រឿង ចោរចិត្តជា
កិរដូចបានឮតៗមកថា : កាលនោះ
មានក្មេងប្រុសម្នាក់ នៅស្រុកមួយ អ្នកស្រុកគេហៅថា « អាចោរចិត្តជា » ។
លុះក្មេងនោះ ចម្រើនធំឡើងឪពុកស្លាប់ទៅ នៅតែម្ដាយ ។
ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណា
ដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេច
ក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្ត រៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ
ប្រព្រឹត្តតែដើរលួចទ្រព្យគេ យកមកចិញ្ចឹមមាតានិងអាត្មា ។
គ្រូរំលឹកប្រដៅដូចម្ដេចម្ដា ក៏មិនព្រមស្ដាប់ ។
ថ្ងៃមួយស្ដេចក្នុងនគរនោះ
ទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឲ្យសេនាបតី
នាហ្មឺនសព្វមុខមន្ត្រីចូលគាល់ ទ្រង់មានព្រះរាជឱង្ការថា « មានខេត្តមួយនៅទំនេរ
ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០ កហាបណៈ
មកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះ ។
ត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញ ។
គ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុក្ខ
ចង់ធ្វើចៅហ្វាយស្រុកពន់ពេក ។ លុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថា « នាងអើយ
ឥឡូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់ ៤០ កហាបណៈ
ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់នឹងឲ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយ
ដែលនៅទំនេរ »
។ ភរិយាឆ្លើយថា « ឱ ! អ្នកអើយ ! ចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់
តែសព្វថ្ងៃ យើងក្រលំបាកតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ » និយាយហើយបន់ទេវតាថា
« សូមទេវតាជួយខ្ញុំឲ្យបានប្រាក់ ៤០ កហាបណៈថ្វាយស្ដេច
ខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះ » ។
ពេលនោះអាចោរចិត្តជា វាដើរលួចគេ
ហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះ វាបានឮដូច្នោះ មានចិត្តអាណិត
ក៏យកប្រាក់ ៤០ កហាបណៈពីផ្ទះវា វេចនឹងកំណាត់សំពត់ជាតី
មកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះ រួចត្រឡប់មកវិញ ។
លុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ជាតី
ក៏ចាប់លើកស្រាយមើលឃើញប្រាក់ ៤០ កហាបណៈ អរណាស់ ប្រាប់ប្រពន្ធថា « យើងបានប្រាក់
៤០ កហាបណៈហើយ គឺទេវតាឲ្យ »
។ ប្រពន្ធស្ទុះមកមើលឃើញច្បាស់
ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀល មន្ត្រីនោះយកប្រាក់
៤០កហាបណៈ ទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្ត្រីនោះ
ឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅ ។
ឯអាចោរចិត្តជា កាលបានដឹងថាមន្ត្រីនោះ
បានធ្វើជាចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះ
ធ្វើដំណើរឲ្យគេចាប់ខ្លួនវាបាន, ឯពួកម្ចាស់ទ្រព្យក៏នាំអាចោរចិត្តជានោះ
ទៅជូនចៅហ្វាយស្រុក ៗបង្គាប់មេគុកឲ្យដាក់ច្រវាក់ ឃុំទុកក្រោមផ្ទះលោក ។
វេលាយប់ស្ងាត់អាចោរចិត្តជា និយាយរអ៊ូតែម្នាក់ឯងថា « ឱ ! ហេតុតែឯងមានចិត្តអាណិតគេ, កាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯង
ប្រឹងយកប្រាក់ ៤០ កហាបណៈវេចនឹងកំណាត់ជាតី មកឲ្យគេទាំងយប់, ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយ
គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ ឃុំឯងទុកឲ្យវេទនា » ។
អាចោរចិត្តជា និយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុក និងប្រពន្ធ បានឮចោរនិយាយដូច្នោះ
ក៏ប្រឹក្សាគ្នាថា « គួរឲ្យឆ្ងល់ណាស់ ចោរវានិយាយនេះត្រូវដូចរឿងខ្លួនយើង
គួរតែយើងចុះទៅសួរវាឲ្យជាក់មើល» ។ ទើបចៅហ្វាយស្រុក
ចុះពីផ្ទះទៅសួរចោរនោះថា « ឯងនិយាយរឿងអ្វី យើងឮ តែស្ដាប់បានខ្លះ មិនបានខ្លះ
ចូរឯងនិយាយរឿងនោះ ឲ្យយើងស្ដាប់ក្នុងវេលានេះ តាមពិតមកមើល» ។
ទើបអាចោរចិត្តជានិយាយថា «ខ្លួនខ្ញុំនេះ ជាមនុស្សប្រព្រឹត្តចោរកម្ម
ដើរតែលួចទ្រព្យគេរាល់យប់ យកមកចិញ្ចឹមជីវិត, កាលដែលលោកនៅជាមន្ត្រីតូច
ពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយ វេលាយប់មួយនោះ ខ្ញុំដើរលួចគេ
ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិងប្រពន្ធនិយាយថា «យើងនឹងរកប្រាក់
៤០ កហាបណៈពីណាបានយកទៅថ្វាយស្ដេច
ដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយ » ។ ប្រពន្ធលោកថា « យើងក្រីក្រម្ល៉េះ
នឹងបានប្រាក់ពីណា ? »
។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់ ៤០
កហាបណៈពីផ្ទះ វេចនឹងកំណាត់សំពត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោក
រួចខ្ញុំត្រឡប់ទៅវិញ,
ថ្ងៃក្រោយឮគេនិយាយថា « លោកបានធ្វើចៅហ្វាយស្រុក
ខ្ញុំក៏មកលួចគេក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោក ៗ
ក៏ធ្វើទោសខ្ញុំ មិនប្រណី »
។
ចៅហ្វាយស្រុក បានស្ដាប់ ក៏ជឿជាក់ឥតសង្ស័យហើយថា ឱ ! អាសម្លាញ់អើយ
ឯងនិយាយនេះពិតប្រាកដមែន,
ដែលអញបានធ្វើចៅហ្វាយស្រុក ពីព្រោះតែឯងជួយ, វេលានេះឯងកុំភ័យ
កុំតូចចិត្ត, អញនឹងដោះឯងឲ្យរួចចេញពីទោស, មួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅ
។
ចៅហ្វាយស្រុកសួរថា « ឯងឈ្មោះអី ? ។
បុរសនោះជម្រាបថា « ខ្ញុំឈ្មោះអាចោរចិត្តជា » ។ សួររួចហើយ
លោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញ ។ លុះភ្លឺច្បាស់ចៅហ្វាយស្រុក
បង្គាប់មេគុកឲ្យដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា «អាសម្លាញ់ឯងនៅនឹងអញចុះ
អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត» ។ អាចោរចិត្តជាឆ្លើយថា «រឿងលួចនោះ
អញមិនឈប់ទេ ដែលអញលួចទ្រព្យគេនេះ គ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ » ។
ចៅហ្វាយស្រុក ក៏ឲ្យប្រាក់ ៣០ កហាបណៈឲ្យទៅឲ្យមាតា ។ អាចោរចិត្តជាមិនព្រមយក
។ ចៅហ្វាយស្រុកសួរថា ផ្ទះសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឲ្យត្រង់ ។
អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ»
ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះ លោកយមរាជ និងមន្ត្រីតូចម្នាក់ កើតក្ដីវិវាទទាស់ទែងគ្នា
ជាយូរខែហើយ, មន្ត្រីតូចនោះ គុំគិតសម្លាប់លោកយមរាជនោះឲ្យបាន ។
មន្ត្រីតូចនោះ មានស្រីបម្រើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់
។ ស្រីបម្រើនោះខំផ្គាប់ផ្គុនចៅហ្វាយមិនឲ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថា
« វេលានេះ ចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់
អញចង់សម្លាប់ចោល តែមិនដឹងរកអ្នកណាជួយរឿងនេះ, សព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា
ហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថា « ចូរឯងចេញពីអញទៅយកប្រាក់លោកយមរាជ
នៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេ ឲ្យដូចកាលនៅនឹងអញ, បើឯងបម្រើខាងក្រៅ
ដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ត្រូវឯងចូលបម្រើខាងក្នុង, លុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់
ចូរឯងរំលាយសំណឲ្យក្ដៅពុះ រួចយកទៅចាក់ក្នុងមាត់ទៅ
លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយ បើឯងធ្វើបានដូចគំនិតនេះ
អញនឹងចេញប្រាក់លោះឯងមកវិញឲ្យរួចពីខ្ញុំគេ» ។
ស្រីបម្រើនោះទទួលការសព្វគ្រប់ ។ វេលាយប់នោះ អាចោរចិត្តជា ដើរលួចគេ
ហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះ, កាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបម្រើ
ឲ្យសម្លាប់យមរាជដូចម្ដេច ៗ ក៏វាស្ដាប់ការណ៍បានទាំងអស់ ។ ថ្ងៃក្រោយ
ស្រីបម្រើនោះ លាម្ចាស់ទៅរកប្រាក់លោកយមរាជ ហើយសុំនៅផង
លោកយមរាជក៏ទទួលចេញប្រាក់ លោះឲ្យទៅបម្រើរៀងមក ។
នាងនោះខំបម្រើផ្គាប់ផ្គុនលោកយមរាជ និងលោកជំទាវមិនឲ្យទាស់ចិត្ត ។
លោកយមរាជនិងជំទាវ ក៏ទុកចិត្តស្និទ្ធស្នាល ឲ្យចេញចូលក្នុងក្រៅ
បម្រើជិតដិតរៀងមក ។ វេលាមួយនោះ ពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា
លោកយមរាជ និងលោកជំទាវសម្រាន្តលក់ហើយ វាដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ
ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជ ៗ
ស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញ ។ លុះព្រឹកឡើង លោកជំទាវភ្ញាក់
បានដឹងថាប្ដីខ្លួនស្លាប់ ក៏ស្រែកទ្រហោយំ ។ មនុស្សផ្អើលមកមើល ឃើញលោកយមរាជស្លាប់មែន
តែមិនដឹងជាស្លាប់ដោយរោគអ្វី ព្រោះគ្មានស្លាកស្នាមបន្តិចសោះ ។
លោកជំទាវនោះ ទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។
ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើល តែមិនដឹងជាស្លាប់ដោយរោគអ្វី
ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង ។
ព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមសមគួរ ។
ក្រោយនោះជារដូវបុណ្យទ្វាទសមាស
នាហ្មឺនសព្វមុខមន្ត្រី ចូលគាល់ព្រះមហាក្សត្រ ៗ
ទ្រង់មានព្រះរាជឱង្ការថា បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជ
បានដឹងច្បាស់ប្រាកដ យើងឲ្យធ្វើទីយមរាជ, រួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញ
។ សេនាបតី នាហ្មឺនសព្វមុខមន្ត្រី ក៏ទៅផ្ទះរៀងខ្លួន ។
គ្រានោះ ចៅហ្វាយស្រុក ដែលជាសម្លាញ់នឹងអាចោរចិត្តជា
ចង់ធ្វើយមរាជណាស់បានទៅរកអាចោរចិត្តជា ៗសួរថា « អាសម្លាញ់ឯង
មករកអ្វី ? »
។ ចៅហ្វាយស្រុកប្រាប់ថា « អញមក មានការសួរឯងបន្តិច
ត្បិតលោកយមរាជស្លាប់ ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរោគអ្វី
ឥឡូវស្ដេចមានព្រះរាជឱង្ការថា :
បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ
ទ្រង់នឹងឲ្យធ្វើទីយមរាជ,
រឿងនេះ អាសម្លាញ់ឯងបានដឹងឬទេ ? ត្បិតអញចង់ធ្វើយមរាជណាស់ » ។
អាចោរចិត្តជាឆ្លើយថា រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនោះ
អញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់ នៅខាងជើងផ្ទះលោកយមរាជ
ឆ្ងាយពីគ្នាបន្តិច,
មន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថា « អញស្អប់លោកយមរាជពេក
ចង់សម្លាប់ចោល ព្រោះជាសត្រូវនឹងអញ, ក្នុងគ្រានេះ
ត្រូវឯងជួយអញជាប្រាកដ ដូច្នេះត្រូវឯងចេញពីផ្ទះអញ
ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឲ្យនៅ
ត្រូវឯងខំបម្រើឲ្យត្រូវចិត្តគេ បើគេទុកចិត្តស្និទ្ធស្នាល
ប្រើចេញចូលខាងក្នុងវេលាណា លុះដល់យប់ស្ងាត់
ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្ដៅពុះ
ហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន ។
រឿងនេះអញលបស្ដាប់បានចាំប្រាកដ, ចូរសម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ
តែត្រូវឲ្យគាស់ខ្មោចលោកយមរាជនោះយកមកវះមើល
បើឃើញសំណនៅក្នុងពោះខ្មោចនោះមែន អាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន » ។
ចៅហ្វាយស្រុកស្ដាប់យកការណ៍បានហើយ ត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុក ទៅទូលស្ដេចតាមរឿង, ស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រី
និងស្រីនោះ យកមកឃុំទុក ហើយទ្រង់ឲ្យគាស់ខ្មោចលោកយមរាជយកមកវះមើល
ឃើញសំណនៅក្នុងពោះមែន ទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះ
ឯមេស្រីនោះឆ្លើយថា «ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ » ទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅ
ហើយទ្រង់ក៏តាំងចៅហ្វាយស្រុកនោះ ឲ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុក កាលបើបានធ្វើទីយមរាជហើយ
ឲ្យបម្រើទៅហៅអាចោរចិត្តជា ជាសម្លាញ់, លុះវាមកដល់ប្រាប់ថា
អាសម្លាញ់អើយ !
ឯងមានគុណនឹងអញច្រើនណាស់
ឥឡូវនេះអញបានធ្វើយមរាជហើយ ,
ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ
ពីថ្ងៃនេះទៅឯងកុំលួចទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត » ។
អាចោរចិត្តជាឆ្លើយថា « អញសុំលួចតែម្ដងទៀត » ។
ថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញ, លុះយប់អាចោរចិត្តជា
ទៅលួចដង្ខៅម្នាក់បានប្រាក់និងសំពត់អាវជាច្រើនយកមកជូនមាតា ។
លុះព្រឹកឡើង អាចោរចិត្តជាមកប្រាប់លោកយមរាជថា « អាសម្លាញ់យប់មិញ
អញលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់, ពីថ្ងៃនេះតទៅ
អញលះចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ » ។
លោកយមរាជតបថា «បើឯងឈប់រកស៊ីលួចគេនោះ អញអរណាស់ បើខ្វះខាតអ្វីមករកអញ ៗ
ឲ្យឯងកុំទើសទាល់ អញចិញ្ចឹមឯងលុះអស់ជីវិត» ។ អាចោរចិត្តជា
ក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
លោកយមរាជ និងអាចោរចិត្តជាស្រឡាញ់រាប់អានគ្នា
ចិញ្ចឹមគ្នាដរាបអស់ជីវិត ដូចបានសន្យាគ្នាមក ។
មនុស្សចិត្តជា
តែងមានគ្នាជាទីពឹង
រឿង ចោរចិត្តជា
Reviewed by Admin
on
4:53 PM
Rating: