៅទីចុងព្រះរាជរោងជួបជុំអស់មន្ត្រីចតុស្តម្ភរាល់ពេលពុំដែលខាន ។
សេដ្ឋីជម្រាបអស់លោកថា « ខ្ញុំបានលលាដ៍ក្បាលខ្មោចមួយ ចេះស្រែករកពុទ្ធោ ៗជានិច្ច» ។
អស់លោកចតុស្តម្ភស្ដាប់ហើយឆ្លើយថា «សេដ្ឋីកុហកទេ
មិនដែលមានលលាដ៍ក្បាលខ្មោចណា ចេះស្រែករកពុទ្ធោទេ យើងមិនជឿឡើយ» ។
សេដ្ឋីថា « ពិតប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំ ៗ
ហ៊ានភ្នាល់ដោយមាសមួយរយតម្លឹង»
។ អស់លោកចតុស្តម្ភទាំង៤ថា «យើងហ៊ានភ្នាល់» ។
ហើយធ្វើសំបុត្រចុះកិច្ចសន្យា ។ សេដ្ឋីទៅដល់ផ្ទះ
ឮលលាដ៍ក្បាលខ្មោចស្រែករកពុទ្ធោកោកៗនឹកថា « អស់លោកមុខជាចាញ់អញហើយ » សេដ្ឋីយកមាសមួយរយតម្លឹងឲ្យកូនក្មួយកាន់តោកដែលដាក់លលាដ៍ក្បាលខ្មោចនោះយ៉ាងរហ័សទៅ
លុះចូលទៅដល់ទ្វារកំពែងខាងក្រៅ លលាដ៍ក្បាលខ្មោចបាត់សំឡេងឈឹង
ពុំឮស្រែករកពុទ្ធោសោះ,
កាលចូលដល់ចុងព្រះរាជរោង
ដាក់លលាដ៍ក្បាលខ្មោចចំពោះមុខអស់លោកចតុស្តម្ភទាំង៤នោះហើយ
សេដ្ឋីបង្គាប់ថា «ចាំអីទៀតក៏មិនស្រែករកពុទ្ធោៗទៅ» ។ លលាដ៍ក្បាលខ្មោចបាត់សូន្យឈឹង
មិនឮរកពុទ្ធោសោះ ។ មហាសេដ្ឋីចាញ់ក៏ជូនមាសមួយរយតម្លឹងទៅអស់លោក, ឯអស់លោកចំអកថា
« សេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នា » ហើយទះដៃសើចលាន់នៅទីព្រះរាជរោង
។ សេដ្ឋីខឹងនឹងក្បាលខ្មោចណាស់ លាអស់លោកចេញមកក្រៅដល់កំពែង
ស្រាប់តែលលាដ៍ក្បាលខ្មោចស្រែកថាពុទ្ធោ ៗ ។ សេដ្ឋីរឹតតែខឹងណាស់, ដល់ផ្ទះប្រើបាវឲ្យយកពូថៅ
នាំយកលលាដ៍ក្បាលខ្មោចទៅសំពងចោលឯកំពង់ទឹក ។ បាវយកទៅមិនសំពងឲ្យល្អិត
ត្រឡប់ជាបោះលលាដ៍ខ្មោចទាំងមូលចោលទៅក្នុងទឹក ។
ឯលលាដ៍ក្បាលខ្មោចអាសុខកាចនោះ អណ្ដែតតាមទឹកស្ទឹង ហូររសាត់ទៅក្រោម
វាលងរកពុទ្ធោ ៗរៀងទៅដល់កំពង់វត្ត ។ វេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹក
បានឃើញលលាដ៍ក្បាលខ្មោចលងរកពុទ្ធោ ៗ, លោកក៏ស្រង់យកទៅកុដិ
និមន្តលោកសង្ឃផងគ្នាបង្សុកូល រួចដុតក្បាលខ្មោចនោះសុស ហើយលោកពិចារណាថា
«គួរយកកម្ទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ ខ្មុកសសរព្រះវិហារ បញ្ជូនផលឲ្យបានដល់អ្នកដែលស្លាប់
ហើយលោកក៏យកខ្មុកលាបតាមសព្វព្រះទ័យលោកទៅ, សល់បន្តិចបន្តួច
យកទៅលាបលនរទេះលោក,
កាលដែលម្រ័ក្សណ៍ខ្មុករទេះនោះស្ងួតហើយ លោកភ្នកព្រះទ័យចង់ទឹមរទេះបរទៅសួរញាតិញោម, លោកក៏ឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់
បរចេញពីកុដិទៅ ។
វេលាស្ងាត់ពីមនុស្សរទេះនោះលាន់ភ្លៅនឹងដុំសង្កៀតគ្នា, ដូចរទេះធម្មតា
តែដល់ជួបនឹងឧបាសកឧបាសិកា រទេះនោះលាន់ឮដូចលោកជេរបញ្ចោរគេថា «មេចោរ ៗ » ញាប់ញិញ
។ ឧបាសកឧបាសិកាឮខឹងនឹងលោក ព្រោះថាលោកជេរបញ្ចោរប្រពន្ធកូនគេ
ក៏ដៀលត្មះជាពាក្យទម្ងន់ ៗ,
លោកប្រកែកដូចម្ដេច ក៏ពុំស្ដាប់រឹតតែប្រមាថលោក
ឥតកោតញញើត, លោកបរហួសទៅទៀត ជួបនឹងនាហ្មឺនគេកំពុងដើរ មានគ្នាច្រើន, ឯរទេះលាន់ឮទៀត
ដូចជាលោកជេរម្ដាយនាហ្មឺនទាំងនោះថា «ចោរម្ដាយនាហ្មឺន » នាហ្មឺនខឹងនឹងលោក
ក៏នាំគ្នាដេញវាយលោក ៗ ភ័យវាយគោបំបោលរួចទៅ ។
លោកនេះ គិតថា « ពីដើមរទេះអញ
បរមកមិនដែលឮសូរជេរបញ្ចោរគេទេ, រឿងនេះ ឃើញតែកម្ទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរព្រះវិហារ
សល់ពីនេះអញយកមកលាបលនរទេះនេះ » ។
លុះត្រឡប់មកពីសួរញាតិញោម មកដល់វត្តវិញ
លោកកាប់រទេះដុតនៅកន្លែងដែលដុតលលាដ៍ក្បាលខ្មោចអាសុខកាច ឆេះជាផេះ, កន្លែងនោះដោយមានជាតិអាសុខកាច
ក៏ដុះកើតជាស្មៅកន្ត្រើយ ដែលជាប់សំពត់ខោមនុស្សសព្វថ្ងៃនេះឯង ។
ចិត្តមិនអប់រំ
នាំឲ្យវិនាស
រឿង អាសុខកាចអាសុខស្លូត
Reviewed by Admin
on
4:59 PM
Rating: