រឿង ប្រាជ្ញាអណ្ដើក
អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បាន លើគោកក៏បាន
។ ហេតុដើមនោះ មានរឿងព្រេងមួយនិទានថា ៖
ក្នុងគ្រាយូរយារអង្វែងហើយ
ពេលនោះមានទឹកជំនន់ធំណាស់ ។ សត្វខ្លា ដំរី រាជសីហ៍ រមាំង រមាស ក្ដាន់ជាដើម
អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត នៅសល់តែអណ្ដើកសកលមួយ មិន
ព្រមទៅណានឹងគេសោះ លុះទឹកជំនន់មកដល់
គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិ ស៊ីមើមឈើឫសឈើ ។
កំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញ អណ្ដើកភ្លេចខ្លួន ក៏ជាប់ខ្លួននៅនឹង
តង្កៀបឈើ តែលតោលពុំដឹងជាទៅខាងណា
នឹកថាអាត្មាអញមុខជាស្លាប់ហើយ ព្រោះដៃជើងខ្លី ៗ ។ លុះទឹកស្រកផុតពីគល់ឈើទៅវិញ
មានល្បះស្មៅខ្ចីដុះនៅគល់ឈើជាច្រើន ពេលនោះមានដំរី
មួយ ដើរមកបរិភោគស្មៅខ្ចី អណ្ដើកឃើញដំរីហើយនឹកថា
“អើបានការហើយអញបោកដំរីនេះម្ដង ឲ្យវាដឹងដៃ” អណ្ដើកក៏បន្លឺវាចាថា ៖
នរណាមកធ្វើអ្វីក្រោមដើមឈើនេះ ?
ដំរីឆ្លើយថា ខ្ញុំជាដំរី។
អណ្ដើកថា “យើបងដំរី បងឯងមិនទាន់ដឹងខ្លួនទេឬ
ខ្លួនខ្ញុំនេះជាអគ្គរាជទូត ព្រះបាទពារាណសី ឈ្មោះថាអ្នកហ្លួងចូលចិត្តមាណព ព្រះករុណា
បានប្រើអញឲ្យចាំរកឯងក្នុងទីនេះ ឥឡូវប្រទះគ្នា
ហើយ ចាំអញនិយាយប្រាប់បងឯង ពូជពង្សបងឯងនេះ
ពីដើមមកនៅបម្រើ ជាបរិពារព្រះរាជា ហើយស្រាប់តែលួចរត់បាត់ យកទាំងផ្លិតចាមររបស់លោក
មកជាមួយផង” ។
- ដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថា “ឱបងអ្នកហ្លួងអើយ ខ្ញុំពុំដឹងទេ
ខ្ញុំឃើញតែរបៀបយ៉ាងហ្នឹង នេះជាកន្ទុយរបស់ខ្ញុំទេតើ” ។
- អណ្ដើកនិយាយកាត់ថា ៖ អើហ្នឹងហើយ អញមានថាឯងលួចអី តែដូនតាឯងជាអ្នកលួច
ប៉ុន្តែរបស់នៅលើរូបអ្នក បើចង់រួចខ្លួនត្រូវស្វែងរកសត្វជើងមួយមកឲ្យអញ
អញយកទៅថ្វាយព្រះរាជា
ជួយសុំអង្វរក្រែងបានរួចខ្លួន ។ ដំរីឮដូច្នេះ
ក៏ម្នីម្នាដើរទៅរកសត្វជើងមួយ ទាំងយំស្រែក ។ ខ្លាមួយឃើញដំរីដើរយំស្រែក ហើយសួរថា
“នែបងដំរី បងឯងមានទុក្ខពីរឿងអ្វី ក៏ដើរយំស្រែកដូច្នេះ ”។
ដំរីសាសព្ទ ប្រាប់ខ្លាសព្វគ្រប់ ខ្លាថា
“យីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃ មកយើងទៅពីរនាក់ទៅមើលវាមើល៍” ។
ខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញ អណ្ដើកក្រឡេកឃើញពី
ចម្ងាយ នឹកថា “អៃយ៉ា បានខ្លាមួយមកទៀតផង
មិនអីទេចាំមកជិតអញ នឹងកំហែងអាខ្លានេះម្ដង ” ។ លុះខ្លានិងដំរីដើរមកដល់ជិត
អណ្ដើកតាំងស្រែកថា អើអញឮសូរមាត់ដូចជាអាជាត្បេះឬ ?
ខ្លាឆ្លើយថា “ខ្ញុំហ្នឹងហើយ” អណ្ដើកនិយាយថា “នែ ! អាជាត្បេះឯងមានរឿងធំណាស់
ម្ដេចឯងបានជាភួយក្រឡាខ្លារបស់ព្រះរាជាមក” ។
ខ្លាថា “ទេលោក ! ខ្ញុំឃើញអីចឹងតាំងពីកើតមក ” ។
អណ្ដើកប្រាប់ថា “ ហ្នឹងហើយអញមិនថាឯងលួចទេ
ប៉ុន្តែភស្តុតាងនៅលើឯងស្រាប់ ហើយបើចង់រួចខ្លួនទៅជួយរកអាសត្វជើងមួយ ជាមួយនឹងដំរីទៅ
អាភ្លើ” ។
ខ្លានិងដំរីដើរបណ្ដើរ យំបណ្ដើរទៅរកសត្វជើងមួយ
ទៅជួបនឹងស្វា ស្វាឆ្ងល់ណាស់ ឃើញខ្លានិងដំរីមានអាការៈដូច្នោះ សួរដឹងដើមទងហើយ
ស្វាលាន់មាត់ថា “ យីបងឯងទាំងពីរ ច្បាស់ជាចាញ់
បោកអាសត្វអណ្ដើកហើយ
ដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញ អញនឹងសាកសួរវាមើល៍ ” ។
សត្វទាំងបីក៏នាំគ្នាត្រឡប់មកវិញ អណ្ដើកឃើញស្វា នឹកថា អញបោកអាស្វានេះទៀត
ហើយក៏ស្រែក
ថា “ យើបងអាចារ្យស្វាទេតើ ខ្ញុំរកតែមុខ
កន្ទុយបងឯងជាអ្វី នែខ្ញុំប្រាប់ឲ្យច្បាស់ទៅ គឺជាដងលំពែងព្រះរាជា ទៅកុំនិយាយអ្វី
ទៅរកសត្វជើងមួយមកឲ្យឆាប់ ” ។
ខ្លា ដំរី និង ស្វា ទាល់ប្រាជ្ញ
ក៏នាំគ្នាដើរយំបណ្ដើរ ទៅរកសត្វជើងមួយ ពុំដឹងសត្វនោះនៅឯណា ទៅជួបនឹងក្ងោក
ក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថា “បងទាំង ៣ ចាញ់ប្រាជ្ញវាហើយ មក
ទៅជាមួយខ្ញុំ
ខ្ញុំនឹងសាកសួរវាឲ្យដឹងឫសគល់” ។
ខ្លា- ដំរី-ស្វា -ក្ងោក
ត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផង អណ្ដើកក៏ស្រែកថា “ យើ បងអវៈសិន្ធរតើ
មករកអ្វី យើ ! អានេះខូចណាស់ ហ៊ានលួចផ្លិតកន្ទុយក្ងោកព្រះរាជាមកជាមួយ
ផង” ។
- ក្ងោកភ័យខ្លួន “ នឹកថាអៃយ៉ា លេងឯងទៀតហើយតើ ”។
- អណ្ដើកកំហែងថា: ទៅ !
មិនរួចខ្លួនទេ ទៅរកសត្វជើងមួយមកឲ្យអញ ។
ខ្លា ដំរី ស្វានិងក្ងោក ដើរទៅរកសត្វជើងមួយទៀត
ពុំដឹងជានៅឯណាទេ អាសត្វជើងមួយនោះ ។ ស្រាប់តែទៅជួបនឹងសត្វទន្សាយ
ទន្សាយសួរដឹងរឿងក៏និយាយថា បងឯងទាំងអស់គ្នាមកទៅជា
មួយអញ ចាំអញដោះស្រាយ ។ លុះសត្វទាំង ៥
បណ្ដើរគ្នាមកដល់ អណ្ដើកឃើញទន្សាយ នឹកថា “អៃយ៉ា អាទន្សាយមកជាមួយផងតើ
អានេះមានប្រាជ្ញាណាស់ បើអីចឹងត្រូវអញនិយាយទាក់ទង
គន្លងឲ្យមាំទាំទើបឈ្នះវា ”
ហើយស្រែកសួរពីចម្ងាយទៅថា ៖
-យី អញមើលទៅឃើញដូចជាបងសុភាទន្សាយ យីបងសុភា ! ពូជពង្សបងឯងសុទ្ធតែធ្វើនាម៉ឺនកាត់ក្ដីទាំងអស់
ពុំគួរបងឯងមានចិត្តពាលា លួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេ ! ហ្នឹង
ហើយគេហៅថា ចិត្តជាទេវទត្ត មាត់ជាទេវតា !
- ទន្សាយនឹកថា “ យីអញថាមកជួយគេ ឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀត” រួចឆ្លើយថា
៖
- នែបងអណ្ដើក ខ្ញុំកើតឡើង ឃើញតែគូទខ្ញុំមានរន្ធច្រើនអីចឹងស្រាប់
ពុំមែនខ្ញុំលួចទេ !
អណ្ដើកបានដៃហើយ ក៏ជេរថា “ យីអាចង្រៃអស់នេះ
ល្ងង់ដូច្នេះតើ បានជារកសត្វជើងមួយមិនបានសោះ ចាំអញប្រាប់ឲ្យច្បាស់ទៅ
សត្វជើងមួយគឺផ្សិតនេះឯង ប៉ុន្តែអញមិនប្រាប់ត្រង់ អញចង់ដឹង
ប្រាជ្ញអាឯងទាំងអស់គ្នាមើល៍ តើប្រាជ្ញដូចអញ ឬ
មិនដូច ! ”
សត្វទាំង ៥ គឺខ្លា ដំរី ស្វា ក្ងោក និងទន្សាយ
នាំគ្នាទៅដកផ្សិតបានយ៉ាងច្រើន យកមកប្រគល់ឲ្យអណ្ដើក ។ អណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើ
ទៅលើកខ្លួនដាក់ចុះពីតង្កៀបឈើ រួចប្រើឲ្យ
ធ្វើកូនខ្ទមលើខ្នងដំរីនិងបិទបាំងជុំវិញ
ហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះ ខ្លួនឯងក៏ពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសា ។
អណ្ដើកបញ្ជាឲ្យដំរីដើរទៅរក នគរពារាណសី ឯខ្លា ស្វា ក្ងោក និងទន្សាយ
ក៏ចេះតែដើរទៅដែរ ដើម្បីដោះសាខ្លួនឲ្យរួចពីពិរុទ្ធ
លុះបានទៅដល់ស្រះមួយយ៉ាងធំ មានផ្កាឈូកច្រើន ទើបអណ្ដើកធ្វើជាឧបាយកលបោកសត្វទាំងនេះទៀត
ថា
- នែបងដំរីឈប់សិន ! ទាំងអស់គ្នាស្ដាប់អញ អញជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្ដង ៗ ពួកស្រីស្នំ
ចេះតែនាំគ្នាសុំផ្កាឈូកពីអញបើដូច្នេះ ត្រូវបងស្វាដាក់អញ ចុះពីដំរី ។
ស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរី
រួចហើយអណ្ដើកវារចូលទៅពួនសម្ងំក្នុងស្រះនោះបាត់ទៅ ។ ឯដំរី ខ្លា ស្វា ក្ងោក
និងទន្សាយ ចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះ ទើប
ដឹងខ្លួនថាចាញ់បោកអណ្ដើកហើយ
ទើបនាំគ្នាជៀសចេញពីទីនោះទៅ ។
នេះហើយចាស់ទុំច្រើននិយាយថា “ ចេះលាក់ពុតមើលតែអណ្ដើក
” ព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ច តែបើផុតពីគ្រោះភ័យ អាចចេញក្បាល ដៃ
ជើង មកក្រៅ បានការតែម្ដង ។
រឿង ប្រាជ្ញាអណ្ដើក
Reviewed by VannyDa
on
3:04 PM
Rating: