រឿង ឪពុករើសកូនប្រសារ
កាលពីព្រេងនាយ មានតាចាស់ម្នាក់
និងដូនចាស់ម្នាក់ នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់
រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា « អ្នកណាតមមិនជេរម្ដាយគេបាន
ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ » ។
ជួនជាថ្ងៃមួយនោះ មានកំលោះម្នាក់រូបរាងស្អាតបាត
ចូលទៅដណ្ដឹងកូនគាត់ ៗ ថា «អើអញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្ដាយគេ
ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង
បើតមមិនបានអញផ្ដាច់មិនឲ្យឯងទេ អញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ
ឯងកុំថាអញកាចណា»
។
កំលោះនោះថា «ខ្ញុំបាទតមជេរម្ដាយគេបាន
ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ
តាមប្រសាសន៍លោកឪពុក »
។ តានោះថា « អើបើឯងតមជេរម្ដាយគេបានមែន
ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម »កំលោះនោះ ក៏លាវិលទៅផ្ទះវិញ ។
ព្រឹកឡើង កំលោះនោះមកវិញ ចូលទៅបម្រើឪពុកម្ដាយក្មេក
ៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកំលោះនោះស៊ី ៗ
រួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសាថា « នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ
ហើយសឹមឯងដោះក្របី»
។ អ្នកកំលោះទៅចាប់ក្របីមកទឹម
ហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំ, ក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះ
។ អ្នកកំលោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថា «ម្ដាយអាថ្មនេះកាលណានឹងយំឡើង» ។
កំលោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថា «ណ្ហើយចុះ ! ឯងដោះក្របីលែង
ហើយទៅផ្ទះឯងចុះ អញផ្ដាច់កូនហើយ ត្បិតឯងតមជេរម្ដាយមិនបាន » ។
កំលោះនោះក៏ដោះក្របីលែង ហើយទៅផ្ទះវិញ ។
ថ្ងៃក្រោយមក
មានកំលោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀត គាត់ក៏បង្គាប់ដូចកំលោះមុន, តែអ្នកកំលោះក្រោយគេមានប្រាជ្ញា
គេទៅភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយ
ក៏បញ្ឈប់ក្របីស៊ីបាយ,
រួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំ
ក្របីក៏អស់ជើងដើរពុំរួច ។
កាលបើអ្នកកំលោះបរក្របីទៅដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថា « ! លោកថ្មអើយ
យំឡើង, ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ, ខ្លួនខ្ញុំឥតបើអីទេ
ខ្ញុំមានបាយស៊ីហើយ ភ្ជួរដល់យប់ក៏បានដែរ, បើមិនអាណិតខ្ញុំអាណិតតែក្របីចុះ
ត្បិតវាជាសត្វ» ។ កំលោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំ, អ្នកកំលោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្ម
លុះនិយាយយូរ ៗ ទៅតានោះមើលមកឃើញក្របីដើរពុំរួចមែន
គាត់នឹកអាណិតក្របីគាត់ ក៏យំក្រោយថ្មនោះឮតែតេវៗ, អ្នកកំលោះនោះក៏ដោះក្របីឲ្យស៊ីស្មៅ
ហើយមកផ្ទះឪពុកក្មេកវិញ ។
តានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំលោះនោះស៊ី ។
លុះល្ងាចតានោះប្រាប់ថា « កូនអើយ !
ទៅផ្ទះឯងចុះ, ព្រឹកសឹមឯងមកវិញ » ។
កំលោះនោះក៏លាទៅផ្ទះ លុះយប់មកលបចាំស្ដាប់យកការណ៍ នៅក្រោមដំណេកតានោះ
ព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់ ។
វេលាយប់តាចាស់ចូលដេក ក៏និយាយនឹងយាយថា « ដូន ! អានេះវាតមជេរម្ដាយបាន
ប៉ុន្តែរូបរាងវាអាក្រក់ មិនសមនឹងកូនយើងដូច្នេះ
យើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយ ហើយយើងនឹងផ្ដាច់វាទៅ ? »។ ដូនឆ្លើយថា «ងាយទេ, បើដូច្នេះចូរតាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករ, ព្រឹកឡើងវាមកខ្ញុំប្រាប់វាថា
តាទៅកាប់ឧសលើភ្នំមុន ហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំ, បើវាធ្ងន់
វាខឹងវាជេរនោះ តាឯងនៅក្នុងការុងស្រាប់នឹងឮ
ហើយមកវិញផ្ដាច់វាបានដោយងាយ »
។ តាយាយគិតគ្នាដូច្នោះហើយ ក៏ដេកទៅ ។
ឯអ្នកកំលោះលបស្ដាប់ក្រោមផ្ទះឮដឹងការណ៍ហើយ ក៏វិលទៅដេកឯផ្ទះ ។
ព្រឹកឡើងអ្នកកំលោះ នោះទៅបម្រើម្ដាយក្មេកឪពុកក្មេក
ក៏ស្រាប់តែឃើញយាយចាស់បង្ហាញអម្រែកហើយប្រាប់ថា « កូនអើយ ! ឪឯងទៅកាប់ឧសលើភ្នំហើយ
គាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះ ឡើងទៅតាមឲ្យឆាប់ ត្បិតគាត់ទៅតាំងតែពីព្រឹក
មិនទាន់ទាំងហូបបាយផង មានតែកូនឯងរែកទៅឲ្យឆាប់
និងអាលដណ្ដាំបាយឲ្យឪឯងហូប»
។ កំលោះនោះទទួលអម្រែកហើយ ក៏រែកទៅតាមជើងភ្នំ, ដល់រែកឡើងបន្តិចទៅធ្ងន់ណាស់
ក៏រែកចុះមកវិញ ហើយស្ដីថា ឱ !
ឪអើយ,
ខ្ញុំឃ្លានបាយណាស់ ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេ
បើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួច
បើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួល » ។ និយាយហើយរែកចុះមកវាលវិញ, លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ
ក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់
ទើបដើរត្រឡប់មកវិញ យកភ្លើងដុតអម្រែក, លុះភ្លើងឆេះស្បូវជុំវិញ
ហើយក្ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះ គាត់ក៏បម្រះញ័ររង្គើទាំងការុង
ភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែចេញមិនរួច ។ អ្នកកំលោះធ្វើជារត់មកពីណាស្រែកថា
«ជើ ! នរណាដុតភ្លើងឆេះអម្រែកអញអស់ ធ្វើដូចម្ដេចអញនឹងចូលទៅបាន
បើភ្លើងឆេះជុំវិញដូច្នេះ ចូលមិនចុះទេ » ថាហើយឈរស្រែកនៅក្រៅ, លុះភ្លើងឆេះដល់ការុងដឹងថា
តាចាស់ក្ដៅណាស់ហើយ ទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើង រួចហើយភ្លើងក៏ឆេះដាច់ខ្សែការុង
លោកតាចាស់បម្រះញ័រ ៗ ទើបអ្នកកំលោះស្រាយការុងចេញ
ឃើញតាឪពុកក្មេករលាកភ្លើង ឆេះទាំងសក់ក្បាលក៏ជម្រាបថា « ជើ
លោកឪ ! ម្ដេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយ » ។
តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេច ឡើងដើរតយង៉យមកផ្ទះវិញ
ទ្រមខ្លួនមួយថ្ងៃ ណាមួយដោយវាអូសចេញពីភ្លើង ណាមួយដោយរលាកភ្លើង ។
មកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់, ដល់ផ្ទះហើយប្រាប់កូនប្រសាថា «ទៅផ្ទះចុះ, ព្រឹកសឹមមក» ។
ឯកូនប្រសាលាទៅផ្ទះ,
ដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀត ។
លុះយប់ តាចាស់ដូនចាស់ ចូលដេក ក៏និយាយគិតគ្នាទៀត ។
តាថាគិតដូចម្ដេចនឹងផ្ដាច់វាបាន ? អានេះមានប្រាជ្ញាណាស់
តែបើឲ្យកូនយើងទៅវា វាមិនសមនឹងកូនយើង, ពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុង
វារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់ តែវាមិនជេរម្ដាយទេ
វារកទីណាមានស្បូវស្ងួត វារែកអម្រែកទៅដាក់កណ្ដាលស្បូវ
ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ, លុះដល់ភ្លើងឆេះវាធ្វើជាស្រែកថា
«នរណាដុតភ្លើងនេះឆេះអម្រែកវាអស់» ។
ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ក្ដៅរលាកឯង
ទៅហើយទើបបានវារត់ចូលទៅអូសចេញមក, អញភ័យណាស់
ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន, ឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាន ? ។
យាយថា «ឥឡូវនេះ យើងគិតថា តាឯងធ្វើម្ចាស់
ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើកឲ្យវាវារដូចឆ្កែ, បើវារកអណ្ដើកមិនបាន
ឬវាបោលមិនទាន់ទេ នោះយើងផ្ដាច់វាបាន » ។ តាចាស់ថា «អើ ! ដូនគិតដូច្នេះត្រូវ, ព្រឹកអញធ្វើដូចជាឯងថា » ។
តាយាយគិតគ្នាហើយ ដេកទៅ ។ ឯអ្នកកំលោះនោះ ស្ដាប់ដឹងការណ៍អស់ហើយ
វិលទៅដេកឯផ្ទះវិញ ,
ដល់មាន់រងាវទើបពុនអណ្ដើកយកទៅចងទុកក្នុងគុម្ពោតស្មៅវាល
ឯនេះ ឯនោះ ពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះ ហើយវិលមកផ្ទះ
ដេកធ្វើព្រងើយទៀត ។
លុះព្រឹកព្រហាមឡើង
ចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេក ៗ
ក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ី ៗ រួចហើយក៏ប្រាប់ថា «កូន ! ឥឡូវនេះ
យើងទៅបណ្ដើរអណ្ដើក ប៉ុន្តែយើងគ្មានឆ្កែ កូនឯងធ្វើឆ្កែ ឪធ្វើម្ចាស់
យើងទៅរកក្រែងបានមួយពីរយកមកស៊ី » ។ ចៅនោះឆ្លើយបាទ ! ហើយតាចាស់ពុនបាយសំណុំ
ទឹកបំពង់ ដើរចេញពីផ្ទះទៅ ។ ចៅនោះក៏បោលជើង ៤ តាមក្រោយ
ទៅដល់វាលកន្លែងវាចងអណ្ដើកនោះ វាក៏បោលទៅមុខចូលគុម្ពោតស្មៅមួយ
ធ្វើជាកោះង៉ុងៗ ។ តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយ ហើយទៅទៀត
ខាំបានអណ្ដើកប្រាំមួយប្រាំពីរ,
ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់
ក៏អង្គុយគិតនឹងស្រាយបាយស៊ី ។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូង
ក៏បោលទៅដេញខាំក្របី ៗ បោលចូលស៊ីស្រូវស្រែអ្នកស្រុក ។ តាចាស់ឃើញហើយ
រត់ទៅដេញក្របីចេញពីស្រែ,
ឆ្កែបោលមកស៊ីបាយអស់ ហើយបោលទៅបាត់ ។
ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញ រកបាយស៊ីគ្មាន
ព្រោះឆ្កែស៊ីអស់ខឹងណាស់ ដេញវាយវាពុំទាន់ ណាអស់កម្លាំងឃ្លានបាយ
ណាផ្លូវឆ្ងាយ ក៏ខំដើរមកផ្ទះវិញទាំងអត់បាយ ដើរពុំចង់រួច
បន្ទោសឆ្កែមិនបាន ត្បិតវាចំណាំអីចឹង ។ ដល់ផ្ទះស៊ីបាយរួចហើយ
ប្រាប់កូនប្រសាថា «ទៅផ្ទះចុះព្រឹកសឹមមកវិញ» ដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀត
។
លុះដល់យប់ តាយាយចូលដេក, តាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសព្វគ្រប់
ហើយតាឲ្យយាយជួយគិតទៀត ។ ដូនចាស់ប្រាប់ថា « ពីមុនវាធ្វើឆ្កែ
តាឯងធ្វើម្ចាស់ បានជាវាធ្វើបាបតាឯងបាន ដូច្នោះព្រឹកនេះ
តាឯងឲ្យវាធ្វើម្ចាស់ម្ដង ឯតាឯងធ្វើឆ្កែវិញ » ។
តាយាយគិតគ្នា ហើយដេកទៅ ។ ចៅនោះលបស្ដាប់បានការណ៍ហើយ
ក៏ទៅដេកឯផ្ទះវាហី ។
ព្រឹកឡើងចៅនោះ ទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀត ។
តាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ី ។ រួចហើយតាក៏ប្រាប់ថា « កូនអើយ ! ពីម្សិលមិញឯងធ្វើឆ្កែ, ថ្ងៃនេះឯងធ្វើម្ចាស់អញម្ដង
អញធ្វើឆ្កែវិញ »
។ ចៅនោះឆ្លើយបាទ ! ហើយពុនបាយនិងទឹកទៅ
ឯតាវារធ្វើជាឆ្កែបោលតាមក្រោយ ។ លុះហួសពីផ្ទះបន្តិចទៅ
វាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់ ។
តាបោលពុំទាន់ ត្បិតខ្លួនចាស់ ដើរត្រុកៗតាមក្រោយវា, ឯវាក៏បែរមកថា
«ឆ្កែអីស៊ីតែបាយបង្អស់ ទៅមុខមិនទៅ ដើរតែក្រោយម្ចាស់
រកអណ្ដើកម្ដេចបាន ?
ថាហើយវាយឆ្កែឲ្យបោលទៅមុខ ។
តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយ រកអណ្ដើកក៏មិនបាន, កូនប្រសាវាយស្ទើរស្លាប់
ហត់ស្ទើរដាច់ខ្យល់ តែពុំហានស្ដី ព្រោះខ្មាសកូនប្រសា ។
លុះទៅឆ្ងាយដល់ថ្ងៃត្រង់ វាស្រាយបាយស៊ីហើយវាថា «ឆ្កែអីរកអណ្ដើកមិនបានដើរ
តែក្រោយមនុស្ស ស៊ីតែបាយបង្អស់»
ហើយវាបង្អត់មិនឲ្យបាយស៊ី វាឲ្យតែឆ្អឹងឆ្អែង, ឆ្កែចាស់អង្កៀមក៏មិនបែក
ត្បិតគ្មានធ្មេញ ឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីហើយវាវាយមួយព្រនង់ទៀតវាថា
«ណ្ហើយ !
ទៅផ្ទះចុះ បើមិនផេះទេ ឆ្កែអីឆ្នែងយ៉ាងហ្នឹង » ហើយវាឡើងដើរវិលទៅផ្ទះវិញ
។ តាចាស់ហត់ណាស់ វារមិនរួចឡើងដើរទៅតាមក្រោយកូនប្រសា ធ្វើមុខស្រមេះ
។ លុះទៅដល់ចៅកំលោះប្រាប់ម្ដាយក្មេកថា « ម៉ែ ! រកអណ្ដើកមិនបានទេ
ព្រោះឆ្កែមិនស្វាក់ »
។ តាចាស់ខឹងណាស់ ប្រាប់កូនប្រសាថា « ឯងទៅផ្ទះចុះ
ព្រឹកសឹមមកវិញ »
។ ចៅនោះក៏លាទៅ, ដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀត
។
លុះដល់យប់ តាយាយចូលដេក, តានិយាយប្រាប់យាយពីរឿងកូនប្រសាបាប
ហើយបង្អត់ទាំងបាយផង ។ ដូនថា « ណ្ហើយ !
ឲ្យកូនទៅវាទៅ ផ្ដាច់វាមិនបានទេ, អានេះមានប្រាជ្ញាណាស់
ឯងគិតអីក៏វាដឹងមុនទាំងអស់,
វាធ្វើបាបស្ទើរតែស្លាប់ ម្ដេចក៏មិនរាង » ។
តាចាស់ឆ្លើយថា « នឹងឲ្យវាទៅមើលទៅរូបរាងវា មិនសមនឹងកូនយើងសោះ, ប៉ុន្តែយើងធ្វើកលឲ្យវាខឹង
ឲ្យវាជេរម្ដាយ វាមិនជេរ ដូច្នេះដូនជួយគិតអញម្ដងទៀត
បើវាធ្វើតាមមិនបានសឹមផ្ដាច់វា » ។ ដូនចាស់ថា « អើ ! ឥឡូវនេះ
មានតែដល់ពេលមាន់រងាវ តាឯងលុបមុខ ស៊ីស្លា ហូបបាយ ចូលទៅក្នុងការុងមួយ
ការុងមួយទៀតច្រកអង្ករ បើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថា
តាឯងទៅផ្សារទិញអីវ៉ាន់,
ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់
នៅវេលាស៊ីបាយព្រឹក ត្បិតផ្លូវផ្សារ ក៏ឆ្ងាយដែរ, បើវារែកទៅមិនទាន់ទេនោះ
លុះមកវិញនឹងផ្ដាច់កូនពីវាបានងាយ
មួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់
វាប្រហែលជាវាគិតឃើញថាស្ងាត់ហើយ វាជេរមិនខាន » ។
តាចាស់និងយាយគិតគ្នាហើយ ក៏ដេកទៅ ។
ឯកូនប្រសាលបស្ដាប់នៅក្រោមផ្ទះដឹងការណ៍ហើយ ក៏ទៅដេកផ្ទះ ។
លុះព្រឹកឡើង ចៅនោះរៀបខ្លួន
ដើរចេញទៅបម្រើឪពុកក្មេកទៀត,
ដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយ
យកមកឲ្យចៅនោះស៊ីទៀត,
ស៊ីហើយក៏ប្រគល់អម្រែកឲ្យកូនប្រសា
រែកទៅតាមឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ ។ ចៅនោះរែកដើរទៅហើយគិតថា
«ម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះ ឲ្យកូនមកអញ
កុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀត» ។
ហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវ ដាក់អម្រែកចុះ ហើយថា
ការុងនេះចងមាត់មិនជាប់ ។ វាយកខ្សែចងថែមទៀត, លុះរែកទៅដល់កន្លែងមានព្រែក
មានស្ពាន ក៏ដាក់អម្រែកលើស្ពាន ឲ្យប្របេះត្រង់ចុងក្ដារ
នៅតែបន្តិចនឹងធ្លាក់ពីស្ពាន ហើយថា «អញអើយ ថ្ងៃណាស់ហើយ
ម្ល៉េះសមឪអញជេរមិនខាន អម្រែកធ្ងន់ រែកម្ដេចឲ្យទាន់ ! ណ្ហើយ
ឪជេរក៏ជេរចុះ អញដាក់នៅនេះ ទៅវាលសិនរួចសឹមទៅទៀត » ។
និយាយបណ្ដើរដើរបណ្ដើរ ។ មួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយ
បុកក្ដារស្ពានឮគ្រាំៗ ធ្វើហាក់ដូចជាដំរីឆ្លងស្ពាន ហើយស្រែកថា « នរណាដាក់អម្រែកនៅលើស្ពាន
ដំរីអញវាជាន់ខូចអស់ហើយ យកចេញឲ្យឆាប់
ស្រែកហើយបុកក្ដារគ្រាំងៗដើរចូលមក ។ ឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែន
ភ័យក្រែងជាន់ស្លាប់ ក៏ខំបម្រះជៀសផ្លូវដំរី
ហួសពីក្ដារធ្លាក់ទៅក្នុងទឹក ៗ
ចូលការុងគាត់ឈ្លក់ទឹកត្រដរញ័រទាំងការុង ស្ទើរតែនឹងស្លាប់ ។
ឯកូនប្រសាឃើញដូច្នោះ ក៏ទុកឲ្យផឹកទឹកបន្តិច ឲ្យអស់ខូចទៀត
ហើយធ្វើជាដើរមកពីវាលស្រែកថា «នរណាហ៊ានបរដំរីឆាយអម្រែកអញ
ឲ្យធ្លាក់ក្នុងទឹក ទទឹកអង្ករអញអស់ ! ឱអញអើយ ! ឱជេរថែមទៀតហើយ
ថ្ងៃក៏កាន់តែខ្ពស់ហើយ អង្ករទទឹកថែមទៀត» ។
អ្នកកំលោះឃើញឪពុកក្មេកបម្រះញ័រក្នុងការុង ក៏ថា «ឱ ! មានត្រីមកប្របេះផង, ណ្ហើយ ! អញចុះទៅស្រង់មកមើល » ថាហើយក៏លោតទៅស្រង់ឡើងមកមើល
ហើយថា «អើយ !
បើវាទទឹកនឹងស្រាយហាលថ្ងៃ
ហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪ» ។ ថាហើយស្រាយមើល
ឃើញតានៅក្នុងការុងក៏ថា ឪអើយ !
ម្ដេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយ
គេបរដំរីមកពីណាមិនដឹង គេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹក» ។
តាឮហើយឡើងឈរ ដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់
ដល់ទៅផ្ទះអស់ចំណេះ ពុំហានគិតទៀត
ក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំលោះនោះទៅ ។
និយាយយប់ ផ្ទប់ព្រៃ
និយាយថ្ងៃ ព្រៃមានត្រចៀក
រឿង ឪពុករើសកូនប្រសារ
Reviewed by Admin
on
4:58 PM
Rating: