រឿង ដើមកោងកាង និងឈើទាល
តាមបុរាណបានដំណាលត ៗ មកថា កាលពីដើមឡើយ
ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ
ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ
ម្ល៉ោះហើយ តែដល់រដូវទឹកជន់កាលណា
គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់ ។
ដើមឈើទាលទាំងឡាយ
កាលបើបានសេចក្ដីលំបាកវេទនាសឹងរាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំគ្នាថា ៖
ពួកយើងនឹងនៅទ្រាំទ្រ ដុះលើដីទំនាបយ៉ាងនេះ តទៅទៀតពុំបាន បើដូច្នេះ
យើងត្រូវនាំគ្នាទៅនិយាយ
នឹងដើមកោងកាង ឲ្យមកដុះនៅលើដីមាន
សភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមានឫសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន
។ លុះជំនុំគ្នាព្រមព្រៀងហើយ ពពួកដើមឈើទាលទាំង
ឡាយ បានចូលទៅនិយាយនឹងដើមកោងកាង
ដូចបានជំនុំគ្នាមក ។ មុនដំបូងដើមកោងកាងប្រកែក តែដើមឈើទាលអង្វរថា ៖
បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង, យើងរាល់គ្នានឹងតបឧបការគុណអ្នក
រាល់ឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាង កាលបើឮដើមឈើទាលអង្វរដូច្នោះហើយ
ក៏ព្រមប្ដូរ ចុះមកដុះនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ។
ឯដើមឈើទាល ក៏នាំគ្នាឡើងទៅលើកំពូល
ភ្នំ និងជើងភ្នំវិញ ។
ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃនេះ នៅលើភ្នំ
និងតាមជើងភ្នំនានា គេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញ ។ ចំណែកឯដើមកោងកាង
គេឃើញដុះនៅតែតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ
និងមាត់សមុទ្រជាដរាបមក ។
ម្យ៉ាងទៀតសព្វថ្ងៃនេះ
គេតែងសង្កេតឃើញដើមឈើទាលជម្រុះ ស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង
គឺបួសជូនដើមកោងកាងនោះឯង ។
ចំណែកដើមកោងកាង កាលបើបានដុះនៅតាមមាត់ព្រែក
មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រកាលណា តែងទៅលបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់
បានជានាងក្លាំពាក់ខឹង យកឈើទៅបោះ
ចម្រូងពាសពេញ គឺដើមក្លាំពូនេះឯង
ដើម្បីមិនឲ្យកោងកាងចូលទៅ លបលួចចែចង់កូនក្រមុំខ្លួនបាន ។ ឯចំណែកដើមកោងកាង
កាលបើត្រូវក្លាំពាក់បោះចម្រូងមិនឲ្យចូលចុះដូច្នោះ ក៏តាំងបោះស្ពាន
ឆ្លងកាត់ចម្រូងនោះទៅទៀត ។ ព្រោះហេតុនោះឯង
បានជាសព្វថ្ងៃ មានដើមកោងកាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់និងក្លាំពូ
ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូដែលដុះឡើងនោះ
បើក្រឡេកមើលទៅ ឃើញវិស័យដូចជាចម្រូងមែន ៗ
ដោយហេតុនោះមូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។
ចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែង ៗ ធំ ៗ ចាក់ស្រេះទៅ
ក្នុងដីក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត
តម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក
ឬជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ។
រឿង ដើមកោងកាង និងឈើទាល
Reviewed by VannyDa
on
3:04 PM
Rating: